កិច្ចការ 1:6-26

កិច្ចការ 1:6-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ពេល​ពួក​សាវក​បាន​មក​ប្រជុំ​គ្នា ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​នឹង​តាំង​រាជា‌ណា‌ចក្រ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចំពោះ​ពេល​វេលា ដែល​ព្រះ‌វរបិតា​បាន​កំណត់​ទុក​ដោយ​អំណាច​របស់​ព្រះ‌អង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​ដឹង​ទេ។ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ព្រះ‌ចេស្តា នៅ​ពេល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ស្រុក​យូដា​ទាំង​មូល និង​ស្រុក​សា‌ម៉ារី ហើយ​រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។ កាល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ​ហើយ ពេល​ពួក​សាវក​កំពុង​តែ​មើល​ព្រះ‌អង្គ នោះ​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ ហើយ​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះ‌អង្គ​ផុត​ពី​ភ្នែក​គេ។ កាល​ពួកគេ​កំពុង​ងើយ​សម្លឹង​មើល​ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​មេឃ មើល៍ មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ស ឈរ​នៅ​ជិត​គេ ហើយ​ពោល​ថា៖ «ពួក​អ្នក​ស្រុក​កាលី‌ឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ? ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌អង្គ​យាង​ទៅ​ស្ថានសួគ៌​នោះ​ដែរ»។ ពួក​គេ​ក៏​វិល​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវ ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ភ្នំ​នោះ​នៅ​ជិត​ក្រុង​យេរូ‌សាឡិម មាន​ចម្ងាយ​ផ្លូវ​ដើរ​មួយ​ថ្ងៃ​សប្ប័ទ ។ កាល​គេ​បាន​ចូល​ក្នុង​ក្រុង​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ សាវក​ទាំង​នោះ​មាន ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូ‌ឡូមេ ម៉ាថាយ យ៉ាកុប ជា​កូន​អាល់‌ផាយ ស៊ីម៉ូន អ្នក​ជាតិ​និយម និង​យូដាស ជា​កូន​របស់​យ៉ាកុប។ អ្នក​ទាំង​នេះ​រួម​ចិត្ត​គ្នា​តែ​មួយ​ដើម្បី​អធិស្ឋាន រួម​ជា‌មួយ​ស្រ្ដី​ឯ​ទៀតៗ ហើយ​មាន​នាង​ម៉ារា ជា​មាតា​របស់​ព្រះ‌យេស៊ូវ និង​បង‌ប្អូន​របស់​ព្រះ‌អង្គ​ផង​ដែរ។ នៅ​គ្រា​នោះ លោក​ពេត្រុស​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បង‌ប្អូន (មាន​គ្នា​ទាំង​អស់​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់) ហើយ​ពោល​ថា៖ «បង‌ប្អូន​អើយ! ប​ទ‌គម្ពីរ​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សម្តែង​តាម​រយៈ​ព្រះ‌បាទ​ដាវីឌ ពី​ដំណើរ​យូដាស ជា​អ្នក​ដែល​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូវ បទ​នោះ​ត្រូវ​តែ​បាន​សម្រេច។ ដ្បិត​គាត់​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ពួក​យើង ហើយ​បាន​ទទួល​ចំណែក​ក្នុង​ការ‌ងារ​នេះ​ដែរ។ (ឥឡូវ​មនុស្ស​នេះ​បាន​យក​ប្រាក់​ទុច្ចរិត​របស់​ខ្លួន ទៅ​ទិញ​ដី​ចម្ការ​មួយ​កន្លែង ប៉ុន្តែ គាត់​ដួល​ផ្កាប់​មុខ ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។ រឿង​នេះ​បាន​ឮ​ទៅ​ដល់​អ្នក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ដូច្នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​តាម​ភាសា​គេ​ថា អាកិល‌ដាម៉ា មាន​ន័យ​ថា ចម្ការ​ឈាម)។ ដ្បិត​ក្នុង​គម្ពីរ​ទំនុក​តម្កើង​បាន​ចែង​អំពី​ហេតុ‌ការណ៍​នេះ​ថា "ចូរ​ឲ្យ​ទី​លំ​នៅ​របស់​អ្នក​នោះ​ត្រូវ​ចោល​ស្ងាត់​ចុះ កុំ​ឲ្យ​មាន​អ្នក​ណា​នៅ​ទី​នោះ​ឡើយ" ហើយ​ថា "ត្រូវ​ឲ្យ​ម្នាក់​ទៀត ទទួល​ការ‌ងារ​ជំនួស​គាត់" ។ ដូច្នេះ ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​ដើរ​ជា‌មួយ​យើង គ្រប់​ពេល​ដែល​ព្រះ‌អម្ចាស់‌យេស៊ូវ​យាង​ចេញ​ចូល​ក្នុង​ចំណោម​យើង ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ពី​យើង​ទៅ នោះ​ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​បន្ទាល់​ជា‌មួយ​យើង អំពី​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ»។ ដូច្នេះ គេ​ក៏​តម្រូវ​ពីរ​នាក់ គឺ​យ៉ូសែប ដែល​ហៅ​ថា​បារសា‌បាស​ផង យូស្ទុស​ផង និង​ម្នាក់​ទៀត​គឺ ម៉ាត់‌ធាស។ បន្ទាប់​មក គេ​អធិស្ឋាន​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ចិត្ត​មនុស្ស​ទាំង​អស់ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ជ្រើស‌រើស​មួយ​ណា ដើម្បី​ទទួល​កិច្ច‌ការ និង​មុខ​ងារ​ជា​សាវក​ជំនួស​យូដាស ដែល​បាន​បោះ​បង់​ចោល​មុខ​ងារ​នេះ ទៅ​ឯ​កន្លែង​របស់​គាត់»។ គេ​ក៏​ចាប់​ឆ្នោត ហើយ​ត្រូវ​ចំ​លើ​រូប​ម៉ាត់‌ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា‌មួយ​ពួក​សាវក​ទាំង​ដប់​មួយ។

ចែក​រំលែក
អាន កិច្ចការ 1

កិច្ចការ 1:6-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ក្រុម​សាវ័ក*​នៅ​ជុំ​គ្នា គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះអង្គ​នឹង​តាំង​រាជា‌ណាចក្រ​អ៊ីស្រា‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ត្រង់​ឯ​ពេល​វេលា​ដែល​ព្រះ‌បិតា​បាន​កំណត់​ទុក ដោយ​អំណាច​ព្រះអង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​បាច់​ដឹង​ទេ។ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធា‌នុភាព​មួយ គឺ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី»។ លុះ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ហើយ​នៅ​ពេល​ដែល​ក្រុម​សាវ័ក​កំពុង​តែ​មើល​ព្រះអង្គ នោះ​ព្រះ‌ជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​លើ​មេឃ ព្រម​ទាំង​មាន​ពពក*​មក​បាំង​ព្រះអង្គ​បាត់​ពី​ភ្នែក​គេ​ទៅ។ កាល​ពួក​គេ​កំពុង​តែ​សម្លឹង​មើល​ទៅ​លើ​មេឃ នៅ​ពេល​ព្រះអង្គ​យាង​ឡើង​ទៅ​នោះ ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ស​ពាក់​ស​ចូល​មក​ជិត​គេ ពោល​ថា៖ «អ្នក​ស្រុក​កាលី‌ឡេ​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​លើ​មេឃ​ដូច្នេះ? ព្រះ‌យេស៊ូ​នោះ ព្រះ‌ជាម្ចាស់​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​ស្ថាន​បរម‌សុខ​ហើយ ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​វិញ តាម​របៀប​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ដែរ»។ ពេល​នោះ ក្រុម​សាវ័ក*​នាំ​គ្នា​វិល​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវ​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​មួយ​គីឡូ‌ម៉ែត្រ។ លុះ​បាន​មក​ដល់​ផ្ទះ​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ សាវ័ក​ទាំង​នោះ​គឺ លោក​ពេត្រុស លោក​យ៉ូហាន លោក​យ៉ាកុប លោក​អនទ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូ‌ឡូមេ លោក​ម៉ាថាយ លោក​យ៉ាកុប​ជា​កូន​លោក​អាល់‌ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​លោក​យ៉ាកុប។ ពួក​គេ​រួម​ចិត្ត​គំនិត​គ្នា ព្យាយាម​អធិស្ឋាន* ដោយ​មាន​ស្ត្រី​ឯ​ទៀតៗ មាន​នាង​ម៉ារី​ជា​មាតា​របស់​ព្រះ‌យេស៊ូ និង​មាន​បងប្អូន​របស់​ព្រះអង្គ​មក​ចូល​រួម​ជា​មួយ​ផង​ដែរ។ នៅ​គ្រា​នោះ មាន​បងប្អូន​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់​នៅ​ជុំ​គ្នា លោក​ពេត្រុស​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​គេ ហើយ​ពោល​ថា៖ «បងប្អូន​អើយ! ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​បាន​ថ្លែង​ទុក​ជា​មុន តាម​រយៈ​ព្រះ‌បាទ​ដាវីឌ អំពី​យូដាស ជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ។ ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន។ យូដាស​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​របស់​យើង ហើយ​បាន​ទទួល​ចំណែក​មុខងារ​រួម​ជា​មួយ​យើង​ដែរ។ គាត់​យក​ប្រាក់​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត ទៅ​ទិញ​ដី​ចម្ការ​មួយ​កន្លែង បន្ទាប់​មក គាត់​ដួល​ផ្កាប់​មុខ ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។ អ្នក​ក្រុង​យេរូ‌សាឡឹម​ដឹង​រឿង​នេះ​គ្រប់ៗ​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​តាម​ភាសា​របស់​គេ​ថា “អាកិល‌ដាម៉ា”​មាន​ន័យ​ថា “ចម្ការ​ឈាម”។ ក្នុង​គម្ពីរ​ទំនុកតម្កើង មាន​ចែង​ទុក​អំពី​ហេតុ‌ការណ៍​នេះ​ថា៖ “ចូរ​ឲ្យ​លំ‌នៅ​របស់​អ្នក​នោះ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ កុំ​ឲ្យ​មាន​នរណា​រស់​នៅ​ទី​នោះ​ឡើយ” និង​“ត្រូវ​ឲ្យ​ម្នាក់​ទៀត​ទទួល យក​តំណែង​របស់​គាត់” ។ ហេតុ​នេះ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​មក​តាម​យើង នៅ​ពេល​ព្រះ‌យេស៊ូ​ដឹក​នាំ​យើង គឺ​ចាប់​តាំង​ពី​គ្រា​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះអង្គ រហូត​ដល់​ពេល​ព្រះ‌ជាម្ចាស់​លើក​យក​ព្រះអង្គ​ចេញ​ពី​យើង​ទៅ ត្រូវ​ឲ្យ​មាន​ម្នាក់​ធ្វើ​ជា​បន្ទាល់​រួម​ជា​មួយ​យើង អំពី​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ»។ គេ​បាន​នាំ​សិស្ស*​ពីរ​រូប​មក ម្នាក់​ឈ្មោះ​យ៉ូសែប ហៅ​បារសា‌បាស​ផង យូស្ទូស​ផង និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាត់‌ធាស។ បន្ទាប់​មក គេ​នាំ​គ្នា​អធិស្ឋាន​ដូច​ត​ទៅ៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ចិត្ត​គំនិត​របស់​មនុស្ស​ទាំង​អស់ ហេតុ​នេះ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ក្នុង​ចំណោម​បងប្អូន​ទាំង​ពីរ​រូប​នេះ តើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស​រើស​អ្នក​ណា ឲ្យ​បំពេញ​មុខងារ​ជា​សាវ័ក​ជំនួស​យូដាស ដ្បិត​យូដាស​បាន​បោះ​បង់​មុខងារ​នេះ​ទៅ​ឯ​កន្លែង​របស់​គាត់»។ សិស្ស​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាត់‌ធាស ហើយ​លោក​ម៉ាត់‌ធាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​សាវ័ក​ដប់​មួយ​រូប​ទៀត។

ចែក​រំលែក
អាន កិច្ចការ 1

កិច្ចការ 1:6-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ កាល​ពួក​សាវក​បាន​ប្រជុំ​គ្នា នោះ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​នៅ​គ្រា​នេះ​ឬ​អី ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​នោះ តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះវរ‌បិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ ប៉ុន្តែ កាល​ណា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ‌ចេស្តា ហើយ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង កាល​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ជា​ស្រេច ហើយ​ពួក​សាវក​កំពុង​តែ​មើល នោះ​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់​ពី​ភ្នែក​គេ។ កំពុង​ដែល​គេ​ងើយ​សំឡឹង​មើល​ទៅ​លើ​មេឃ ក្នុង​កាល​ដែល​ទ្រង់​យាង​ទៅ នោះ​ឃើញ​មាន​២​នាក់ ស្លៀក‌ពាក់​ស ឈរ​នៅ​ជិត និយាយ​ថា ពួក​អ្នក​ស្រុក​កាលី‌ឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថាន‌សួគ៌ ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ ពួក​អ្នក​ទាំង​នោះ​ក៏​វិល​ពី​ភ្នំ​ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ រីឯ​ភ្នំ​នោះ នៅ​ជិត​ក្រុង​យេរូ‌សាឡិម ចំងាយ​ផ្លូវ​ដើរ​អស់​១​ថ្ងៃ​ឈប់​សំរាក កាល​គេ​ចូល​ទៅ​ដល់​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​បន្ទប់​ខាង​លើ ជា​លំនៅ​របស់​ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូ‌ល៉ូមេ ម៉ាថាយ យ៉ាកុប ជា​កូន​អាល់‌ផាយ ស៊ីម៉ូន ជា​ពួក​ឧស្សាហ៍ នឹង​យូដាស ជា​ញាតិ​នឹង​យ៉ាកុប ពួក​អ្នក​ទាំង​នេះ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា ដោយ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន ជា​មួយ​នឹង​ពួក​ស្រីៗ ព្រម​ទាំង​ម៉ារា ជា​មាតា​ព្រះ‌យេស៊ូវ នឹង​បង​ប្អូន​ទ្រង់​ដែរ។ នៅ​គ្រា​នោះ ពេត្រុស​ឈរ​ឡើង​កណ្តាល​ពួក​បង​ប្អូន ដែល​មាន​ឈ្មោះ​ប្រហែល​ជា​១២០​នាក់ ប្រកាស​ថា បង​ប្អូន​រាល់​គ្នា​អើយ បទ​គម្ពីរ​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ទាយ​ដោយ‌សារ​ព្រះ‌ឱស្ឋ​ហ្លួង​ដាវីឌ ពី​ដំណើរ​យូដាស ជា​អ្នក​ដែល​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូវ បទ​នោះ​ត្រូវ​តែ​បាន​សំរេច ដ្បិត​វា​បាន​រាប់​ក្នុង​ពួក​យើង​រាល់​គ្នា ហើយ​បាន​ទទួល​១​ចំណែក​ក្នុង​ការ‌ងារ​នេះ​ដែរ (រីឯ​មនុស្ស​នេះ​បាន​ទិញ​ដី​វាល ដោយ‌សារ​រង្វាន់​នៃ​ការ​ទុច្ចរិត​របស់​ខ្លួន​វា ប៉ុន្តែ​វា​ដួល​ទៅ​មុខ​ធ្លាយ​ពោះ ហើយ​ពោះ​វៀន​ក៏​ចេញ​ទ្រេល រឿង​នោះ​បាន​ឮ ទៅ​ដល់​មនុស្ស​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ជា​គេ​ហៅ​វាល​នោះ​តាម​ភាសា​គេ​ថា អាកិល‌ដាម៉ា គឺ​ប្រែ​ថា វាល​ឈាម) ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​គម្ពីរ​ទំនុក​ដំកើង​ថា «ចូរ​ឲ្យ​ទី​លំនៅ​វា​ត្រូវ​ចោល​ស្ងាត់​ចុះ កុំ​ឲ្យ​មាន​អ្នក​ណា​នៅ​ទី​នោះ​ឡើយ» ហើយ​ថា «ត្រូវ​ឲ្យ​ម្នាក់​ទៀត​ទទួល​ការ‌ងារ​ជំនួស​វា» ដូច្នេះ ក្នុង​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​យើង គ្រប់​វេលា​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​យាង​ចេញ​ចូល ក្នុង​ពួក​យើង ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដរាប​មក​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង ពី​យើង​រាល់​គ្នា​ទៅ នោះ​ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​ជា​ទី​បន្ទាល់ ជា​មួយ​នឹង​យើង ពី​ដំណើរ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច្នេះ គេ​ក៏​ដំរូវ​លើ​រូប​២​នាក់ គឺ​យ៉ូសែប ដែល​ហៅ​ថា បារសាបាស ដែល​មាន​ឈ្មោះ​យូស្ទុស​ផង​នោះ​១ នឹង​ម៉ាត់ធាស​១ រួច​គេ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង‌ឡាយ​អើយ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ទ្រង់​រើស​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​២​នេះ ឲ្យ​បាន​ទទួល​ចំណែក ក្នុង​កិច្ច‌ការ នឹង​ងារ​ជា​សាវក​នេះ ជំនួស​យូដាស ដែល​បាន​ធ្លាក់​ចេញ​ពី​ងារ​នេះ​ហើយ ដើម្បី​នឹង​ទៅ​ឯ​កន្លែង​របស់​វា នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​ម៉ាត់ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា​មួយ​នឹង​ពួក​សាវក​ទាំង​១១​នាក់។

ចែក​រំលែក
អាន កិច្ចការ 1