២ ធីម៉ូថេ 2:16-23
២ ធីម៉ូថេ 2:16-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ ត្រូវចៀសវាងពាក្យសម្ដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នាំឲ្យមនុស្សកើតមានសេចក្ដីទមិឡល្មើស កាន់តែច្រើនឡើងៗ ហើយសម្ដីរបស់គេស៊ីរូងដូចជាដំបៅក្លាយ។ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេនាស និងភីលេត ជាអ្នកដែលបានឃ្លាតចេញពីសេចក្ដីពិត ដោយពោលថា ការរស់ឡើងវិញបានកើតឡើងរួចទៅហើយ ហើយគេកំពុងតែបង្វែរអ្នកខ្លះចេញពីជំនឿ។ ប៉ុន្តែ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានត្រាចារឹកថា «ព្រះអម្ចាស់ស្គាល់អស់អ្នកដែលជារបស់ព្រះអង្គ» ហើយថា «ចូរឲ្យអស់អ្នកដែលហៅព្រះនាមព្រះអម្ចាស់ ថយចេញពីអំពើទុច្ចរិតទៅ» ។ នៅក្នុងផ្ទះមួយដ៏ធំ មិនមែនមានសុទ្ធតែគ្រឿងប្រដាប់ធ្វើពីមាស និងពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ ហើយពីដីដែរ ខ្លះសម្រាប់ប្រើប្រាស់ក្នុងឱកាសពិសេសៗ ខ្លះសម្រាប់ប្រើប្រាស់ធម្មតា។ ដូច្នេះ ប្រសិនបើអ្នកណាបានសម្អាតខ្លួនពីអំពើអាក្រក់ អ្នកនោះនឹងត្រឡប់ជាគ្រឿងប្រដាប់ដ៏វិសេស ដោយបានញែកជាបរិសុទ្ធ មានប្រយោជន៍ដល់ម្ចាស់ ជាគ្រឿងប្រដាប់ដែលបានរៀបចំជាស្រេច សម្រាប់ការល្អគ្រប់ជំពូក។ ចូរគេចចេញឲ្យផុតពីតណ្ហាយុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលអំពាវនាវរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធវិញ។ កុំស្តាប់ការជជែកដេញដោលដ៏ល្ងង់ខ្លៅ ហើយផ្ដេសផ្ដាសនោះឡើយ ដោយដឹងថា សេចក្ដីទាំងនោះបង្កឲ្យមានតែការឈ្លោះប្រកែកប៉ុណ្ណោះ។
២ ធីម៉ូថេ 2:16-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ត្រូវចៀសវាងពាក្យព្រោកប្រាជ្ញដែលគ្មានន័យ គ្មានខ្លឹមសារ ដ្បិតពួកអ្នកចូលចិត្តពាក្យព្រោកប្រាជ្ញបែបនេះ តែងតែឃ្លាតចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ។ ពាក្យសម្ដីរបស់ពួកគេប្រៀបបីដូចជាដំបៅ ស៊ីរូងកាន់តែជ្រៅទៅៗ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេនាស និងភីលេត។ អ្នកទាំងពីរបានឃ្លាតឆ្ងាយពីសេចក្ដីពិត ដោយពោលថា មនុស្សស្លាប់បានរស់ឡើងវិញរួចហើយ គេក៏បានបង្វែរបងប្អូនខ្លះឲ្យលះបង់ជំនឿ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏គ្រឹះដ៏មាំដែលព្រះជាម្ចាស់បានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសម្គាល់ថា: «ព្រះអម្ចាស់ស្គាល់កូនចៅរបស់ព្រះអង្គ» ហើយ «អ្នកណាប្រកាសថាខ្លួនគោរព ព្រះនាមព្រះអម្ចាស់ អ្នកនោះត្រូវតែងាកចេញ ឲ្យផុតពីអំពើទុច្ចរិត» ។ នៅក្នុងផ្ទះមួយដ៏ធំមិនមែនមានតែគ្រឿងប្រដាប់ធ្វើពីមាស ឬពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ និងធ្វើពីដីដែរ មួយផ្នែកសម្រាប់ប្រើប្រាស់ក្នុងឱកាសពិសេស មួយផ្នែកទៀតសម្រាប់ប្រើប្រាស់ជាធម្មតា។ ដូច្នេះ ប្រសិនបើអ្នកណាម្នាក់ជម្រះខ្លួនបានបរិសុទ្ធ ផុតពីអំពើអាក្រក់ទាំងនេះហើយ ព្រះជាម្ចាស់នឹងប្រើអ្នកនោះទុកដូចជាឧបករណ៍វិសេសវិសុទ្ធ*មានប្រយោជន៍ដល់ម្ចាស់ និងប្រើប្រាស់សម្រាប់ធ្វើអំពើល្អគ្រប់យ៉ាង។ ចូរគេចចេញឲ្យផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលគោរពព្រះអម្ចាស់ដោយចិត្តបរិសុទ្ធ*នោះវិញ។ ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះបង្កឲ្យតែមានជម្លោះប៉ុណ្ណោះ
២ ធីម៉ូថេ 2:16-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែត្រូវចៀសចេញពីពាក្យសំដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នឹងនាំឲ្យចំរើនសេចក្ដីទមិលល្មើស កាន់តែច្រើនឡើងទេ ហើយសំដីគេនឹងស៊ីរូងដូចជាដំបៅក្លាយ ក្នុងពួកនោះមានឈ្មោះហ៊ីមេនាស នឹងភីលេត ដែលបានជ្រួសហួសចេញពីសេចក្ដីពិត ទាំងនិយាយថា សេចក្ដីរស់ឡើងវិញបានកន្លងទៅហើយ គេក៏បង្ខូចសេចក្ដីជំនឿរបស់អ្នកខ្លះដែរ ប៉ុន្តែ ឯឫសមាំមួនរបស់ព្រះ នោះធន់នៅវិញ ដោយបានបោះត្រាថា ព្រះអម្ចាស់ទ្រង់ស្គាល់អស់អ្នកដែលជារបស់ផងទ្រង់ ហើយថា ចូរឲ្យអស់អ្នក ដែលចេញព្រះនាមព្រះអម្ចាស់ ថយចេញពីសេចក្ដីទុច្ចរិតទៅ នៅក្នុងផ្ទះធំ មិនមែនមានសុទ្ធតែគ្រឿងប្រដាប់មាសប្រាក់ម្យ៉ាងទេ គឺមានប្រដាប់ធ្វើពីឈើ ហើយពីដីដែរ ខ្លះសំរាប់ការប្រសើរ ខ្លះសំរាប់ការអាប់ឱនវិញ ដូច្នេះ បើអ្នកណាបានសំអាតខ្លួន ពីសេចក្ដីទាំងនោះ អ្នកនោះនឹងបានជាប្រដាប់សំរាប់ការប្រសើរ ដោយបានញែកជាបរិសុទ្ធហើយ ក៏មានប្រយោជន៍ដល់ម្ចាស់ផង ទុកជាប្រដាប់ដែលបានរៀបចំ សំរាប់ការល្អគ្រប់ជំពូក។ ចូរឲ្យរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ កុំឲ្យព្រមស្តាប់សេចក្ដីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្ដីទាំងនោះនាំឲ្យមានសេចក្ដីឈ្លោះប្រកែកគ្នាទេ