កិច្ចការ 1:8-11
កិច្ចការ 1:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ អ្នករាល់គ្នានឹងទទួលព្រះចេស្តា នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម នៅស្រុកយូដាទាំងមូល និងស្រុកសាម៉ារី ហើយរហូតដល់ចុងបំផុតនៃផែនដី»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ពេលពួកសាវកកំពុងតែមើលព្រះអង្គ នោះព្រះបានលើកព្រះអង្គឡើងទៅ ហើយមានពពកមួយផ្ទាំងមកទទួលព្រះអង្គផុតពីភ្នែកគេ។ កាលពួកគេកំពុងងើយសម្លឹងមើលព្រះអង្គយាងឡើងទៅលើមេឃ មើល៍ មានបុរសពីរនាក់ស្លៀកពាក់ស ឈរនៅជិតគេ ហើយពោលថា៖ «ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ព្រះអង្គនឹងយាងមកវិញ តាមបែបដដែល ដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងទៅស្ថានសួគ៌នោះដែរ»។
កិច្ចការ 1:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។ លុះព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ហើយនៅពេលដែលក្រុមសាវ័កកំពុងតែមើលព្រះអង្គ នោះព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពក*មកបាំងព្រះអង្គបាត់ពីភ្នែកគេទៅ។ កាលពួកគេកំពុងតែសម្លឹងមើលទៅលើមេឃ នៅពេលព្រះអង្គយាងឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកសពាក់សចូលមកជិតគេ ពោលថា៖ «អ្នកស្រុកកាលីឡេអើយ! ហេតុដូចម្ដេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូនោះ ព្រះជាម្ចាស់បានលើកពីកណ្ដាលចំណោមអ្នករាល់គ្នា ឡើងទៅស្ថានបរមសុខហើយ ព្រះអង្គនឹងយាងត្រឡប់មកវិញ តាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងឡើងទៅស្ថានបរមសុខដែរ»។
កិច្ចការ 1:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង កាលទ្រង់បានមានបន្ទូលសេចក្ដីទាំងនោះរួចជាស្រេច ហើយពួកសាវកកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ពីភ្នែកគេ។ កំពុងដែលគេងើយសំឡឹងមើលទៅលើមេឃ ក្នុងកាលដែលទ្រង់យាងទៅ នោះឃើញមាន២នាក់ ស្លៀកពាក់ស ឈរនៅជិត និយាយថា ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ