កិច្ចការ 10:17-23

កិច្ចការ 10:17-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​ពេត្រុស​កំពុង​នឹក​ឆ្ងល់​ក្នុងចិត្ត ពី​និមិត្ត​ដែល​លោក​បាន​ឃើញនោះមានន័យ​ដូច​ម្ដេច ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​លោក​កូនេ‌លាស​ចាត់​ឲ្យ​មក ឈរ​នៅ​មាត់​ទ្វារ ហើយ​បាន​សួរ​រក​ផ្ទះ​របស់​ស៊ីម៉ូន។ គេ​ស្រែក​សួរ ក្រែង​មាន​ឈ្មោះ​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស កំពុង​នៅ​ស្នាក់​នៅ​ផ្ទះ​នោះ។ កាល​លោក​ពេត្រុស​កំពុង​រិះ​គិត​អំពី​និមិត្ត​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «មាន​បុរស​បី​នាក់​កំពុង​ស្វែង​រក​អ្នក។ ចូរ​ក្រោក​ឡើង ហើយ​ទៅ​ជា‌មួយ​គេ​ចុះ កុំ​រា​រែក​ឡើយ ដ្បិត​យើងបាន​ចាត់​ឲ្យ​គេ​មក»។ លោក​ពេត្រុស​ក៏​ចុះ​ទៅ​ជួបបុរស​ទាំង​នោះ ហើយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​កំពុង​រក។ តើ​អ្នក​មក​មាន​ការ​អ្វី?» គេ​ឆ្លើយ​ថា៖ «លោក​មេទ័ព​កូនេ‌លាស ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះ ហើយ​សាសន៍​យូដា​កោត​សរសើរ​លោក​គ្រប់​ៗ​គ្នា បាន​ទទួល​បង្គាប់​ពី​ទេវតា​បរិសុទ្ធមួយ ឲ្យ​ចាត់​គេ​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ផ្ទះ​លោក ដើម្បី​ស្តាប់​សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍»។ ដូច្នេះ លោក​ពេត្រុស​ក៏​អញ្ជើញ​អ្នក​ទាំងនោះ​ចូល​ទៅ​សម្រាក​ក្នុង​ផ្ទះសិន។ ស្អែក​ឡើង លោកក៏ចេញ​ដំណើរ​ទៅ​ជា‌មួយ​គេ ហើយ​មាន​ពួក​បង‌ប្អូន​ខ្លះមក​ពី​ក្រុង​យ៉ុប‌ប៉េ ក៏​រួម​ដំណើរ​ជា‌មួយលោក​ដែរ។

ចែក​រំលែក
អាន កិច្ចការ 10

កិច្ចការ 10:17-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ពេត្រុស​កំពុង​តែ​នឹក​ឆ្ងល់​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច អំពី​ហេតុ‌ការណ៍​ដែល​លោក​បាន​និមិត្ត​ឃើញ​នោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។ គេ​ស្រែក​សួរ​ថា៖ «លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​ស្នាក់​ក្នុង​ផ្ទះ​នេះ​ឬ​ទេ?»។ ពេល​លោក​ពេត្រុស​កំពុង​រិះគិត​អំពី​ហេតុ‌ការណ៍ ដែល​លោក​និមិត្ត​ឃើញ​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក ចូរ​ចុះ​ទៅ​ក្រោម​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ភ្លាម​ទៅ កុំ​រារែក​ឡើយ ដ្បិត​យើង​នេះ​ហើយ​ដែល​បាន​ចាត់​គេ​ឲ្យ​មក»។ លោក​ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម មាន​ប្រសាសន៍​ទៅ​បុរស​ទាំង​បី​នាក់​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។ គេ​ឆ្លើយ​ថា៖ «លោក​កូនេ‌លាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា​សរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។ លោក​ពេត្រុស​អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ ឲ្យ​ស្នាក់​នៅ​ជា​មួយ។ ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ ទាំង​មាន​បងប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុប‌ប៉េ​ជូន​ដំណើរ​ទៅ​ផង។

ចែក​រំលែក
អាន កិច្ចការ 10

កិច្ចការ 10:17-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កំពុង​ដែល​ពេត្រុស​នៅ​ងោង​ក្នុង​ខ្លួន ពី​ន័យ​ការ​ជាក់​ស្តែង ដែល​បាន​ឃើញ​នោះ​នៅ​ឡើយ នោះ​មនុស្ស​៣​នាក់ ដែល​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​សួរ​រក​ផ្ទះ​ស៊ីម៉ូន ក៏​ឈរ​នៅ​មាត់​ទ្វារ​ហើយ គេ​កំពុង​តែ​ហៅ​សួរ បើ​មាន​ឈ្មោះ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នៅ​ផ្ទះ​នោះ​ឬ​ទេ ដូច្នេះ កំពុង​ដែល​ពេត្រុស​គិត​រំពឹង​ពី​ការ​ជាក់​ស្តែង នោះ​ព្រះ‌វិញ្ញាណ​មាន​បន្ទូល​មក​គាត់​ថា មើល មាន​មនុស្ស​៣​នាក់​មក​រក​អ្នក ចូរ​ក្រោក​ឡើង​ចុះ​ទៅ ហើយ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ប្រកាន់​ឡើយ ពី​ព្រោះ​គឺ​ខ្ញុំ​ហើយ ដែល​ចាត់​ឲ្យ​គេ​មក ដូច្នេះ ពេត្រុស​ក៏​ចុះ​ទៅ​ទទួល​គេ ដោយ​ពាក្យ​ថា គឺ​ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​រក តើ​មាន​ការ​អ្វី គេ​ឆ្លើយ​ឡើង​ថា លោក​មេ​ទ័ព​កូនេ‌លាស ដែល​ជា​មនុស្ស​សុចរិត ហើយ​កោត‌ខ្លាច​ដល់​ព្រះ មាន​សាសន៍​យូដា​ទាំង​អស់​ធ្វើ​បន្ទាល់​ល្អ​ឲ្យ លោក​បាន​ទទួល​បង្គាប់​នៃ​ព្រះ ដោយ‌សារ​ទេវតា​បរិសុទ្ធ ឲ្យ​ចាត់​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ឯ​ផ្ទះ​លោក ដើម្បី​នឹង​បាន​ស្តាប់​លោក​គ្រូ​អធិប្បាយ​ខ្លះ ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​គេ​ចូល​មក​ស្នាក់​នៅ​សិន លុះ​ដល់​ស្អែក គាត់​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ ហើយ​មាន​ពួក​បង​ប្អូន​ខ្លះ ដែល​នៅ​យ៉ុបប៉េ ក៏​ទៅ​ជា​មួយ​ដែរ

ចែក​រំលែក
អាន កិច្ចការ 10