កិច្ចការ 11:19-30

កិច្ចការ 11:19-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រានោះ អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​ព្រោះ​តែ​ការ​បៀត​បៀន ដែល​កើត​ឡើង​ដល់​លោក​ស្ទេផាន បានធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​ភេនីស កោះ​គីប្រុស និង​ក្រុង​អាន់‌ទីយ៉ូក ហើយ​គេ​មិនបាន​ប្រកាស​ព្រះ‌បន្ទូលប្រាប់​អ្នក​ណា ក្រៅ​ពី​ពួក​សាសន៍​យូដា​ឡើយ។ ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​អ្នក​ខ្លះ​មក​ពី​កោះ​គីប្រុស និង​ស្រុក​គីរេន បាន​មក​ដល់​ក្រុង​អាន់‌ទីយ៉ូក ហើយ​គេ​ប្រកាស​ដំណឹង​ល្អ​អំ‌ពី​ព្រះ‌អម្ចាស់‌យេស៊ូវ ប្រាប់​ពួក​ហេលេន ។ ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​នៅ​ជា‌មួយ​ពួក​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ ព្រម​ទាំង​ងាក​បែរ​មក​រក​ព្រះ‌អម្ចាស់។ ដំណឹង​អំពី​ការ​នេះ បាន​ឮ​ដល់​ត្រចៀក​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម រួច​គេក៏​ចាត់​លោក​បា‌ណា‌បាស ឲ្យមក​ក្រុង​អាន់‌ទីយ៉ូក។ ពេល​លោកមក​ដល់ ហើយ​ឃើញ​ព្រះ‌គុណ​របស់​ព្រះ នោះ​លោក​មាន​អំណរ​យ៉ាង​ខ្លាំង រួច​លោក​ក៏​ដាស់​តឿន​ពួក​គេ​ទាំង​អស់​គ្នា ឲ្យមាន​ចិត្តប្ដូរ​ផ្ដាច់​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ជានិច្ច ដ្បិត​លោក​ជា​មនុស្ស​ល្អ ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ជំនឿ ហើយបាន​នាំ​មនុស្ស​ជា​ច្រើន​មក​រក​ព្រះ‌អម្ចាស់។ បន្ទាប់​មក លោក​បា‌ណា‌បាស​ក៏ធ្វើ​ដំណើរ​ទៅ​ក្រុង​តើ​សុស ដើម្បី​រក​លោក​សុល កាល​បាន​ជួប​ហើយ លោក​ក៏​នាំ​មក​ក្រុង​អាន់‌ទី‌យ៉ូក។ អ្នក​ទាំង​ពី​បាន​ជួប​ជាមួយ​ក្រុម​ជំនុំ ហើយ​បង្រៀន​មនុស្ស​ជា​ច្រើន អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ។ នៅ​ក្រុង​អាន់‌ទី‌យ៉ូក​នេះ​ហើយ ដែល​គេ​ហៅ​ពួក​សិស្ស​ជា​លើក​ដំបូង​ថា «គ្រីស្ទបរិស័ទ»។ នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម មកដល់​ក្រុង​អាន់‌ទី‌យ៉ូក។ ក្នុង​ចំណោម​ហោរា​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស ក្រោក​ឡើង ហើយ​ថ្លែង​ដោយ​ព្រះ‌វិញ្ញាណ​ថា នឹង​មាន​អំណត់​ជា​ខ្លាំង​នៅ​ពាស​ពេញ​លើ​ផែនដី (អំណត់​នេះ​កើត​មាន​ក្នុង​រជ្ជកាល​ព្រះ​ចៅក្លូ‌ឌាស)។ ដូច្នេះ ពួក​សិស្ស​ក៏​សម្រេច​ចិត្ត តាម​សមត្ថ‌ភាព​រៀង​ៗខ្លួន ដើម្បី​ផ្ញើ​ជំនួយ​ទៅ​ជួយ​ពួក​បង‌ប្អូន​ដែល​រស់​នៅ​ស្រុក​យូដា។ គេ​ក៏​បាន​ធ្វើ​ដូច្នោះ​មែន ដោយ​ផ្ញើ​ជំនួយ​នោះ​ទៅ​ពួក​ចាស់​ទុំ ដោយ​សារ​ដៃលោក​បា‌ណា‌បាស និង​លោក​សុល។

ចែក​រំលែក
អាន កិច្ចការ 11

កិច្ចការ 11:19-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​ជន‌ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀត‌បៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់‌ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ អ្នក​ជឿ​ទាំង​នោះ​ពុំ​បាន​ប្រកាស​ព្រះ‌បន្ទូល​ប្រាប់​នរណា​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​យូដា​ឡើយ។ ប៉ុន្តែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ ប្រាប់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិក។ ព្រះ‌អម្ចាស់​បាន​ជួយ​ជ្រោម‌ជ្រែង​គេ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​លើស‌លុប​បាន​ជឿ ព្រម​ទាំង​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​ផង។ ក្រុម‌ជំនុំ*​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​នេះ ក៏​ចាត់​លោក​បារណា‌បាស​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក។ ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ត​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ជានិច្ច។ លោក​បារណា‌បាស​ជា​មនុស្ស​ម្នាក់​មាន​ចិត្ត​សប្បុរស ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ជំនឿ។ ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​បាន​មក​ចូល​រួម​ជា​មួយ​ព្រះ‌អម្ចាស់។ បន្ទាប់​មក​ទៀត លោក​បារណា‌បាស​ចេញ​ដំណើរ​ទៅ​រក​លោក​សូល នៅ​ក្រុង​តើសុស។ កាល​បាន​ជួប​ហើយ គាត់​ក៏​នាំ​លោក​មក​ក្រុង​អន់‌ទី‌យ៉ូក។ លោក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយ​ក្រុម‌ជំនុំ អស់​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​បង្រៀន​បណ្ដា‌ជន​ជា​ច្រើន​ផង។ នៅ​ក្រុង​អន់‌ទី‌យ៉ូក​នោះ​ហើយ ដែល​គេ​ហៅ​ពួក​សិស្ស* ជា​លើក​ទី​មួយ​ថា «គ្រិស្ត‌បរិស័ទ»។ នៅ​គ្រា​នោះ មាន​ពួក​ព្យាការី*​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ ក្នុង​ចំណោម​ព្យាការី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកា‌ប៊ូស។ ដោយ​ព្រះ‌វិញ្ញាណ​បាន​បំភ្លឺ គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​ឲ្យ​ដឹង​ថា បន្ដិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែនដី​ទាំង​មូល (ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន គឺ​នៅ​ក្នុង​រជ្ជ‌កាល​ព្រះចៅ​អធិ‌រាជ​ក្លូឌាស)។ ពួក​សិស្ស*​នាំ​គ្នា​សម្រេច​ចិត្ត​ផ្ញើ​ជំនួយ តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន ទៅ​ជូន​បងប្អូន​នៅ​ស្រុក​យូដា។ គេ​បាន​ប្រមូល​ប្រាក់ ហើយ​ផ្ញើ​តាម​លោក​បារណា‌បាស និង​លោក​សូល​យក​ទៅ​ជូន​ពួក​ព្រឹទ្ធា‌ចារ្យ*។

ចែក​រំលែក
អាន កិច្ចការ 11

កិច្ចការ 11:19-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ពួក​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ ដោយ​ព្រោះ​សេចក្ដី​បៀត‌បៀន ដែល​កើត​មក​ពី​ដំណើរ​ស្ទេផាន នោះ​ក៏​ដើរ​រៀង​រហូត​ទៅ​ដល់​ស្រុក​ភេនីស ស្រុក​គីប្រុស នឹង​ក្រុង​អាន់‌ទី‌យ៉ូក តែ​បាន​ផ្សាយ​ព្រះ‌បន្ទូល ដល់​ចំពោះ​តែ​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក្នុង​ពួក​អ្នក​នោះ មាន​អ្នក​ខ្លះ​ពី​កោះ​គីប្រុស នឹង​ស្រុក​គីរេន គេ​បាន​ទៅ​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌អម្ចាស់​យេស៊ូវ ដល់​ពួក​សាសន៍​ក្រេក​ដែរ ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ ដោយ​មាន​សេចក្ដី​ជំនឿ រឿង​នោះ​បាន​ឮ​ដល់​ត្រចៀក​ពួក​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម រួច​គេ​ចាត់​បា‌ណា‌បាស ឲ្យ​ទៅ​ត្រឹម​អាន់‌ទី‌យ៉ូក កាល​គាត់​ទៅ​ដល់ ហើយ​បាន​ឃើញ​ព្រះ‌គុណ​នៃ​ព្រះ នោះ​គាត់​មាន​សេចក្ដី​អំណរ ក៏​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សំរេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌អម្ចាស់ ដ្បិត​គាត់​ជា​មនុស្ស​ល្អ ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​សេចក្ដី​ជំនឿ ហើយ​មាន​មនុស្ស​សន្ធឹក​ណាស់ បាន​ចំរើន​ដល់​ព្រះ‌អម្ចាស់ នោះ​បា‌ណា‌បាស​ក៏​ទៅ​ឯ​ក្រុង​តើ‌សុស ដើម្បី​នឹង​រក​សុល កាល​បាន​ឃើញ​ហើយ នោះ​ក៏​នាំ​គាត់​មក​ឯ​អាន់‌ទី‌យ៉ូក​វិញ រួច​អ្នក​ទាំង​២​នោះ បាន​ប្រជុំ​គ្នា​នឹង​ពួក​ជំនុំ ព្រម​ទាំង​បង្រៀន​ដល់​មនុស្ស​សន្ធឹក​ណាស់ ក្នុង​រវាង​១​ឆ្នាំ គឺ​នៅ​អាន់‌ទី‌យ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង។ នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម មក​ដល់​អាន់‌ទី‌យ៉ូក ក្នុង​ពួក​ហោរា​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស គាត់​ក្រោក​ឡើង​ទាយ ដោយ​ព្រះ‌វិញ្ញាណ​ថា នឹង​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​គ្រប់​លើ​ផែនដី នោះ​ក៏​កើត​មក​ក្នុង​ប្រវត្តិ​នៃ​មហា​រាជ​ក្លូឌាស​មែន ដូច្នេះ ពួក​សិស្ស​ក៏​គិត​សំរេច នឹង​ផ្ញើ​ទៅ​ជួយ​ដល់​ពួក​បង​ប្អូន​ដែល​នៅ​ស្រុក​យូដា តាម​កំឡាំង​រៀង​ខ្លួន ហើយ​ក៏​បាន​ធ្វើ​ការ​នោះ​មែន ព្រម​ទាំង​ផ្ញើ​ទៅ​ដល់​ពួក​ចាស់‌ទុំ ដោយ‌សារ​បា‌ណា‌បាស នឹង​សុល។

ចែក​រំលែក
អាន កិច្ចការ 11