កិច្ចការ 1:15-26

កិច្ចការ 1:15-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ លោក​ពេត្រុស​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បង‌ប្អូន (មាន​គ្នា​ទាំង​អស់​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់) ហើយ​ពោល​ថា៖ «បង‌ប្អូន​អើយ! ប​ទ‌គម្ពីរ​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សម្តែង​តាម​រយៈ​ព្រះ‌បាទ​ដាវីឌ ពី​ដំណើរ​យូដាស ជា​អ្នក​ដែល​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូវ បទ​នោះ​ត្រូវ​តែ​បាន​សម្រេច។ ដ្បិត​គាត់​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ពួក​យើង ហើយ​បាន​ទទួល​ចំណែក​ក្នុង​ការ‌ងារ​នេះ​ដែរ។ (ឥឡូវ​មនុស្ស​នេះ​បាន​យក​ប្រាក់​ទុច្ចរិត​របស់​ខ្លួន ទៅ​ទិញ​ដី​ចម្ការ​មួយ​កន្លែង ប៉ុន្តែ គាត់​ដួល​ផ្កាប់​មុខ ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។ រឿង​នេះ​បាន​ឮ​ទៅ​ដល់​អ្នក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ដូច្នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​តាម​ភាសា​គេ​ថា អាកិល‌ដាម៉ា មាន​ន័យ​ថា ចម្ការ​ឈាម)។ ដ្បិត​ក្នុង​គម្ពីរ​ទំនុក​តម្កើង​បាន​ចែង​អំពី​ហេតុ‌ការណ៍​នេះ​ថា "ចូរ​ឲ្យ​ទី​លំ​នៅ​របស់​អ្នក​នោះ​ត្រូវ​ចោល​ស្ងាត់​ចុះ កុំ​ឲ្យ​មាន​អ្នក​ណា​នៅ​ទី​នោះ​ឡើយ" ហើយ​ថា "ត្រូវ​ឲ្យ​ម្នាក់​ទៀត ទទួល​ការ‌ងារ​ជំនួស​គាត់" ។ ដូច្នេះ ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​ដើរ​ជា‌មួយ​យើង គ្រប់​ពេល​ដែល​ព្រះ‌អម្ចាស់‌យេស៊ូវ​យាង​ចេញ​ចូល​ក្នុង​ចំណោម​យើង ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ពី​យើង​ទៅ នោះ​ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​បន្ទាល់​ជា‌មួយ​យើង អំពី​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ»។ ដូច្នេះ គេ​ក៏​តម្រូវ​ពីរ​នាក់ គឺ​យ៉ូសែប ដែល​ហៅ​ថា​បារសា‌បាស​ផង យូស្ទុស​ផង និង​ម្នាក់​ទៀត​គឺ ម៉ាត់‌ធាស។ បន្ទាប់​មក គេ​អធិស្ឋាន​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ចិត្ត​មនុស្ស​ទាំង​អស់ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ជ្រើស‌រើស​មួយ​ណា ដើម្បី​ទទួល​កិច្ច‌ការ និង​មុខ​ងារ​ជា​សាវក​ជំនួស​យូដាស ដែល​បាន​បោះ​បង់​ចោល​មុខ​ងារ​នេះ ទៅ​ឯ​កន្លែង​របស់​គាត់»។ គេ​ក៏​ចាប់​ឆ្នោត ហើយ​ត្រូវ​ចំ​លើ​រូប​ម៉ាត់‌ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា‌មួយ​ពួក​សាវក​ទាំង​ដប់​មួយ។

ចែក​រំលែក
អាន កិច្ចការ 1

កិច្ចការ 1:15-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ មាន​បងប្អូន​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់​នៅ​ជុំ​គ្នា លោក​ពេត្រុស​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​គេ ហើយ​ពោល​ថា៖ «បងប្អូន​អើយ! ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​បាន​ថ្លែង​ទុក​ជា​មុន តាម​រយៈ​ព្រះ‌បាទ​ដាវីឌ អំពី​យូដាស ជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ។ ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន។ យូដាស​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​របស់​យើង ហើយ​បាន​ទទួល​ចំណែក​មុខងារ​រួម​ជា​មួយ​យើង​ដែរ។ គាត់​យក​ប្រាក់​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត ទៅ​ទិញ​ដី​ចម្ការ​មួយ​កន្លែង បន្ទាប់​មក គាត់​ដួល​ផ្កាប់​មុខ ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។ អ្នក​ក្រុង​យេរូ‌សាឡឹម​ដឹង​រឿង​នេះ​គ្រប់ៗ​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​តាម​ភាសា​របស់​គេ​ថា “អាកិល‌ដាម៉ា”​មាន​ន័យ​ថា “ចម្ការ​ឈាម”។ ក្នុង​គម្ពីរ​ទំនុកតម្កើង មាន​ចែង​ទុក​អំពី​ហេតុ‌ការណ៍​នេះ​ថា៖ “ចូរ​ឲ្យ​លំ‌នៅ​របស់​អ្នក​នោះ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ កុំ​ឲ្យ​មាន​នរណា​រស់​នៅ​ទី​នោះ​ឡើយ” និង​“ត្រូវ​ឲ្យ​ម្នាក់​ទៀត​ទទួល យក​តំណែង​របស់​គាត់” ។ ហេតុ​នេះ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​មក​តាម​យើង នៅ​ពេល​ព្រះ‌យេស៊ូ​ដឹក​នាំ​យើង គឺ​ចាប់​តាំង​ពី​គ្រា​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះអង្គ រហូត​ដល់​ពេល​ព្រះ‌ជាម្ចាស់​លើក​យក​ព្រះអង្គ​ចេញ​ពី​យើង​ទៅ ត្រូវ​ឲ្យ​មាន​ម្នាក់​ធ្វើ​ជា​បន្ទាល់​រួម​ជា​មួយ​យើង អំពី​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ»។ គេ​បាន​នាំ​សិស្ស*​ពីរ​រូប​មក ម្នាក់​ឈ្មោះ​យ៉ូសែប ហៅ​បារសា‌បាស​ផង យូស្ទូស​ផង និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាត់‌ធាស។ បន្ទាប់​មក គេ​នាំ​គ្នា​អធិស្ឋាន​ដូច​ត​ទៅ៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ចិត្ត​គំនិត​របស់​មនុស្ស​ទាំង​អស់ ហេតុ​នេះ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ក្នុង​ចំណោម​បងប្អូន​ទាំង​ពីរ​រូប​នេះ តើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស​រើស​អ្នក​ណា ឲ្យ​បំពេញ​មុខងារ​ជា​សាវ័ក​ជំនួស​យូដាស ដ្បិត​យូដាស​បាន​បោះ​បង់​មុខងារ​នេះ​ទៅ​ឯ​កន្លែង​របស់​គាត់»។ សិស្ស​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាត់‌ធាស ហើយ​លោក​ម៉ាត់‌ធាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​សាវ័ក​ដប់​មួយ​រូប​ទៀត។

ចែក​រំលែក
អាន កិច្ចការ 1

កិច្ចការ 1:15-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ពេត្រុស​ឈរ​ឡើង​កណ្តាល​ពួក​បង​ប្អូន ដែល​មាន​ឈ្មោះ​ប្រហែល​ជា​១២០​នាក់ ប្រកាស​ថា បង​ប្អូន​រាល់​គ្នា​អើយ បទ​គម្ពីរ​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ទាយ​ដោយ‌សារ​ព្រះ‌ឱស្ឋ​ហ្លួង​ដាវីឌ ពី​ដំណើរ​យូដាស ជា​អ្នក​ដែល​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូវ បទ​នោះ​ត្រូវ​តែ​បាន​សំរេច ដ្បិត​វា​បាន​រាប់​ក្នុង​ពួក​យើង​រាល់​គ្នា ហើយ​បាន​ទទួល​១​ចំណែក​ក្នុង​ការ‌ងារ​នេះ​ដែរ (រីឯ​មនុស្ស​នេះ​បាន​ទិញ​ដី​វាល ដោយ‌សារ​រង្វាន់​នៃ​ការ​ទុច្ចរិត​របស់​ខ្លួន​វា ប៉ុន្តែ​វា​ដួល​ទៅ​មុខ​ធ្លាយ​ពោះ ហើយ​ពោះ​វៀន​ក៏​ចេញ​ទ្រេល រឿង​នោះ​បាន​ឮ ទៅ​ដល់​មនុស្ស​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ជា​គេ​ហៅ​វាល​នោះ​តាម​ភាសា​គេ​ថា អាកិល‌ដាម៉ា គឺ​ប្រែ​ថា វាល​ឈាម) ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​គម្ពីរ​ទំនុក​ដំកើង​ថា «ចូរ​ឲ្យ​ទី​លំនៅ​វា​ត្រូវ​ចោល​ស្ងាត់​ចុះ កុំ​ឲ្យ​មាន​អ្នក​ណា​នៅ​ទី​នោះ​ឡើយ» ហើយ​ថា «ត្រូវ​ឲ្យ​ម្នាក់​ទៀត​ទទួល​ការ‌ងារ​ជំនួស​វា» ដូច្នេះ ក្នុង​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​យើង គ្រប់​វេលា​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​យាង​ចេញ​ចូល ក្នុង​ពួក​យើង ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដរាប​មក​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង ពី​យើង​រាល់​គ្នា​ទៅ នោះ​ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​ជា​ទី​បន្ទាល់ ជា​មួយ​នឹង​យើង ពី​ដំណើរ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច្នេះ គេ​ក៏​ដំរូវ​លើ​រូប​២​នាក់ គឺ​យ៉ូសែប ដែល​ហៅ​ថា បារសាបាស ដែល​មាន​ឈ្មោះ​យូស្ទុស​ផង​នោះ​១ នឹង​ម៉ាត់ធាស​១ រួច​គេ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង‌ឡាយ​អើយ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ទ្រង់​រើស​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​២​នេះ ឲ្យ​បាន​ទទួល​ចំណែក ក្នុង​កិច្ច‌ការ នឹង​ងារ​ជា​សាវក​នេះ ជំនួស​យូដាស ដែល​បាន​ធ្លាក់​ចេញ​ពី​ងារ​នេះ​ហើយ ដើម្បី​នឹង​ទៅ​ឯ​កន្លែង​របស់​វា នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​ម៉ាត់ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា​មួយ​នឹង​ពួក​សាវក​ទាំង​១១​នាក់។

ចែក​រំលែក
អាន កិច្ចការ 1