២ ធីម៉ូថេ 4:1-22

២ ធីម៉ូថេ 4:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​សូម​ដាស់​តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់ នៅ​ចំពោះ​ព្រះ និងនៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ ហើយ​ដោយ​ការ​យាង​មក​របស់​ព្រះ‌អង្គ និង​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​ថា ចូរ​ប្រកាស​ព្រះ‌បន្ទូល ហើយ​ជំរុញ​ជានិច្ច ទោះ​ត្រូវ​ពេលក្ដី ខុស​ពេល​ក្តី ត្រូវ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន បន្ទោស ហើយ​ដាស់​តឿន ដោយ​ចិត្ត​អត់‌ធ្មត់ និង​បង្រៀន​គ្រប់​បែប​យ៉ាង។ ដ្បិត​នឹង​មាន​គ្រា​មួយ​មកដល់ ដែល​មនុស្ស​មិន​ទ្រាំទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត​របស់​គេ គេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត ហើយ​ទៅ​ស្ដាប់​រឿង​ព្រេង​វិញ។ តែឯ​អ្នក​វិញ ត្រូវ​មាន​គំនិត​នឹង​ធឹង​ក្នុង​គ្រប់​ការ​ទាំង​អស់ ត្រូវ​ទ្រាំទ្រនឹង​ទុក្ខ​លំបាក ត្រូវ​ធ្វើ​ការ​ជាអ្នក​ប្រកាស​ដំណឹង​ល្អ ព្រម​ទាំង​បំពេញ​ការ‌ងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង។ ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​បាន​ចាក់​បង្ហូរ ដូច​ជា​តង្វាយ​ច្រួច ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ។ ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​បញ្ចប់​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ហើយ​ខ្ញុំ​នៅ​តែ​រក្សា​ជំនឿ​ជាប់​ដដែល។ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​សម្រាប់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ជា​ចៅ​ក្រម​ដ៏​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ ហើយ​មិន​មែន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះ‌អង្គ​នោះ​ដែរ។ ចូរ​ព្យាយាម​មក​រក​ខ្ញុំ​ជា​ប្រញាប់កុំ​ខាន ដ្បិត​លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ គាត់​បាន​ទៅ​ក្រុង​ថែស្សា‌ឡូនីច​ហើយ។ លោក​ក្រេ‌សេន​បាន​ទៅ​ស្រុក​កាឡាទី ហើយ​លោក​ទីតុស​ក៏​បាន​ទៅ​ស្រុក​ដាល់‌ម៉ាទា​ដែរ មាន​តែ​លោក​លូកា​ប៉ុណ្ណោះ​ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​មក​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការ‌ងារ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ចាត់​លោក​ទីឃី‌កុស​ឲ្យ​ទៅ​ក្រុង​អេភេ‌សូរ។ ពេល​អ្នក​មក សូម​យក​អាវ​ធំ​ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​លោក​កាប៉ុស នៅ​ក្រុង​ទ្រអាស និង​យក​សៀវភៅ​ទាំង​ប៉ុន្មាន​មក​ជាមួយ​ផង ជា​ពិសេស​ក្រាំង​ស្បែក។ លោក​អ័លេ‌ក្សានត្រុស​ជា​ជាង​ស្មិត បាន​ធ្វើ​បាប​ខ្ញុំ​ជា​ច្រើន តែ​ព្រះ‌អម្ចាស់​នឹង​សង​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត។ អ្នកត្រូវ​ប្រយ័ត្ន​នឹង​គាត់ ដ្បិត​គាត់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ដែល​យើង​ប្រកាស។ ពេល​ខ្ញុំ​ឆ្លើយ​ការ​ពារ​ខ្លួន​លើក​ដំបូង គ្មាន​អ្នក​ណា​ម្នាក់​ឈរ​ខាង​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះ​កុំ​ប្រកាន់​ទោស​គេ​ឡើយ! ប៉ុន្តែ ព្រះ‌អម្ចាស់​ឈរ​ខាង​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ‌សារ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ។ ព្រះ‌អម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​សង្គ្រោះ​ខ្ញុំ​សម្រាប់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​របស់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។ សូម​ជម្រាប​សួរ​នាង​ព្រី‌ស៊ីល និង​លោក​អ័គី‌ឡា ព្រម​ទាំង​ក្រុម​គ្រួសារលោក​អូនេ‌សិភ័រ​ផង។ លោក​អេរ៉ា‌ស្ទុស​បានស្នាក់​នៅ​ក្រុង​កូរិន‌ថូស ហើយ​ខ្ញុំ​បាន​ទុក​លោក​ទ្រភីម​នៅ​ក្រុង​មីលេត ព្រោះ​គាត់​ឈឺ។ ចូរ​ព្យាយាម​មក​ឲ្យ​បាន​មុន​រដូវ​រងាកុំ​បីខាន។ លោក​អ៊ើប៊ូ‌ឡុស លោក​ពូ‌ដេន លោក​លី‌ណុស លោក​ក្លូឌាស និង​ពួក​បង‌ប្អូន​ទាំង​អស់​គ្នា សូម​ជម្រាប​សួរមក​អ្នក។ សូម​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​គង់​ជា​មួយ​វិញ្ញាណ​របស់​អ្នក។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ចែក​រំលែក
អាន ២ ធីម៉ូថេ 4

២ ធីម៉ូថេ 4:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សុំ​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះគ្រិស្ត‌យេស៊ូ ដែល​នឹង​វិនិច្ឆ័យ​ទោស​ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ក្នុង​ព្រះ‌នាម​ព្រះអង្គ ដែល​យាង​មក​យ៉ាង​ឱឡា‌រិក ដើម្បី​គ្រង​រាជ្យនោះ​ថា ចូរ​ប្រកាស​ព្រះ‌បន្ទូល ព្រម​ទាំង​និយាយ​ហើយ​និយាយ​ទៀត ទោះ​មាន​ឱកាស​ល្អ​ក្ដី មិន​ល្អ​ក្ដី ត្រូវ​ពន្យល់​គេ​ឲ្យ​ដឹង​ខុស​ត្រូវ ស្ដី​បន្ទោស ដាស់‌តឿន និង​បង្រៀន​គេ ដោយ​ចិត្ត​អត់‌ធ្មត់​គ្រប់​ចំពូក ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​លោក​មិន​ព្រម​ស្ដាប់​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ គេ​រក​គ្រូ​មក​បង្រៀន​តាម​ទំនើង​ចិត្តរបស់​គេ គ្រាន់​តែ​ឲ្យ​ពីរោះ​ត្រចៀក​ប៉ុណ្ណោះ។ គេ​ងាក​ចេញ​ពី​សេចក្ដី​ពិត ហើយ​បែរ​ទៅ​ស្ដាប់​រឿង​ព្រេង​និទាន​វិញ។ ចំពោះ​អ្នក អ្នក​ត្រូវ​មាន​ស្មារតី​រឹង‌ប៉ឹង​គ្រប់​វិស័យ​ទាំង​អស់ ត្រូវ​ស៊ូ‌ទ្រាំ​នឹង​ទុក្ខ​លំបាក ត្រូវ​បំពេញ​កិច្ចការ​ជា​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ ព្រម​ទាំង​បំពេញ​មុខងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ផង។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​បូជា​ជីវិត​រួច​ស្រេច​ហើយ ហើយ​ក៏​ដល់​ពេល​កំណត់ ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​លោក​នេះ​ដែរ។ ខ្ញុំ​បាន​ពុះ‌ពារ​តយុទ្ធ​ល្អ​ប្រសើរ ខ្ញុំ​បាន​រត់​ដល់​ទី‌ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល។ ឥឡូវ​នេះ ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត​បាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សម្រាប់​ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក ព្រះអង្គ​មិន​ត្រឹម​តែ​ប្រទាន​ឲ្យ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់ ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​យាង​មក​យ៉ាង​ឱឡា‌រិក​នោះ​ដែរ។ ចូរ​លៃ‌លក​ទៅ​រក​ខ្ញុំ​ជា​ប្រញាប់។ លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​ថេស្សា‌ឡូនិក។ លោក​ក្រេសេន​បាន​ទៅ​ស្រុក​កាឡាទី ហើយ​លោក​ទីតុស​ទៅ​ស្រុក​ដាល់ម៉ា‌ទា។ មាន​តែ​លោក​លូកា​ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​អាច​ជួយ​បំពេញ​មុខងារ​របស់​ខ្ញុំ​បាន។ ខ្ញុំ​បាន​ចាត់​លោក​ទីឃី‌កុស​ឲ្យ​ទៅ​ក្រុង​អេភេសូ។ ពេល​អ្នក​ចេញ​ទៅ ចូរ​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នៅ​ផ្ទះ​លោក​ការ‌ប៉ុស​នៅ​ក្រុង​ត្រូអាស ព្រម​ទាំង​យក​សៀវភៅ​មក​ជា​មួយ​ផង ជា​ពិសេស ក្រាំង​ស្បែក។ លោក​អលេក្សាន‌ត្រុស​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ ព្រះ‌អម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ជា​មិន​ខាន។ អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​នឹង​គាត់​ដែរ ដ្បិត​គាត់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ដែល​យើង​ប្រកាស។ ពេល​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ​ដោះ‌សា​ខ្លួន នៅ​លើក​ទី​មួយ គ្មាន​បងប្អូន​ណា​ម្នាក់​មក​ជួយ​គាំទ្រ​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះ‌ជាម្ចាស់​កុំ​ប្រកាន់​ទោស​គេ​ឡើយ!។ មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​ព្រះ‌បន្ទូល​យ៉ាង​ក្បោះ‌ក្បាយ​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ ព្រះអង្គ​ក៏​បាន​ដោះ​លែង​ខ្ញុំ​ឲ្យ​រួច​ពី​មាត់​សិង្ហ​ដែរ។ ព្រះ‌អម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង ហើយ​ព្រះអង្គ​នឹង​សង្គ្រោះ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះអង្គ​នៅ​ស្ថាន​បរម‌សុខ។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។ សូម​ជម្រាប​សួរ​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា ព្រម​ទាំង​ក្រុម​គ្រួសារ​លោក​អូនេ‌ស៊ីភ័រ​ផង។ លោក​អេរ៉ា‌ស្ទុស​ស្នាក់​នៅ​ក្រុង​កូរិនថូស ហើយ​ខ្ញុំ​បាន​ទុក​លោក​ត្រូភីម ដែល​ឈឺ ឲ្យ​នៅ​ក្រុង​មីលេត។ ចូរ​លៃ‌លក​ទៅ​ឲ្យ​បាន​មុន​រដូវ​ត្រជាក់​កុំ​បី​ខាន។ លោក​អ៊ើប៊ូ‌ឡូស លោក​ពូដេន លោក​លីណូស នាង​ក្លូឌាស និង​បងប្អូន​ឯ​ទៀតៗ​ទាំង​អស់ សូម​ជម្រាប​សួរ​មក​អ្នក។ សូម​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​វិញ្ញាណ​របស់​អ្នក! សូម​ឲ្យ​បងប្អូន​ប្រកប​ដោយ​ព្រះ‌គុណ! អាម៉ែន។

ចែក​រំលែក
អាន ២ ធីម៉ូថេ 4

២ ធីម៉ូថេ 4:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ខ្ញុំ​ផ្តាំ​មក​អ្នក​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ នឹង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជំរះ ទាំង​មនុស្ស​រស់ នឹង​មនុស្ស​ស្លាប់​ផង គឺ​ផ្តាំ​ដោយ​អាង​ដំណើរ​ទ្រង់​យាង​មក នឹង​នគរ​ទ្រង់​ថា ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ‌បន្ទូល​ចុះ ហើយ​ទទូច​ជំរុញ​ផង ទោះ​ត្រូវ​ពេល ឬ​ខុស​ក្តី ចូរ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ព្រម​ទាំង​បន្ទោស ហើយ​កំឡា​ចិត្ត​គេ ដោយ​ចិត្ត​អត់‌ធ្មត់ នឹង​សេចក្ដី​ប្រៀន​ប្រដៅ​គ្រប់​យ៉ាង ដ្បិត​នឹង​មាន​គ្រា​មក ដែល​គេ​មិន​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម‌ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​នឹង​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត គេ​នឹង​ងាក​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត បែរ​ទៅ​តាម​រឿង​ព្រេង​វិញ តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹង‌ធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ ព្រម​ទាំង​បំពេញ​ការ‌ងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​ច្រួច​ចេញ ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ ខ្ញុំ​បាន​ត‌យុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្ដី​ជំនឿ​ទៅ​ហើយ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ដ៏​ជា​ចៅ‌ក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ។ ចូរ​ឲ្យ​ខំ​ប្រឹង​ទៅ​ឯ​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​អ្នក​ដេម៉ាស​បាន​លះ​ចោល​ខ្ញុំ​ហើយ ដោយ​គាត់​ស្រឡាញ់​លោកីយ​នេះ គាត់​បាន​ទៅ​ឯ​ក្រុង​ថែស្សា‌ឡូនីច​ហើយ អ្នក​ក្រេសេន​បាន​ទៅ​ឯ​ស្រុក​កាឡាទី ហើយ​អ្នក​ទីតុស​ក៏​បាន​ទៅ​ឯ​ស្រុក​ដាល់ម៉ាទា មាន​តែ​លោក​លូកា​ប៉ុណ្ណោះ​ទេ ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ ចូរ​ឲ្យ​អ្នក​នាំ​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការ‌ងារ​ខ្ញុំ ខ្ញុំ​បាន​ចាត់​អ្នក​ទីឃី‌កុស ឲ្យ​ទៅ​ឯ​ក្រុង​អេភេសូរ ដល់​កាល​ណា​អ្នក​ទៅ​ឯ​ខ្ញុំ នោះ​សូម​យក​អាវ​ធំ ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​អ្នក​កាប៉ុស នៅ​ក្រុង​ទ្រអាស​ទៅ​ផង នឹង​សៀវភៅ​ទាំង​ប៉ុន្មាន​ដែរ តែ​សូម​យក​ក្រាំង​ស្បែក​ជា​ដើម ឯ​អ័លេ‌ក្សាន‌ត្រុស ជា​ជាង​ស្មិត គាត់​បាន​ធ្វើ​បាប​ខ្ញុំ​ជា​ច្រើន តែ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សង​គាត់​វិញ តាម​ការ​ដែល​គាត់​ធ្វើ ចូរ​ឲ្យ​អ្នក​ប្រុង​ប្រយ័ត​នឹង​គាត់​ដែរ ដ្បិត​គាត់​បាន​ទាស់​ទទឹង​នឹង​ពាក្យ​សំដី​យើង​ជា​ខ្លាំង​ណាស់។ កាល​ខ្ញុំ​បាន​ដោះ‌សា​ជា​មុន​ដំបូង នោះ​គ្មាន​អ្នក​ណា​ឈរ​ជា​មួយ​នឹង​ខ្ញុំ​សោះ គេ​លះ​ចោល​ខ្ញុំ​ទាំង​អស់​គ្នា តែ​សូម​កុំ​ឲ្យ​ព្រះ​រាប់​សេចក្ដី​នោះ ជា​ទោស​ដល់​គេ​ឡើយ ប៉ុន្តែ ព្រះ‌អម្ចាស់​ទ្រង់​បាន​គង់​ជា​មួយ​នឹង​ខ្ញុំ​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ផង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ‌សារ​ខ្ញុំ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រោស ឲ្យ​ខ្ញុំ​រួច​ពី​គ្រប់​ការ​អាក្រក់​ទៅ​ទៀត ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ទុក​សំរាប់​នគរ​ទ្រង់​នៅ​ស្ថាន‌សួគ៌ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។ សូម​ជំរាប​សួរ​ដល់​នាង​ព្រីស៊ីល នឹង​អ្នក​អ័គីឡា ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​អូនេសិភ័រ​ផង អ្នក​អេរ៉ា‌ស្ទុស​បាន​នៅ​ក្រុង​កូរិន‌ថូស ហើយ​ខ្ញុំ​បាន​ទុក​អ្នក​ទ្រភីម​ចោល ទាំង​ឈឺ​នៅ​ក្រុង​មីលេត ចូរ​ខំ​ប្រឹង​ទៅ​ឲ្យ​បាន​ដល់​មុន​រដូវ​រងា អ្នក​អ៊ើប៊ូ‌ល៉ុស អ្នក​ពូដេន អ្នក​លីណុស អ្នក​ក្លូឌាស ហើយ​ពួក​បង​ប្អូន​ទាំង​អស់​គ្នា សូម​ជំរាប​សួរ​ដល់​អ្នក។ សូម​ឲ្យ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ បាន​គង់​ជា​មួយ​នឹង​វិញ្ញាណ​អ្នក សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ចែក​រំលែក
អាន ២ ធីម៉ូថេ 4