កិច្ចការ 12:20-25
កិច្ចការ 12:20-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទហេរ៉ូឌខឹងនឹងប្រជាជនក្រុងទីរ៉ុស និងក្រុងស៊ីដូនជាខ្លាំង។ ដូច្នេះ អ្នកទាំងនោះរួមចិត្តគ្នាមកគាល់ស្តេច ហើយក្រោយពីបានបញ្ចុះបញ្ចូលលោកប្លាសតុស ជាមហាតលិករបស់ស្តេចរួចហើយ គេក៏ទូលសូមឲ្យមានសន្ដិភាព ព្រោះស្រុករបស់គេទទួលស្បៀងអាហារពីស្តេច។ លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូឌទ្រង់គ្រងព្រះពស្ត្ររាជ្យ គង់នៅលើបល្ល័ង្ក ហើយមានរាជឱង្ការទៅកាន់ពួកគេ។ ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះ មិនមែនជាសំឡេងរបស់មនុស្សទេ!»។ រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏ប្រហារស្តេច ព្រោះស្តេចមិនបានថ្វាយសិរីល្អដល់ព្រះ ស្ដេចក៏ត្រូវដង្កូវចោះ ហើយផុតដង្ហើមទៅ។ ប៉ុន្ដែ ព្រះបន្ទូលរបស់ព្រះចេះតែចម្រើនឡើង ហើយមានមនុស្សជាច្រើនបានជឿ។ ពេលនោះ លោកបាណាបាស និងលោកសុលបានធ្វើការងាររបស់ខ្លួនចប់សព្វគ្រប់ហើយ ក៏វិលត្រឡប់ពីក្រុងយេរូសាឡិមវិញ ទាំងនាំយ៉ូហាន ដែលមានឈ្មោះមួយទៀតថាម៉ាកុស មកជាមួយដែរ។
កិច្ចការ 12:20-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទហេរ៉ូដមានទំនាស់ជាមួយអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្តគំនិតគ្នាចូលទៅគាល់ស្ដេច។ គេបានបញ្ចុះបញ្ចូលលោកប្លាសតុស ជាមហាតលិកឲ្យមកខាងគេ ហើយទូលសូមសន្តិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរព្រះបាទហេរ៉ូដ។ លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូដទ្រង់គ្រឿងគង់លើបល្ល័ង្ក ហើយមានរាជឱង្ការឲ្យប្រជាជនស្ដាប់។ ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាព្រះសូរសៀងរបស់ព្រះ មិនមែនសំឡេងរបស់មនុស្សទេ!»។ រំពេចនោះ ស្រាប់តែមានទេវតារបស់ព្រះជាម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះស្ដេចពុំបានថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។ មនុស្សម្នាបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចំនួនអ្នកជឿបានកើនឡើងជាលំដាប់។ រីឯលោកបារណាបាស និងលោកសូល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដោយយកលោកយ៉ូហានហៅម៉ាកុសទៅជាមួយផង។
កិច្ចការ 12:20-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯស្តេចហេរ៉ូឌ ទ្រង់មានព្រះទ័យចងគំនុំនឹងពួកអ្នកនៅស្រុកទីរ៉ុស នឹងស៊ីដូនជាខ្លាំង តែគេស្រុះចិត្តគ្នានឹងមកគាល់ស្តេច លុះបានបញ្ចុះបញ្ចូលប្លាសតុស ជាមន្ត្រីសេវកាមាត្យរបស់ស្តេចហើយ នោះក៏សូមចងជាស្ពានមេត្រីវិញ ពីព្រោះគេតែងតែបានស្បៀងអាហារ ពីស្រុកស្តេចមក លុះដល់ថ្ងៃកំណត់ ស្តេចហេរ៉ូឌទ្រង់ព្រះពស្ត្រារាជ្យ កំពុងតែគង់នៅលើបល្ល័ង្ក អធិប្បាយឲ្យគេស្តាប់ ហើយរាស្ត្រគ្រប់គ្នាចេះតែបន្លឺវាចាថា នេះជាសំឡេងព្រះទេវ៉ឺយ មិនមែនជាសំឡេងមនុស្សទេ នោះស្រាប់តែទេវតានៃព្រះអម្ចាស់ប្រហារស្តេច ឲ្យសុគតទៅដោយដង្កូវចុះ ពីព្រោះស្តេចមិនបានផ្ទេរសេចក្ដីសរសើរនោះ ថ្វាយដល់ព្រះវិញ។ ឯព្រះបន្ទូល ក៏ដុះដាលចំរើន កាន់តែច្រើនឡើង កាលបាណាបាស នឹងសុល បានធ្វើការងាររបស់ខ្លួនរួចសព្វគ្រប់ហើយ នោះក៏ត្រឡប់ពីក្រុងយេរូសាឡិមមកវិញ នាំទាំងយ៉ូហាន-ម៉ាកុសមកជាមួយផង។