៣ យ៉ូហាន 1:1-8
៣ យ៉ូហាន 1:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំជាចាស់ទុំ សូមជម្រាបមកកៃយុស ជាប្អូនស្ងួនភ្ងា ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។ ប្អូនស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់ប្អូនបានចម្រើនឡើងដែរ។ ដ្បិតខ្ញុំមានអំណរជាខ្លាំង នៅពេលពួកបងប្អូនបានមកដល់ ហើយបានធ្វើបន្ទាល់ប្រាប់ពីសេចក្ដីពិតរបស់ប្អូន ដូចប្អូនកំពុងប្រព្រឹត្តតាមសេចក្ដីពិតមែន។ គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំមានអំណរខ្លាំងជាងនេះទេ គឺដែលឮថា ពួកកូនរបស់ខ្ញុំកំពុងប្រព្រឹត្តតាមសេចក្ដីពិត។ ប្អូនស្ងួនភ្ងាអើយ កិច្ចការដែលប្អូនធ្វើសម្រាប់ពួកបងប្អូនទាំងនេះ និងពួកអ្នកដទៃ ប្អូនពិតជាធ្វើដោយស្មោះត្រង់អស់ពីចិត្ត ដូចគេបានធ្វើបន្ទាល់ប្រាប់ពីសេចក្ដីស្រឡាញ់របស់ប្អូន នៅមុខក្រុមជំនុំមែន។ ពេលប្អូនជូនដំណើរពួកគេចេញទៅ សូមប្អូនជួយអ្នកទាំងនោះឲ្យបានល្អ តាមបែបគួរនឹងព្រះផង។ ដ្បិតគេបានចេញដំណើរទៅ ដោយព្រោះព្រះនាមរបស់ព្រះអង្គ ហើយគេមិនបានទទួលអ្វីពីសាសន៍ដទៃទេ។ ដូច្នេះ យើងត្រូវជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយគេក្នុងសេចក្ដីពិត។
៣ យ៉ូហាន 1:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំជាចាស់ទុំ សូមជម្រាបមកប្អូនកៃយុសជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។ ប្អូនជាទីស្រឡាញ់ ខ្ញុំសូមជូនពរឲ្យប្អូនបានប្រកបដោយសេចក្ដីសុខគ្រប់ចំពូកទាំងអស់ គឺឲ្យប្អូនមានសុខភាពល្អបរិបូណ៌ ដូចព្រលឹងរបស់ប្អូន ដែលបានប្រកបដោយសេចក្ដីសុខហើយនោះដែរ។ នៅពេលបងប្អូនយើងមកដល់ ហើយរៀបរាប់ប្រាប់ខ្ញុំថា ប្អូនស្ថិតនៅជាប់នឹងសេចក្ដីពិត ដូចប្អូនប្រតិបត្តិតាមសេចក្ដីពិតជានិច្ចនោះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ គ្មានអ្វីអាចធ្វើឲ្យខ្ញុំមានអំណរខ្លាំងជាងបានឮថា កូនចៅរបស់ខ្ញុំប្រតិបត្តិតាមសេចក្ដីពិតនោះឡើយ។ ប្អូនជាទីស្រឡាញ់ ប្អូនប្រព្រឹត្តស្របតាមជំនឿរបស់ប្អូនមែន គឺបានជួយទំនុកបម្រុងបងប្អូនយើង ទោះបីគេជាជនបរទេសក៏ដោយ។ បងប្អូនទាំងនោះបានផ្ដល់សក្ខីភាពនៅមុខក្រុមជំនុំ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ផង ដ្បិតគេធ្វើដំណើរទៅនោះ ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់ហ្នឹងហើយ ហើយគេពុំបានទទួលអ្វីពីសាសន៍ដទៃទេ។ ដូច្នេះ យើងត្រូវតែជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយសេចក្ដីពិតដែរ។
៣ យ៉ូហាន 1:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រអ្នកចាស់ទុំ ផ្ញើមកអ្នកកៃយុស ជាអ្នកស្ងួនភ្ងា ដែលខ្ញុំស្រឡាញ់ពិតប្រាកដ អ្នកស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យអ្នកបានចំរើនឡើងគ្រប់ជំពូក ហើយឲ្យបានសុខសប្បាយខាងរូបសាច់ ដូចជាព្រលឹងអ្នកបានចំរើនឡើងដែរ ដ្បិតខ្ញុំបានអរជាខ្លាំងណាស់ ដោយមានបងប្អូនមកធ្វើបន្ទាល់ ពីសេចក្ដីពិតដែលនៅក្នុងអ្នក ដូចជាអ្នកធ្លាប់ប្រព្រឹត្តតាមសេចក្ដីពិតនោះ គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំអរសប្បាយ លើសជាងសេចក្ដីនេះទេ គឺដែលឮនិយាយថា ពួកកូនខ្ញុំកំពុងតែប្រព្រឹត្តតាមសេចក្ដីពិតនោះឯង អ្នកស្ងួនភ្ងាអើយ ការអ្វីដែលអ្នកធ្វើ សំរាប់ពួកបងប្អូន នឹងពួកដទៃដែរ នោះអ្នកក៏ធ្វើដោយស្មោះត្រង់គ្រប់ទាំងអស់ហើយ គេក៏បានធ្វើបន្ទាល់ពីសេចក្ដីស្រឡាញ់របស់អ្នក នៅមុខពួកជំនុំផង បើអ្នកនឹងជួយដំរង់អ្នកទាំងនោះ តាមបែបគួរនឹងព្រះ នោះបានល្អហើយ ដ្បិតគេបានចេញដើរទៅ ដោយព្រោះព្រះនាមទ្រង់ ឥតមានទទួលអ្វីពីសាសន៍ដទៃឡើយ ដូច្នេះ យើងរាល់គ្នាត្រូវជួយទំនុកបំរុងដល់មនុស្សយ៉ាងនោះ ដើម្បីឲ្យយើងបានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត។