កិច្ចការ 13:1-23
កិច្ចការ 13:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងក្រុមជំនុំក្រុងអាន់ទីយ៉ូក មានហោរា និងគ្រូបង្រៀន គឺលោកបាណាបាស លោកស៊ីម្មានដែលហៅថានីគើរ លោកលូគាសអ្នកស្រុកគីរេន លោកម៉ាណាអេន ជាប្អូនចិញ្ចឹមរបស់ព្រះបាទហេរ៉ូឌ ជាអនុរាជ និងលោកសុល។ ក្នុងកាលដែលអ្នកទាំងនោះកំពុងថ្វាយបង្គំព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងារដែលយើងហៅគេឲ្យធ្វើ»។ ពេលនោះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញទៅ។ ដូច្នេះ ដោយព្រះវិញ្ញាណបរិសុទ្ធបានចាត់ឲ្យចេញទៅ លោកទាំងពីរចុះទៅក្រុងសេលើស៊ា ហើយចុះសំពៅចេញពីទីនោះទៅកោះគីប្រុស។ ពេលទៅដល់ក្រុងសាឡាមីន គេក៏ប្រកាសព្រះបន្ទូលរបស់ព្រះ នៅក្នុងសាលាប្រជុំនានារបស់សាសន៍យូដា ទាំងមានលោកយ៉ូហាន ជាអ្នកជំនួយដែរ។ កាលលោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ ទៅដល់ក្រុងប៉ាផុស លោកក៏ជួបគ្រូមន្ដអាគមសាសន៍យូដាម្នាក់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ។ គ្រូនោះនៅជាមួយលោកអភិបាលជាតិរ៉ូមម្នាក់ ឈ្មោះស៊ើគាស-ប៉ូឡូស ជាមនុស្សដ៏ឆ្លាតវៃ។ លោកបានហៅលោកបាណាបាស និងលោកសុលមក ព្រោះចង់ស្តាប់ព្រះបន្ទូលរបស់ព្រះ។ ប៉ុន្ដែ អេលីម៉ាស ជាគ្រូមន្តអាគម (ដ្បិតឈ្មោះគាត់ប្រែមកដូច្នេះ) ចេះតែប្រឆាំងនឹងលោកទាំងពីរ ដើម្បីបង្វែរលោកអភិបាលនោះមិនឲ្យជឿ។ ប៉ុន្ដែ លោកសុល ដែលហៅថាប៉ុល បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ លោកសម្លឹងទៅគ្រូនោះ ហើយមានប្រសាសន៍ថា៖ «នែ៎ មនុស្សដែលពេញដោយកិច្ចកល និងល្បិចគ្រប់យ៉ាង ជាកូនរបស់អារក្ស ហើយជាខ្មាំងសត្រូវនៃអស់ទាំងសេចក្តីសុចរិតអើយ! តើអ្នកមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអម្ចាស់ទេឬ? មើល៍ ឥឡូវនេះ ព្រះហស្តរបស់ព្រះអម្ចាស់បានសង្កត់លើអ្នកហើយ អ្នកនឹងត្រូវខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃមួយរយៈ»។ រំពេចនោះ ភ្នែករបស់គាត់ទៅជាព្រឹលៗ ហើយងងឹតសូន្យទៅ រួចគាត់ដើរវិលវល់រាវរកគេឲ្យដឹកដៃ។ ពេលលោកអភិបាលជាតិរ៉ូមនោះឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ដ្បិតលោកមានសេចក្ដីអស្ចារ្យក្នុងចិត្ត អំពីសេចក្តីបង្រៀនរបស់ព្រះអម្ចាស់។ បន្ទាប់មក លោកប៉ុល និងគូកនរបស់លោកបានចុះសំពៅចេញពីក្រុងប៉ាផុស មកដល់ក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ ឯលោកយ៉ូហាន បានចាកចេញពីពួកគេ ត្រឡប់ទៅក្រុងយេរូសាឡិមវិញ តែលោកប៉ុល និងលោកបាណាបាសបានបន្ដដំណើរពីក្រុងពើកា មកដល់ក្រុងអាន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ។ ក្រោយពីបានអានគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរារួចហើយ ពួកមេគ្រប់គ្រងសាលាប្រជុំ ចាត់មនុស្សឲ្យទៅជម្រាបលោកទាំងពីរថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍ចុះ»។ ដូច្នេះ លោកប៉ុលក៏ក្រោកឡើង លើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «បងប្អូនសាសន៍អ៊ីស្រាអែល និងអស់អ្នកដែលកោតខ្លាចព្រះអើយ សូមស្តាប់ចុះ ព្រះរបស់ប្រជាជនអ៊ីស្រាអែលនេះ បានជ្រើសរើសបុព្វបុរសរបស់យើង ហើយបានលើកតម្កើងប្រជាជននេះជាខ្លាំង ក្នុងកាលគេស្នាក់នៅស្រុកអេស៊ីព្ទ រួចព្រះអង្គបាននាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា។ ព្រះអង្គបានទ្រាំទ្រគេ រយៈពេលប្រមាណជាសែសិបឆ្នាំនៅទីរហោស្ថាន។ ក្រោយពីព្រះអង្គបានបំផ្លាញសាសន៍ប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គក៏ប្រទានស្រុករបស់គេដល់បុព្វបុរសរបស់យើង ទុកជាមត៌ក។ ហេតុការណ៍ទាំងអស់នេះ មានរយៈពេលប្រមាណជាបួនរយហាសិបឆ្នាំ ហើយក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានពួកចៅហ្វាយ រហូតដល់គ្រាហោរាសាំយូអែល។ បន្ទាប់មកទៀត គេបានសុំឲ្យមានស្តេច ហើយព្រះអង្គក៏ប្រទានព្រះបាទសូល ជាបុត្ររបស់លោកគីស ជាបុរសម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ អស់រយៈពេលសែសិបឆ្នាំ។ ក្រោយពីបានដកព្រះបាទសូលចេញ ព្រះអង្គបានតាំងព្រះបាទដាវីឌឡើងធ្វើជាស្តេចរបស់គេ។ ព្រះអង្គបានធ្វើបន្ទាល់ពីព្រះបាទដាវីឌថា "យើងរកបានដាវីឌ កូនរបស់អ៊ីសាយ ជាមនុស្សម្នាក់ត្រូវចិត្តយើង ដែលនឹងធ្វើតាមចិត្តយើងគ្រប់ជំពូក"។ គឺក្នុងព្រះរាជវង្សស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះសង្គ្រោះមួយអង្គ គឺព្រះយេស៊ូវ ដល់សាសន៍អ៊ីស្រាអែល ដូចព្រះអង្គបានសន្យា។
កិច្ចការ 13:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងក្រុមជំនុំនៅក្រុងអន់ទីយ៉ូក មានព្យាការី* និងគ្រូអាចារ្យ* គឺមានលោកបារណាបាស លោកស៊ីម្មានហៅនីគើរ លោកលូគាសជាអ្នកស្រុកគីរេន លោកម៉ាណាអេន ដែលត្រូវគេចិញ្ចឹមជាមួយព្រះបាទហេរ៉ូដជាស្ដេចអនុរាជ* កាលនៅពីក្មេង និងលោកសូល។ នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំព្រះអម្ចាស់ និងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។ ក្រោយពីបាននាំគ្នាតមអាហារ និងអធិស្ឋាន*រួចហើយ គេបានដាក់ដៃ*លើលោកទាំងពីរ ហើយឲ្យលោកចេញទៅ។ លោកបារណាបាស និងលោកសូល ដែលព្រះវិញ្ញាណដ៏វិសុទ្ធ*បានចាត់ឲ្យទៅនោះ បានធ្វើដំណើរទៅដល់ក្រុងសេលើស៊ា ហើយចុះសំពៅទៅកោះគីប្រុស។ ពេលទៅដល់ក្រុងសាឡាមីន លោកទាំងពីរបានប្រកាសព្រះបន្ទូលព្រះជាម្ចាស់ នៅក្នុងសាលាប្រជុំ*របស់ជនជាតិយូដា ដោយមានលោកយ៉ូហានជួយផង។ បន្ទាប់មក លោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ រហូតទៅដល់ក្រុងប៉ាផូស។ នៅក្រុងនោះ លោកបានជួបគ្រូមន្តអាគមជាតិយូដាម្នាក់ឈ្មោះ បារយេស៊ូ ជាព្យាការីក្លែងក្លាយ គាត់រស់នៅជាមួយលោកស៊ើគាស-ប៉ូឡូស ដែលជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង ហើយដែលជាមនុស្សមានប្រាជ្ញា។ លោកប្រតិភូចាត់គេឲ្យទៅអញ្ជើញលោកបារណាបាស និងលោកសូលមក ព្រោះលោកមានបំណងចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប៉ុន្តែ អេលីម៉ាស (ភាសាក្រិក ប្រែថាគ្រូមន្តអាគម) ចេះតែប្រឆាំងនឹងលោកទាំងពីរ ហើយរកមធ្យោបាយពង្វាងលោកប្រតិភូ ឲ្យងាកចេញពីជំនឿ។ ពេលនោះ លោកសូល ដែលហៅថាប៉ូលបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកសម្លឹងមើលទៅអេលីម៉ាស ហើយមានប្រសាសន៍ថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់មារ* អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង តើអ្នកនៅតែពង្វាងគេឲ្យងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដល់ណាទៀត!។ ឥឡូវនេះ ព្រះបារមីរបស់ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកខ្វាក់ភ្នែក លែងឃើញពន្លឺថ្ងៃអស់មួយរយៈ»។ រំពេចនោះ ស្រាប់តែភ្នែករបស់គាត់ងងឹតមើលអ្វីពុំឃើញ។ គាត់ដើរស្ទាបៗ វិលវល់ រកគេជួយដឹកដៃ។ កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ហើយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីព្រះអម្ចាស់ខ្លាំងណាស់។ លោកប៉ូល និងមិត្តភក្ដិរបស់លោក បានចុះសំពៅពីក្រុងប៉ាផូសឆ្ពោះទៅក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ ពេលនោះ លោកយ៉ូហានបានបែកចេញពីពួកគេ វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។ រីឯលោកប៉ូល និងមិត្តភក្ដិរបស់លោក បានបន្តដំណើរពីក្រុងពើកា រហូតទៅដល់ក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ* លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ*។ បន្ទាប់ពីបានអានគម្ពីរវិន័យ* និងគម្ពីរព្យាការី*រួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំសុំឲ្យគេជម្រាបពួកលោកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍មកចុះ»។ លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជម្រាបបងប្អូនជនជាតិអ៊ីស្រាអែល និងបងប្អូនដែលជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ សូមជ្រាប! ព្រះរបស់ជនជាតិអ៊ីស្រាអែលបានជ្រើសរើសបុព្វបុរសរបស់យើង និងប្រទានឲ្យប្រជារាស្ដ្រនេះបានចម្រើនឡើង នៅពេលគេស្នាក់នៅក្នុងស្រុកអេស៊ីប។ បន្ទាប់មក ព្រះអង្គបាននាំគេចេញពីស្រុកនោះ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ ព្រះអង្គបានផ្គត់ផ្គង់គេអស់រយៈពេលប្រមាណសែសិបឆ្នាំ នៅវាលរហោស្ថាន។ ក្រោយពីព្រះអង្គរំលាយជាតិសាសន៍ទាំងប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គបានប្រទានទឹកដីនោះឲ្យប្រជារាស្ត្ររបស់ព្រះអង្គធ្វើជាកម្មសិទ្ធិ។ ហេតុការណ៍ទាំងនោះកើតមានក្នុងអំឡុងពេលប្រមាណបួនរយហាសិបឆ្នាំ។ ក្រោយមក ព្រះអង្គប្រទានឲ្យមានអ្នកគ្រប់គ្រងរហូតដល់ជំនាន់ព្យាការីសាំយូអែល។ បន្ទាប់មកទៀត គេបាននាំគ្នាទូលសូមស្ដេចមួយអង្គ ព្រះជាម្ចាស់ក៏ប្រទានព្រះបាទសូល ជាបុត្ររបស់លោកគីស ក្នុងកុលសម្ព័ន្ធ*បេនយ៉ាមីន ឲ្យគ្រងរាជ្យអស់រយៈពេលសែសិបឆ្នាំ។ ក្រោយពីបានដករាជ្យពីព្រះបាទសូល ព្រះជាម្ចាស់ប្រទានឲ្យព្រះបាទដាវីឌឡើងគ្រងរាជ្យ។ ព្រះអង្គប្រទានសក្ខីភាពអំពីព្រះបាទដាវីឌនេះថា: “យើងរកបានមនុស្សម្នាក់ជាទីគាប់ចិត្តយើងណាស់ គឺដាវីឌជាបុត្ររបស់អ៊ីសាយ ដ្បិតដាវីឌនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង”។ ក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទានឲ្យព្រះយេស៊ូកើតមក និងធ្វើជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
កិច្ចការ 13:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯក្នុងពួកជំនុំនៅក្រុងអាន់ទីយ៉ូក នោះមានគ្រូអធិប្បាយ នឹងគ្រូបង្រៀនខ្លះ គឺបាណាបាស១ ស៊ីម្មានដែលហៅថា នីគើរ១ លូគាស ជាសាសន៍គីរេន១ ម៉ាន៉ាអេន ជាកូនចិញ្ចឹមជាមួយនឹងហេរ៉ូឌ ស្តេចអនុរាជ១ នឹងសុល១ កំពុងដែលអ្នកទាំងនោះធ្វើការងារ ថ្វាយព្រះអម្ចាស់ទាំងតម នោះព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ថា ចូរញែកបាណាបាស នឹងសុលចេញឲ្យខ្ញុំ សំរាប់ការងារដែលខ្ញុំហៅគេឲ្យធ្វើ ដូច្នេះ ក្រោយដែលបានតម ហើយអធិស្ឋាន ព្រមទាំងដាក់ដៃលើអ្នកទាំង២ នោះក៏បើកឲ្យគេទៅ។ ឯអ្នកទាំង២នោះ ក៏ចុះទៅដល់សេលើស៊ា ដោយព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យទៅ នៅទីនោះគេចុះសំពៅចេញទៅឯកោះគីប្រុស ដល់សាឡាមីនហើយ គេក៏ផ្សាយព្រះបន្ទូល នៅក្នុងសាលាប្រជុំទាំងប៉ុន្មានរបស់ពួកសាសន៍យូដា មានទាំងយ៉ូហានជាអ្នកជំនួយដែរ កាលបានដើរកាត់កោះទៅត្រឹមប៉ាផុសហើយ នោះក៏ប្រទះនឹងសាសន៍យូដាម្នាក់ ដែលធ្វើជាគ្រូអាបធ្មប់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ គ្រូនោះនៅជាមួយនឹងអ្នកដំណាងជាតិរ៉ូមម្នាក់ ឈ្មោះស៊ើគាស-ប៉ូល៉ូស ជាអ្នកឆ្លៀវឆ្លាត លោកក៏ហៅបាណាបាស នឹងសុលមក ដើម្បីចង់ស្តាប់ព្រះបន្ទូល តែអេលីម៉ាស ជាគ្រូអាបធ្មប់នោះ (ដ្បិតឈ្មោះនោះប្រែមកដូច្នេះ) ក៏តាំងខ្លួនទាស់នឹងគេ ដើម្បីបង្វែរលោកមិនឲ្យជឿ តែសុលដែលហៅថា ប៉ុលដែរ គាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏សំឡឹងមើលទៅគ្រូនោះ ដោយនិយាយថា នែ មនុស្សដែលពេញដោយកិច្ចកល នឹងសេចក្ដីល្បិចគ្រប់យ៉ាង ជាកូននៃអារក្ស ហើយជាខ្មាំងសត្រូវ ដល់គ្រប់ទាំងសេចក្ដីសុចរិតអើយ តើមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអម្ចាស់ទេឬអី មើល ឥឡូវនេះ ព្រះហស្តនៃព្រះអម្ចាស់បានមកលើឯងហើយ ឯងនឹងត្រូវខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃជាយូរបន្តិច នោះស្រាប់តែភ្នែករបស់គ្រូនោះបានទៅជាព្រិលៗ ហើយងងឹតសូន្យទៅ រួចក៏ដើរវិលវល់រកអ្នកណាឲ្យដឹកដៃ កាលលោកដំណាងជាតិឃើញការដែលកើតមកដូច្នោះ នោះក៏ជឿ ព្រមទាំងមានសេចក្ដីអស្ចារ្យក្នុងចិត្ត អំពីសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់ផង។ ប៉ុល នឹងពួកគូកនគាត់ ក៏ចុះសំពៅចេញពីប៉ាផុស ទៅដល់ពើកា នៅស្រុកប៉ាមភីលា ឯយ៉ូហាន គាត់បែកពីគេ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ តែគេចេញពីពើកា ដើរកាត់ទៅឯអាន់ទីយ៉ូក នៅស្រុកពីស៊ីឌា ក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក ក្រោយការដែលអានមើលក្រិត្យវិន័យ នឹងគម្ពីរពួកហោរាហើយ នោះមេសាលាក៏ប្រើមនុស្ស ឲ្យទៅប្រាប់ថា បងប្អូនអើយ បើមានសេចក្ដីអ្វីនឹងទូន្មានដល់ពួកជន នោះសូមបងប្អូនមានប្រសាសន៍ចុះ។ លំដាប់នោះ ប៉ុលក៏ក្រោកឡើង ធ្វើគ្រឿងសំគាល់នឹងដៃ និយាយថា ពួកសាសន៍អ៊ីស្រាអែល នឹងអស់អ្នកដែលកោតខ្លាចដល់ព្រះអើយ សូមស្តាប់ចុះ ព្រះនៃសាសន៍អ៊ីស្រាអែលយើងនេះ ទ្រង់បានរើសពួកឰយុកោយើងរាល់គ្នា ក៏លើកដំកើងសាសន៍យើង ក្នុងកាលដែលគេអាស្រ័យនៅស្រុកអេស៊ីព្ទនៅឡើយ រួចទ្រង់នាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា ហើយទ្រង់បានទ្រាំទ្រនឹងកិរិយារបស់គេ នៅទីរហោស្ថាន ក្នុងរវាងប្រហែលជា៤០ឆ្នាំ ក្រោយដែលទ្រង់បានបំផ្លាញសាសន៍ទាំង៧នគរនៅស្រុកកាណាន នោះក៏ចែកស្រុករបស់គេដល់ពួកឰយុកោយើងដោយចាប់ឆ្នោត ក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានចៅហ្វាយក្នុងរវាងប្រហែលជា៤៥០ឆ្នាំ ដរាបដល់គ្រាហោរាសាំយូអែល នោះគេសូមឲ្យមានស្តេច រួចព្រះទ្រង់តាំងសូល ជាបុត្រគីស ក្នុងពូជអំបូរបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ នៅរវាង៤០ឆ្នាំ កាលដកស្តេចនោះចេញហើយ នោះទ្រង់លើកដាវីឌតាំងឡើងជាស្តេចវិញ ក៏ធ្វើបន្ទាល់ពីស្តេចដាវីឌថា «អញរកបានដាវីឌ កូនអ៊ីសាយ ជាទីគាប់ចិត្តដល់អញ ដែលនឹងធ្វើតាមចិត្តអញគ្រប់ជំពូក» គឺពីព្រះវង្សាស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះអង្គសង្គ្រោះ១អង្គ ដល់សាសន៍អ៊ីស្រាអែល តាមសេចក្ដីសន្យា គឺជាព្រះយេស៊ូវ