កិច្ចការ 10:9-16

កិច្ចការ 10:9-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​បន្ទាប់ កាល​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ទី​ក្រុងនោះ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាននៅ​លើ​ដំបូល​ផ្ទះ ប្រហែលជា​ពេល​ថ្ងៃ​ត្រង់។ លោកក៏​ឃ្លាន ហើយ​ចង់​បាន​អ្វីមួយមក​បរិ‌ភោគ តែ​កាលគេ​កំពុង​រៀប​ចំ​ជូន លោក​ក៏​លង់​ស្មារតី។ លោក​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​មាន​អ្វី​ម្យ៉ាង​ដូច​ជា​កម្រាល​មួយ​យ៉ាង​ធំ មាន​ចង​ជ្រុង​ទាំង​បួន សម្រូត​ចុះ​ពី​លើ​មក​ដល់​ដី។ នៅ​ក្នុង​កម្រាល​នោះ មាន​សត្វ​ជើង​បួន សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស​គ្រប់​ប្រភេទ។ មានព្រះសូរ​សៀង​មួយ​បន្លឺ​មកកាន់​លោក​ថា៖ «ពេត្រុស​អើយ ក្រោក​ឡើង សម្លាប់ ហើយ​បរិ‌ភោគ​ទៅ!»។ ប៉ុន្ដែ លោក​ពេត្រុសទូល​ថា៖ «ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូល​បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​នោះ​ឡើយ»។ ព្រះ​សូរ​សៀង​នោះ​បន្លឺ​មក​កាន់​លោក​ម្តង​ទៀត​ថា៖ «អ្វី​ដែល​ព្រះ​បាន​សម្អាត​ហើយ មិន​ត្រូវ​រាប់​ថា​មិន​ស្អាត​ឡើយ!»។ ហេតុ‌ការណ៍នេះបាន​កើត​ឡើង​បី​ដង រួច​វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញភ្លាម​បាត់​ទៅ។

ចែក​រំលែក
អាន កិច្ចការ 10

កិច្ចការ 10:9-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យ៉ុប‌ប៉េ។ ប្រមាណ​ជា​ថ្ងៃ​ត្រង់ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាន*​នៅ​លើ​ដំបូល​ផ្ទះ។ ពេល​នោះ លោក​ឃ្លាន ចង់​ពិសា​បាយ។ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោក​បាន​លង់​ស្មារតី និមិត្ត​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កម្រាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ដី។ នៅ​លើ​កម្រាល​នោះ មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ មាន​សត្វ​លូន​វារ និង​បក្សា‌បក្សី។ មាន​ព្រះ​សូរសៀង​បញ្ជា​មក​គាត់​ថា៖ «ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។ ប៉ុន្តែ លោក​ពេត្រុស​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ»។ បន្ទាប់​មក លោក​ពេត្រុស​បាន​ឮ​ព្រះ‌សូរសៀង​នោះ​ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!»។ ហេតុ‌ការណ៍​នេះ​កើត​មាន​ដល់​ទៅ​បី​ដង នៅ​ទី​បំផុត វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម​បាត់​ទៅ។

ចែក​រំលែក
អាន កិច្ចការ 10

កិច្ចការ 10:9-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​ស្អែក​ឡើង​កំពុង​ដែល​ពួក​អ្នក​ទាំង​នោះ​ដើរ​ទៅ​ជិត​ដល់​ទី​ក្រុង​ហើយ នោះ​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​នឹង​អធិស្ឋាន ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ គាត់​ក៏​នឹក​ឃ្លាន​ជា​ខ្លាំង ចង់​បរិភោគ តែ​កំពុង​ដែល​គេ​ចាត់‌ចែង​ឲ្យ នោះ​គាត់​លង់​ស្មារតី​ទៅ គាត់​ឃើញ​មេឃ​ចំហ ហើយ​មាន​ប្រដាប់ ដូច​ជា​សំពត់​កំរាល​យ៉ាង​ធំ បាន​ចុះ​មក ចង​ទាំង​៤​ជ្រុង សំរូត​មក​ដល់​ដី នៅ​ក្នុង​សំពត់​នោះ មាន​សត្វ​ជើង​៤ សត្វ​ព្រៃ សត្វ​លូន​វារ​គ្រប់​មុខ ដែល​នៅ​លើ​ដី នឹង​សត្វ​ហើរ​លើ​អាកាស​ដែរ ក៏​ឮ​សំឡេង​មាន​បន្ទូល​មក​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ តែ​ពេត្រុស​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូលបង្គំ​មិន​ដែល​ទទួល​ទាន​អ្វី ដែល​មិន​ស្អាត​មិន​បរិសុទ្ធ​នោះ​សោះ រួច​ឮ​សំឡេង​នោះ​មក​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​រាប់​ថា​ជា​មិន​ស្អាត​ឡើយ ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ប្រដាប់​នោះ ឡើង​ទៅ​លើ​មេឃ​វិញ។

ចែក​រំលែក
អាន កិច្ចការ 10