កិច្ចការ 12:5-15
កិច្ចការ 12:5-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ លោកពេត្រុសត្រូវជាប់នៅក្នុងគុក ប៉ុន្តែ ក្រុមជំនុំអធិស្ឋានដល់ព្រះឲ្យលោកយ៉ាងអស់ពីចិត្ត។ នៅយប់មុនពេលដែលព្រះបាទហេរ៉ូឌបម្រុងនឹងនាំលោកពេត្រុសចេញ លោកដេកនៅកណ្តាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកទៀតផង។ រំពេចនោះ មានទេវតារបស់ព្រះអម្ចាស់ឈរក្បែរលោក ហើយមានពន្លឺមួយភ្លឺជះចូលទៅក្នុងគុក។ ទេវតានោះក៏គោះលោកពីចំហៀង ហើយដាស់លោកថា៖ «សូមក្រោកឡើងជាប្រញាប់!» នោះច្រវាក់ក៏របូតធ្លាក់ពីដៃលោក។ ទេវតានេះពោលមកកាន់លោកថា៖ «សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!» លោកក៏ធ្វើតាម។ ទេវតាប្រាប់លោកថា៖ «សូមពាក់អាវ ហើយមកតាមខ្ញុំ»។ លោកពេត្រុសក៏ចេញទៅតាមទេវតានោះ។ លោកមិនបានដឹងថា ហេតុការណ៍ដែលកំពុងកើតឡើងដោយសារទេវតានោះជាការពិតទេ គឺលោកស្មានថាបានឃើញនិមិត្ត។ កាលបានបានដើរផុតអ្នកយាមទីមួយ និងអ្នកយាមទីពីរហើយ នោះក៏បានមកដល់ទ្វារដែក ដែលត្រូវចេញទៅទីក្រុង។ ទ្វារនោះបានបើកឲ្យអ្នកទាំងពីរឯងៗ ហើយគេក៏ចេញទៅតាមផ្លូវមួយ រំពេចនោះ ទេវតាក៏ឃ្លាតចេញពីលោកបាត់ទៅ។ ពេលនោះ លោកពេត្រុសដឹងខ្លួន ហើយពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គមកដោះលែងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចហេរ៉ូឌ និងពីបំណងទាំងប៉ុន្មានរបស់សាសន៍យូដាហើយ»។ លុះលោកពិចារណារឿងនេះហើយ លោកក៏ចូលទៅផ្ទះនាងម៉ារា ជាម្តាយយ៉ូហាន ដែលឈ្មោះមួយទៀតហៅថាម៉ាកុស ជាកន្លែងដែលមនុស្សជាច្រើនជួបជុំគ្នាអធិស្ឋាន។ ពេលលោកពេត្រុសគោះទ្វារមុខ ស្រ្ដីបម្រើម្នាក់ ឈ្មោះរ៉ូដា មកផ្ទៀងស្តាប់។ កាលបានស្គាល់ថាជាសំឡេងរបស់លោកពេត្រុស នាងត្រេកអរជាខ្លាំង មិនបានបើកទ្វារឲ្យទេ តែបែរជារត់ចូលទៅប្រាប់គេវិញថា លោកពេត្រុសកំពុងឈរនៅមាត់ទ្វារ។ គេនិយាយទៅកាន់នាងថា៖ «នាងវង្វេងហើយ!» តែនាងនៅតែប្រកែកថា ពិតលោកពេត្រុសមែន រួចគេថា៖ «គឺទេវតារបស់លោកទេ!»។
កិច្ចការ 12:5-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ នៅពេលនោះលោកពេត្រុសក៏ជាប់នៅក្នុងមន្ទីរឃុំឃាំងទៅ។ ក្រុមជំនុំបាននាំគ្នាទូលអង្វរព្រះជាម្ចាស់ឥតស្រាកស្រាន្ត សូមព្រះអង្គជួយលោក។ នៅយប់មុនពេលដែលព្រះបាទហេរ៉ូដយកលោកពេត្រុសទៅកាត់ទោស លោកសម្រាន្ដទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។ ពេលនោះ ទេវតា*របស់ព្រះអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទីឃុំឃាំង។ ទេវតាដាស់លោកពេត្រុស ដោយកេះលោកពីចំហៀង ទាំងពោលថា៖ «សូមក្រោកឡើងជាប្រញាប់!»។ ច្រវាក់ក៏របូតធ្លាក់ពីដៃលោក។ ទេវតាពោលមកកាន់លោកថា៖ «សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!» លោកក៏ធ្វើតាម។ ទេវតាពោលមកលោកទៀតថា៖ «សូមពាក់អាវក្រៅ ហើយអញ្ជើញមកតាមខ្ញុំ»។ លោកពេត្រុសក៏ចេញពីទីឃុំឃាំង ដើរតាមក្រោយទេវតាទៅ។ លោកពុំនឹកស្មានថាការដែលទេវតាកំពុងធ្វើនេះជាការពិតទេ លោកស្មានតែលោកយល់សប្ដិ។ ទេវតា និងលោកពេត្រុសបានឆ្លងផុតកន្លែងយាមទីមួយ និងកន្លែងយាមទីពីរ ហើយមកដល់ទ្វារដែកដែលបែរទៅរកទីក្រុង ទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយ ហើយរំពេចនោះ ស្រាប់តែទេវតាចេញបាត់ពីលោកពេត្រុសទៅ។ លោកពេត្រុសបានដឹងខ្លួន ក៏ពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាហេតុការណ៍នេះជាការពិតមែន ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គមកដោះលែងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ និងរួចពីបំណងដែលប្រជាជនយូដាបម្រុងធ្វើមកលើរូបខ្ញុំ»។ យល់ឃើញដូច្នោះហើយ លោកក៏ទៅផ្ទះនាងម៉ារី ជាម្ដាយលោកយ៉ូហាន ហៅម៉ាកុស ជាកន្លែងមានបងប្អូនជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។ នៅពេលលោកគោះទ្វារ មានស្ត្រីបម្រើម្នាក់ឈ្មោះ នាងរ៉ូដាចេញមកសួរ នាងស្គាល់ថាជាសំឡេងរបស់លោកពេត្រុស។ ដោយនាងត្រេកអរខ្លាំងពេក នាងពុំបានបើកទ្វារឲ្យទេ នាងបែរជារត់ចូលទៅជូនដំណឹងប្រាប់ពួកបងប្អូនថា៖ «លោកពេត្រុសមកដល់ហើយ លោកឈរនៅមាត់ទ្វារ»។ គេនាំគ្នានិយាយមកកាន់នាងថា៖ «នាងឆ្កួតហើយ!» ប៉ុន្តែ នាងបានប្រកែកវិញថា៖ «លោកពិតជាមកដល់មែន»។
កិច្ចការ 12:5-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ គេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំ គេខំប្រឹងអធិស្ឋានដល់ព្រះឲ្យគាត់អស់ពីចិត្ត រីឯក្នុងកាលដែលស្តេចហេរ៉ូឌគិតនាំពេត្រុសមក នៅវេលាយប់នោះឯង គាត់ដេកនៅជាកណ្តាលទាហាន២នាក់ មានទាំងច្រវាក់២ខ្សែជាប់នៅខ្លួន ហើយមានពួកទាហានចាំយាមនៅមាត់ទ្វាររក្សាគុកដែរ នោះមើល មានទេវតានៃព្រះអម្ចាស់ឈរខាងគាត់ ក៏មានពន្លឺផ្សាយមកក្នុងគុក ទេវតានោះក៏គោះពីខាងចំហៀង ដាស់គាត់ឡើងថា ចូរក្រោកឡើងជាប្រញាប់ នោះច្រវាក់ក៏ជ្រុះពីដៃគាត់ចេញ រួចទេវតាប្រាប់ថា ចូរក្រវាត់ខ្លួន ហើយពាក់ស្បែកជើងទៅ គាត់ក៏ធ្វើដូច្នោះ ហើយទេវតាប្រាប់ទៀតថា ចូរពាក់អាវមកតាមខ្ញុំចុះ នោះគាត់ចេញទៅតាមទេវតា ឥតមានដឹងជាការដែលកើតមក ដោយសារទេវតានោះ ជាពិតឬមិនពិតទេ គឺគាត់ស្មានថាបានឃើញការជាក់ស្តែងវិញ កាលបានដើរផុតពីអ្នកយាមទី១ រួចទី២ នោះក៏មកដល់ទ្វារដែក ដែលនាំចេញទៅខាងក្រៅ ទ្វារនោះក៏របើកឯង កាលបានចេញទៅផុតផ្លូវ១ហើយ នោះស្រាប់តែទេវតាឃ្លាតចេញពីគាត់បាត់ទៅ លុះពេត្រុសដឹងខ្លួនឡើង ក៏នឹកឃើញថា ឥឡូវនេះ អញដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតានៃទ្រង់ ឲ្យមកដោះអញឲ្យរួចពីកណ្តាប់ដៃនៃស្តេចហេរ៉ូឌ ហើយពីគ្រប់ទាំងបំណង ដែលសាសន៍យូដាបានរង់ចាំដែរ លុះគាត់ពិចារណាហើយ នោះក៏ទៅឯផ្ទះម៉ារា ជាម្តាយយ៉ូហាន-ម៉ាកុស ជាកន្លែងដែលមនុស្សជាច្រើនបានប្រជុំគ្នាអធិស្ឋាន គាត់ក៏គោះទ្វារមុខ នោះមានស្រីបំរើម្នាក់ ឈ្មោះរ៉ូដា មកផ្ទៀងស្តាប់ លុះស្គាល់សំឡេងពេត្រុសហើយ នោះនាងមានសេចក្ដីអំណរដ៏ពន្លឹក ដល់ម៉្លេះបានជាភ្លេចទាំងបើកទ្វារ រត់ចូលទៅប្រាប់គេវិញ ថា លោកពេត្រុសឈរនៅមាត់ទ្វារ តែគេស្តីថា ឯងវង្វេងហើយ តែនាងនៅតែថា ប្រាកដមែនៗ រួចគេថាជាទេវតារបស់គាត់ទេ