កិច្ចការ 11:19-25
កិច្ចការ 11:19-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ អស់អ្នកដែលត្រូវខ្ចាត់ខ្ចាយព្រោះតែការបៀតបៀន ដែលកើតឡើងដល់លោកស្ទេផាន បានធ្វើដំណើរទៅដល់ស្រុកភេនីស កោះគីប្រុស និងក្រុងអាន់ទីយ៉ូក ហើយគេមិនបានប្រកាសព្រះបន្ទូលប្រាប់អ្នកណា ក្រៅពីពួកសាសន៍យូដាឡើយ។ ប៉ុន្ដែ ក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះមកពីកោះគីប្រុស និងស្រុកគីរេន បានមកដល់ក្រុងអាន់ទីយ៉ូក ហើយគេប្រកាសដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវ ប្រាប់ពួកហេលេន ។ ព្រះហស្តរបស់ព្រះអម្ចាស់នៅជាមួយពួកគេ ហើយមានមនុស្សជាច្រើនបានជឿ ព្រមទាំងងាកបែរមករកព្រះអម្ចាស់។ ដំណឹងអំពីការនេះ បានឮដល់ត្រចៀកក្រុមជំនុំនៅក្រុងយេរូសាឡិម រួចគេក៏ចាត់លោកបាណាបាស ឲ្យមកក្រុងអាន់ទីយ៉ូក។ ពេលលោកមកដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះលោកមានអំណរយ៉ាងខ្លាំង រួចលោកក៏ដាស់តឿនពួកគេទាំងអស់គ្នា ឲ្យមានចិត្តប្ដូរផ្ដាច់ស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច ដ្បិតលោកជាមនុស្សល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងជំនឿ ហើយបាននាំមនុស្សជាច្រើនមករកព្រះអម្ចាស់។ បន្ទាប់មក លោកបាណាបាសក៏ធ្វើដំណើរទៅក្រុងតើសុស ដើម្បីរកលោកសុល
កិច្ចការ 11:19-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីជនជាតិយូដាបានសម្លាប់លោកស្ទេផានហើយ ពួកគេក៏បៀតបៀនអ្នកជឿ ធ្វើឲ្យអ្នកទាំងនោះខ្ចាត់ខ្ចាយ អ្នកខ្លះទៅដល់ស្រុកភេនីស អ្នកខ្លះទៅដល់កោះគីប្រុស និងអ្នកខ្លះទៀតទៅដល់ក្រុងអន់ទីយ៉ូក។ អ្នកជឿទាំងនោះពុំបានប្រកាសព្រះបន្ទូលប្រាប់នរណាផ្សេងទៀត ក្រៅពីសាសន៍យូដាឡើយ។ ប៉ុន្តែ មានអ្នកជឿខ្លះពីកោះគីប្រុស និងពីស្រុកគីរេនមកដល់ក្រុងអន់ទីយ៉ូក ហើយផ្សព្វផ្សាយដំណឹងល្អ*ស្ដីអំពីព្រះអម្ចាស់យេស៊ូ ប្រាប់ពួកអ្នកដែលនិយាយភាសាក្រិក។ ព្រះអម្ចាស់បានជួយជ្រោមជ្រែងគេ ហើយមានមនុស្សដ៏ច្រើនលើសលុបបានជឿ ព្រមទាំងបែរចិត្តគំនិតមករកព្រះអម្ចាស់ផង។ ក្រុមជំនុំ*នៅក្រុងយេរូសាឡឹមបានឮដំណឹងនេះ ក៏ចាត់លោកបារណាបាសឲ្យទៅក្រុងអន់ទីយ៉ូក។ ពេលគាត់ទៅដល់ ហើយឃើញព្រះគុណរបស់ព្រះជាម្ចាស់ដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តនៅស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច។ លោកបារណាបាសជាមនុស្សម្នាក់មានចិត្តសប្បុរស ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយជំនឿ។ ពេលនោះ មានបណ្ដាជនជាច្រើនបានមកចូលរួមជាមួយព្រះអម្ចាស់។ បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូល នៅក្រុងតើសុស។
កិច្ចការ 11:19-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពួកអ្នកដែលត្រូវខ្ចាត់ខ្ចាយ ដោយព្រោះសេចក្ដីបៀតបៀន ដែលកើតមកពីដំណើរស្ទេផាន នោះក៏ដើររៀងរហូតទៅដល់ស្រុកភេនីស ស្រុកគីប្រុស នឹងក្រុងអាន់ទីយ៉ូក តែបានផ្សាយព្រះបន្ទូល ដល់ចំពោះតែពួកសាសន៍យូដាប៉ុណ្ណោះទេ ប៉ុន្តែ ក្នុងពួកអ្នកនោះ មានអ្នកខ្លះពីកោះគីប្រុស នឹងស្រុកគីរេន គេបានទៅដល់ក្រុងអាន់ទីយ៉ូក ក៏ផ្សាយដំណឹងល្អពីព្រះអម្ចាស់យេស៊ូវ ដល់ពួកសាសន៍ក្រេកដែរ ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងគេ ហើយមានមនុស្សជាច្រើនបែរមកឯព្រះអម្ចាស់វិញ ដោយមានសេចក្ដីជំនឿ រឿងនោះបានឮដល់ត្រចៀកពួកជំនុំនៅក្រុងយេរូសាឡិម រួចគេចាត់បាណាបាស ឲ្យទៅត្រឹមអាន់ទីយ៉ូក កាលគាត់ទៅដល់ ហើយបានឃើញព្រះគុណនៃព្រះ នោះគាត់មានសេចក្ដីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់ ដ្បិតគាត់ជាមនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងសេចក្ដីជំនឿ ហើយមានមនុស្សសន្ធឹកណាស់ បានចំរើនដល់ព្រះអម្ចាស់ នោះបាណាបាសក៏ទៅឯក្រុងតើសុស ដើម្បីនឹងរកសុល