កិច្ចការ 11:1-30

កិច្ចការ 11:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​ពួក​សាវក និង​ពួក​បង‌ប្អូន​នៅ​ស្រុក​យូដា​បាន​ឮ​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ​ដែរ។ ដូច្នេះ កាល​លោក​ពេត្រុស​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ពួក​អ្នក​កាត់​ស្បែក​មាន​ការ​រិះ​គន់​លោក​ថា៖ «លោកបាន​ចូល​ទៅ​ឯ​ពួក​មនុស្ស​ដែល​មិន​កាត់​ស្បែក ហើយ​បរិ‌ភោគ​ជា‌មួយ​គេទៀត​ផង»។ ប៉ុន្ដែ លោក​ពេត្រុស​ចាប់​ផ្តើម​ពន្យល់​រឿង​នោះ​ប្រាប់​គេ តាម​លំដាប់​ថា៖ «កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្រុង​យ៉ុប‌ប៉េ ខ្ញុំ​លង់​ស្មារតី​ទៅ ឃើញ​និមិត្ត​មួយ។ មាន​វត្ថុ​ម្យ៉ាង​ដូច​ជា​កម្រាល​មួយ​យ៉ាង​ធំ មាន​ចង​ជ្រុង​ទាំង​បួន សម្រូត​ចុះ​ពី​លើ​មេឃ​មកដល់​ខ្ញុំ។ ពេល​ខ្ញុំ​សម្លឹង​មើល​យ៉ាង​ដិត​ដល់ ខ្ញុំ​ឃើញ​មាន​សត្វ​ជើង​បួន សត្វ​ព្រៃ សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស។ ខ្ញុំ​ក៏​ឮ​ព្រះ​សូរសៀង​មួយ​បន្លឺ​មក​ខ្ញុំ​ថា៖ "ពេត្រុស​អើយ ចូរ​ក្រោក​ឡើង សម្លាប់ ហើយ​បរិ‌ភោគ​ទៅ!"។ ប៉ុន្ដែ ខ្ញុំ​ទូល​ថា៖ "ទេ ព្រះ‌អម្ចាស់ ទូល​បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​មិន​ស្អាត មិន​បរិសុទ្ធ ចូល​មក​ក្នុង​មាត់​ទូល​បង្គំ​ឡើយ"។ ប៉ុន្ដែ ព្រះ​សូរសៀង​នោះក៏​បន្លឺ​ពី​លើ​មេឃ​មក​ម្តង​ទៀត​ថា៖ "អ្វី​ដែល​ព្រះ​បាន​សម្អាត​ហើយ មិន​ត្រូវ​រាប់​ថា​មិន​ស្អាត​ឡើយ!"។ ហេតុ‌ការណ៍​នោះ​បាន​កើត​ឡើង​បី​ដង រួច​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។ ពេលនោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេ‌សារា​ឲ្យ​មក​រក​ខ្ញុំ ក៏​បាន​មក​ដល់​ផ្ទះ​ដែល​យើង​ស្នាក់​នៅ។ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​ជា‌មួយ​គេ កុំ​ឲ្យ​ប្រកាន់​ឡើយ។ បង‌ប្អូន​ទាំង​ប្រាំមួយ​នាក់​នេះក៏​បាន​ទៅ​ជា‌មួយ​ខ្ញុំ​ដែរ ហើយ​យើង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក។ លោក​បាន​រៀប​រាប់​ប្រាប់​យើង​ពី​ដំណើរ​ដែល​លោក​បាន​ឃើញ​ទេវតា​ឈរ​ក្នុង​ផ្ទះ ប្រាប់​លោក​ថា៖ "ចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ ហៅ​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស​មក គាត់​នឹង​ប្រកាសព្រះ​បន្ទូលឲ្យ​លោក​ស្តាប់​សេចក្តីដែល​នឹង​សង្គ្រោះ​លោក និង​ក្រុម​គ្រួ​សារ​របស់​លោក​ទាំង​មូល"។ ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួកគេ ដូចព្រះ‌អង្គ​បាន​សណ្ឋិត​លើ​យើង កាល​ពីដំបូងនោះ​ដែរ។ ពេល​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ពី​ការដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា "លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ"។ ដូច្នេះ បើ​ព្រះ​បាន​ប្រទាន​អំណោយ‌ទានដល់​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង នៅ​ពេល​យើង​បាន​ជឿ​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទដែរ​នោះ តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​ឃាត់​ឃាំង​ព្រះ​បាន?» កាល​គេ​បាន​ឮសេចក្ដី​ទាំង​នេះ គេក៏​ស្ងាត់​មាត់ ហើយ​បែរ​ជា​លើក​តម្កើង​ព្រះ ដោយ​ពោល​ថា "ដូច្នេះ សូម្បី​តែ​សាសន៍​ដទៃ ក៏​ព្រះ​ប្រទាន​ឱកាស​ឲ្យ​ប្រែ​ចិត្ត ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎!"។ គ្រានោះ អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​ព្រោះ​តែ​ការ​បៀត​បៀន ដែល​កើត​ឡើង​ដល់​លោក​ស្ទេផាន បានធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​ភេនីស កោះ​គីប្រុស និង​ក្រុង​អាន់‌ទីយ៉ូក ហើយ​គេ​មិនបាន​ប្រកាស​ព្រះ‌បន្ទូលប្រាប់​អ្នក​ណា ក្រៅ​ពី​ពួក​សាសន៍​យូដា​ឡើយ។ ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​អ្នក​ខ្លះ​មក​ពី​កោះ​គីប្រុស និង​ស្រុក​គីរេន បាន​មក​ដល់​ក្រុង​អាន់‌ទីយ៉ូក ហើយ​គេ​ប្រកាស​ដំណឹង​ល្អ​អំ‌ពី​ព្រះ‌អម្ចាស់‌យេស៊ូវ ប្រាប់​ពួក​ហេលេន ។ ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​នៅ​ជា‌មួយ​ពួក​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ ព្រម​ទាំង​ងាក​បែរ​មក​រក​ព្រះ‌អម្ចាស់។ ដំណឹង​អំពី​ការ​នេះ បាន​ឮ​ដល់​ត្រចៀក​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម រួច​គេក៏​ចាត់​លោក​បា‌ណា‌បាស ឲ្យមក​ក្រុង​អាន់‌ទីយ៉ូក។ ពេល​លោកមក​ដល់ ហើយ​ឃើញ​ព្រះ‌គុណ​របស់​ព្រះ នោះ​លោក​មាន​អំណរ​យ៉ាង​ខ្លាំង រួច​លោក​ក៏​ដាស់​តឿន​ពួក​គេ​ទាំង​អស់​គ្នា ឲ្យមាន​ចិត្តប្ដូរ​ផ្ដាច់​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ជានិច្ច ដ្បិត​លោក​ជា​មនុស្ស​ល្អ ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ជំនឿ ហើយបាន​នាំ​មនុស្ស​ជា​ច្រើន​មក​រក​ព្រះ‌អម្ចាស់។ បន្ទាប់​មក លោក​បា‌ណា‌បាស​ក៏ធ្វើ​ដំណើរ​ទៅ​ក្រុង​តើ​សុស ដើម្បី​រក​លោក​សុល កាល​បាន​ជួប​ហើយ លោក​ក៏​នាំ​មក​ក្រុង​អាន់‌ទី‌យ៉ូក។ អ្នក​ទាំង​ពី​បាន​ជួប​ជាមួយ​ក្រុម​ជំនុំ ហើយ​បង្រៀន​មនុស្ស​ជា​ច្រើន អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ។ នៅ​ក្រុង​អាន់‌ទី‌យ៉ូក​នេះ​ហើយ ដែល​គេ​ហៅ​ពួក​សិស្ស​ជា​លើក​ដំបូង​ថា «គ្រីស្ទបរិស័ទ»។ នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម មកដល់​ក្រុង​អាន់‌ទី‌យ៉ូក។ ក្នុង​ចំណោម​ហោរា​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស ក្រោក​ឡើង ហើយ​ថ្លែង​ដោយ​ព្រះ‌វិញ្ញាណ​ថា នឹង​មាន​អំណត់​ជា​ខ្លាំង​នៅ​ពាស​ពេញ​លើ​ផែនដី (អំណត់​នេះ​កើត​មាន​ក្នុង​រជ្ជកាល​ព្រះ​ចៅក្លូ‌ឌាស)។ ដូច្នេះ ពួក​សិស្ស​ក៏​សម្រេច​ចិត្ត តាម​សមត្ថ‌ភាព​រៀង​ៗខ្លួន ដើម្បី​ផ្ញើ​ជំនួយ​ទៅ​ជួយ​ពួក​បង‌ប្អូន​ដែល​រស់​នៅ​ស្រុក​យូដា។ គេ​ក៏​បាន​ធ្វើ​ដូច្នោះ​មែន ដោយ​ផ្ញើ​ជំនួយ​នោះ​ទៅ​ពួក​ចាស់​ទុំ ដោយ​សារ​ដៃលោក​បា‌ណា‌បាស និង​លោក​សុល។

ចែក​រំលែក
អាន កិច្ចការ 11

កិច្ចការ 11:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រុម​សាវ័ក* និង​បងប្អូន​នៅ​ស្រុក​យូដា ឮ​ដំណឹង​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។ កាល​លោក​ពេត្រុស​ឡើង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ អ្នក​ជឿ​ដែល​ជា​សាសន៍​យូដា នាំ​គ្នា​រិះគន់​លោក​ថា៖ «លោក​បាន​ចូល​ក្នុង​ផ្ទះ​សាសន៍​ដទៃ ហើយ​ក៏​បាន​បរិភោគ​ជា​មួយ​ពួក​គេ​ថែម​ទៀត​ផង!»។ លោក​ពេត្រុស​ក៏​រៀប​រាប់​ប្រាប់​គេ​យ៉ាង​ក្បោះ‌ក្បាយ​ថា៖ «កាល​ខ្ញុំ​នៅ​ក្រុង​យ៉ុប‌ប៉េ ក្នុង​ពេល​អធិស្ឋាន* ខ្ញុំ​លង់​ស្មារតី និមិត្ត​ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កម្រាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ខ្ញុំ។ ពេល​ខ្ញុំ​ពិនិត្យ​យ៉ាង​ដិត​ដល់​ទៅ ខ្ញុំ​ឃើញ​មាន​សត្វ​ចតុប្បាទ សត្វ​ព្រៃ សត្វ​លូន​វារ និង​បក្សា‌បក្សី។ ខ្ញុំ​ក៏​បាន​ឮ​ព្រះ​សូរសៀង​បញ្ជា​មក​ខ្ញុំ​ថា: “ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!”។ ប៉ុន្តែ ខ្ញុំ​ទូល​ទៅ​វិញ​ថា: “ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ*​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ”។ ព្រះ​សូរសៀង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក​ជា​លើក​ទី​ពីរ​ថា: “អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!”។ ហេតុ‌ការណ៍​នេះ​បាន​កើត​មាន​ដល់​ទៅ​បី​ដង ទើប​វត្ថុ​នោះ​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។ ពេល​នោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេសារា​ឲ្យ​មក​រក​ខ្ញុំ បាន​មក​ដល់​ផ្ទះ​ដែល​យើង​ស្នាក់​នៅ។ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ កុំ​រារែក​ឡើយ។ ពេល​នោះ មាន​បងប្អូន​ប្រាំ​មួយ​នាក់​បាន​ជូន​ដំណើរ​ខ្ញុំ​ទៅ​ដែរ ហើយ​យើង​បាន​ទៅ​ដល់​ផ្ទះ​លោក​កូនេ‌លាស។ លោក​បាន​រៀប​រាប់​ប្រាប់​យើង​ថា លោក​បាន​ឃើញ​ទេវតា​មក​ជួប​លោក​នៅ​ក្នុង​ផ្ទះ ទាំង​ពោល​ថា: “សុំ​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ រក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ហៅ​ពេត្រុស គាត់​នឹង​ប្រកាស​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ការ​សង្គ្រោះ​ឲ្យ​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល”។ នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ដូច​ព្រះអង្គ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​យើង កាល​ពី​ដើម​ដំបូង​នោះ​ដែរ។ ពេល​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ថា “លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​គេ​ក្នុង​ទឹក រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ”។ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ដល់​គេ ដូច​ព្រះអង្គ​ប្រទាន​មក​យើង ដែល​ជឿ​លើ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​ព្រះ‌ជាម្ចាស់​បាន?»។ កាល​ពួក​អ្នក​ជឿ​បាន​ឮ​សេចក្ដី​ទាំង​នេះ គេ​ក៏​ធូរ​ចិត្ត ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ទាំង​ពោល​ថា៖ «សូម្បី​តែ​សាសន៍​ដទៃ​ក៏​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ជីវិត​ដែរ!»។ ក្រោយ​ពី​ជន‌ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀត‌បៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់‌ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ អ្នក​ជឿ​ទាំង​នោះ​ពុំ​បាន​ប្រកាស​ព្រះ‌បន្ទូល​ប្រាប់​នរណា​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​យូដា​ឡើយ។ ប៉ុន្តែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ ប្រាប់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិក។ ព្រះ‌អម្ចាស់​បាន​ជួយ​ជ្រោម‌ជ្រែង​គេ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​លើស‌លុប​បាន​ជឿ ព្រម​ទាំង​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​ផង។ ក្រុម‌ជំនុំ*​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​នេះ ក៏​ចាត់​លោក​បារណា‌បាស​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក។ ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ត​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ជានិច្ច។ លោក​បារណា‌បាស​ជា​មនុស្ស​ម្នាក់​មាន​ចិត្ត​សប្បុរស ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ជំនឿ។ ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​បាន​មក​ចូល​រួម​ជា​មួយ​ព្រះ‌អម្ចាស់។ បន្ទាប់​មក​ទៀត លោក​បារណា‌បាស​ចេញ​ដំណើរ​ទៅ​រក​លោក​សូល នៅ​ក្រុង​តើសុស។ កាល​បាន​ជួប​ហើយ គាត់​ក៏​នាំ​លោក​មក​ក្រុង​អន់‌ទី‌យ៉ូក។ លោក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយ​ក្រុម‌ជំនុំ អស់​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​បង្រៀន​បណ្ដា‌ជន​ជា​ច្រើន​ផង។ នៅ​ក្រុង​អន់‌ទី‌យ៉ូក​នោះ​ហើយ ដែល​គេ​ហៅ​ពួក​សិស្ស* ជា​លើក​ទី​មួយ​ថា «គ្រិស្ត‌បរិស័ទ»។ នៅ​គ្រា​នោះ មាន​ពួក​ព្យាការី*​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ ក្នុង​ចំណោម​ព្យាការី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកា‌ប៊ូស។ ដោយ​ព្រះ‌វិញ្ញាណ​បាន​បំភ្លឺ គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​ឲ្យ​ដឹង​ថា បន្ដិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែនដី​ទាំង​មូល (ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន គឺ​នៅ​ក្នុង​រជ្ជ‌កាល​ព្រះចៅ​អធិ‌រាជ​ក្លូឌាស)។ ពួក​សិស្ស*​នាំ​គ្នា​សម្រេច​ចិត្ត​ផ្ញើ​ជំនួយ តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន ទៅ​ជូន​បងប្អូន​នៅ​ស្រុក​យូដា។ គេ​បាន​ប្រមូល​ប្រាក់ ហើយ​ផ្ញើ​តាម​លោក​បារណា‌បាស និង​លោក​សូល​យក​ទៅ​ជូន​ពួក​ព្រឹទ្ធា‌ចារ្យ*។

ចែក​រំលែក
អាន កិច្ចការ 11

កិច្ចការ 11:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​សាវក នឹង​ពួក​បង​ប្អូន ដែល​នៅ​ស្រុក​យូដា គេ​ក៏​ឮ​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​ដែរ រួច​កាល​ពេត្រុស​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​អស់​អ្នក​ខាង​ពួក​កាត់​ស្បែក​គេ​មាន​សេចក្ដី​ប្រកាន់​ចំពោះ​គាត់​ថា លោក​បាន​ចូល​ទៅ​ឯ​ពួក​មនុស្ស​ដែល​មិន​កាត់​ស្បែក ក៏​បាន​ពិសា​ជា​មួយ​នឹង​គេ​ផង តែ​ពេត្រុស​ចាប់​ផ្តើម​រ៉ាយ​រឿង​ប្រាប់​គេ ដោយ​លំដាប់​ថា កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ក្រុង​យ៉ុបប៉េ នោះ​ខ្ញុំ​លង់​ស្មារតី​ទៅ ឃើញ​ការ​ជាក់​ស្តែង ជា​ប្រដាប់​ដូច​ជា​សំពត់​កំរាល​យ៉ាង​ធំ ចង​ទាំង​៤​ជ្រុង សំរូត​ចុះ​ពី​លើ​មេឃ​មក​ត្រឹម​ខ្ញុំ កាល​ខ្ញុំ​សំឡឹង​គិត​ពិចារណា​មើល នោះ​ក៏​ឃើញ​មាន​សត្វ​ជើង​៤ សត្វ​ព្រៃ នឹង​សត្វ​លូន​វារ​ដែល​នៅ​លើ​ដី ព្រម​ទាំង​សត្វ​ស្លាប​នៅ​លើ​អាកាស​ផង រួច​ខ្ញុំ​ឮ​សំឡេង​មាន​បន្ទូល​មក​ខ្ញុំ​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ តែ​ខ្ញុំ​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ព្រោះ​មិន​ដែល​មាន​អ្វី​ដែល​មិន​ស្អាត មិន​បរិសុទ្ធ ចូល​មក​ក្នុង​មាត់​ទូលបង្គំ​ឡើយ ក៏​មាន​ឮ​សំឡេង​ពី​លើ​មេឃ​នោះ​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​ថា​ជា​មិន​ស្អាត​ឡើយ ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ទាំង​អស់​ទៅ​លើ​មេឃ​វិញ ទី​បំផុត​នោះ ស្រាប់​តែ​មាន​មនុស្ស​៣​នាក់​ដែល​លោក​នោះ​ចាត់​ពី​សេសារា​មក​រក​ខ្ញុំ គេ​ឈរ​នៅ​មុខ​ផ្ទះ​តែ​ម្តង ហើយ​ព្រះ‌វិញ្ញាណ ទ្រង់​មាន​បន្ទូល​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​នឹង​គេ ឥត​ប្រកាន់​ឡើយ ក៏​មាន​បង​ប្អូន​ទាំង​៦​នាក់​នេះ បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ យើង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក ហើយ​លោក​រ៉ាយ​រឿង​ប្រាប់​យើង ពី​ដំណើរ​ដែល​ឃើញ​ទេវតា​ឈរ​ក្នុង​ផ្ទះ ប្រាប់​លោក​ថា ចូរ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ ហៅ​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស ឲ្យ​មក គាត់​នឹង​អធិប្បាយ ឲ្យ​លោក​ស្តាប់​សេចក្ដី ដែល​នឹង​ជួយ​សង្គ្រោះ​ដល់​លោក ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​អស់​ផង កាល​ខ្ញុំ​ចាប់​តាំង​និយាយ​ទៅ នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​គេ ដូច​ជា​បាន​សណ្ឋិត​លើ​យើង​រាល់​គ្នា​កាល​ពី​ដើម​ដែរ នោះ​ខ្ញុំ​បាន​នឹក​ឃើញ​ពី​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា «លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ» ដូច្នេះ បើ​សិន​ជា​ព្រះ​បាន​ប្រទាន​អំណោយ​ទាន​ទៅ​គេ ដូច​ជា​បាន​ប្រទាន​មក​យើង​ដែរ ដោយ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​នឹង​ឃាត់​ព្រះ​បាន កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ នោះ​គេ​បាត់​មាត់ ក៏​ត្រឡប់​ជា​សរសើរ​ដល់​ព្រះ​វិញ​ថា ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎។ រីឯ​ពួក​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ ដោយ​ព្រោះ​សេចក្ដី​បៀត‌បៀន ដែល​កើត​មក​ពី​ដំណើរ​ស្ទេផាន នោះ​ក៏​ដើរ​រៀង​រហូត​ទៅ​ដល់​ស្រុក​ភេនីស ស្រុក​គីប្រុស នឹង​ក្រុង​អាន់‌ទី‌យ៉ូក តែ​បាន​ផ្សាយ​ព្រះ‌បន្ទូល ដល់​ចំពោះ​តែ​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក្នុង​ពួក​អ្នក​នោះ មាន​អ្នក​ខ្លះ​ពី​កោះ​គីប្រុស នឹង​ស្រុក​គីរេន គេ​បាន​ទៅ​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌អម្ចាស់​យេស៊ូវ ដល់​ពួក​សាសន៍​ក្រេក​ដែរ ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ ដោយ​មាន​សេចក្ដី​ជំនឿ រឿង​នោះ​បាន​ឮ​ដល់​ត្រចៀក​ពួក​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម រួច​គេ​ចាត់​បា‌ណា‌បាស ឲ្យ​ទៅ​ត្រឹម​អាន់‌ទី‌យ៉ូក កាល​គាត់​ទៅ​ដល់ ហើយ​បាន​ឃើញ​ព្រះ‌គុណ​នៃ​ព្រះ នោះ​គាត់​មាន​សេចក្ដី​អំណរ ក៏​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សំរេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌អម្ចាស់ ដ្បិត​គាត់​ជា​មនុស្ស​ល្អ ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​សេចក្ដី​ជំនឿ ហើយ​មាន​មនុស្ស​សន្ធឹក​ណាស់ បាន​ចំរើន​ដល់​ព្រះ‌អម្ចាស់ នោះ​បា‌ណា‌បាស​ក៏​ទៅ​ឯ​ក្រុង​តើ‌សុស ដើម្បី​នឹង​រក​សុល កាល​បាន​ឃើញ​ហើយ នោះ​ក៏​នាំ​គាត់​មក​ឯ​អាន់‌ទី‌យ៉ូក​វិញ រួច​អ្នក​ទាំង​២​នោះ បាន​ប្រជុំ​គ្នា​នឹង​ពួក​ជំនុំ ព្រម​ទាំង​បង្រៀន​ដល់​មនុស្ស​សន្ធឹក​ណាស់ ក្នុង​រវាង​១​ឆ្នាំ គឺ​នៅ​អាន់‌ទី‌យ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង។ នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម មក​ដល់​អាន់‌ទី‌យ៉ូក ក្នុង​ពួក​ហោរា​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស គាត់​ក្រោក​ឡើង​ទាយ ដោយ​ព្រះ‌វិញ្ញាណ​ថា នឹង​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​គ្រប់​លើ​ផែនដី នោះ​ក៏​កើត​មក​ក្នុង​ប្រវត្តិ​នៃ​មហា​រាជ​ក្លូឌាស​មែន ដូច្នេះ ពួក​សិស្ស​ក៏​គិត​សំរេច នឹង​ផ្ញើ​ទៅ​ជួយ​ដល់​ពួក​បង​ប្អូន​ដែល​នៅ​ស្រុក​យូដា តាម​កំឡាំង​រៀង​ខ្លួន ហើយ​ក៏​បាន​ធ្វើ​ការ​នោះ​មែន ព្រម​ទាំង​ផ្ញើ​ទៅ​ដល់​ពួក​ចាស់‌ទុំ ដោយ‌សារ​បា‌ណា‌បាស នឹង​សុល។

ចែក​រំលែក
អាន កិច្ចការ 11