កិច្ចការ 12:4-8

កិច្ចការ 12:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ចាប់​លោក​ពេត្រុស​បាន​ហើយ ស្ដេច​ក៏​យក​លោក​ទៅ​ដាក់​គុក ហើយ​ប្រគល់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​លោក ដោយ​មាន​បំណង​នាំ​លោក​មកដាក់នៅ​មុខ​ប្រជាជន ក្រោយ​ថ្ងៃ​បុណ្យ​រំលង។ ដូច្នេះ លោក​ពេត្រុស​ត្រូវ​ជាប់​នៅ​ក្នុង​គុក ប៉ុន្តែ ក្រុម​ជំនុំ​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​លោកយ៉ាង​អស់​ពី​ចិត្ត។ នៅ​យប់​មុន​ពេលដែល​ព្រះ‌បាទ​ហេរ៉ូឌបម្រុង​នឹង​នាំ​លោក​ពេត្រុស​ចេញ លោក​ដេក​នៅ​កណ្តាល​ទាហាន​ពីរ​នាក់ ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ ហើយ​មាន​ទាហាន​ចាំ​យាម​នៅ​មាត់​ទ្វារ​គុកទៀត​ផង។ រំពេច​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​ក្បែរ​លោក ហើយ​មាន​ពន្លឺ​មួយ​ភ្លឺ​ជះ​ចូលទៅ​ក្នុង​គុក។ ទេវតា​នោះ​ក៏​គោះ​លោក​ពី​ចំហៀង ហើយ​ដាស់​លោក​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!» នោះ​ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។ ទេវតា​នេះ​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ប្រាប់​លោក​ថា៖ «សូម​ពាក់​អាវ ហើយ​មក​តាម​ខ្ញុំ»។

ចែក​រំលែក
អាន កិច្ចការ 12

កិច្ចការ 12:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​បាន​ចាប់​លោក​ពេត្រុស​យក​ទៅ​ឃុំ‌ឃាំង​រួច​ហើយ ស្ដេច​ក៏​បញ្ជា​ឲ្យ​ទាហាន​បួន​ក្រុម​យាម​លោក ក្នុង​ក្រុម​នីមួយៗ​មាន​គ្នា​បួន​នាក់។ ព្រះ‌បាទ​ហេរ៉ូដ​មាន​បំណង​នឹង​កាត់​ទោស​លោក​នៅ​មុខ​ប្រជា‌ជន ក្រោយ​បុណ្យ​ចម្លង*។ ដូច្នេះ នៅ​ពេល​នោះ​លោក​ពេត្រុស​ក៏​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំ‌ឃាំង​ទៅ។ ក្រុម‌ជំនុំ​បាន​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឥត​ស្រាក‌ស្រាន្ត សូម​ព្រះអង្គ​ជួយ​លោក។ នៅ​យប់​មុន​ពេល​ដែល​ព្រះ‌បាទ​ហេរ៉ូដ​យក​លោក​ពេត្រុស​ទៅ​កាត់​ទោស លោក​សម្រាន្ដ​ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ​ផង មាន​ទាហាន​ពីរ​នាក់​នៅ​អម​សង​ខាង ហើយ​ក៏​មាន​ទាហាន​យាម​នៅ​មាត់​ទ្វារ​ពន្ធ‌នាគារ​ដែរ។ ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ ទេវតា​ដាស់​លោក​ពេត្រុស ដោយ​កេះ​លោក​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។ ទេវតា​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ពោល​មក​លោក​ទៀត​ថា៖ «សូម​ពាក់​អាវ​ក្រៅ ហើយ​អញ្ជើញ​មក​តាម​ខ្ញុំ»។

ចែក​រំលែក
អាន កិច្ចការ 12

កិច្ចការ 12:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ចាប់​បាន​ហើយ នោះ​ក៏​ដាក់​គុក ព្រម​ទាំង​ប្រគល់​ដល់​ទាហាន​៤​សង្កាត់​ឲ្យ​ឃុំ​រក្សា​ទុក ដោយ​ប្រាថ្នា​នឹង​នាំ​គាត់​មក​នៅ​មុខ​បណ្តាជន ក្រោយ​ថ្ងៃ​បុណ្យ​រំលង ដូច្នេះ គេ​ក៏​ឃុំ​ពេត្រុស​ទុក​នៅ​ក្នុង​គុក តែ​ចំណែក​ខាង​ពួក​ជំនុំ គេ​ខំ​ប្រឹង​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​គាត់​អស់​ពី​ចិត្ត រីឯ​ក្នុង​កាល​ដែល​ស្តេច​ហេរ៉ូឌ​គិត​នាំ​ពេត្រុស​មក នៅ​វេលា​យប់​នោះ​ឯង គាត់​ដេក​នៅ​ជា​កណ្តាល​ទាហាន​២​នាក់ មាន​ទាំង​ច្រវាក់​២​ខ្សែ​ជាប់​នៅ​ខ្លួន ហើយ​មាន​ពួក​ទាហាន​ចាំ​យាម​នៅ​មាត់​ទ្វារ​រក្សា​គុក​ដែរ នោះ​មើល មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​ឈរ​ខាង​គាត់ ក៏​មាន​ពន្លឺ​ផ្សាយ​មក​ក្នុង​គុក ទេវតា​នោះ​ក៏​គោះ​ពី​ខាង​ចំហៀង ដាស់​គាត់​ឡើង​ថា ចូរ​ក្រោក​ឡើង​ជា​ប្រញាប់ នោះ​ច្រវាក់​ក៏​ជ្រុះ​ពី​ដៃ​គាត់​ចេញ រួច​ទេវតា​ប្រាប់​ថា ចូរ​ក្រវាត់​ខ្លួន ហើយ​ពាក់​ស្បែក​ជើង​ទៅ គាត់​ក៏​ធ្វើ​ដូច្នោះ ហើយ​ទេវតា​ប្រាប់​ទៀត​ថា ចូរ​ពាក់​អាវ​មក​តាម​ខ្ញុំ​ចុះ

ចែក​រំលែក
អាន កិច្ចការ 12