២ ធីម៉ូថេ 2:14-19
២ ធីម៉ូថេ 2:14-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូររំឭកគេពីសេចក្ដីទាំងនេះ ហើយហាមគេយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះ កុំឲ្យឈ្លោះប្រកែកគ្នាពីន័យពាក្យ ដែលជាការឥតប្រយោជន៍ឡើយ គឺមានតែនាំឲ្យពួកអ្នកស្តាប់អន្តរាយប៉ុណ្ណោះ។ ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។ ប៉ុន្ដែ ត្រូវចៀសវាងពាក្យសម្ដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នាំឲ្យមនុស្សកើតមានសេចក្ដីទមិឡល្មើស កាន់តែច្រើនឡើងៗ ហើយសម្ដីរបស់គេស៊ីរូងដូចជាដំបៅក្លាយ។ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេនាស និងភីលេត ជាអ្នកដែលបានឃ្លាតចេញពីសេចក្ដីពិត ដោយពោលថា ការរស់ឡើងវិញបានកើតឡើងរួចទៅហើយ ហើយគេកំពុងតែបង្វែរអ្នកខ្លះចេញពីជំនឿ។ ប៉ុន្តែ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានត្រាចារឹកថា «ព្រះអម្ចាស់ស្គាល់អស់អ្នកដែលជារបស់ព្រះអង្គ» ហើយថា «ចូរឲ្យអស់អ្នកដែលហៅព្រះនាមព្រះអម្ចាស់ ថយចេញពីអំពើទុច្ចរិតទៅ» ។
២ ធីម៉ូថេ 2:14-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកត្រូវរំឭកដាស់តឿនបងប្អូន ទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ឲ្យគេចៀសវាងឈ្លោះប្រកែកគ្នាអំពីពាក្យពេចន៍ ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្តរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។ ចូរខំប្រឹងធ្វើយ៉ាងណាឲ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងចូលជិតព្រះអង្គ ក្នុងឋានៈជាកម្មករ ដែលគ្មានអ្វីនាំឲ្យអៀនខ្មាស ព្រោះខ្លួនបានចែកផ្សាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។ ត្រូវចៀសវាងពាក្យព្រោកប្រាជ្ញដែលគ្មានន័យ គ្មានខ្លឹមសារ ដ្បិតពួកអ្នកចូលចិត្តពាក្យព្រោកប្រាជ្ញបែបនេះ តែងតែឃ្លាតចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ។ ពាក្យសម្ដីរបស់ពួកគេប្រៀបបីដូចជាដំបៅ ស៊ីរូងកាន់តែជ្រៅទៅៗ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេនាស និងភីលេត។ អ្នកទាំងពីរបានឃ្លាតឆ្ងាយពីសេចក្ដីពិត ដោយពោលថា មនុស្សស្លាប់បានរស់ឡើងវិញរួចហើយ គេក៏បានបង្វែរបងប្អូនខ្លះឲ្យលះបង់ជំនឿ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏គ្រឹះដ៏មាំដែលព្រះជាម្ចាស់បានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសម្គាល់ថា: «ព្រះអម្ចាស់ស្គាល់កូនចៅរបស់ព្រះអង្គ» ហើយ «អ្នកណាប្រកាសថាខ្លួនគោរព ព្រះនាមព្រះអម្ចាស់ អ្នកនោះត្រូវតែងាកចេញ ឲ្យផុតពីអំពើទុច្ចរិត» ។
២ ធីម៉ូថេ 2:14-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូររំឭកគេពីសេចក្ដីទាំងនេះ ហើយហាមប្រាមគេដោយដាច់ខាត នៅចំពោះព្រះអម្ចាស់ថា កុំឲ្យជជែកគ្នាពីន័យពាក្យ ដែលជាការឥតប្រយោជន៍ ហើយក៏នាំពួកអ្នកដែលស្តាប់ ឲ្យវង្វេងផងនោះឡើយ ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ តែត្រូវចៀសចេញពីពាក្យសំដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នឹងនាំឲ្យចំរើនសេចក្ដីទមិលល្មើស កាន់តែច្រើនឡើងទេ ហើយសំដីគេនឹងស៊ីរូងដូចជាដំបៅក្លាយ ក្នុងពួកនោះមានឈ្មោះហ៊ីមេនាស នឹងភីលេត ដែលបានជ្រួសហួសចេញពីសេចក្ដីពិត ទាំងនិយាយថា សេចក្ដីរស់ឡើងវិញបានកន្លងទៅហើយ គេក៏បង្ខូចសេចក្ដីជំនឿរបស់អ្នកខ្លះដែរ ប៉ុន្តែ ឯឫសមាំមួនរបស់ព្រះ នោះធន់នៅវិញ ដោយបានបោះត្រាថា ព្រះអម្ចាស់ទ្រង់ស្គាល់អស់អ្នកដែលជារបស់ផងទ្រង់ ហើយថា ចូរឲ្យអស់អ្នក ដែលចេញព្រះនាមព្រះអម្ចាស់ ថយចេញពីសេចក្ដីទុច្ចរិតទៅ