២ ធីម៉ូថេ 2:1-26 - ប្រៀបធៀបគ្រប់កំណែ
២ ធីម៉ូថេ 2:1-26 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើង ដោយពឹងផ្អែកលើព្រះគុណដែលយើងមានដោយរួមជាមួយព្រះគ្រិស្តយេស៊ូ។ សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់ឲ្យបងប្អូនណាដែលស្មោះត្រង់ និងមានសមត្ថភាពអាចបង្រៀនបន្តទៅអ្នកផ្សេងទៀតចុះ។ ចូររួមរងទុក្ខលំបាក ក្នុងឋានៈជាទាហានដ៏ល្អរបស់ព្រះគ្រិស្តយេស៊ូ។ ពេលទាហានចេញទៅច្បាំង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណាឲ្យអ្នកដែលកេណ្ឌខ្លួនពេញចិត្ត។ រីឯកីឡាករវិញ គេអាចទទួលភួងជ័យបាន លុះត្រាតែគេប្រកួតត្រឹមត្រូវតាមក្បួន។ កសិករដែលបានធ្វើការយ៉ាងនឿយហត់ ត្រូវតែទទួលភោគផលមុនគេ។ ចូរពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនិយាយនេះ ដ្បិតព្រះអម្ចាស់នឹងប្រទានឲ្យអ្នកមានប្រាជ្ញាអាចយល់បានទាំងអស់។ ចូរនឹកដល់ព្រះយេស៊ូគ្រិស្ត ដែលមានព្រះជន្មរស់ឡើងវិញ ព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ខ្ញុំរងទុក្ខលំបាកព្រោះតែដំណឹងល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្តអំពើអាក្រក់។ រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ គេពុំអាចចាប់ចងឡើយ។ ហេតុនេះហើយបានជាខ្ញុំសុខចិត្តស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ ព្រមទាំងទទួលសិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។ ពាក្យនេះគួរឲ្យជឿ គឺថា: ប្រសិនបើយើងរួមស្លាប់ជាមួយព្រះអង្គ យើងក៏នឹងមានជីវិតរស់ រួមជាមួយព្រះអង្គដែរ។ ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យជាមួយព្រះអង្គ។ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់ យើងវិញដែរ។ ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គផ្ទាល់ ឡើយ។ អ្នកត្រូវរំឭកដាស់តឿនបងប្អូន ទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ឲ្យគេចៀសវាងឈ្លោះប្រកែកគ្នាអំពីពាក្យពេចន៍ ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្តរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។ ចូរខំប្រឹងធ្វើយ៉ាងណាឲ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងចូលជិតព្រះអង្គ ក្នុងឋានៈជាកម្មករ ដែលគ្មានអ្វីនាំឲ្យអៀនខ្មាស ព្រោះខ្លួនបានចែកផ្សាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។ ត្រូវចៀសវាងពាក្យព្រោកប្រាជ្ញដែលគ្មានន័យ គ្មានខ្លឹមសារ ដ្បិតពួកអ្នកចូលចិត្តពាក្យព្រោកប្រាជ្ញបែបនេះ តែងតែឃ្លាតចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ។ ពាក្យសម្ដីរបស់ពួកគេប្រៀបបីដូចជាដំបៅ ស៊ីរូងកាន់តែជ្រៅទៅៗ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេនាស និងភីលេត។ អ្នកទាំងពីរបានឃ្លាតឆ្ងាយពីសេចក្ដីពិត ដោយពោលថា មនុស្សស្លាប់បានរស់ឡើងវិញរួចហើយ គេក៏បានបង្វែរបងប្អូនខ្លះឲ្យលះបង់ជំនឿ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏គ្រឹះដ៏មាំដែលព្រះជាម្ចាស់បានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសម្គាល់ថា: «ព្រះអម្ចាស់ស្គាល់កូនចៅរបស់ព្រះអង្គ» ហើយ «អ្នកណាប្រកាសថាខ្លួនគោរព ព្រះនាមព្រះអម្ចាស់ អ្នកនោះត្រូវតែងាកចេញ ឲ្យផុតពីអំពើទុច្ចរិត» ។ នៅក្នុងផ្ទះមួយដ៏ធំមិនមែនមានតែគ្រឿងប្រដាប់ធ្វើពីមាស ឬពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ និងធ្វើពីដីដែរ មួយផ្នែកសម្រាប់ប្រើប្រាស់ក្នុងឱកាសពិសេស មួយផ្នែកទៀតសម្រាប់ប្រើប្រាស់ជាធម្មតា។ ដូច្នេះ ប្រសិនបើអ្នកណាម្នាក់ជម្រះខ្លួនបានបរិសុទ្ធ ផុតពីអំពើអាក្រក់ទាំងនេះហើយ ព្រះជាម្ចាស់នឹងប្រើអ្នកនោះទុកដូចជាឧបករណ៍វិសេសវិសុទ្ធ*មានប្រយោជន៍ដល់ម្ចាស់ និងប្រើប្រាស់សម្រាប់ធ្វើអំពើល្អគ្រប់យ៉ាង។ ចូរគេចចេញឲ្យផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលគោរពព្រះអម្ចាស់ដោយចិត្តបរិសុទ្ធ*នោះវិញ។ ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះបង្កឲ្យតែមានជម្លោះប៉ុណ្ណោះ រីឯអ្នកបម្រើរបស់ព្រះអម្ចាស់មិនត្រូវឲ្យមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និងអធ្យាស្រ័យដល់គេ ត្រូវមានចិត្តស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោព្រះជាម្ចាស់នឹងប្រោសប្រទានឲ្យគេកែប្រែចិត្តគំនិត ដើម្បីឲ្យគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ព្រមទាំងភ្ញាក់ស្មារតីឡើងវិញ ហើយដោះខ្លួនរួចពីអន្ទាក់របស់មារ* ដែលបានចាប់ចងគេ បង្ខំឲ្យធ្វើតាមបំណងរបស់វា។
២ ធីម៉ូថេ 2:1-26 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដូច្នេះ កូនអើយ ចូរមានកំឡាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ឯអស់ទាំងសេចក្ដីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន នោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ ធម្មតាអ្នកដែលធ្វើទាហាន នោះមិនដែលជាប់ទាក់ទិននឹងការក្នុងជីវិតនេះទៀតទេ គឺដើម្បីឲ្យបានគាប់ចិត្តដល់អ្នក ដែលកេណ្ឌខ្លួនទៅនោះវិញ ហើយបើអ្នកណាប្រយុទ្ធគ្នាក្នុងព្រ័ត្រ នោះមិនបានពាក់ភួងជ័យទេ លើកតែប្រយុទ្ធតាមច្បាប់វិញ ឯអ្នកធ្វើស្រែ ក៏ត្រូវនឿយហត់ជាមុនដែរ ទើបនឹងទទួលផលបាន ចូរពិចារណាសេចក្ដីដែលខ្ញុំប្រាប់ទាំងនេះចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រទានឲ្យអ្នកមានយោបល់ ក្នុងគ្រប់ការទាំងអស់។ ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទ ជាព្រះវង្សហ្លួងដាវីឌ ទ្រង់បានរស់ពីស្លាប់ឡើងវិញ តាមដំណឹងល្អដែលខ្ញុំផ្សាយប្រាប់ ហើយខ្ញុំរងទុក្ខ ទាំងជាប់ចំណងដូចជាមនុស្សអាក្រក់ ដោយព្រោះដំណឹងល្អនោះឯង ប៉ុន្តែ ព្រះបន្ទូលមិនបានជាប់ចំណងទេ ហេតុនោះបានជាខ្ញុំទ្រាំទ្រនឹងគ្រប់ការទាំងអស់ ដើម្បីជាប្រយោជន៍ដល់ពួករើសតាំង ឲ្យគេបានសេចក្ដីសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមានសិរីល្អដ៏នៅអស់កល្បជានិច្ចផង ពាក្យនេះគួរជឿពិត ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ បើទុកជាយើងមិនស្មោះត្រង់ក៏ដោយ គង់តែទ្រង់នៅស្មោះត្រង់ដដែល ទ្រង់ធ្វើជាមិនស្គាល់ព្រះអង្គទ្រង់មិនបានទេ។ ចូររំឭកគេពីសេចក្ដីទាំងនេះ ហើយហាមប្រាមគេដោយដាច់ខាត នៅចំពោះព្រះអម្ចាស់ថា កុំឲ្យជជែកគ្នាពីន័យពាក្យ ដែលជាការឥតប្រយោជន៍ ហើយក៏នាំពួកអ្នកដែលស្តាប់ ឲ្យវង្វេងផងនោះឡើយ ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ តែត្រូវចៀសចេញពីពាក្យសំដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នឹងនាំឲ្យចំរើនសេចក្ដីទមិលល្មើស កាន់តែច្រើនឡើងទេ ហើយសំដីគេនឹងស៊ីរូងដូចជាដំបៅក្លាយ ក្នុងពួកនោះមានឈ្មោះហ៊ីមេនាស នឹងភីលេត ដែលបានជ្រួសហួសចេញពីសេចក្ដីពិត ទាំងនិយាយថា សេចក្ដីរស់ឡើងវិញបានកន្លងទៅហើយ គេក៏បង្ខូចសេចក្ដីជំនឿរបស់អ្នកខ្លះដែរ ប៉ុន្តែ ឯឫសមាំមួនរបស់ព្រះ នោះធន់នៅវិញ ដោយបានបោះត្រាថា ព្រះអម្ចាស់ទ្រង់ស្គាល់អស់អ្នកដែលជារបស់ផងទ្រង់ ហើយថា ចូរឲ្យអស់អ្នក ដែលចេញព្រះនាមព្រះអម្ចាស់ ថយចេញពីសេចក្ដីទុច្ចរិតទៅ នៅក្នុងផ្ទះធំ មិនមែនមានសុទ្ធតែគ្រឿងប្រដាប់មាសប្រាក់ម្យ៉ាងទេ គឺមានប្រដាប់ធ្វើពីឈើ ហើយពីដីដែរ ខ្លះសំរាប់ការប្រសើរ ខ្លះសំរាប់ការអាប់ឱនវិញ ដូច្នេះ បើអ្នកណាបានសំអាតខ្លួន ពីសេចក្ដីទាំងនោះ អ្នកនោះនឹងបានជាប្រដាប់សំរាប់ការប្រសើរ ដោយបានញែកជាបរិសុទ្ធហើយ ក៏មានប្រយោជន៍ដល់ម្ចាស់ផង ទុកជាប្រដាប់ដែលបានរៀបចំ សំរាប់ការល្អគ្រប់ជំពូក។ ចូរឲ្យរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ កុំឲ្យព្រមស្តាប់សេចក្ដីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្ដីទាំងនោះនាំឲ្យមានសេចក្ដីឈ្លោះប្រកែកគ្នាទេ ក៏មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្តាលឲ្យគេប្រែចិត្ត ឲ្យបានស្តាប់សេចក្ដីពិតវិញ ហើយគេនឹងភ្ញាក់ដឹងខ្លួនឡើង ចេញផុតពីអន្ទាក់របស់អារក្ស ដែលវាបានចាប់គេប្រើតាមចិត្តនោះ។
២ ធីម៉ូថេ 2:1-26 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើងដោយសារព្រះគុណដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ហើយអ្វីដែលអ្នកបានឮពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន ត្រូវប្រគល់ឲ្យមនុស្សស្មោះត្រង់ ដែលមានសមត្ថភាពអាចបង្រៀនអ្នកផ្សេងទៀតបានដែរ។ ដូច្នេះ ចូររួមទុក្ខលំបាក ដូចទាហានដ៏ល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ។ ធម្មតាអ្នកដែលធ្វើទាហាន មិនជាប់ទាក់ទិននឹងកិច្ចការក្នុងជីវិតនេះទេ ព្រោះគាត់ខំឲ្យបានគាប់ចិត្តដល់អ្នកដែលកេណ្ឌខ្លួន។ ឯកីឡាករវិញ មិនបានទទួលពាក់ភួងជ័យឡើយ លុះត្រាតែគេប្រកួតតាមច្បាប់។ កសិករដែលធ្វើការនឿយហត់ ជាអ្នកដែលត្រូវទទួលផលមុនគេ។ ចូរពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះចុះ ដ្បិតព្រះអម្ចាស់នឹងប្រទានឲ្យអ្នកមានយោបល់ក្នុងគ្រប់ការទាំងអស់។ ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទ ជារាជវង្សព្រះបាទដាវីឌ ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ តាមដំណឹងល្អដែលខ្ញុំបានប្រកាស ដ្បិតខ្ញុំរងទុក្ខលំបាក ទាំងជាប់ចំណងដូចមនុស្សអាក្រក់ ព្រោះតែដំណឹងល្អនេះ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះមិនបានជាប់ចំណងទេ។ ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំក្នុងគ្រប់ការទាំងអស់ ដោយយល់ដល់ពួករើសតាំង ដើម្បីឲ្យគេបានការសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ទាំងមានសិរីល្អនៅអស់កល្បជានិច្ច។ ពាក្យនេះពិតប្រាកដមែន គឺថា ប្រសិនបើយើងបានស្លាប់ជាមួយព្រះអង្គ យើងក៏នឹងរស់ជាមួយព្រះអង្គដែរ។ ប្រសិនបើយើងស៊ូទ្រាំ យើងនឹងសោយរាជ្យជាមួយព្រះអង្គ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់យើងវិញដែរ។ ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គទ្រង់បានឡើយ។ ចូររំឭកគេពីសេចក្ដីទាំងនេះ ហើយហាមគេយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះ កុំឲ្យឈ្លោះប្រកែកគ្នាពីន័យពាក្យ ដែលជាការឥតប្រយោជន៍ឡើយ គឺមានតែនាំឲ្យពួកអ្នកស្តាប់អន្តរាយប៉ុណ្ណោះ។ ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។ ប៉ុន្ដែ ត្រូវចៀសវាងពាក្យសម្ដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នាំឲ្យមនុស្សកើតមានសេចក្ដីទមិឡល្មើស កាន់តែច្រើនឡើងៗ ហើយសម្ដីរបស់គេស៊ីរូងដូចជាដំបៅក្លាយ។ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេនាស និងភីលេត ជាអ្នកដែលបានឃ្លាតចេញពីសេចក្ដីពិត ដោយពោលថា ការរស់ឡើងវិញបានកើតឡើងរួចទៅហើយ ហើយគេកំពុងតែបង្វែរអ្នកខ្លះចេញពីជំនឿ។ ប៉ុន្តែ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានត្រាចារឹកថា «ព្រះអម្ចាស់ស្គាល់អស់អ្នកដែលជារបស់ព្រះអង្គ» ហើយថា «ចូរឲ្យអស់អ្នកដែលហៅព្រះនាមព្រះអម្ចាស់ ថយចេញពីអំពើទុច្ចរិតទៅ» ។ នៅក្នុងផ្ទះមួយដ៏ធំ មិនមែនមានសុទ្ធតែគ្រឿងប្រដាប់ធ្វើពីមាស និងពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ ហើយពីដីដែរ ខ្លះសម្រាប់ប្រើប្រាស់ក្នុងឱកាសពិសេសៗ ខ្លះសម្រាប់ប្រើប្រាស់ធម្មតា។ ដូច្នេះ ប្រសិនបើអ្នកណាបានសម្អាតខ្លួនពីអំពើអាក្រក់ អ្នកនោះនឹងត្រឡប់ជាគ្រឿងប្រដាប់ដ៏វិសេស ដោយបានញែកជាបរិសុទ្ធ មានប្រយោជន៍ដល់ម្ចាស់ ជាគ្រឿងប្រដាប់ដែលបានរៀបចំជាស្រេច សម្រាប់ការល្អគ្រប់ជំពូក។ ចូរគេចចេញឲ្យផុតពីតណ្ហាយុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលអំពាវនាវរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធវិញ។ កុំស្តាប់ការជជែកដេញដោលដ៏ល្ងង់ខ្លៅ ហើយផ្ដេសផ្ដាសនោះឡើយ ដោយដឹងថា សេចក្ដីទាំងនោះបង្កឲ្យមានតែការឈ្លោះប្រកែកប៉ុណ្ណោះ។ អ្នកបម្រើរបស់ព្រះអម្ចាស់ មិនត្រូវឈ្លោះប្រកែកគ្នាឡើយ គឺត្រូវមានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ ត្រូវប្រដៅតម្រង់ពួកអ្នកប្រឆាំងដោយចិត្តស្លូតបូត ក្រែងព្រះប្រោសប្រទានឲ្យគេប្រែចិត្ត និងឲ្យគេស្គាល់សេចក្ដីពិត ហើយឲ្យគេភ្ញាក់ដឹងខ្លួន ចេញពីអន្ទាក់របស់អារក្ស ដែលបានចាប់គេឲ្យធ្វើតាមបំណងរបស់វា។