កិច្ចការ 10:22-44
កិច្ចការ 10:22-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេឆ្លើយថា៖ «លោកមេទ័ពកូនេលាស ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះ ហើយសាសន៍យូដាកោតសរសើរលោកគ្រប់ៗគ្នា បានទទួលបង្គាប់ពីទេវតាបរិសុទ្ធមួយ ឲ្យចាត់គេមកអញ្ជើញលោកគ្រូទៅផ្ទះលោក ដើម្បីស្តាប់សេចក្ដីដែលលោកមានប្រសាសន៍»។ ដូច្នេះ លោកពេត្រុសក៏អញ្ជើញអ្នកទាំងនោះចូលទៅសម្រាកក្នុងផ្ទះសិន។ ស្អែកឡើង លោកក៏ចេញដំណើរទៅជាមួយគេ ហើយមានពួកបងប្អូនខ្លះមកពីក្រុងយ៉ុបប៉េ ក៏រួមដំណើរជាមួយលោកដែរ។ នៅថ្ងៃបន្ទាប់ គេបានចូលមកដល់ក្រុងសេសារា ឯលោកកូនេលាសកំពុងទន្ទឹងមើលផ្លូវពួកគេ ហើយបានហៅញាតិសន្តាន និងមិត្តជិតស្និទ្ធរបស់លោកមកជួបជុំគ្នាជាស្រេច។ ពេលលោកពេត្រុសចូលទៅ លោកកូនេលាសក៏ចេញមកទទួល ហើយក្រាបចុះនៅទៀបជើងរបស់លោក។ ប៉ុន្ដែ លោកពេត្រុសលើកលោកឡើង ទាំងពោលថា៖ «សូមក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរ»។ លោកក៏ដើរចូលទៅទាំងជជែកគ្នាបណ្តើរ ហើយឃើញមានមនុស្សជាច្រើនជួបជុំគ្នាជាស្រេច។ លោកមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាជ្រាបហើយថា សាសន៍យូដាគ្មានច្បាប់នឹងសេពគប់ជាមួយសាសន៍ដទៃ ឬចូលទៅជិតគេឡើយ តែព្រះបានបង្ហាញឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ។ ហេតុនេះហើយ បានជាពេលលោកចាត់គេទៅហៅខ្ញុំ ខ្ញុំក៏មកភ្លាម ឥតជំទាស់អ្វីឡើយ។ ដូច្នេះ ខ្ញុំសុំសួរថា តើហៅខ្ញុំមកមានការអ្វី?» លោកកូនេលាសឆ្លើយថា៖ «បួនថ្ងៃមុន ពេលថ្មើនេះ កាលខ្ញុំកំពុងអធិស្ឋាននៅក្នុងផ្ទះរបស់ខ្ញុំ នៅវេលាម៉ោងបីរសៀល ឃើញមានបុរសម្នាក់ឈរនៅមុខខ្ញុំ ទាំងមានសម្លៀកបំពាក់ភ្លឺចិញ្ចាច ហើយពោលថា៖ "កូនេលាសអើយ ព្រះទ្រង់សណ្ដាប់សេចក្ដីអធិស្ឋានរបស់លោកហើយ ឯការធ្វើទានរបស់លោក ក៏បានជាសេចក្ដីរំឭកនៅចំពោះព្រះដែរ។ ឥឡូវនេះ ចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉េ អញ្ជើញស៊ីម៉ូន ដែលហៅថាពេត្រុសមក គាត់កំពុងស្នាក់នៅផ្ទះរបស់ជាងសម្លាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន នៅក្បែរមាត់សមុទ្រ"។ ដូច្នេះ ខ្ញុំក៏បានចាត់គេឲ្យទៅរកលោកភ្លាម ហើយលោកក៏អញ្ជើញមកយ៉ាងប្រពៃ។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នានៅទីនេះនៅចំពោះព្រះ រង់ចាំស្តាប់គ្រប់ទាំងសេចក្តីដែលព្រះបានបង្គាប់មកលោក»។ ពេលនោះ លោកពេត្រុសក៏ចាប់ផ្តើមមានប្រសាសន៍ថា៖ «ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺគ្រប់ទាំងសាសន៍ អ្នកណាដែលគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តសេចក្តីសុចរិត ព្រះអង្គទទួលអ្នកនោះ។ ព្រះបន្ទូល ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជនអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្ត តាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គជាព្រះអម្ចាស់លើទាំងអស់) អ្នករាល់គ្នាជ្រាបពីអ្វីដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ដោយចាប់ផ្ដើមពីស្រុកកាលីឡេ ក្រោយពីពិធីជ្រមុជទឹកដែលលោកយ៉ូហានបានប្រកាស ពីរបៀបដែលព្រះបានចាក់ប្រេងតាំងព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយព្រះចេស្តា ហើយព្រះអង្គបានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសអស់អ្នកដែលត្រូវអារក្សសង្កត់សង្កិនឲ្យបានជា ដ្បិតព្រះគង់ជាមួយព្រះអង្គ។ យើងជាបន្ទាល់អំពីការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ទាំងនៅស្រុករបស់ពួកសាសន៍យូដា និងនៅក្រុងយេរូសាឡិម។ ពួកគេបានធ្វើគុតព្រះអង្គ ដោយព្យួរព្រះអង្គនៅលើឈើ តែព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ហើយប្រោសប្រទានឲ្យព្រះអង្គបង្ហាញខ្លួន មិនមែនដល់មនុស្សទាំងអស់ទេ តែឲ្យយើងរាល់គ្នាដែលព្រះបានជ្រើសរើសធ្វើជាបន្ទាល់បានឃើញ គឺជាអ្នកដែលបានបរិភាគ និងបានផឹកជាមួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់ប្រជាជន ហើយឲ្យធ្វើបន្ទាល់ថា ព្រះអង្គនេះហើយ ដែលព្រះបានចាក់ប្រេងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់។ ពួកហោរាសុទ្ធតែបានធ្វើបន្ទាល់ពីព្រះអង្គថា អស់អ្នកដែលជឿដល់ព្រះអង្គ នឹងបានទទួលការអត់ទោសឲ្យរួចពីបាប តាមរយៈព្រះនាមរបស់ព្រះអង្គ»។ កាលលោកពេត្រុសកំពុងតែមានប្រសាសន៍នៅឡើយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើអស់អ្នកដែលកំពុងស្តាប់ព្រះបន្ទូល។
កិច្ចការ 10:22-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងឲ្យមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដាសរសើរគ្រប់ៗគ្នា។ ទេវតាដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់ឲ្យអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។ លោកពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះ ឲ្យស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេ ទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េជូនដំណើរទៅផង។ នៅថ្ងៃបន្ទាប់មកទៀត លោកបានទៅដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ គាត់បានអញ្ជើញញាតិសន្ដាន និងមិត្តជិតដិតមកផ្ទះរបស់គាត់ ហើយទន្ទឹងរង់ចាំពួកលោកពេត្រុស។ ពេលលោកពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះទៀបជើងលោក។ ប៉ុន្តែ លោកពេត្រុសចាប់គាត់ឲ្យក្រោកឡើង ទាំងពោលថា៖ «អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។ លោកដើរចូលទៅខាងក្នុងបណ្ដើរ សន្ទនាជាមួយលោកកូនេលាសបណ្ដើរ។ ដោយលោកឃើញមនុស្សជាច្រើននៅជុំគ្នា លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេ វិន័យ*របស់សាសនាយូដាហាមមិនឲ្យសាសន៍យូដាទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់បានបង្ហាញខ្ញុំឲ្យដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថាជាមនុស្សដែលវិន័យហាមឃាត់មិនឲ្យទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។ ហេតុនេះហើយបានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍ បងប្អូនហៅខ្ញុំមកមានការអ្វី?»។ លោកកូនេលាសមានប្រសាសន៍ថា៖ «កាលពីបីថ្ងៃមុន ពេលខ្ញុំកំពុងអធិស្ឋាន*ក្នុងផ្ទះខ្ញុំ នៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា “លោកកូនេលាសអើយ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ រីឯទានរបស់លោកក៏ព្រះអង្គមិនភ្លេចដែរ។ ឥឡូវនេះ ចូរចាត់គេឲ្យទៅហៅបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុស នៅក្រុងយ៉ុបប៉េមក។ គាត់ស្នាក់នៅផ្ទះរបស់លោកស៊ីម៉ូនជាអ្នកសម្លាប់ស្បែក ផ្ទះនោះស្ថិតនៅមាត់សមុទ្រ”។ ខ្ញុំក៏បានចាត់គេឲ្យទៅអញ្ជើញលោកភ្លាម លោកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក»។ ពេលនោះ លោកពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទួទៅឥតរើសមុខឡើយ ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយឲ្យតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តអំពើសុចរិត* ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។ ព្រះអង្គបានប្រទានព្រះបន្ទូលមកឲ្យជនជាតិអ៊ីស្រាអែល ដោយនាំដំណឹងល្អ*មកប្រាប់គេ អំពីសេចក្ដីសុខសាន្ត តាមរយៈព្រះយេស៊ូគ្រិស្ត* គឺព្រះយេស៊ូនេះហើយ ដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។ បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្ដើមនៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាសឲ្យបណ្ដាជនទទួលពិធីជ្រមុជទឹក។ បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ* និងឫទ្ធានុភាព អភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថាព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារ*សង្កត់សង្កិនឲ្យជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។ យើងជាបន្ទាល់អំពីកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើ នៅក្នុងដែនដីរបស់ជនជាតិយូដា និងនៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាធ្វើគុតព្រះអង្គ ដោយព្យួរនៅលើឈើ។ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី និងប្រោសប្រទានឲ្យព្រះអង្គបង្ហាញខ្លួន ដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសជាមុនឲ្យធ្វើជាបន្ទាល់ បានឃើញ គឺយើងហ្នឹងហើយជាបន្ទាល់ដែលបានបរិភោគជាមួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់ពុំបានឲ្យព្រះយេស៊ូបង្ហាញខ្លួនឲ្យប្រជារាស្ដ្រទាំងមូលឃើញទេ។ ព្រះយេស៊ូបានបញ្ជាឲ្យយើងធ្វើជាបន្ទាល់ប្រកាសប្រាប់ប្រជាជនថា ព្រះជាម្ចាស់បានតែងតាំងព្រះអង្គឲ្យវិនិច្ឆ័យទោសមនុស្សរស់ និងមនុស្សស្លាប់។ ព្យាការី*ទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោសឲ្យរួចពីបាប ដោយសារព្រះនាមព្រះអង្គ»។ លោកពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធ*យាងចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់ព្រះបន្ទូល។
កិច្ចការ 10:22-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេឆ្លើយឡើងថា លោកមេទ័ពកូនេលាស ដែលជាមនុស្សសុចរិត ហើយកោតខ្លាចដល់ព្រះ មានសាសន៍យូដាទាំងអស់ធ្វើបន្ទាល់ល្អឲ្យ លោកបានទទួលបង្គាប់នៃព្រះ ដោយសារទេវតាបរិសុទ្ធ ឲ្យចាត់មកអញ្ជើញលោកគ្រូទៅឯផ្ទះលោក ដើម្បីនឹងបានស្តាប់លោកគ្រូអធិប្បាយខ្លះ ដូច្នេះ ពេត្រុសក៏អញ្ជើញគេចូលមកស្នាក់នៅសិន លុះដល់ស្អែក គាត់ក្រោកឡើង ទៅជាមួយនឹងគេ ហើយមានពួកបងប្អូនខ្លះ ដែលនៅយ៉ុបប៉េ ក៏ទៅជាមួយដែរ ដល់ស្អែកឡើង គេចូលទៅក្នុងសេសារា ឯកូនេលាសក៏ទន្ទឹងមើលផ្លូវគេ បានទាំងប្រមូលញាតិសន្តាន នឹងសំឡាញ់ស្និទ្ធស្នាលរបស់លោកមកផង។ កាលពេត្រុសកំពុងតែចូលទៅ កូនេលាសក៏មករាក់ទាក់ទទួល ដោយក្រាបថ្វាយបង្គំនៅទៀបជើងគាត់ តែពេត្រុសលើកលោកឡើងដោយពាក្យថា សូមក្រោកឡើង ខ្លួនខ្ញុំជាមនុស្សដូចគ្នាដែរ នោះក៏ចូលទៅទាំងចរចាគ្នា ហើយឃើញមានមនុស្សជាច្រើនប្រជុំចាំ រួចគាត់និយាយទៅគេថា អ្នករាល់គ្នាដឹងថា មនុស្សសាសន៍យូដាគ្មានច្បាប់នឹងសេពគប់នឹងសាសន៍ដទៃ ឬនឹងចូលទៅជិតគេឡើយ តែព្រះទ្រង់បានសំដែងឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ ហេតុនោះបានជាកាលលោកចាត់គេឲ្យទៅហៅខ្ញុំ នោះខ្ញុំបានមកដោយឥតប្រកែកសោះ ដូច្នេះ ខ្ញុំសូមសួរលោក តើលោកឲ្យខ្ញុំមកមានការអ្វី កូនេលាសឆ្លើយថា កន្លងមក៤ថ្ងៃហើយ ពេលថ្មើរណេះ កាលខ្ញុំកំពុងតែតម ហើយអធិស្ឋាននៅផ្ទះខ្ញុំ ក្នុងពេលម៉ោង៣រសៀល នោះឃើញមានម្នាក់ពាក់អាវដ៏ភ្លឺ ឈរនៅមុខខ្ញុំ ប្រាប់ថា កូនេលាសអើយ ព្រះបានទទួលសេចក្ដីអធិស្ឋានរបស់អ្នកហើយ ក៏នឹកចាំពីទានរបស់អ្នកដែរ ដូច្នេះ ចូរប្រើគេឲ្យទៅឯយ៉ុបប៉េ អញ្ជើញស៊ីម៉ូន ដែលហៅថា ពេត្រុសមក លោកនោះនៅក្នុងផ្ទះរបស់ជាងសំឡាប់ស្បែក ឈ្មោះស៊ីម៉ូន នៅក្បែរមាត់សមុទ្រ កាលណាលោកបានមកដល់ នោះនឹងអធិប្បាយឲ្យអ្នកស្តាប់ ដូច្នេះ ខ្ញុំបានចាត់គេឲ្យទៅឯលោកភ្លាម ដែលលោកអញ្ជើញមកនេះក៏ល្អហើយ ឥឡូវនេះ យើងទាំងអស់នៅចំពោះព្រះ ដើម្បីនឹងស្តាប់គ្រប់ទាំងសេចក្ដី ដែលព្រះបានបង្គាប់មកលោក។ ពេត្រុសក៏បើកមាត់និយាយថា ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ ឯព្រះបន្ទូល ដែលទ្រង់បានផ្សាយមកដល់ពួកជនជាតិអ៊ីស្រាអែល ដោយប្រកាសប្រាប់ដំណឹងល្អ ជាសេចក្ដីមេត្រី ដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះអម្ចាស់លើទាំងអស់ នោះអ្នករាល់គ្នាដឹងស្រាប់ហើយ គឺជារឿងដែលបានថ្លែងប្រាប់ ចាប់តាំងពីស្រុកកាលីឡេ ក្នុងគ្រាក្រោយដែលលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ក៏ផ្សាយមកគ្រប់ក្នុងស្រុកយូដាផង គឺពីព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ដែលព្រះបានចាក់ព្រះវិញ្ញាណបរិសុទ្ធ នឹងព្រះចេស្តាឲ្យមកសណ្ឋិតលើទ្រង់ ហើយទ្រង់បានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសឲ្យអស់អ្នក ដែលត្រូវអារក្សសង្កត់សង្កិនបានជាផង ដ្បិតព្រះបានគង់ជាមួយនឹងទ្រង់ ឯយើងរាល់គ្នា ជាទីបន្ទាល់ពីអស់ទាំងការដែលទ្រង់ធ្វើ នៅក្នុងស្រុករបស់ពួកសាសន៍យូដា ហើយនៅក្រុងយេរូសាឡិម គេបានធ្វើគុតទ្រង់ ដោយព្យួរនៅលើឈើ តែព្រះបានប្រោសឲ្យទ្រង់រស់ឡើងវិញនៅថ្ងៃទី៣ ព្រមទាំងអនុញ្ញាតឲ្យទ្រង់សំដែងមកឲ្យឃើញផង មិនមែនឲ្យប្រជាជនទាំងអស់ឃើញទេ គឺឲ្យពួកស្មរបន្ទាល់ដែលព្រះបានរើសអំពីមុនមកវិញ គឺជាពួកយើងរាល់គ្នា ដែលបានទទួលទានជាមួយនឹងទ្រង់ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ទ្រង់ក៏ផ្តាំមកយើងរាល់គ្នា ឲ្យប្រកាសប្រាប់ដល់បណ្តាជនទាំងឡាយ ហើយឲ្យធ្វើបន្ទាល់សព្វគ្រប់ថា គឺព្រះអង្គនេះហើយ ដែលព្រះបានតាំងឡើង ឲ្យជំនុំជំរះដល់ទាំងមនុស្សរស់ នឹងមនុស្សស្លាប់ផង ពួកហោរាសុទ្ធតែធ្វើបន្ទាល់ពីទ្រង់ថា អស់អ្នកណាដែលជឿដល់ទ្រង់ នោះបានរួចពីបាប ដោយសារព្រះនាមទ្រង់។ កាលពេត្រុសកំពុងតែអធិប្បាយនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមក សណ្ឋិតលើអស់អ្នកដែលកំពុងតែស្តាប់ព្រះបន្ទូល