២ ធីម៉ូថេ 3:10-17
២ ធីម៉ូថេ 3:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ អ្នកបានស្គាល់សេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយារបស់ខ្ញុំ បំណងចិត្ត ជំនឿ ការអត់ធ្មត់ សេចក្ដីស្រឡាញ់ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ ក៏ឃើញការដែលគេបៀតបៀនខ្ញុំ និងទុក្ខលំបាកដែលបានកើតមានដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា គឺការបៀតបៀនដែលខ្ញុំស៊ូទ្រាំ តែព្រះអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតពីគ្រប់ទាំងអស់។ អស់អ្នកដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវគេរបៀតបៀនដូច្នេះឯង រីឯមនុស្សអាក្រក់ និងពួកបោកប្រាស់ គេចេះតែប្រព្រឹត្តអាក្រក់កាន់តែខ្លាំងឡើងៗ ទាំងនាំមនុស្សឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ តែឯអ្នកវិញ ចូរនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន ហើយបានជឿយ៉ាងមាំនោះចុះ ដោយដឹងថា អ្នកបានរៀនសេចក្ដីនោះពីអ្នកណា ហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរបរិសុទ្ធ ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលការសង្គ្រោះ តាមរយៈជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។ គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។
២ ធីម៉ូថេ 3:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះអ្នកវិញ អ្នកបានយកចិត្តទុកដាក់ស្ដាប់ខ្ញុំ នៅពេលដែលខ្ញុំបង្រៀន អ្នកបានឃើញកិរិយារបស់ខ្ញុំ ឃើញគម្រោងការ ជំនឿ ការអត់ធ្មត់ ការស្រឡាញ់ និងការស៊ូទ្រាំរបស់ខ្ញុំ អ្នកបានឃើញគេបៀតបៀនខ្ញុំ និងឃើញទុក្ខលំបាកដែលកើតមានដល់ខ្ញុំ នៅក្រុងអន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ដ្រា។ ខ្ញុំបានរងទុក្ខវេទនាដោយគេបៀតបៀនយ៉ាងខ្លាំង ក៏ប៉ុន្តែ ព្រះអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតទាំងអស់។ អស់អ្នកដែលចង់រស់នៅ ដោយគោរពប្រណិប័តន៍ព្រះជាម្ចាស់ក្នុងព្រះគ្រិស្តយេស៊ូ មុខជាត្រូវគេបៀតបៀនដូច្នេះឯង។ រីឯមនុស្សអាក្រក់ និងអ្នកបោកប្រាស់វិញ គេចេះតែប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ ទាំងនាំអ្នកផ្សេងឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ ចំពោះអ្នក ត្រូវកាន់តាមសេចក្ដីដែលអ្នកបានរៀន និងយកធ្វើជាគោលជំនឿ ឲ្យខ្ជាប់ខ្ជួនឡើង! អ្នកដឹងច្បាស់ហើយថា អ្នកបានរៀនសេចក្ដីទាំងនេះពីនរណាមក!។ អ្នកស្គាល់ព្រះគម្ពីរតាំងតែពីនៅកុមារម៉្លេះ ហើយព្រះគម្ពីរអាចផ្ដល់ឲ្យអ្នកមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើព្រះគ្រិស្តយេស៊ូ។ គ្រប់អត្ថបទគម្ពីរសុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺឲ្យតែង និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំឲ្យរស់តាមសេចក្ដីសុចរិត ក្នុងគោលបំណងឲ្យអ្នកបម្រើរបស់ព្រះជាម្ចាស់មានសមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្តអំពើល្អគ្រប់ចំពូក។
២ ធីម៉ូថេ 3:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែចំណែកអ្នក អ្នកបានស្គាល់គ្រប់សេចក្ដីដែលខ្ញុំបង្រៀន កិរិយាដែលប្រព្រឹត្ត នឹងបំណងចិត្ត សេចក្ដីជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ ព្រមទាំងការដែលគេបៀតបៀនដល់ខ្ញុំ នឹងសេចក្ដីទុក្ខលំបាករបស់ខ្ញុំដែរ ជាការដែលកើតដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម នឹងក្រុងលីស្ត្រា ក៏ស្គាល់សេចក្ដីបៀតបៀនជាយ៉ាងណា ដែលខ្ញុំទ្រាំទ្រនោះដែរ តែក្នុងការទាំងនោះ ព្រះអម្ចាស់ទ្រង់បានប្រោសឲ្យខ្ញុំរួចវិញ ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ ហើយពួកអាក្រក់ នឹងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា អ្នកបានរៀនសេចក្ដីនោះពីអ្នកណា ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ។