កិច្ចការ 1:21-26
កិច្ចការ 1:21-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ម្នាក់ក្នុងចំណោមមនុស្សដែលដើរជាមួយយើង គ្រប់ពេលដែលព្រះអម្ចាស់យេស៊ូវយាងចេញចូលក្នុងចំណោមយើង ចាប់តាំងពីគ្រាលោកយ៉ូហានធ្វើពិធីជ្រមុជទឹក រហូតដល់ថ្ងៃដែលព្រះបានលើកព្រះអង្គឡើងពីយើងទៅ នោះត្រូវឲ្យមានម្នាក់ទៀតធ្វើបន្ទាល់ជាមួយយើង អំពីព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញ»។ ដូច្នេះ គេក៏តម្រូវពីរនាក់ គឺយ៉ូសែប ដែលហៅថាបារសាបាសផង យូស្ទុសផង និងម្នាក់ទៀតគឺ ម៉ាត់ធាស។ បន្ទាប់មក គេអធិស្ឋានទូលថា៖ «ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបចិត្តមនុស្សទាំងអស់ សូមបង្ហាញឲ្យយើងខ្ញុំដឹងថា ក្នុងចំណោមអ្នកទាំងពីរនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសមួយណា ដើម្បីទទួលកិច្ចការ និងមុខងារជាសាវកជំនួសយូដាស ដែលបានបោះបង់ចោលមុខងារនេះ ទៅឯកន្លែងរបស់គាត់»។ គេក៏ចាប់ឆ្នោត ហើយត្រូវចំលើរូបម៉ាត់ធាស រួចគេក៏រាប់គាត់បញ្ចូលជាមួយពួកសាវកទាំងដប់មួយ។
កិច្ចការ 1:21-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ក្នុងចំណោមអស់អ្នកដែលបានមកតាមយើង នៅពេលព្រះយេស៊ូដឹកនាំយើង គឺចាប់តាំងពីគ្រាដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹក*ថ្វាយព្រះអង្គ រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ ត្រូវឲ្យមានម្នាក់ធ្វើជាបន្ទាល់រួមជាមួយយើង អំពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ»។ គេបាននាំសិស្ស*ពីររូបមក ម្នាក់ឈ្មោះយ៉ូសែប ហៅបារសាបាសផង យូស្ទូសផង និងម្នាក់ទៀតឈ្មោះម៉ាត់ធាស។ បន្ទាប់មក គេនាំគ្នាអធិស្ឋានដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ សូមបង្ហាញឲ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីររូបនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសអ្នកណា ឲ្យបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះទៅឯកន្លែងរបស់គាត់»។ សិស្សនាំគ្នាចាប់ឆ្នោតត្រូវលើលោកម៉ាត់ធាស ហើយលោកម៉ាត់ធាសក៏បានចូលរួមក្នុងក្រុមសាវ័កដប់មួយរូបទៀត។
កិច្ចការ 1:21-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ក្នុងពួកអ្នកដែលដើរជាមួយនឹងយើង គ្រប់វេលាដែលព្រះអម្ចាស់យេស៊ូវយាងចេញចូល ក្នុងពួកយើង ចាប់តាំងពីគ្រាលោកយ៉ូហានធ្វើបុណ្យជ្រមុជទឹកដរាបមកដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើង ពីយើងរាល់គ្នាទៅ នោះត្រូវឲ្យមានម្នាក់ទៀតធ្វើជាទីបន្ទាល់ ជាមួយនឹងយើង ពីដំណើរដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ដូច្នេះ គេក៏ដំរូវលើរូប២នាក់ គឺយ៉ូសែប ដែលហៅថា បារសាបាស ដែលមានឈ្មោះយូស្ទុសផងនោះ១ នឹងម៉ាត់ធាស១ រួចគេអធិស្ឋានទូលថា ឱព្រះអម្ចាស់ ជាព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយអើយ សូមបង្ហាញឲ្យយើងខ្ញុំដឹងថា ទ្រង់រើសអ្នកណាក្នុងបណ្តាអ្នកទាំង២នេះ ឲ្យបានទទួលចំណែក ក្នុងកិច្ចការ នឹងងារជាសាវកនេះ ជំនួសយូដាស ដែលបានធ្លាក់ចេញពីងារនេះហើយ ដើម្បីនឹងទៅឯកន្លែងរបស់វា នោះគេចាប់ឆ្នោតត្រូវលើរូបម៉ាត់ធាស រួចគេក៏រាប់គាត់បញ្ចូលជាមួយនឹងពួកសាវកទាំង១១នាក់។