២ ធីម៉ូថេ 2:8-13

២ ធីម៉ូថេ 2:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​នឹក​ចាំ​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​រាជវង្សព្រះ​បាទ​ដាវីឌ ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​បានប្រកាស ដ្បិត​ខ្ញុំ​រង​ទុក្ខលំបាក ទាំង​ជាប់​ចំណង​ដូច​មនុស្ស​អាក្រក់ ព្រោះ​តែ​ដំណឹង​ល្អ​នេះ ប៉ុន្តែ ព្រះ‌បន្ទូលរបស់​ព្រះ​មិន​បាន​ជាប់​ចំណង​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស៊ូទ្រាំ​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​យល់​ដល់​ពួក​រើស​តាំង ដើម្បី​ឲ្យ​គេ​បានការ​សង្គ្រោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ទាំង​មាន​សិរី‌ល្អ​នៅ​អស់​កល្ប​ជានិច្ច។ ពាក្យ​នេះ​ពិត​ប្រាកដ​មែន គឺ​ថា ប្រសិន‌បើ​យើង​បាន​ស្លាប់​ជា​មួយ​ព្រះ‌អង្គ យើង​ក៏​នឹង​រស់​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ប្រសិន‌បើ​យើង​ស៊ូ​ទ្រាំ យើង​នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះ‌អង្គ ប្រសិន‌បើ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​យើង​វិញ​ដែរ។ ប្រសិន‌បើ​យើង​មិន​ស្មោះ​ត្រង់ ព្រះ‌អង្គ​នៅ​តែ​ស្មោះ​ត្រង់​ដដែល ដ្បិត​ព្រះ‌អង្គ​ពុំ​អាច​បដិសេធ​ព្រះ‌អង្គ​ទ្រង់​បាន​ឡើយ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 2

២ ធីម៉ូថេ 2:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​នឹក​ដល់​ព្រះ‌យេស៊ូ​គ្រិស្ត ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ជាប់​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។ ខ្ញុំ​រង‌ទុក្ខ​លំបាក​ព្រោះ​តែ​ដំណឹង‌ល្អ​នេះ រហូត​ដល់​ត្រូវ​គេ​ចាប់​ចង ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។ រីឯ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​វិញ គេ​ពុំ​អាច​ចាប់​ចង​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​គ្រប់​យ៉ាង ដោយ​យល់​ដល់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​សង្គ្រោះ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ព្រម​ទាំង​ទទួល​សិរី‌រុងរឿង​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​នោះ​ដែរ។ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថា: ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ យើង​ក៏​នឹង​មាន​ជីវិត​រស់ រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ប្រសិន​បើ​យើង​ស៊ូ‌ទ្រាំ យើង​នឹង​បាន​គ្រង​រាជ្យ​ជា​មួយ​ព្រះអង្គ។ ប្រសិន​បើ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ ព្រះអង្គ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់ យើង​វិញ​ដែរ។ ប្រសិន​បើ​យើង​មិន​ស្មោះ​ត្រង់ ព្រះអង្គ​នៅ​តែ​ស្មោះ​ត្រង់​ដដែល ដ្បិត​ព្រះអង្គ​ពុំ​អាច​បដិសេធ​ព្រះអង្គ​ផ្ទាល់ ឡើយ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 2

២ ធីម៉ូថេ 2:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​នឹក​ចាំ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ផ្សាយ​ប្រាប់ ហើយ​ខ្ញុំ​រង​ទុក្ខ ទាំង​ជាប់​ចំណង​ដូច​ជា​មនុស្ស​អាក្រក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ប៉ុន្តែ ព្រះ‌បន្ទូល​មិន​បាន​ជាប់​ចំណង​ទេ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទ្រាំ‌ទ្រ​នឹង​គ្រប់​ការ​ទាំង​អស់ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​រើស​តាំង ឲ្យ​គេ​បាន​សេចក្ដី​សង្គ្រោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ព្រម​ទាំង​មាន​សិរី‌ល្អ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​ផង ពាក្យ​នេះ​គួរ​ជឿ​ពិត ដ្បិត​បើ​យើង​បាន​ស្លាប់​ជា​មួយ​នឹង​ទ្រង់ នោះ​យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ បើ​យើង​ទ្រាំ‌ទ្រ នោះ​យើង​នឹង​សោយ‌រាជ្យ​ជា​មួយ​នឹង​ទ្រង់ តែ​បើ​យើង​មិន​ព្រម​ទទួល​ស្គាល់​ទ្រង់​ទេ នោះ​ទ្រង់​ក៏​មិន​ព្រម​ទទួល​ស្គាល់​យើង​ដែរ បើ​ទុក​ជា​យើង​មិន​ស្មោះ‌ត្រង់​ក៏​ដោយ គង់​តែ​ទ្រង់​នៅ​ស្មោះ‌ត្រង់​ដដែល ទ្រង់​ធ្វើ​ជា​មិន​ស្គាល់​ព្រះ‌អង្គ​ទ្រង់​មិន​បាន​ទេ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 2