២ ធីម៉ូថេ 4:8-22

២ ធីម៉ូថេ 4:8-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​សម្រាប់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ជា​ចៅ​ក្រម​ដ៏​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ ហើយ​មិន​មែន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះ‌អង្គ​នោះ​ដែរ។ ចូរ​ព្យាយាម​មក​រក​ខ្ញុំ​ជា​ប្រញាប់កុំ​ខាន ដ្បិត​លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ គាត់​បាន​ទៅ​ក្រុង​ថែស្សា‌ឡូនីច​ហើយ។ លោក​ក្រេ‌សេន​បាន​ទៅ​ស្រុក​កាឡាទី ហើយ​លោក​ទីតុស​ក៏​បាន​ទៅ​ស្រុក​ដាល់‌ម៉ាទា​ដែរ មាន​តែ​លោក​លូកា​ប៉ុណ្ណោះ​ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​មក​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការ‌ងារ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ចាត់​លោក​ទីឃី‌កុស​ឲ្យ​ទៅ​ក្រុង​អេភេ‌សូរ។ ពេល​អ្នក​មក សូម​យក​អាវ​ធំ​ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​លោក​កាប៉ុស នៅ​ក្រុង​ទ្រអាស និង​យក​សៀវភៅ​ទាំង​ប៉ុន្មាន​មក​ជាមួយ​ផង ជា​ពិសេស​ក្រាំង​ស្បែក។ លោក​អ័លេ‌ក្សានត្រុស​ជា​ជាង​ស្មិត បាន​ធ្វើ​បាប​ខ្ញុំ​ជា​ច្រើន តែ​ព្រះ‌អម្ចាស់​នឹង​សង​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត។ អ្នកត្រូវ​ប្រយ័ត្ន​នឹង​គាត់ ដ្បិត​គាត់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ដែល​យើង​ប្រកាស។ ពេល​ខ្ញុំ​ឆ្លើយ​ការ​ពារ​ខ្លួន​លើក​ដំបូង គ្មាន​អ្នក​ណា​ម្នាក់​ឈរ​ខាង​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះ​កុំ​ប្រកាន់​ទោស​គេ​ឡើយ! ប៉ុន្តែ ព្រះ‌អម្ចាស់​ឈរ​ខាង​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ‌សារ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ។ ព្រះ‌អម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​សង្គ្រោះ​ខ្ញុំ​សម្រាប់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​របស់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។ សូម​ជម្រាប​សួរ​នាង​ព្រី‌ស៊ីល និង​លោក​អ័គី‌ឡា ព្រម​ទាំង​ក្រុម​គ្រួសារលោក​អូនេ‌សិភ័រ​ផង។ លោក​អេរ៉ា‌ស្ទុស​បានស្នាក់​នៅ​ក្រុង​កូរិន‌ថូស ហើយ​ខ្ញុំ​បាន​ទុក​លោក​ទ្រភីម​នៅ​ក្រុង​មីលេត ព្រោះ​គាត់​ឈឺ។ ចូរ​ព្យាយាម​មក​ឲ្យ​បាន​មុន​រដូវ​រងាកុំ​បីខាន។ លោក​អ៊ើប៊ូ‌ឡុស លោក​ពូ‌ដេន លោក​លី‌ណុស លោក​ក្លូឌាស និង​ពួក​បង‌ប្អូន​ទាំង​អស់​គ្នា សូម​ជម្រាប​សួរមក​អ្នក។ សូម​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​គង់​ជា​មួយ​វិញ្ញាណ​របស់​អ្នក។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ចែក​រំលែក
អាន ២ ធីម៉ូថេ 4

២ ធីម៉ូថេ 4:8-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត​បាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សម្រាប់​ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក ព្រះអង្គ​មិន​ត្រឹម​តែ​ប្រទាន​ឲ្យ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់ ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​យាង​មក​យ៉ាង​ឱឡា‌រិក​នោះ​ដែរ។ ចូរ​លៃ‌លក​ទៅ​រក​ខ្ញុំ​ជា​ប្រញាប់។ លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​ថេស្សា‌ឡូនិក។ លោក​ក្រេសេន​បាន​ទៅ​ស្រុក​កាឡាទី ហើយ​លោក​ទីតុស​ទៅ​ស្រុក​ដាល់ម៉ា‌ទា។ មាន​តែ​លោក​លូកា​ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​អាច​ជួយ​បំពេញ​មុខងារ​របស់​ខ្ញុំ​បាន។ ខ្ញុំ​បាន​ចាត់​លោក​ទីឃី‌កុស​ឲ្យ​ទៅ​ក្រុង​អេភេសូ។ ពេល​អ្នក​ចេញ​ទៅ ចូរ​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នៅ​ផ្ទះ​លោក​ការ‌ប៉ុស​នៅ​ក្រុង​ត្រូអាស ព្រម​ទាំង​យក​សៀវភៅ​មក​ជា​មួយ​ផង ជា​ពិសេស ក្រាំង​ស្បែក។ លោក​អលេក្សាន‌ត្រុស​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ ព្រះ‌អម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ជា​មិន​ខាន។ អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​នឹង​គាត់​ដែរ ដ្បិត​គាត់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ដែល​យើង​ប្រកាស។ ពេល​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ​ដោះ‌សា​ខ្លួន នៅ​លើក​ទី​មួយ គ្មាន​បងប្អូន​ណា​ម្នាក់​មក​ជួយ​គាំទ្រ​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះ‌ជាម្ចាស់​កុំ​ប្រកាន់​ទោស​គេ​ឡើយ!។ មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​ព្រះ‌បន្ទូល​យ៉ាង​ក្បោះ‌ក្បាយ​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ ព្រះអង្គ​ក៏​បាន​ដោះ​លែង​ខ្ញុំ​ឲ្យ​រួច​ពី​មាត់​សិង្ហ​ដែរ។ ព្រះ‌អម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង ហើយ​ព្រះអង្គ​នឹង​សង្គ្រោះ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះអង្គ​នៅ​ស្ថាន​បរម‌សុខ។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។ សូម​ជម្រាប​សួរ​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា ព្រម​ទាំង​ក្រុម​គ្រួសារ​លោក​អូនេ‌ស៊ីភ័រ​ផង។ លោក​អេរ៉ា‌ស្ទុស​ស្នាក់​នៅ​ក្រុង​កូរិនថូស ហើយ​ខ្ញុំ​បាន​ទុក​លោក​ត្រូភីម ដែល​ឈឺ ឲ្យ​នៅ​ក្រុង​មីលេត។ ចូរ​លៃ‌លក​ទៅ​ឲ្យ​បាន​មុន​រដូវ​ត្រជាក់​កុំ​បី​ខាន។ លោក​អ៊ើប៊ូ‌ឡូស លោក​ពូដេន លោក​លីណូស នាង​ក្លូឌាស និង​បងប្អូន​ឯ​ទៀតៗ​ទាំង​អស់ សូម​ជម្រាប​សួរ​មក​អ្នក។ សូម​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​វិញ្ញាណ​របស់​អ្នក! សូម​ឲ្យ​បងប្អូន​ប្រកប​ដោយ​ព្រះ‌គុណ! អាម៉ែន។

ចែក​រំលែក
អាន ២ ធីម៉ូថេ 4

២ ធីម៉ូថេ 4:8-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ដ៏​ជា​ចៅ‌ក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ។ ចូរ​ឲ្យ​ខំ​ប្រឹង​ទៅ​ឯ​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​អ្នក​ដេម៉ាស​បាន​លះ​ចោល​ខ្ញុំ​ហើយ ដោយ​គាត់​ស្រឡាញ់​លោកីយ​នេះ គាត់​បាន​ទៅ​ឯ​ក្រុង​ថែស្សា‌ឡូនីច​ហើយ អ្នក​ក្រេសេន​បាន​ទៅ​ឯ​ស្រុក​កាឡាទី ហើយ​អ្នក​ទីតុស​ក៏​បាន​ទៅ​ឯ​ស្រុក​ដាល់ម៉ាទា មាន​តែ​លោក​លូកា​ប៉ុណ្ណោះ​ទេ ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ ចូរ​ឲ្យ​អ្នក​នាំ​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការ‌ងារ​ខ្ញុំ ខ្ញុំ​បាន​ចាត់​អ្នក​ទីឃី‌កុស ឲ្យ​ទៅ​ឯ​ក្រុង​អេភេសូរ ដល់​កាល​ណា​អ្នក​ទៅ​ឯ​ខ្ញុំ នោះ​សូម​យក​អាវ​ធំ ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​អ្នក​កាប៉ុស នៅ​ក្រុង​ទ្រអាស​ទៅ​ផង នឹង​សៀវភៅ​ទាំង​ប៉ុន្មាន​ដែរ តែ​សូម​យក​ក្រាំង​ស្បែក​ជា​ដើម ឯ​អ័លេ‌ក្សាន‌ត្រុស ជា​ជាង​ស្មិត គាត់​បាន​ធ្វើ​បាប​ខ្ញុំ​ជា​ច្រើន តែ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សង​គាត់​វិញ តាម​ការ​ដែល​គាត់​ធ្វើ ចូរ​ឲ្យ​អ្នក​ប្រុង​ប្រយ័ត​នឹង​គាត់​ដែរ ដ្បិត​គាត់​បាន​ទាស់​ទទឹង​នឹង​ពាក្យ​សំដី​យើង​ជា​ខ្លាំង​ណាស់។ កាល​ខ្ញុំ​បាន​ដោះ‌សា​ជា​មុន​ដំបូង នោះ​គ្មាន​អ្នក​ណា​ឈរ​ជា​មួយ​នឹង​ខ្ញុំ​សោះ គេ​លះ​ចោល​ខ្ញុំ​ទាំង​អស់​គ្នា តែ​សូម​កុំ​ឲ្យ​ព្រះ​រាប់​សេចក្ដី​នោះ ជា​ទោស​ដល់​គេ​ឡើយ ប៉ុន្តែ ព្រះ‌អម្ចាស់​ទ្រង់​បាន​គង់​ជា​មួយ​នឹង​ខ្ញុំ​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ផង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ‌សារ​ខ្ញុំ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រោស ឲ្យ​ខ្ញុំ​រួច​ពី​គ្រប់​ការ​អាក្រក់​ទៅ​ទៀត ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ទុក​សំរាប់​នគរ​ទ្រង់​នៅ​ស្ថាន‌សួគ៌ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។ សូម​ជំរាប​សួរ​ដល់​នាង​ព្រីស៊ីល នឹង​អ្នក​អ័គីឡា ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​អូនេសិភ័រ​ផង អ្នក​អេរ៉ា‌ស្ទុស​បាន​នៅ​ក្រុង​កូរិន‌ថូស ហើយ​ខ្ញុំ​បាន​ទុក​អ្នក​ទ្រភីម​ចោល ទាំង​ឈឺ​នៅ​ក្រុង​មីលេត ចូរ​ខំ​ប្រឹង​ទៅ​ឲ្យ​បាន​ដល់​មុន​រដូវ​រងា អ្នក​អ៊ើប៊ូ‌ល៉ុស អ្នក​ពូដេន អ្នក​លីណុស អ្នក​ក្លូឌាស ហើយ​ពួក​បង​ប្អូន​ទាំង​អស់​គ្នា សូម​ជំរាប​សួរ​ដល់​អ្នក។ សូម​ឲ្យ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ បាន​គង់​ជា​មួយ​នឹង​វិញ្ញាណ​អ្នក សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ចែក​រំលែក
អាន ២ ធីម៉ូថេ 4