៣ យ៉ូហាន 1:6-10
៣ យ៉ូហាន 1:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូចគេបានធ្វើបន្ទាល់ប្រាប់ពីសេចក្ដីស្រឡាញ់របស់ប្អូន នៅមុខក្រុមជំនុំមែន។ ពេលប្អូនជូនដំណើរពួកគេចេញទៅ សូមប្អូនជួយអ្នកទាំងនោះឲ្យបានល្អ តាមបែបគួរនឹងព្រះផង។ ដ្បិតគេបានចេញដំណើរទៅ ដោយព្រោះព្រះនាមរបស់ព្រះអង្គ ហើយគេមិនបានទទួលអ្វីពីសាសន៍ដទៃទេ។ ដូច្នេះ យើងត្រូវជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយគេក្នុងសេចក្ដីពិត។ ខ្ញុំបានសរសេរសចក្ដីខ្លះមកជូនក្រុមជំនុំ ប៉ុន្តែ ឌីអូត្រែប ដែលចូលចិត្តចង់ធ្វើធំជាងគេ មិនព្រមទទួលស្គាល់យើងទេ។ ដូច្នេះ ប្រសិនបើខ្ញុំមក ខ្ញុំនឹងរំឭកពីការដែលគាត់ធ្វើ ដោយគាត់និយាយអាក្រក់ពីយើង ហើយមិនស្កប់ចិត្តត្រឹមតែប៉ុណ្ណោះទេ គាត់ថែមទាំងបដិសេធមិនព្រមទទួលពួកបងប្អូនទៀតផង ហើយបើមានអ្នកណាចង់ទទួល គាត់ក៏ហាមឃាត់គេ ទាំងបណ្ដេញគេចេញពីក្រុមជំនុំទៀតផង។
៣ យ៉ូហាន 1:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនទាំងនោះបានផ្ដល់សក្ខីភាពនៅមុខក្រុមជំនុំ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ផង ដ្បិតគេធ្វើដំណើរទៅនោះ ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់ហ្នឹងហើយ ហើយគេពុំបានទទួលអ្វីពីសាសន៍ដទៃទេ។ ដូច្នេះ យើងត្រូវតែជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយសេចក្ដីពិតដែរ។ ខ្ញុំបានផ្ញើសំបុត្រដ៏ខ្លីមកជូនក្រុមជំនុំ* តែឌីអូត្រែបដែលចូលចិត្តធ្វើធំជាងគេ ពុំព្រមទទួលស្គាល់យើងទេ។ ដូច្នេះ កាលខ្ញុំមកដល់ ខ្ញុំនឹងរំឭកពីអំពើដែលគាត់បានប្រព្រឹត្ត គឺគាត់ដើរនិយាយបរិហារអាក្រក់ពីយើង។ មិនតែប៉ុណ្ណោះសោត គាត់បានបដិសេធមិនព្រមទទួលបងប្អូនយើងទេ ព្រមទាំងឃាត់ឃាំងអស់អ្នកដែលចង់ទទួល មិនឲ្យទទួល និងដេញគេចេញពីក្រុមជំនុំថែមទៀតផង។
៣ យ៉ូហាន 1:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេក៏បានធ្វើបន្ទាល់ពីសេចក្ដីស្រឡាញ់របស់អ្នក នៅមុខពួកជំនុំផង បើអ្នកនឹងជួយដំរង់អ្នកទាំងនោះ តាមបែបគួរនឹងព្រះ នោះបានល្អហើយ ដ្បិតគេបានចេញដើរទៅ ដោយព្រោះព្រះនាមទ្រង់ ឥតមានទទួលអ្វីពីសាសន៍ដទៃឡើយ ដូច្នេះ យើងរាល់គ្នាត្រូវជួយទំនុកបំរុងដល់មនុស្សយ៉ាងនោះ ដើម្បីឲ្យយើងបានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត។ ខ្ញុំបានធ្វើសំបុត្រផ្ញើមកពួកជំនុំ ប៉ុន្តែ អ្នកឌីអូត្រេពដែលចូលចិត្តចង់ធ្វើធំក្នុងពួកនោះ គាត់មិនទទួលយើងទេ ដូច្នេះ បើខ្ញុំមក ខ្ញុំនឹងនឹកចាំពីការដែលអ្នកនោះធ្វើ ដោយគាត់ពោលពាក្យអាក្រក់ និយាយដើមយើង ហើយមិនស្កប់ចិត្តនឹងសេចក្ដីនោះតែប៉ុណ្ណោះ ថែមទាំងមិនព្រមទទួលពួកបងប្អូនទៀតផង ហើយបើមានអ្នកណាចង់ទទួលគេ នោះគាត់ក៏ហាមឃាត់មិនឲ្យទទួលវិញ ព្រមទាំងកាត់គេចេញពីពួកជំនុំផង។