កិច្ចការ 1:1-26 - Compare All Versions
កិច្ចការ 1:1-26 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ឱលោកថេវភីលអើយ នៅក្នុងសៀវភៅទីមួយ ខ្ញុំបានសរសេររៀបរាប់ពីអស់ទាំងការ ដែលព្រះយេស៊ូវបានចាប់ផ្ដើមធ្វើ និងបានបង្រៀន តាំងពីដំបូងមក រហូតដល់ថ្ងៃដែលព្រះបានលើកព្រះអង្គឡើងទៅ គឺបន្ទាប់ពីព្រះអង្គបានផ្តាំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកសាវកដែលព្រះអង្គបានជ្រើសរើស។ ក្រោយពេលព្រះអង្គបានរងទុក្ខរួចហើយ ព្រះអង្គបានបង្ហាញអង្គទ្រង់ដែលមានព្រះជន្មរស់ ឲ្យពួកសាវកទាំងនោះឃើញ រយៈពេលសែសិបថ្ងៃ ដោយបង្ហាញភស្តុតាងជាច្រើន ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះផង។ កាលកំពុងគង់នៅជាមួយពួកគេ ព្រះអង្គហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ គឺត្រូវរង់ចាំព្រះបន្ទូលសន្យារបស់ព្រះវរបិតា ដែលទ្រង់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាបានឮពីខ្ញុំហើយថា លោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែ នៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធវិញ»។ ដូច្នេះ ពេលពួកសាវកបានមកប្រជុំគ្នា ពួកគេទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គនឹងតាំងរាជាណាចក្រឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចំពោះពេលវេលា ដែលព្រះវរបិតាបានកំណត់ទុកដោយអំណាចរបស់ព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនចាំបាច់ដឹងទេ។ ប៉ុន្តែ អ្នករាល់គ្នានឹងទទួលព្រះចេស្តា នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម នៅស្រុកយូដាទាំងមូល និងស្រុកសាម៉ារី ហើយរហូតដល់ចុងបំផុតនៃផែនដី»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ពេលពួកសាវកកំពុងតែមើលព្រះអង្គ នោះព្រះបានលើកព្រះអង្គឡើងទៅ ហើយមានពពកមួយផ្ទាំងមកទទួលព្រះអង្គផុតពីភ្នែកគេ។ កាលពួកគេកំពុងងើយសម្លឹងមើលព្រះអង្គយាងឡើងទៅលើមេឃ មើល៍ មានបុរសពីរនាក់ស្លៀកពាក់ស ឈរនៅជិតគេ ហើយពោលថា៖ «ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ព្រះអង្គនឹងយាងមកវិញ តាមបែបដដែល ដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងទៅស្ថានសួគ៌នោះដែរ»។ ពួកគេក៏វិលត្រឡប់ពីភ្នំដើមអូលីវ ទៅក្រុងយេរូសាឡិមវិញ ភ្នំនោះនៅជិតក្រុងយេរូសាឡិម មានចម្ងាយផ្លូវដើរមួយថ្ងៃសប្ប័ទ ។ កាលគេបានចូលក្នុងក្រុងហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ សាវកទាំងនោះមាន ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូឡូមេ ម៉ាថាយ យ៉ាកុប ជាកូនអាល់ផាយ ស៊ីម៉ូន អ្នកជាតិនិយម និងយូដាស ជាកូនរបស់យ៉ាកុប។ អ្នកទាំងនេះរួមចិត្តគ្នាតែមួយដើម្បីអធិស្ឋាន រួមជាមួយស្រ្ដីឯទៀតៗ ហើយមាននាងម៉ារា ជាមាតារបស់ព្រះយេស៊ូវ និងបងប្អូនរបស់ព្រះអង្គផងដែរ។ នៅគ្រានោះ លោកពេត្រុសឈរឡើងក្នុងចំណោមពួកបងប្អូន (មានគ្នាទាំងអស់ប្រមាណមួយរយម្ភៃនាក់) ហើយពោលថា៖ «បងប្អូនអើយ! បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានសម្តែងតាមរយៈព្រះបាទដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយេស៊ូវ បទនោះត្រូវតែបានសម្រេច។ ដ្បិតគាត់ជាសមាជិកម្នាក់ក្នុងចំណោមពួកយើង ហើយបានទទួលចំណែកក្នុងការងារនេះដែរ។ (ឥឡូវមនុស្សនេះបានយកប្រាក់ទុច្ចរិតរបស់ខ្លួន ទៅទិញដីចម្ការមួយកន្លែង ប៉ុន្តែ គាត់ដួលផ្កាប់មុខ ធ្លាយពោះ ចេញពោះវៀនមកក្រៅ។ រឿងនេះបានឮទៅដល់អ្នកក្រុងយេរូសាឡិមទាំងអស់ ដូច្នេះហើយបានជាគេហៅចម្ការនោះតាមភាសាគេថា អាកិលដាម៉ា មានន័យថា ចម្ការឈាម)។ ដ្បិតក្នុងគម្ពីរទំនុកតម្កើងបានចែងអំពីហេតុការណ៍នេះថា "ចូរឲ្យទីលំនៅរបស់អ្នកនោះត្រូវចោលស្ងាត់ចុះ កុំឲ្យមានអ្នកណានៅទីនោះឡើយ" ហើយថា "ត្រូវឲ្យម្នាក់ទៀត ទទួលការងារជំនួសគាត់" ។ ដូច្នេះ ម្នាក់ក្នុងចំណោមមនុស្សដែលដើរជាមួយយើង គ្រប់ពេលដែលព្រះអម្ចាស់យេស៊ូវយាងចេញចូលក្នុងចំណោមយើង ចាប់តាំងពីគ្រាលោកយ៉ូហានធ្វើពិធីជ្រមុជទឹក រហូតដល់ថ្ងៃដែលព្រះបានលើកព្រះអង្គឡើងពីយើងទៅ នោះត្រូវឲ្យមានម្នាក់ទៀតធ្វើបន្ទាល់ជាមួយយើង អំពីព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញ»។ ដូច្នេះ គេក៏តម្រូវពីរនាក់ គឺយ៉ូសែប ដែលហៅថាបារសាបាសផង យូស្ទុសផង និងម្នាក់ទៀតគឺ ម៉ាត់ធាស។ បន្ទាប់មក គេអធិស្ឋានទូលថា៖ «ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបចិត្តមនុស្សទាំងអស់ សូមបង្ហាញឲ្យយើងខ្ញុំដឹងថា ក្នុងចំណោមអ្នកទាំងពីរនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសមួយណា ដើម្បីទទួលកិច្ចការ និងមុខងារជាសាវកជំនួសយូដាស ដែលបានបោះបង់ចោលមុខងារនេះ ទៅឯកន្លែងរបស់គាត់»។ គេក៏ចាប់ឆ្នោត ហើយត្រូវចំលើរូបម៉ាត់ធាស រួចគេក៏រាប់គាត់បញ្ចូលជាមួយពួកសាវកទាំងដប់មួយ។
កិច្ចការ 1:1-26 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
សូមជម្រាបមកឯកឧត្ដមថេវភីល សូមជ្រាប! ក្នុងសៀវភៅទីមួយរបស់ខ្ញុំ ខ្ញុំបានរៀបរាប់អំពីកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានធ្វើ និងអំពីសេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបានបង្រៀន តាំងពីដើមរៀងមក រហូតដល់ថ្ងៃដែលព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខ* គឺបន្ទាប់ពីព្រះអង្គបានផ្ដែផ្ដាំតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ* ដល់ក្រុមសាវ័ក*ដែលព្រះអង្គបានជ្រើសរើស។ ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះយេស៊ូបានបង្ហាញព្រះអង្គ តាមរបៀបផ្សេងៗឲ្យសាវ័កទាំងនោះឃើញថាព្រះអង្គមានព្រះជន្មរស់ពិតប្រាកដមែន។ ព្រះអង្គបានឲ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផង។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយជាមួយក្រុមសាវ័ក ព្រះអង្គហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ «គឺត្រូវរង់ចាំទទួលព្រះវិញ្ញាណតាមព្រះបន្ទូលសន្យារបស់ព្រះបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា លោកយ៉ូហានបានធ្វើពិធីជ្រមុជ*ឲ្យគេក្នុងទឹក ប៉ុន្តែ នៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ»។ ពេលនោះ ក្រុមសាវ័ក*នៅជុំគ្នា គេទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គនឹងតាំងរាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ត្រង់ឯពេលវេលាដែលព្រះបិតាបានកំណត់ទុក ដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។ ប៉ុន្តែ អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។ លុះព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ហើយនៅពេលដែលក្រុមសាវ័កកំពុងតែមើលព្រះអង្គ នោះព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពក*មកបាំងព្រះអង្គបាត់ពីភ្នែកគេទៅ។ កាលពួកគេកំពុងតែសម្លឹងមើលទៅលើមេឃ នៅពេលព្រះអង្គយាងឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកសពាក់សចូលមកជិតគេ ពោលថា៖ «អ្នកស្រុកកាលីឡេអើយ! ហេតុដូចម្ដេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូនោះ ព្រះជាម្ចាស់បានលើកពីកណ្ដាលចំណោមអ្នករាល់គ្នា ឡើងទៅស្ថានបរមសុខហើយ ព្រះអង្គនឹងយាងត្រឡប់មកវិញ តាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងឡើងទៅស្ថានបរមសុខដែរ»។ ពេលនោះ ក្រុមសាវ័ក*នាំគ្នាវិលត្រឡប់ពីភ្នំដើមអូលីវទៅក្រុងយេរូសាឡឹមវិញ ដែលមានចម្ងាយផ្លូវប្រមាណមួយគីឡូម៉ែត្រ។ លុះបានមកដល់ផ្ទះហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ សាវ័កទាំងនោះគឺ លោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម និងលោកយូដាសជាកូនរបស់លោកយ៉ាកុប។ ពួកគេរួមចិត្តគំនិតគ្នា ព្យាយាមអធិស្ឋាន* ដោយមានស្ត្រីឯទៀតៗ មាននាងម៉ារីជាមាតារបស់ព្រះយេស៊ូ និងមានបងប្អូនរបស់ព្រះអង្គមកចូលរួមជាមួយផងដែរ។ នៅគ្រានោះ មានបងប្អូនប្រមាណមួយរយម្ភៃនាក់នៅជុំគ្នា លោកពេត្រុសក្រោកឈរឡើងនៅកណ្ដាលពួកគេ ហើយពោលថា៖ «បងប្អូនអើយ! ព្រះវិញ្ញាណដ៏វិសុទ្ធ*បានថ្លែងទុកជាមុន តាមរយៈព្រះបាទដាវីឌ អំពីយូដាស ជាអ្នកនាំគេមកចាប់ព្រះយេស៊ូ។ ហេតុការណ៍នេះត្រូវតែកើតឡើងស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរមែន។ យូដាសជាសមាជិកមួយរូបក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរ។ គាត់យកប្រាក់ដែលបានមកពីអំពើទុច្ចរិត ទៅទិញដីចម្ការមួយកន្លែង បន្ទាប់មក គាត់ដួលផ្កាប់មុខ ធ្លាយពោះ ចេញពោះវៀនមកក្រៅ។ អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ហេតុនេះហើយបានជាគេហៅចម្ការនោះតាមភាសារបស់គេថា “អាកិលដាម៉ា”មានន័យថា “ចម្ការឈាម”។ ក្នុងគម្ពីរទំនុកតម្កើង មានចែងទុកអំពីហេតុការណ៍នេះថា៖ “ចូរឲ្យលំនៅរបស់អ្នកនោះ ក្លាយទៅជាទីស្ងាត់ជ្រងំ កុំឲ្យមាននរណារស់នៅទីនោះឡើយ” និង“ត្រូវឲ្យម្នាក់ទៀតទទួល យកតំណែងរបស់គាត់” ។ ហេតុនេះ ក្នុងចំណោមអស់អ្នកដែលបានមកតាមយើង នៅពេលព្រះយេស៊ូដឹកនាំយើង គឺចាប់តាំងពីគ្រាដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹក*ថ្វាយព្រះអង្គ រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ ត្រូវឲ្យមានម្នាក់ធ្វើជាបន្ទាល់រួមជាមួយយើង អំពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ»។ គេបាននាំសិស្ស*ពីររូបមក ម្នាក់ឈ្មោះយ៉ូសែប ហៅបារសាបាសផង យូស្ទូសផង និងម្នាក់ទៀតឈ្មោះម៉ាត់ធាស។ បន្ទាប់មក គេនាំគ្នាអធិស្ឋានដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ សូមបង្ហាញឲ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីររូបនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសអ្នកណា ឲ្យបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះទៅឯកន្លែងរបស់គាត់»។ សិស្សនាំគ្នាចាប់ឆ្នោតត្រូវលើលោកម៉ាត់ធាស ហើយលោកម៉ាត់ធាសក៏បានចូលរួមក្នុងក្រុមសាវ័កដប់មួយរូបទៀត។
កិច្ចការ 1:1-26 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឱលោកថេវភីលអើយ ខ្ញុំបានតែងរឿង១ច្បាប់មុននោះ ពីអស់ទាំងការដែលព្រះយេស៊ូវ បានចាប់តាំងធ្វើហើយបង្រៀន ដរាបដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើងផុតទៅហើយ គឺក្រោយដែលទ្រង់បានផ្តាំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកសាវក ជាពួកអ្នកដែលទ្រង់បានរើស ហើយកាលទ្រង់បានរងទុក្ខរួចហើយ នោះក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវកនោះឃើញ ដោយសារភ័ស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្ដីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ រួចមក កាលបានប្រជុំទាំងអស់គ្នាហើយ នោះទ្រង់ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយបន្ទូលថា ត្រូវឲ្យនៅចាំសេចក្ដីសន្យានៃព្រះវរបិតា ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ ដ្បិតពិតជាលោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅបន្តិចទៀត អ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ។ ដូច្នេះ កាលពួកសាវកបានប្រជុំគ្នា នោះក៏ទូលសួរថា ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ តែទ្រង់មានបន្ទូលឆ្លើយថា មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង កាលទ្រង់បានមានបន្ទូលសេចក្ដីទាំងនោះរួចជាស្រេច ហើយពួកសាវកកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ពីភ្នែកគេ។ កំពុងដែលគេងើយសំឡឹងមើលទៅលើមេឃ ក្នុងកាលដែលទ្រង់យាងទៅ នោះឃើញមាន២នាក់ ស្លៀកពាក់ស ឈរនៅជិត និយាយថា ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ ពួកអ្នកទាំងនោះក៏វិលពីភ្នំដែលហៅថា ភ្នំដើមអូលីវ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ រីឯភ្នំនោះ នៅជិតក្រុងយេរូសាឡិម ចំងាយផ្លូវដើរអស់១ថ្ងៃឈប់សំរាក កាលគេចូលទៅដល់ហើយ នោះក៏ឡើងទៅឯបន្ទប់ខាងលើ ជាលំនៅរបស់ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូល៉ូមេ ម៉ាថាយ យ៉ាកុប ជាកូនអាល់ផាយ ស៊ីម៉ូន ជាពួកឧស្សាហ៍ នឹងយូដាស ជាញាតិនឹងយ៉ាកុប ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្ដីអធិស្ឋាន ជាមួយនឹងពួកស្រីៗ ព្រមទាំងម៉ារា ជាមាតាព្រះយេស៊ូវ នឹងបងប្អូនទ្រង់ដែរ។ នៅគ្រានោះ ពេត្រុសឈរឡើងកណ្តាលពួកបងប្អូន ដែលមានឈ្មោះប្រហែលជា១២០នាក់ ប្រកាសថា បងប្អូនរាល់គ្នាអើយ បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានទាយដោយសារព្រះឱស្ឋហ្លួងដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយេស៊ូវ បទនោះត្រូវតែបានសំរេច ដ្បិតវាបានរាប់ក្នុងពួកយើងរាល់គ្នា ហើយបានទទួល១ចំណែកក្នុងការងារនេះដែរ (រីឯមនុស្សនេះបានទិញដីវាល ដោយសាររង្វាន់នៃការទុច្ចរិតរបស់ខ្លួនវា ប៉ុន្តែវាដួលទៅមុខធ្លាយពោះ ហើយពោះវៀនក៏ចេញទ្រេល រឿងនោះបានឮ ទៅដល់មនុស្សទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានជាគេហៅវាលនោះតាមភាសាគេថា អាកិលដាម៉ា គឺប្រែថា វាលឈាម) ព្រោះមានសេចក្ដីចែងទុកមក ក្នុងគម្ពីរទំនុកដំកើងថា «ចូរឲ្យទីលំនៅវាត្រូវចោលស្ងាត់ចុះ កុំឲ្យមានអ្នកណានៅទីនោះឡើយ» ហើយថា «ត្រូវឲ្យម្នាក់ទៀតទទួលការងារជំនួសវា» ដូច្នេះ ក្នុងពួកអ្នកដែលដើរជាមួយនឹងយើង គ្រប់វេលាដែលព្រះអម្ចាស់យេស៊ូវយាងចេញចូល ក្នុងពួកយើង ចាប់តាំងពីគ្រាលោកយ៉ូហានធ្វើបុណ្យជ្រមុជទឹកដរាបមកដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើង ពីយើងរាល់គ្នាទៅ នោះត្រូវឲ្យមានម្នាក់ទៀតធ្វើជាទីបន្ទាល់ ជាមួយនឹងយើង ពីដំណើរដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ដូច្នេះ គេក៏ដំរូវលើរូប២នាក់ គឺយ៉ូសែប ដែលហៅថា បារសាបាស ដែលមានឈ្មោះយូស្ទុសផងនោះ១ នឹងម៉ាត់ធាស១ រួចគេអធិស្ឋានទូលថា ឱព្រះអម្ចាស់ ជាព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយអើយ សូមបង្ហាញឲ្យយើងខ្ញុំដឹងថា ទ្រង់រើសអ្នកណាក្នុងបណ្តាអ្នកទាំង២នេះ ឲ្យបានទទួលចំណែក ក្នុងកិច្ចការ នឹងងារជាសាវកនេះ ជំនួសយូដាស ដែលបានធ្លាក់ចេញពីងារនេះហើយ ដើម្បីនឹងទៅឯកន្លែងរបស់វា នោះគេចាប់ឆ្នោតត្រូវលើរូបម៉ាត់ធាស រួចគេក៏រាប់គាត់បញ្ចូលជាមួយនឹងពួកសាវកទាំង១១នាក់។