កិច្ចការ 12:1-11
កិច្ចការ 12:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ ព្រះបាទហេរ៉ូឌ ចាប់ផ្តើមបៀតបៀនក្រុមជំនុំជាខ្លាំង។ ទ្រង់បានសម្លាប់លោកយ៉ាកុប ជាបងរបស់លោកយ៉ូហានដោយដាវ។ ដោយយល់ឃើញថា ការនោះពេញចិត្តដល់សាសន៍យូដា ទ្រង់ក៏ចាប់លោកពេត្រុសថែមទៀត។ (ពេលនោះ ជាឱកាសបុណ្យនំបុ័ងឥតដំបែ)។ ពេលចាប់លោកពេត្រុសបានហើយ ស្ដេចក៏យកលោកទៅដាក់គុក ហើយប្រគល់ឲ្យទាហានបួនក្រុមយាមលោក ដោយមានបំណងនាំលោកមកដាក់នៅមុខប្រជាជន ក្រោយថ្ងៃបុណ្យរំលង។ ដូច្នេះ លោកពេត្រុសត្រូវជាប់នៅក្នុងគុក ប៉ុន្តែ ក្រុមជំនុំអធិស្ឋានដល់ព្រះឲ្យលោកយ៉ាងអស់ពីចិត្ត។ នៅយប់មុនពេលដែលព្រះបាទហេរ៉ូឌបម្រុងនឹងនាំលោកពេត្រុសចេញ លោកដេកនៅកណ្តាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកទៀតផង។ រំពេចនោះ មានទេវតារបស់ព្រះអម្ចាស់ឈរក្បែរលោក ហើយមានពន្លឺមួយភ្លឺជះចូលទៅក្នុងគុក។ ទេវតានោះក៏គោះលោកពីចំហៀង ហើយដាស់លោកថា៖ «សូមក្រោកឡើងជាប្រញាប់!» នោះច្រវាក់ក៏របូតធ្លាក់ពីដៃលោក។ ទេវតានេះពោលមកកាន់លោកថា៖ «សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!» លោកក៏ធ្វើតាម។ ទេវតាប្រាប់លោកថា៖ «សូមពាក់អាវ ហើយមកតាមខ្ញុំ»។ លោកពេត្រុសក៏ចេញទៅតាមទេវតានោះ។ លោកមិនបានដឹងថា ហេតុការណ៍ដែលកំពុងកើតឡើងដោយសារទេវតានោះជាការពិតទេ គឺលោកស្មានថាបានឃើញនិមិត្ត។ កាលបានបានដើរផុតអ្នកយាមទីមួយ និងអ្នកយាមទីពីរហើយ នោះក៏បានមកដល់ទ្វារដែក ដែលត្រូវចេញទៅទីក្រុង។ ទ្វារនោះបានបើកឲ្យអ្នកទាំងពីរឯងៗ ហើយគេក៏ចេញទៅតាមផ្លូវមួយ រំពេចនោះ ទេវតាក៏ឃ្លាតចេញពីលោកបាត់ទៅ។ ពេលនោះ លោកពេត្រុសដឹងខ្លួន ហើយពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គមកដោះលែងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចហេរ៉ូឌ និងពីបំណងទាំងប៉ុន្មានរបស់សាសន៍យូដាហើយ»។
កិច្ចការ 12:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ព្រះបាទហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃក្រុមជំនុំ*។ ស្ដេចបានឲ្យគេប្រហារជីវិតលោកយ៉ាកុប ជាបងរបស់លោកយ៉ូហាន។ ដោយយល់ឃើញថាជនជាតិយូដាពេញចិត្ត ស្ដេចក៏ចាត់គេឲ្យទៅចាប់លោកពេត្រុសថែមទៀត។ ពេលនោះ ជាពេលបុណ្យនំប៉័ងឥតមេ*។ ក្រោយពីបានចាប់លោកពេត្រុសយកទៅឃុំឃាំងរួចហើយ ស្ដេចក៏បញ្ជាឲ្យទាហានបួនក្រុមយាមលោក ក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ព្រះបាទហេរ៉ូដមានបំណងនឹងកាត់ទោសលោកនៅមុខប្រជាជន ក្រោយបុណ្យចម្លង*។ ដូច្នេះ នៅពេលនោះលោកពេត្រុសក៏ជាប់នៅក្នុងមន្ទីរឃុំឃាំងទៅ។ ក្រុមជំនុំបាននាំគ្នាទូលអង្វរព្រះជាម្ចាស់ឥតស្រាកស្រាន្ត សូមព្រះអង្គជួយលោក។ នៅយប់មុនពេលដែលព្រះបាទហេរ៉ូដយកលោកពេត្រុសទៅកាត់ទោស លោកសម្រាន្ដទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។ ពេលនោះ ទេវតា*របស់ព្រះអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទីឃុំឃាំង។ ទេវតាដាស់លោកពេត្រុស ដោយកេះលោកពីចំហៀង ទាំងពោលថា៖ «សូមក្រោកឡើងជាប្រញាប់!»។ ច្រវាក់ក៏របូតធ្លាក់ពីដៃលោក។ ទេវតាពោលមកកាន់លោកថា៖ «សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!» លោកក៏ធ្វើតាម។ ទេវតាពោលមកលោកទៀតថា៖ «សូមពាក់អាវក្រៅ ហើយអញ្ជើញមកតាមខ្ញុំ»។ លោកពេត្រុសក៏ចេញពីទីឃុំឃាំង ដើរតាមក្រោយទេវតាទៅ។ លោកពុំនឹកស្មានថាការដែលទេវតាកំពុងធ្វើនេះជាការពិតទេ លោកស្មានតែលោកយល់សប្ដិ។ ទេវតា និងលោកពេត្រុសបានឆ្លងផុតកន្លែងយាមទីមួយ និងកន្លែងយាមទីពីរ ហើយមកដល់ទ្វារដែកដែលបែរទៅរកទីក្រុង ទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយ ហើយរំពេចនោះ ស្រាប់តែទេវតាចេញបាត់ពីលោកពេត្រុសទៅ។ លោកពេត្រុសបានដឹងខ្លួន ក៏ពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាហេតុការណ៍នេះជាការពិតមែន ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គមកដោះលែងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ និងរួចពីបំណងដែលប្រជាជនយូដាបម្រុងធ្វើមកលើរូបខ្ញុំ»។
កិច្ចការ 12:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ស្តេចហេរ៉ូឌ ទ្រង់លូកព្រះហស្តទៅ ចាប់ធ្វើទុក្ខដល់ពួកជំនុំខ្លះ ក៏សំឡាប់យ៉ាកុប ជាបងយ៉ូហាន ដោយដាវផង លុះទ្រង់យល់ឃើញថា ការនោះជាទីគាប់ចិត្តដល់ពួកសាសន៍យូដា នោះក៏ចាប់ពេត្រុសថែមទៀត (រីឯវេលានោះជាបុណ្យនំបុ័ងឥតដំបែ) កាលចាប់បានហើយ នោះក៏ដាក់គុក ព្រមទាំងប្រគល់ដល់ទាហាន៤សង្កាត់ឲ្យឃុំរក្សាទុក ដោយប្រាថ្នានឹងនាំគាត់មកនៅមុខបណ្តាជន ក្រោយថ្ងៃបុណ្យរំលង ដូច្នេះ គេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំ គេខំប្រឹងអធិស្ឋានដល់ព្រះឲ្យគាត់អស់ពីចិត្ត រីឯក្នុងកាលដែលស្តេចហេរ៉ូឌគិតនាំពេត្រុសមក នៅវេលាយប់នោះឯង គាត់ដេកនៅជាកណ្តាលទាហាន២នាក់ មានទាំងច្រវាក់២ខ្សែជាប់នៅខ្លួន ហើយមានពួកទាហានចាំយាមនៅមាត់ទ្វាររក្សាគុកដែរ នោះមើល មានទេវតានៃព្រះអម្ចាស់ឈរខាងគាត់ ក៏មានពន្លឺផ្សាយមកក្នុងគុក ទេវតានោះក៏គោះពីខាងចំហៀង ដាស់គាត់ឡើងថា ចូរក្រោកឡើងជាប្រញាប់ នោះច្រវាក់ក៏ជ្រុះពីដៃគាត់ចេញ រួចទេវតាប្រាប់ថា ចូរក្រវាត់ខ្លួន ហើយពាក់ស្បែកជើងទៅ គាត់ក៏ធ្វើដូច្នោះ ហើយទេវតាប្រាប់ទៀតថា ចូរពាក់អាវមកតាមខ្ញុំចុះ នោះគាត់ចេញទៅតាមទេវតា ឥតមានដឹងជាការដែលកើតមក ដោយសារទេវតានោះ ជាពិតឬមិនពិតទេ គឺគាត់ស្មានថាបានឃើញការជាក់ស្តែងវិញ កាលបានដើរផុតពីអ្នកយាមទី១ រួចទី២ នោះក៏មកដល់ទ្វារដែក ដែលនាំចេញទៅខាងក្រៅ ទ្វារនោះក៏របើកឯង កាលបានចេញទៅផុតផ្លូវ១ហើយ នោះស្រាប់តែទេវតាឃ្លាតចេញពីគាត់បាត់ទៅ លុះពេត្រុសដឹងខ្លួនឡើង ក៏នឹកឃើញថា ឥឡូវនេះ អញដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតានៃទ្រង់ ឲ្យមកដោះអញឲ្យរួចពីកណ្តាប់ដៃនៃស្តេចហេរ៉ូឌ ហើយពីគ្រប់ទាំងបំណង ដែលសាសន៍យូដាបានរង់ចាំដែរ