កិច្ចការ 1:6-11

កិច្ចការ 1:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ពេល​ពួក​សាវក​បាន​មក​ប្រជុំ​គ្នា ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​នឹង​តាំង​រាជា‌ណា‌ចក្រ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចំពោះ​ពេល​វេលា ដែល​ព្រះ‌វរបិតា​បាន​កំណត់​ទុក​ដោយ​អំណាច​របស់​ព្រះ‌អង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​ដឹង​ទេ។ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ព្រះ‌ចេស្តា នៅ​ពេល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ស្រុក​យូដា​ទាំង​មូល និង​ស្រុក​សា‌ម៉ារី ហើយ​រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។ កាល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ​ហើយ ពេល​ពួក​សាវក​កំពុង​តែ​មើល​ព្រះ‌អង្គ នោះ​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ ហើយ​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះ‌អង្គ​ផុត​ពី​ភ្នែក​គេ។ កាល​ពួកគេ​កំពុង​ងើយ​សម្លឹង​មើល​ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​មេឃ មើល៍ មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ស ឈរ​នៅ​ជិត​គេ ហើយ​ពោល​ថា៖ «ពួក​អ្នក​ស្រុក​កាលី‌ឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ? ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌អង្គ​យាង​ទៅ​ស្ថានសួគ៌​នោះ​ដែរ»។

ចែក​រំលែក
អាន កិច្ចការ 1

កិច្ចការ 1:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ក្រុម​សាវ័ក*​នៅ​ជុំ​គ្នា គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះអង្គ​នឹង​តាំង​រាជា‌ណាចក្រ​អ៊ីស្រា‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ត្រង់​ឯ​ពេល​វេលា​ដែល​ព្រះ‌បិតា​បាន​កំណត់​ទុក ដោយ​អំណាច​ព្រះអង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​បាច់​ដឹង​ទេ។ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធា‌នុភាព​មួយ គឺ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី»។ លុះ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ហើយ​នៅ​ពេល​ដែល​ក្រុម​សាវ័ក​កំពុង​តែ​មើល​ព្រះអង្គ នោះ​ព្រះ‌ជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​លើ​មេឃ ព្រម​ទាំង​មាន​ពពក*​មក​បាំង​ព្រះអង្គ​បាត់​ពី​ភ្នែក​គេ​ទៅ។ កាល​ពួក​គេ​កំពុង​តែ​សម្លឹង​មើល​ទៅ​លើ​មេឃ នៅ​ពេល​ព្រះអង្គ​យាង​ឡើង​ទៅ​នោះ ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ស​ពាក់​ស​ចូល​មក​ជិត​គេ ពោល​ថា៖ «អ្នក​ស្រុក​កាលី‌ឡេ​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​លើ​មេឃ​ដូច្នេះ? ព្រះ‌យេស៊ូ​នោះ ព្រះ‌ជាម្ចាស់​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​ស្ថាន​បរម‌សុខ​ហើយ ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​វិញ តាម​របៀប​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ដែរ»។

ចែក​រំលែក
អាន កិច្ចការ 1

កិច្ចការ 1:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ កាល​ពួក​សាវក​បាន​ប្រជុំ​គ្នា នោះ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​នៅ​គ្រា​នេះ​ឬ​អី ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​នោះ តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះវរ‌បិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ ប៉ុន្តែ កាល​ណា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ‌ចេស្តា ហើយ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង កាល​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ជា​ស្រេច ហើយ​ពួក​សាវក​កំពុង​តែ​មើល នោះ​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់​ពី​ភ្នែក​គេ។ កំពុង​ដែល​គេ​ងើយ​សំឡឹង​មើល​ទៅ​លើ​មេឃ ក្នុង​កាល​ដែល​ទ្រង់​យាង​ទៅ នោះ​ឃើញ​មាន​២​នាក់ ស្លៀក‌ពាក់​ស ឈរ​នៅ​ជិត និយាយ​ថា ពួក​អ្នក​ស្រុក​កាលី‌ឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថាន‌សួគ៌ ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ

ចែក​រំលែក
អាន កិច្ចការ 1