២ ធីម៉ូថេ 4:1-5

២ ធីម៉ូថេ 4:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​សូម​ដាស់​តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់ នៅ​ចំពោះ​ព្រះ និងនៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ ហើយ​ដោយ​ការ​យាង​មក​របស់​ព្រះ‌អង្គ និង​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​ថា ចូរ​ប្រកាស​ព្រះ‌បន្ទូល ហើយ​ជំរុញ​ជានិច្ច ទោះ​ត្រូវ​ពេលក្ដី ខុស​ពេល​ក្តី ត្រូវ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន បន្ទោស ហើយ​ដាស់​តឿន ដោយ​ចិត្ត​អត់‌ធ្មត់ និង​បង្រៀន​គ្រប់​បែប​យ៉ាង។ ដ្បិត​នឹង​មាន​គ្រា​មួយ​មកដល់ ដែល​មនុស្ស​មិន​ទ្រាំទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត​របស់​គេ គេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត ហើយ​ទៅ​ស្ដាប់​រឿង​ព្រេង​វិញ។ តែឯ​អ្នក​វិញ ត្រូវ​មាន​គំនិត​នឹង​ធឹង​ក្នុង​គ្រប់​ការ​ទាំង​អស់ ត្រូវ​ទ្រាំទ្រនឹង​ទុក្ខ​លំបាក ត្រូវ​ធ្វើ​ការ​ជាអ្នក​ប្រកាស​ដំណឹង​ល្អ ព្រម​ទាំង​បំពេញ​ការ‌ងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង។

ចែក​រំលែក
អាន ២ ធីម៉ូថេ 4

២ ធីម៉ូថេ 4:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សុំ​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះគ្រិស្ត‌យេស៊ូ ដែល​នឹង​វិនិច្ឆ័យ​ទោស​ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ក្នុង​ព្រះ‌នាម​ព្រះអង្គ ដែល​យាង​មក​យ៉ាង​ឱឡា‌រិក ដើម្បី​គ្រង​រាជ្យនោះ​ថា ចូរ​ប្រកាស​ព្រះ‌បន្ទូល ព្រម​ទាំង​និយាយ​ហើយ​និយាយ​ទៀត ទោះ​មាន​ឱកាស​ល្អ​ក្ដី មិន​ល្អ​ក្ដី ត្រូវ​ពន្យល់​គេ​ឲ្យ​ដឹង​ខុស​ត្រូវ ស្ដី​បន្ទោស ដាស់‌តឿន និង​បង្រៀន​គេ ដោយ​ចិត្ត​អត់‌ធ្មត់​គ្រប់​ចំពូក ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​លោក​មិន​ព្រម​ស្ដាប់​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ គេ​រក​គ្រូ​មក​បង្រៀន​តាម​ទំនើង​ចិត្តរបស់​គេ គ្រាន់​តែ​ឲ្យ​ពីរោះ​ត្រចៀក​ប៉ុណ្ណោះ។ គេ​ងាក​ចេញ​ពី​សេចក្ដី​ពិត ហើយ​បែរ​ទៅ​ស្ដាប់​រឿង​ព្រេង​និទាន​វិញ។ ចំពោះ​អ្នក អ្នក​ត្រូវ​មាន​ស្មារតី​រឹង‌ប៉ឹង​គ្រប់​វិស័យ​ទាំង​អស់ ត្រូវ​ស៊ូ‌ទ្រាំ​នឹង​ទុក្ខ​លំបាក ត្រូវ​បំពេញ​កិច្ចការ​ជា​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ ព្រម​ទាំង​បំពេញ​មុខងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ផង។

ចែក​រំលែក
អាន ២ ធីម៉ូថេ 4

២ ធីម៉ូថេ 4:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ខ្ញុំ​ផ្តាំ​មក​អ្នក​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ នឹង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជំរះ ទាំង​មនុស្ស​រស់ នឹង​មនុស្ស​ស្លាប់​ផង គឺ​ផ្តាំ​ដោយ​អាង​ដំណើរ​ទ្រង់​យាង​មក នឹង​នគរ​ទ្រង់​ថា ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ‌បន្ទូល​ចុះ ហើយ​ទទូច​ជំរុញ​ផង ទោះ​ត្រូវ​ពេល ឬ​ខុស​ក្តី ចូរ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ព្រម​ទាំង​បន្ទោស ហើយ​កំឡា​ចិត្ត​គេ ដោយ​ចិត្ត​អត់‌ធ្មត់ នឹង​សេចក្ដី​ប្រៀន​ប្រដៅ​គ្រប់​យ៉ាង ដ្បិត​នឹង​មាន​គ្រា​មក ដែល​គេ​មិន​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម‌ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​នឹង​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត គេ​នឹង​ងាក​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត បែរ​ទៅ​តាម​រឿង​ព្រេង​វិញ តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹង‌ធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ ព្រម​ទាំង​បំពេញ​ការ‌ងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង

ចែក​រំលែក
អាន ២ ធីម៉ូថេ 4