កិច្ចការ 10:1-18
កិច្ចការ 10:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជាមេទ័ពកងវរសេនាតូច ដែលហៅថា កងទ័ពអ៊ីតាលី លោកជាអ្នកគោរពកោតខ្លាចព្រះ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងមូល។ លោកបានធ្វើទានដោយសទ្ធាដល់ប្រជាជន ហើយអធិស្ឋានដល់ព្រះជានិច្ច។ ថ្ងៃមួយ ពេលរសៀលប្រហែលជាម៉ោងបី លោកបានឃើញនិមិត្តមួយយ៉ាងច្បាស់ គឺបានឃើញទេវតារបស់ព្រះចូលមក ហើយពោលមកកាន់លោកថា៖ «កូនេលាសអើយ!» លោកក៏សម្លឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា៖ «ព្រះអម្ចាស់អើយ តើមានការអ្វី?» ទេវតាប្រាប់ថា៖ «ការអធិស្ឋាន និងការធ្វើទានរបស់លោក បានឡើងទុកជាការរំឭកនៅចំពោះព្រះហើយ។ ដូច្នេះ ចូរអ្នកចាត់គេឲ្យទៅក្រុងយ៉ុបប៉េ ហើយនាំមនុស្សម្នាក់ឈ្មោះស៊ីម៉ូន ដែលហៅថាពេត្រុសមក គាត់ស្នាក់នៅផ្ទះរបស់ជាងសម្លាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន ក្បែរមាត់សមុទ្រ»។ កាលទេវតាដែលនិយាយមកកាន់លោកបានចេញទៅផុត លោកក៏ហៅបាវបម្រើរបស់លោកពីរនាក់ និងទាហានម្នាក់ ដែលគោរពកោតខ្លាចព្រះ ពីក្នុងចំណោមអស់អ្នកដែលនៅក្រោមបញ្ជាលោកឲ្យចូលមក ហើយក្រោយពីបានរៀបរាប់ហេតុការណ៍ប្រាប់ពួកគេរួចហើយ លោកក៏ចាត់គេឲ្យទៅក្រុងយ៉ុបប៉េ។ នៅថ្ងៃបន្ទាប់ កាលអ្នកទាំងនោះធ្វើដំណើរទៅជិតដល់ទីក្រុងនោះ លោកពេត្រុសឡើងទៅអធិស្ឋាននៅលើដំបូលផ្ទះ ប្រហែលជាពេលថ្ងៃត្រង់។ លោកក៏ឃ្លាន ហើយចង់បានអ្វីមួយមកបរិភោគ តែកាលគេកំពុងរៀបចំជូន លោកក៏លង់ស្មារតី។ លោកឃើញផ្ទៃមេឃបើកចំហ ហើយមានអ្វីម្យ៉ាងដូចជាកម្រាលមួយយ៉ាងធំ មានចងជ្រុងទាំងបួន សម្រូតចុះពីលើមកដល់ដី។ នៅក្នុងកម្រាលនោះ មានសត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាសគ្រប់ប្រភេទ។ មានព្រះសូរសៀងមួយបន្លឺមកកាន់លោកថា៖ «ពេត្រុសអើយ ក្រោកឡើង សម្លាប់ ហើយបរិភោគទៅ!»។ ប៉ុន្ដែ លោកពេត្រុសទូលថា៖ «ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វីដែលមិនស្អាត ឬមិនបរិសុទ្ធនោះឡើយ»។ ព្រះសូរសៀងនោះបន្លឺមកកាន់លោកម្តងទៀតថា៖ «អ្វីដែលព្រះបានសម្អាតហើយ មិនត្រូវរាប់ថាមិនស្អាតឡើយ!»។ ហេតុការណ៍នេះបានកើតឡើងបីដង រួចវត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។ កាលលោកពេត្រុសកំពុងនឹកឆ្ងល់ក្នុងចិត្ត ពីនិមិត្តដែលលោកបានឃើញនោះមានន័យដូចម្ដេច ស្រាប់តែមានបុរសបីនាក់ ដែលលោកកូនេលាសចាត់ឲ្យមក ឈរនៅមាត់ទ្វារ ហើយបានសួររកផ្ទះរបស់ស៊ីម៉ូន។ គេស្រែកសួរ ក្រែងមានឈ្មោះស៊ីម៉ូន ដែលហៅថាពេត្រុស កំពុងនៅស្នាក់នៅផ្ទះនោះ។
កិច្ចការ 10:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជានាយទាហានក្នុងកងវរសេនាតូច រ៉ូម៉ាំងមួយឈ្មោះ «កងវរសេនាតូចអ៊ីតាលី»។ គាត់ និងក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់។ គាត់តែងចែកទានជាច្រើនឲ្យប្រជាជន ព្រមទាំងទូលអង្វរព្រះជាម្ចាស់គ្រប់ពេលវេលា។ ថ្ងៃមួយ ប្រមាណជាម៉ោងបីរសៀល គាត់បាននិមិត្តឃើញទេវតា*មួយរូបរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ទេវតានោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកកូនេលាសអើយ!»។ លោកកូនេលាសសម្លឹងមើលទៅទេវតា ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវតាពោលមកគាត់ថា៖ «ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ ព្រះអង្គក៏ជ្រាបអំពីទានរបស់លោកដែរ ព្រះអង្គមិនភ្លេចទេ។ សុំលោកចាត់គេឲ្យទៅក្រុងយ៉ុបប៉េឥឡូវនេះ អញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុសមក។ គាត់ស្នាក់នៅផ្ទះអ្នកសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន ផ្ទះនោះនៅក្បែរមាត់សមុទ្រ»។ កាលទេវតា*ដែលបាននិយាយជាមួយគាត់ចេញផុតទៅ លោកកូនេលាសក៏ហៅអ្នកបម្រើពីរនាក់ និងទាហានម្នាក់ ដែលនៅក្រោមបញ្ជារបស់គាត់ជាយូរហើយ ហើយគោរពប្រណិប័តន៍ព្រះជាម្ចាស់ផងនោះ ឲ្យចូលមក។ លោកបានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ពួកគេ រួចចាត់ឲ្យទៅក្រុងយ៉ុបប៉េ។ នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ លោកពេត្រុសឡើងទៅអធិស្ឋាន*នៅលើដំបូលផ្ទះ។ ពេលនោះ លោកឃ្លាន ចង់ពិសាបាយ។ កាលគេកំពុងតែរៀបចំម្ហូបចំណីជូនលោកពិសា លោកបានលង់ស្មារតី និមិត្តឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម្យ៉ាងដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ដី។ នៅលើកម្រាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និងបក្សាបក្សី។ មានព្រះសូរសៀងបញ្ជាមកគាត់ថា៖ «ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!»។ ប៉ុន្តែ លោកពេត្រុសទូលទៅវិញថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬមិនបរិសុទ្ធ*ទាល់តែសោះ»។ បន្ទាប់មក លោកពេត្រុសបានឮព្រះសូរសៀងនោះជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានប្រោសឲ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!»។ ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុត វត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។ លោកពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលលោកបាននិមិត្តឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។ គេស្រែកសួរថា៖ «លោកស៊ីម៉ូនហៅពេត្រុសស្នាក់ក្នុងផ្ទះនេះឬទេ?»។
កិច្ចការ 10:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅក្រុងសេសារា មានមនុស្សម្នាក់ឈ្មោះកូនេលាស ជាមេលើកងទ័ព ដែលហៅថា កងទ័ពអ៊ីតាលី ជាអ្នកគោរព ហើយកោតខ្លាចដល់ព្រះ ព្រមទាំងពួកគ្រួលោកទាំងអស់ផង លោកក៏ដាក់ទានជាច្រើនដល់ពួកជន ហើយអំពាវនាវដល់ព្រះជានិច្ច លោកបានឃើញការជាក់ស្តែងយ៉ាងច្បាស់ ប្រហែលជាម៉ោង៣រសៀល គឺបានឃើញទេវតានៃព្រះមកឯលោក ពោលថា កូនេលាសអើយ លោកក៏សំឡឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា ព្រះអម្ចាស់អើយ តើមានការអ្វី ទេវតាប្រាប់ថា សេចក្ដីអធិស្ឋាន នឹងការដាក់ទានរបស់អ្នក បានឡើងទៅទុកជាសេចក្ដីរំឭក នៅចំពោះព្រះហើយ ដូច្នេះ ចូរអ្នកប្រើគេឲ្យទៅឯយ៉ុបប៉េ ហៅស៊ីម៉ូន ដែលមានឈ្មោះថា ពេត្រុស ឲ្យមកឥឡូវ គាត់ស្នាក់នៅផ្ទះរបស់ជាងសំឡាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន ដែលនៅក្បែរមាត់សមុទ្រ អ្នកនោះនឹងប្រាប់ឲ្យអ្នកដឹង ពីការដែលអ្នកត្រូវធ្វើជាយ៉ាងណា កាលទេវតា ដែលនិយាយមកលោក បានចេញទៅបាត់ហើយ នោះលោកហៅអ្នកបំរើ២នាក់ នឹងទាហានម្នាក់ ដែលកោតខ្លាចដល់ព្រះ ពីពួកមនុស្សដែលតែងតែបំរើលោកឲ្យមក រួចប្រាប់រឿងរ៉ាវសព្វគ្រប់ ហើយប្រើឲ្យទៅឯយ៉ុបប៉េ។ ដល់ស្អែកឡើងកំពុងដែលពួកអ្នកទាំងនោះដើរទៅជិតដល់ទីក្រុងហើយ នោះពេត្រុសក៏ឡើងទៅលើដំបូលផ្ទះ ដើម្បីនឹងអធិស្ឋាន ក្នុងពេលប្រហែលជាថ្ងៃត្រង់ហើយ គាត់ក៏នឹកឃ្លានជាខ្លាំង ចង់បរិភោគ តែកំពុងដែលគេចាត់ចែងឲ្យ នោះគាត់លង់ស្មារតីទៅ គាត់ឃើញមេឃចំហ ហើយមានប្រដាប់ ដូចជាសំពត់កំរាលយ៉ាងធំ បានចុះមក ចងទាំង៤ជ្រុង សំរូតមកដល់ដី នៅក្នុងសំពត់នោះ មានសត្វជើង៤ សត្វព្រៃ សត្វលូនវារគ្រប់មុខ ដែលនៅលើដី នឹងសត្វហើរលើអាកាសដែរ ក៏ឮសំឡេងមានបន្ទូលមកថា ពេត្រុសអើយ ចូរក្រោកឡើងសំឡាប់ ហើយបរិភោគទៅ តែពេត្រុសប្រកែកថា ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វី ដែលមិនស្អាតមិនបរិសុទ្ធនោះសោះ រួចឮសំឡេងនោះមកម្តងទៀតថា របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ ការនោះមានមកគ្រប់៣ដង រួចបានលើកប្រដាប់នោះ ឡើងទៅលើមេឃវិញ។ កំពុងដែលពេត្រុសនៅងោងក្នុងខ្លួន ពីន័យការជាក់ស្តែង ដែលបានឃើញនោះនៅឡើយ នោះមនុស្ស៣នាក់ ដែលកូនេលាសចាត់ឲ្យមក បានសួររកផ្ទះស៊ីម៉ូន ក៏ឈរនៅមាត់ទ្វារហើយ គេកំពុងតែហៅសួរ បើមានឈ្មោះស៊ីម៉ូន ដែលហៅថា ពេត្រុស នៅផ្ទះនោះឬទេ