កិច្ចការ 10:2-4
កិច្ចការ 10:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកជាអ្នកគោរពកោតខ្លាចព្រះ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងមូល។ លោកបានធ្វើទានដោយសទ្ធាដល់ប្រជាជន ហើយអធិស្ឋានដល់ព្រះជានិច្ច។ ថ្ងៃមួយ ពេលរសៀលប្រហែលជាម៉ោងបី លោកបានឃើញនិមិត្តមួយយ៉ាងច្បាស់ គឺបានឃើញទេវតារបស់ព្រះចូលមក ហើយពោលមកកាន់លោកថា៖ «កូនេលាសអើយ!» លោកក៏សម្លឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា៖ «ព្រះអម្ចាស់អើយ តើមានការអ្វី?» ទេវតាប្រាប់ថា៖ «ការអធិស្ឋាន និងការធ្វើទានរបស់លោក បានឡើងទុកជាការរំឭកនៅចំពោះព្រះហើយ។
កិច្ចការ 10:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គាត់ និងក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់។ គាត់តែងចែកទានជាច្រើនឲ្យប្រជាជន ព្រមទាំងទូលអង្វរព្រះជាម្ចាស់គ្រប់ពេលវេលា។ ថ្ងៃមួយ ប្រមាណជាម៉ោងបីរសៀល គាត់បាននិមិត្តឃើញទេវតា*មួយរូបរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ទេវតានោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកកូនេលាសអើយ!»។ លោកកូនេលាសសម្លឹងមើលទៅទេវតា ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវតាពោលមកគាត់ថា៖ «ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ ព្រះអង្គក៏ជ្រាបអំពីទានរបស់លោកដែរ ព្រះអង្គមិនភ្លេចទេ។
កិច្ចការ 10:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ជាអ្នកគោរព ហើយកោតខ្លាចដល់ព្រះ ព្រមទាំងពួកគ្រួលោកទាំងអស់ផង លោកក៏ដាក់ទានជាច្រើនដល់ពួកជន ហើយអំពាវនាវដល់ព្រះជានិច្ច លោកបានឃើញការជាក់ស្តែងយ៉ាងច្បាស់ ប្រហែលជាម៉ោង៣រសៀល គឺបានឃើញទេវតានៃព្រះមកឯលោក ពោលថា កូនេលាសអើយ លោកក៏សំឡឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា ព្រះអម្ចាស់អើយ តើមានការអ្វី ទេវតាប្រាប់ថា សេចក្ដីអធិស្ឋាន នឹងការដាក់ទានរបស់អ្នក បានឡើងទៅទុកជាសេចក្ដីរំឭក នៅចំពោះព្រះហើយ