២ ធីម៉ូថេ 2:22-26
២ ធីម៉ូថេ 2:22-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរគេចចេញឲ្យផុតពីតណ្ហាយុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលអំពាវនាវរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធវិញ។ កុំស្តាប់ការជជែកដេញដោលដ៏ល្ងង់ខ្លៅ ហើយផ្ដេសផ្ដាសនោះឡើយ ដោយដឹងថា សេចក្ដីទាំងនោះបង្កឲ្យមានតែការឈ្លោះប្រកែកប៉ុណ្ណោះ។ អ្នកបម្រើរបស់ព្រះអម្ចាស់ មិនត្រូវឈ្លោះប្រកែកគ្នាឡើយ គឺត្រូវមានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ ត្រូវប្រដៅតម្រង់ពួកអ្នកប្រឆាំងដោយចិត្តស្លូតបូត ក្រែងព្រះប្រោសប្រទានឲ្យគេប្រែចិត្ត និងឲ្យគេស្គាល់សេចក្ដីពិត ហើយឲ្យគេភ្ញាក់ដឹងខ្លួន ចេញពីអន្ទាក់របស់អារក្ស ដែលបានចាប់គេឲ្យធ្វើតាមបំណងរបស់វា។
២ ធីម៉ូថេ 2:22-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរគេចចេញឲ្យផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលគោរពព្រះអម្ចាស់ដោយចិត្តបរិសុទ្ធ*នោះវិញ។ ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះបង្កឲ្យតែមានជម្លោះប៉ុណ្ណោះ រីឯអ្នកបម្រើរបស់ព្រះអម្ចាស់មិនត្រូវឲ្យមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និងអធ្យាស្រ័យដល់គេ ត្រូវមានចិត្តស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោព្រះជាម្ចាស់នឹងប្រោសប្រទានឲ្យគេកែប្រែចិត្តគំនិត ដើម្បីឲ្យគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ព្រមទាំងភ្ញាក់ស្មារតីឡើងវិញ ហើយដោះខ្លួនរួចពីអន្ទាក់របស់មារ* ដែលបានចាប់ចងគេ បង្ខំឲ្យធ្វើតាមបំណងរបស់វា។
២ ធីម៉ូថេ 2:22-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ កុំឲ្យព្រមស្តាប់សេចក្ដីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្ដីទាំងនោះនាំឲ្យមានសេចក្ដីឈ្លោះប្រកែកគ្នាទេ ក៏មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្តាលឲ្យគេប្រែចិត្ត ឲ្យបានស្តាប់សេចក្ដីពិតវិញ ហើយគេនឹងភ្ញាក់ដឹងខ្លួនឡើង ចេញផុតពីអន្ទាក់របស់អារក្ស ដែលវាបានចាប់គេប្រើតាមចិត្តនោះ។