កិច្ចការ 1:16-20
កិច្ចការ 1:16-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«បងប្អូនអើយ! បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានសម្តែងតាមរយៈព្រះបាទដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយេស៊ូវ បទនោះត្រូវតែបានសម្រេច។ ដ្បិតគាត់ជាសមាជិកម្នាក់ក្នុងចំណោមពួកយើង ហើយបានទទួលចំណែកក្នុងការងារនេះដែរ។ (ឥឡូវមនុស្សនេះបានយកប្រាក់ទុច្ចរិតរបស់ខ្លួន ទៅទិញដីចម្ការមួយកន្លែង ប៉ុន្តែ គាត់ដួលផ្កាប់មុខ ធ្លាយពោះ ចេញពោះវៀនមកក្រៅ។ រឿងនេះបានឮទៅដល់អ្នកក្រុងយេរូសាឡិមទាំងអស់ ដូច្នេះហើយបានជាគេហៅចម្ការនោះតាមភាសាគេថា អាកិលដាម៉ា មានន័យថា ចម្ការឈាម)។ ដ្បិតក្នុងគម្ពីរទំនុកតម្កើងបានចែងអំពីហេតុការណ៍នេះថា "ចូរឲ្យទីលំនៅរបស់អ្នកនោះត្រូវចោលស្ងាត់ចុះ កុំឲ្យមានអ្នកណានៅទីនោះឡើយ" ហើយថា "ត្រូវឲ្យម្នាក់ទៀត ទទួលការងារជំនួសគាត់" ។
កិច្ចការ 1:16-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«បងប្អូនអើយ! ព្រះវិញ្ញាណដ៏វិសុទ្ធ*បានថ្លែងទុកជាមុន តាមរយៈព្រះបាទដាវីឌ អំពីយូដាស ជាអ្នកនាំគេមកចាប់ព្រះយេស៊ូ។ ហេតុការណ៍នេះត្រូវតែកើតឡើងស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរមែន។ យូដាសជាសមាជិកមួយរូបក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរ។ គាត់យកប្រាក់ដែលបានមកពីអំពើទុច្ចរិត ទៅទិញដីចម្ការមួយកន្លែង បន្ទាប់មក គាត់ដួលផ្កាប់មុខ ធ្លាយពោះ ចេញពោះវៀនមកក្រៅ។ អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ហេតុនេះហើយបានជាគេហៅចម្ការនោះតាមភាសារបស់គេថា “អាកិលដាម៉ា”មានន័យថា “ចម្ការឈាម”។ ក្នុងគម្ពីរទំនុកតម្កើង មានចែងទុកអំពីហេតុការណ៍នេះថា៖ “ចូរឲ្យលំនៅរបស់អ្នកនោះ ក្លាយទៅជាទីស្ងាត់ជ្រងំ កុំឲ្យមាននរណារស់នៅទីនោះឡើយ” និង“ត្រូវឲ្យម្នាក់ទៀតទទួល យកតំណែងរបស់គាត់” ។
កិច្ចការ 1:16-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនរាល់គ្នាអើយ បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានទាយដោយសារព្រះឱស្ឋហ្លួងដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយេស៊ូវ បទនោះត្រូវតែបានសំរេច ដ្បិតវាបានរាប់ក្នុងពួកយើងរាល់គ្នា ហើយបានទទួល១ចំណែកក្នុងការងារនេះដែរ (រីឯមនុស្សនេះបានទិញដីវាល ដោយសាររង្វាន់នៃការទុច្ចរិតរបស់ខ្លួនវា ប៉ុន្តែវាដួលទៅមុខធ្លាយពោះ ហើយពោះវៀនក៏ចេញទ្រេល រឿងនោះបានឮ ទៅដល់មនុស្សទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានជាគេហៅវាលនោះតាមភាសាគេថា អាកិលដាម៉ា គឺប្រែថា វាលឈាម) ព្រោះមានសេចក្ដីចែងទុកមក ក្នុងគម្ពីរទំនុកដំកើងថា «ចូរឲ្យទីលំនៅវាត្រូវចោលស្ងាត់ចុះ កុំឲ្យមានអ្នកណានៅទីនោះឡើយ» ហើយថា «ត្រូវឲ្យម្នាក់ទៀតទទួលការងារជំនួសវា»