កិច្ចការ 10:29-33

កិច្ចការ 10:29-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ​ហើយ បាន​ជា​ពេល​លោកចាត់​គេ​ទៅ​ហៅ​ខ្ញុំ ខ្ញុំ​ក៏​មក​ភ្លាម ឥត​ជំទាស់​អ្វី​ឡើយ។ ដូច្នេះ ខ្ញុំ​សុំ​សួរ​ថា តើ​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?» លោក​កូនេ‌លាស​ឆ្លើយ​ថា៖ «បួន​ថ្ងៃ​មុន ពេល​ថ្មើនេះ កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ នៅ​វេលា​ម៉ោង​បី​រសៀល ឃើញ​មាន​បុរសម្នាក់​ឈរ​នៅ​មុខ​ខ្ញុំ ទាំង​មាន​សម្លៀក​បំពាក់ភ្លឺ​ចិញ្ចាច ហើយ​ពោល​ថា៖ "កូនេ‌លាស​អើយ ព្រះ‌ទ្រង់​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​លោក​ហើយ ឯ​ការ​ធ្វើ​ទាន​របស់​លោក ក៏​បានជា​សេចក្ដី​រំឭក​នៅ​ចំពោះ​ព្រះ‌ដែរ។ ឥឡូវ​នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ អញ្ជើញ​ស៊ីម៉ូន ដែល​ហៅ​ថាពេត្រុស​មក គាត់​កំពុង​ស្នាក់​នៅ​ផ្ទះ​របស់​ជាង​សម្លាប់​ស្បែក​ម្នាក់ ឈ្មោះ​ស៊ីម៉ូន នៅ​ក្បែរ​មាត់​សមុទ្រ"។ ដូច្នេះ ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​លោក​ភ្លាម ហើយ​លោក​ក៏​អញ្ជើញ​មក​យ៉ាង​ប្រពៃ។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​នៅទីនេះ​នៅ​ចំពោះ​ព្រះ រង់​ចាំ​ស្តាប់​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះ​បាន​បង្គាប់​មក​លោក»។

ចែក​រំលែក
អាន កិច្ចការ 10

កិច្ចការ 10:29-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បងប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បងប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។ លោក​កូនេ‌លាស​មាន​ប្រសាសន៍​ថា៖ «កាល​ពី​បី​ថ្ងៃ​មុន ពេល​ខ្ញុំ​កំពុង​អធិស្ឋាន*​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​បី​រសៀល មាន​បុរស​ម្នាក់​ស្លៀក​សម្លៀក‌បំពាក់​ភ្លឺ​ត្រចះ‌ត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា “លោក​កូនេ‌លាស​អើយ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ រីឯ​ទាន​របស់​លោក​ក៏​ព្រះអង្គ​មិន​ភ្លេច​ដែរ។ ឥឡូវ​នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស នៅ​ក្រុង​យ៉ុប‌ប៉េ​មក។ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក ផ្ទះ​នោះ​ស្ថិត​នៅ​មាត់​សមុទ្រ”។ ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម លោក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រង់‌ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក»។

ចែក​រំលែក
អាន កិច្ចការ 10

កិច្ចការ 10:29-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​នោះ​បាន​ជា​កាល​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ខ្ញុំ នោះ​ខ្ញុំ​បាន​មក​ដោយ​ឥត​ប្រកែក​សោះ ដូច្នេះ ខ្ញុំ​សូម​សួរ​លោក តើ​លោក​ឲ្យ​ខ្ញុំ​មក​មាន​ការ​អ្វី កូនេ‌លាស​ឆ្លើយ​ថា កន្លង​មក​៤​ថ្ងៃ​ហើយ ពេល​ថ្មើរ​ណេះ កាល​ខ្ញុំ​កំពុង​តែ​តម ហើយ​អធិស្ឋាន​នៅ​ផ្ទះ​ខ្ញុំ ក្នុង​ពេល​ម៉ោង​៣​រសៀល នោះ​ឃើញ​មាន​ម្នាក់​ពាក់​អាវ​ដ៏​ភ្លឺ ឈរ​នៅ​មុខ​ខ្ញុំ ប្រាប់​ថា កូនេ‌លាស​អើយ ព្រះ​បាន​ទទួល​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ ក៏​នឹក​ចាំ​ពី​ទាន​របស់​អ្នក​ដែរ ដូច្នេះ ចូរ​ប្រើ​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ អញ្ជើញ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស​មក លោក​នោះ​នៅ​ក្នុង​ផ្ទះ​របស់​ជាង​សំឡាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន នៅ​ក្បែរ​មាត់​សមុទ្រ កាល​ណា​លោក​បាន​មក​ដល់ នោះ​នឹង​អធិប្បាយ​ឲ្យ​អ្នក​ស្តាប់ ដូច្នេះ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ឯ​លោក​ភ្លាម ដែល​លោក​អញ្ជើញ​មក​នេះ​ក៏​ល្អ​ហើយ ឥឡូវ​នេះ យើង​ទាំង​អស់​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​ស្តាប់​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ​បាន​បង្គាប់​មក​លោក។

ចែក​រំលែក
អាន កិច្ចការ 10