២ ធីម៉ូថេ 4:9-18
២ ធីម៉ូថេ 4:9-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរព្យាយាមមករកខ្ញុំជាប្រញាប់កុំខាន ដ្បិតលោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ គាត់បានទៅក្រុងថែស្សាឡូនីចហើយ។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសក៏បានទៅស្រុកដាល់ម៉ាទាដែរ មានតែលោកលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសមកជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងាររបស់ខ្ញុំ។ ខ្ញុំបានចាត់លោកទីឃីកុសឲ្យទៅក្រុងអេភេសូរ។ ពេលអ្នកមក សូមយកអាវធំដែលខ្ញុំផ្ញើទុកនឹងលោកកាប៉ុស នៅក្រុងទ្រអាស និងយកសៀវភៅទាំងប៉ុន្មានមកជាមួយផង ជាពិសេសក្រាំងស្បែក។ លោកអ័លេក្សានត្រុសជាជាងស្មិត បានធ្វើបាបខ្ញុំជាច្រើន តែព្រះអម្ចាស់នឹងសងគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្ត។ អ្នកត្រូវប្រយ័ត្ននឹងគាត់ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្ដីដែលយើងប្រកាស។ ពេលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាម្នាក់ឈរខាងខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះកុំប្រកាន់ទោសគេឡើយ! ប៉ុន្តែ ព្រះអម្ចាស់ឈរខាងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយព្រះអង្គក៏បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ។ ព្រះអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់បែបយ៉ាង ហើយសង្គ្រោះខ្ញុំសម្រាប់ព្រះរាជ្យនៃស្ថានសួគ៌របស់ព្រះអង្គ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
២ ធីម៉ូថេ 4:9-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរលៃលកទៅរកខ្ញុំជាប្រញាប់។ លោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសទៅស្រុកដាល់ម៉ាទា។ មានតែលោកលូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។ ខ្ញុំបានចាត់លោកទីឃីកុសឲ្យទៅក្រុងអេភេសូ។ ពេលអ្នកចេញទៅ ចូរយកអាវធំដែលខ្ញុំទុកនៅផ្ទះលោកការប៉ុសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេស ក្រាំងស្បែក។ លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ ព្រះអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្តនោះជាមិនខាន។ អ្នកក៏ត្រូវប្រយ័ត្ននឹងគាត់ដែរ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្ដីដែលយើងប្រកាស។ ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយ!។ មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយឲ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ ព្រះអង្គក៏បានដោះលែងខ្ញុំឲ្យរួចពីមាត់សិង្ហដែរ។ ព្រះអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងសង្គ្រោះខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅក្នុងព្រះរាជ្យ*របស់ព្រះអង្គនៅស្ថានបរមសុខ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
២ ធីម៉ូថេ 4:9-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យខំប្រឹងទៅឯខ្ញុំជាប្រញាប់ ដ្បិតអ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយនេះ គាត់បានទៅឯក្រុងថែស្សាឡូនីចហើយ អ្នកក្រេសេនបានទៅឯស្រុកកាឡាទី ហើយអ្នកទីតុសក៏បានទៅឯស្រុកដាល់ម៉ាទា មានតែលោកលូកាប៉ុណ្ណោះទេ ដែលនៅជាមួយនឹងខ្ញុំ ចូរឲ្យអ្នកនាំម៉ាកុសទៅជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ ខ្ញុំបានចាត់អ្នកទីឃីកុស ឲ្យទៅឯក្រុងអេភេសូរ ដល់កាលណាអ្នកទៅឯខ្ញុំ នោះសូមយកអាវធំ ដែលខ្ញុំផ្ញើទុកនឹងអ្នកកាប៉ុស នៅក្រុងទ្រអាសទៅផង នឹងសៀវភៅទាំងប៉ុន្មានដែរ តែសូមយកក្រាំងស្បែកជាដើម ឯអ័លេក្សានត្រុស ជាជាងស្មិត គាត់បានធ្វើបាបខ្ញុំជាច្រើន តែព្រះអម្ចាស់ទ្រង់នឹងសងគាត់វិញ តាមការដែលគាត់ធ្វើ ចូរឲ្យអ្នកប្រុងប្រយ័តនឹងគាត់ដែរ ដ្បិតគាត់បានទាស់ទទឹងនឹងពាក្យសំដីយើងជាខ្លាំងណាស់។ កាលខ្ញុំបានដោះសាជាមុនដំបូង នោះគ្មានអ្នកណាឈរជាមួយនឹងខ្ញុំសោះ គេលះចោលខ្ញុំទាំងអស់គ្នា តែសូមកុំឲ្យព្រះរាប់សេចក្ដីនោះ ជាទោសដល់គេឡើយ ប៉ុន្តែ ព្រះអម្ចាស់ទ្រង់បានគង់ជាមួយនឹងខ្ញុំវិញ ព្រមទាំងចំរើនកំឡាំងផង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយទ្រង់បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ ព្រះអម្ចាស់ទ្រង់នឹងប្រោស ឲ្យខ្ញុំរួចពីគ្រប់ការអាក្រក់ទៅទៀត ទ្រង់នឹងថែរក្សាខ្ញុំ ទុកសំរាប់នគរទ្រង់នៅស្ថានសួគ៌ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។