កិច្ចការ 13:1-12

កិច្ចការ 13:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ក្រុម​ជំនុំ​ក្រុង​អាន់‌ទីយ៉ូក មាន​ហោរា និង​គ្រូ​បង្រៀន គឺ​លោក​បា‌ណា‌បាស លោក​ស៊ី‌ម្មាន​ដែល​ហៅ​ថា​នីគើរ លោក​លូគាស​អ្នក​ស្រុក​គីរេន លោក​ម៉ាណាអេន ជា​ប្អូន​ចិញ្ចឹម​របស់​ព្រះ‌បាទ​ហេរ៉ូឌ ជា​អនុ‌រាជ និង​លោក​សុល។ ក្នុង​កាល​ដែល​អ្នក​ទាំង​នោះ​កំពុង​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់ ទាំង​តម​អាហារ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ញែក​បា‌ណា‌បាស និង​សុល​ចេញ​ដោយ​ឡែក សម្រាប់​ការ‌ងារ​ដែលយើង​ហៅ​គេ​ឲ្យ​ធ្វើ»។ ពេល​នោះ ក្រោយ​ពី​បាន​តម និង​អធិស្ឋាន​រួច​ហើយ គេ​ក៏​ដាក់​ដៃ​លើ​លោក​ទាំង​ពីរ ហើយ​ចាត់​ពួក​លោក​ឲ្យ​ចេញ​ទៅ។ ដូច្នេះ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ចាត់​ឲ្យ​ចេញ​ទៅ លោក​ទាំង​ពីរ​ចុះ​ទៅ​ក្រុង​សេ‌លើ‌ស៊ា ហើយ​ចុះ​សំពៅ​ចេញ​ពី​ទីនោះទៅ​កោះ​គីប្រុស។ ពេល​ទៅ​ដល់​ក្រុង​សាឡា‌មីន គេក៏​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ នៅ​ក្នុង​សាលា​ប្រជុំ​នានា​របស់​សាសន៍​យូដា ទាំង​មាន​លោក​យ៉ូហាន ជា​អ្នកជំនួយ​ដែរ។ កាល​លោក​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​កោះ​នោះ ទៅ​ដល់​ក្រុង​ប៉ាផុស លោក​ក៏​ជួប​គ្រូ​មន្ដ​អាគម​សាសន៍​យូដា​ម្នាក់ ជា​ហោរា​ក្លែង‌ក្លាយ ឈ្មោះ​បារ-យេស៊ូវ។ គ្រូ​នោះ​នៅ​ជា‌មួយ​លោក​អភិបាល​ជាតិ​រ៉ូម​ម្នាក់ ឈ្មោះ​ស៊ើគាស‌-ប៉ូឡូស ជា​មនុស្ស​ដ៏​ឆ្លាត​វៃ។ លោកបាន​ហៅ​លោក​បា‌ណា‌បាស និង​លោក​សុល​មក ព្រោះ​ចង់​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ។ ប៉ុន្ដែ អេលី‌ម៉ាស ជា​គ្រូ​មន្ត​អាគម (ដ្បិត​ឈ្មោះ​គាត់​ប្រែ​មក​ដូច្នេះ) ចេះ​តែ​ប្រឆាំង​នឹង​លោក​ទាំង​ពីរ ដើម្បី​បង្វែរ​លោក​អភិបាល​នោះ​មិន​ឲ្យ​ជឿ។ ប៉ុន្ដែ លោក​សុល ដែល​ហៅ​ថា​ប៉ុល បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ លោក​សម្លឹង​ទៅ​គ្រូ​នោះ ហើយ​មាន​ប្រសាសន៍​ថា៖ «នែ៎ មនុស្ស​ដែល​ពេញ​ដោយ​កិច្ច‌កល និង​ល្បិច​គ្រប់​យ៉ាង ជា​កូន​របស់​អារក្ស ហើយ​ជា​ខ្មាំង​សត្រូវ​នៃ​អស់​ទាំង​សេចក្តី​សុចរិត​អើយ! តើ​អ្នក​មិន​ព្រម​ឈប់​បង្ខូច​ផ្លូវ​ត្រង់​របស់​ព្រះ‌អម្ចាស់​ទេ​ឬ? មើល៍ ឥឡូវ​នេះ ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​បាន​សង្កត់​លើ​អ្នក​ហើយ អ្នក​នឹង​ត្រូវ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​មួយ​រយៈ»។ រំពេច​នោះ ភ្នែក​របស់​គាត់​ទៅ​ជា​ព្រឹលៗ ហើយ​ងងឹត​សូន្យ​ទៅ រួច​គាត់​ដើរ​វិល‌វល់​រាវ​រក​គេ​ឲ្យ​ដឹក​ដៃ។ ពេល​លោកអភិបាល​ជាតិ​រ៉ូមនោះ​ឃើញ​ហេតុ‌ការណ៍​កើតឡើង​ដូច្នេះ លោក​ក៏​ជឿ ដ្បិត​លោក​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត អំពី​សេចក្តី​បង្រៀន​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ក្រុម‌ជំនុំ​នៅ​ក្រុង​អន់‌ទី‌យ៉ូក មាន​ព្យាការី* និង​គ្រូ​អាចារ្យ* គឺ​មាន​លោក​បារណា‌បាស លោក​ស៊ីម្មាន​ហៅ​នីគើរ លោក​លូគាស​ជា​អ្នក​ស្រុក​គីរេន លោក​ម៉ាណា‌អេន ដែល​ត្រូវ​គេ​ចិញ្ចឹម​ជា​មួយ​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ* កាល​នៅ​ពី​ក្មេង និង​លោក​សូល។ នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​តែ​ធ្វើ​ពិធី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​តម​អាហារ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ញែក​បារណា‌បាស និង​សូល​ចេញ​ដោយ​ឡែក ដ្បិត​យើង​បាន​ហៅ​អ្នក​ទាំង​ពីរ​មក ឲ្យ​បំពេញ​កិច្ចការ​ដែល​យើង​នឹង​ដាក់​ឲ្យ​ធ្វើ»។ ក្រោយ​ពី​បាន​នាំ​គ្នា​តម​អាហារ និង​អធិស្ឋាន*​រួច​ហើយ គេ​បាន​ដាក់​ដៃ*​លើ​លោក​ទាំង​ពីរ ហើយ​ឲ្យ​លោក​ចេញ​ទៅ។ លោក​បារណា‌បាស និង​លោក​សូល ដែល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​បាន​ចាត់​ឲ្យ​ទៅ​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​សេលើ‌ស៊ា ហើយ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស។ ពេល​ទៅ​ដល់​ក្រុង​សាឡា‌មីន លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះ‌បន្ទូល​ព្រះ‌ជាម្ចាស់ នៅ​ក្នុង​សាលា​ប្រជុំ*​របស់​ជន‌ជាតិ​យូដា ដោយ​មាន​លោក​យ៉ូហានជួយ​ផង។ បន្ទាប់​មក លោក​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​កោះ​នោះ រហូត​ទៅ​ដល់​ក្រុង​ប៉ាផូស។ នៅ​ក្រុង​នោះ លោក​បាន​ជួប​គ្រូ​មន្ត‌អាគម​ជាតិ​យូដា​ម្នាក់​ឈ្មោះ បារ‌យេស៊ូ ជា​ព្យាការី​ក្លែងក្លាយ គាត់​រស់​នៅ​ជា​មួយ​លោក​ស៊ើគាស-‌ប៉ូឡូស ដែល​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង ហើយ​ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា។ លោក​ប្រតិភូ​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​បារណា‌បាស និង​លោក​សូល​មក ព្រោះ​លោក​មាន​បំណង​ចង់​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ ប៉ុន្តែ អេលី‌ម៉ាស (ភាសា​ក្រិក ប្រែ​ថា​គ្រូ​មន្ត‌អាគម) ចេះ​តែ​ប្រឆាំង​នឹង​លោក​ទាំង​ពីរ ហើយ​រក​មធ្យោ‌បាយ​ពង្វាង​លោក​ប្រតិភូ ឲ្យ​ងាក​ចេញ​ពី​ជំនឿ។ ពេល​នោះ លោក​សូល ដែល​ហៅ​ថា​ប៉ូល​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​អេលី‌ម៉ាស ហើយ​មាន​ប្រសាសន៍​ថា៖ «នែ៎! ជន​ពោរ‌ពេញ​ទៅ​ដោយ​ពុត‌ត្បុត និង​ល្បិច​កិច្ចកល​អើយ! អ្នក​ជា​កូន​របស់​មារ* អ្នក​ជា​សត្រូវ​នឹង​អំពើ​សុចរិត​គ្រប់​យ៉ាង តើ​អ្នក​នៅ​តែ​ពង្វាង​គេ​ឲ្យ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌អម្ចាស់​ដល់​ណា​ទៀត!។ ឥឡូវ​នេះ ព្រះ‌បារមី​របស់​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្វាក់​ភ្នែក លែង​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ»។ រំពេច​នោះ ស្រាប់​តែ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​ពុំ​ឃើញ។ គាត់​ដើរ​ស្ទាបៗ វិល‌វល់ រក​គេ​ជួយ​ដឹក​ដៃ។ កាល​លោក​ប្រតិភូ​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ លោក​ក៏​ជឿ ហើយ​ស្ញប់‌ស្ញែង​នឹង​សេចក្ដី​ដែល​គេ​បង្រៀន​អំពី​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ក្នុង​ពួក​ជំនុំ​នៅ​ក្រុង​អាន់‌ទី‌យ៉ូក នោះ​មាន​គ្រូ​អធិប្បាយ នឹង​គ្រូ​បង្រៀន​ខ្លះ គឺ​បា‌ណា‌បាស​១ ស៊ីម្មាន​ដែល​ហៅ​ថា នីគើរ​១ លូគាស ជា​សាសន៍​គីរេន​១ ម៉ាន៉ា‌អេន ជា​កូន​ចិញ្ចឹម​ជា​មួយ​នឹង​ហេរ៉ូឌ ស្តេច​អនុរាជ​១ នឹង​សុល​១ កំពុង​ដែល​អ្នក​ទាំង​នោះ​ធ្វើ​ការ‌ងារ ថ្វាយ​ព្រះ‌អម្ចាស់​ទាំង​តម នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ប្រាប់​ថា ចូរ​ញែក​បា‌ណា‌បាស នឹង​សុល​ចេញ​ឲ្យ​ខ្ញុំ សំរាប់​ការ‌ងារ​ដែល​ខ្ញុំ​ហៅ​គេ​ឲ្យ​ធ្វើ ដូច្នេះ ក្រោយ​ដែល​បាន​តម ហើយ​អធិស្ឋាន ព្រម​ទាំង​ដាក់​ដៃ​លើ​អ្នក​ទាំង​២ នោះ​ក៏​បើក​ឲ្យ​គេ​ទៅ។ ឯ​អ្នក​ទាំង​២​នោះ ក៏​ចុះ​ទៅ​ដល់​សេលើស៊ា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចាត់​ឲ្យ​ទៅ នៅ​ទី​នោះ​គេ​ចុះ​សំពៅ​ចេញ​ទៅ​ឯ​កោះ​គីប្រុស ដល់​សាឡា‌មីន​ហើយ គេ​ក៏​ផ្សាយ​ព្រះ‌បន្ទូល នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​ពួក​សាសន៍​យូដា មាន​ទាំង​យ៉ូហាន​ជា​អ្នក​ជំនួយ​ដែរ កាល​បាន​ដើរ​កាត់​កោះ​ទៅ​ត្រឹម​ប៉ាផុស​ហើយ នោះ​ក៏​ប្រទះ​នឹង​សាសន៍​យូដា​ម្នាក់ ដែល​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់ ជា​ហោរា​ក្លែង‌ក្លាយ ឈ្មោះ​បារ-យេស៊ូវ គ្រូ​នោះ​នៅ​ជា​មួយ​នឹង​អ្នក​ដំណាង​ជាតិ​រ៉ូម​ម្នាក់ ឈ្មោះ​ស៊ើគាស-ប៉ូល៉ូស ជា​អ្នក​ឆ្លៀវ‌ឆ្លាត លោក​ក៏​ហៅ​បា‌ណា‌បាស នឹង​សុល​មក ដើម្បី​ចង់​ស្តាប់​ព្រះ‌បន្ទូល តែ​អេលី‌ម៉ាស ជា​គ្រូ​អាប‌ធ្មប់​នោះ (ដ្បិត​ឈ្មោះ​នោះ​ប្រែ​មក​ដូច្នេះ) ក៏​តាំង​ខ្លួន​ទាស់​នឹង​គេ ដើម្បី​បង្វែរ​លោក​មិន​ឲ្យ​ជឿ តែ​សុល​ដែល​ហៅ​ថា ប៉ុល​ដែរ គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​សំឡឹង​មើល​ទៅ​គ្រូ​នោះ ដោយ​និយាយ​ថា នែ មនុស្ស​ដែល​ពេញ​ដោយ​កិច្ច‌កល នឹង​សេចក្ដី​ល្បិច​គ្រប់​យ៉ាង ជា​កូន​នៃ​អារក្ស ហើយ​ជា​ខ្មាំង​សត្រូវ ដល់​គ្រប់​ទាំង​សេចក្ដី​សុចរិត​អើយ តើ​មិន​ព្រម​ឈប់​បង្ខូច​ផ្លូវ​ត្រង់​របស់​ព្រះ‌អម្ចាស់​ទេ​ឬ​អី មើល ឥឡូវ​នេះ ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​បាន​មក​លើ​ឯង​ហើយ ឯង​នឹង​ត្រូវ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ជា​យូរ​បន្តិច នោះ​ស្រាប់​តែ​ភ្នែក​របស់​គ្រូ​នោះ​បាន​ទៅ​ជា​ព្រិលៗ ហើយ​ងងឹត​សូន្យ​ទៅ រួច​ក៏​ដើរ​វិល‌វល់​រក​អ្នក​ណា​ឲ្យ​ដឹក​ដៃ កាល​លោក​ដំណាង​ជាតិ​ឃើញ​ការ​ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ជឿ ព្រម​ទាំង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ‌អម្ចាស់​ផង។

ចែក​រំលែក
អាន កិច្ចការ 13