២ ធីម៉ូថេ 1:3-14
២ ធីម៉ូថេ 1:3-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំបម្រើដោយមនសិការស្អាតបរិសុទ្ធ ដូចបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ច នៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ទាំងយប់ទាំងថ្ងៃ។ ពេលខ្ញុំនឹកចាំពីទឹកភ្នែករបស់អ្នក ខ្ញុំចង់ជួបអ្នកជាខ្លាំង ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ។ ដ្បិតខ្ញុំនឹកចាំពីជំនឿស្មោះត្រង់ដែលនៅក្នុងអ្នក ជំនឿនោះមាននៅក្នុងលោកយាយឡូអ៊ីស ជាជីដូនរបស់អ្នកពីដំបូង រួចក៏អ្នកស្រីអ៊ើនីស ជាម្តាយរបស់អ្នក ហើយខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។ ហេតុនេះហើយបានជាខ្ញុំរំឭកអ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។ ដូច្នេះ មិនត្រូវខ្មាសនឹងធ្វើបន្ទាល់អំពីព្រះអម្ចាស់នៃយើង ឬខ្មាសនឹងខ្ញុំដែលជាប់គុកព្រោះតែព្រះអង្គនោះឡើយ តែត្រូវរងទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អ ដោយព្រះចេស្តានៃព្រះ ដែលទ្រង់បានសង្គ្រោះយើង ហើយបានត្រាស់ហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងប្រព្រឹត្តនោះទេ គឺដោយសារបំណង និងព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនសម័យកាលទាំងអស់មកម៉្លេះ តែឥឡូវនេះ បានសម្តែងឲ្យឃើញ តាមរយៈការលេចមករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង ដែលទ្រង់បានបំបាត់សេចក្ដីស្លាប់ ហើយបាននាំយកជីវិត និងភាពមិនចេះសាបសូន្យ មកដាក់ក្នុងពន្លឺ តាមរយៈដំណឹងល្អ។ សម្រាប់ដំណឹងល្អនេះ ព្រះបានតែងតាំងខ្ញុំឲ្យធ្វើជាអ្នកប្រកាស ជាសាវក និងជាគ្រូ ហេតុនេះហើយបានជាខ្ញុំរងទុក្ខដូច្នេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចនឹងថែរក្សាអ្វីៗដែលខ្ញុំបានផ្ញើទុកនឹងព្រះអង្គ រហូតដល់ថ្ងៃនោះឯង។ ចូរកាន់តាមពាក្យដ៏ត្រឹមត្រូវដែលអ្នកបានឮពីខ្ញុំ ដោយជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ ចូររក្សាអ្វីៗដែលព្រះបានផ្ញើទុកនឹងអ្នកឲ្យបានល្អ ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលសណ្ឋិតនៅក្នុងយើង។
២ ធីម៉ូថេ 1:3-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលខ្ញុំគោរពបម្រើបន្ដពីបុព្វបុរស* ដោយមនសិការបរិសុទ្ធ* ហើយរាល់ពេលខ្ញុំអធិស្ឋាន* ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។ ខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកជាថ្មីយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំបានពោរពេញដោយអំណរ។ ខ្ញុំក៏នៅនឹកចាំពីជំនឿ ឥតលាក់ពុតរបស់អ្នក គឺជាជំនឿដែលលោកយាយឡូអ៊ីស ជាជីដូន និងអ្នកស្រីអឺនីស ជាម្ដាយរបស់អ្នក ធ្លាប់មានមុនអ្នក ខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។ ហេតុនេះហើយបានជាខ្ញុំសុំរំឭកដាស់តឿនអ្នកថា ចូរធ្វើឲ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃ*លើនោះ មានសកម្មភាពឡើងវិញ ដ្បិតព្រះជាម្ចាស់ពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលនាំឲ្យខ្លាចទេ គឺព្រះអង្គប្រទានឲ្យយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្តធ្ងន់។ ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬខ្មាសនឹងខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សម្រាប់ដំណឹងល្អ* ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ព្រះអង្គហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឲ្យមកធ្វើជាប្រជារាស្ត្រដ៏វិសុទ្ធ*របស់ព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្តនោះទេ គឺស្របតាមគម្រោងការ និងស្របតាមព្រះគុណ ដែលព្រះអង្គបានប្រទានមកយើង ក្នុងអង្គព្រះគ្រិស្តយេស៊ូ តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។ ឥឡូវនេះ ព្រះអង្គបានសម្តែងឲ្យយើងស្គាល់ព្រះគុណរបស់ព្រះអង្គ ដោយព្រះគ្រិស្តយេស៊ូជាព្រះសង្គ្រោះរបស់យើងយាងមកក្នុងលោកនេះ។ ព្រះគ្រិស្តបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឲ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ*។ ព្រះជាម្ចាស់បានតែងតាំងខ្ញុំឲ្យប្រកាសដំណឹងល្អនេះ ក្នុងឋានៈជាសាវ័ក និងជាគ្រូអប់រំ។ ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះអង្គណា ហើយខ្ញុំក៏ជឿជាក់ថា ព្រះអង្គនោះមានឫទ្ធានុភាពនឹងរក្សាអ្វីៗ ដែលព្រះអង្គផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃព្រះអង្គយាងមក។ ចូរចងចាំព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដែលអ្នកបានទទួលពីខ្ញុំ ទុកធ្វើជាគោលនៃជំនឿ និងសេចក្ដីស្រឡាញ់ដែលយើងមាន ដោយរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ។ អ្វីៗដ៏ល្អដែលព្រះអង្គផ្ញើទុកនឹងអ្នក ត្រូវរក្សាឲ្យបានគង់វង្ស ដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលសណ្ឋិតនៅក្នុងយើង។
២ ធីម៉ូថេ 1:3-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំអរព្រះគុណដល់ព្រះ ដែលខ្ញុំបំរើដោយបញ្ញាចិត្តដ៏បរិសុទ្ធ ដូចជាពួកឰយុកោខ្ញុំដែរ ដោយព្រោះខ្ញុំនឹកចាំពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំទូលអង្វរ ទាំងយប់ទាំងថ្ងៃ គឺនឹកចាំពីទឹកភ្នែករបស់អ្នក បានជាខ្ញុំរឭកចង់ឃើញអ្នក ដើម្បីឲ្យខ្ញុំបានពេញជាសេចក្ដីអំណរឡើង ដ្បិតខ្ញុំនឹកចាំពីសេចក្ដីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្ដីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ ហើយខ្ញុំជឿជាក់ថា ក៏នៅក្នុងអ្នកផង ដោយហេតុនោះបានជាខ្ញុំរំឭកដល់អ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ ដូច្នេះ មិនត្រូវឲ្យអ្នកមានសេចក្ដីខ្មាស ចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង ឬដោយព្រោះខ្ញុំ ជាសិស្សរបស់ទ្រង់ដែលជាប់គុកនោះឡើយ ចូរទ្រាំទុក្ខលំបាកជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អ តាមព្រះចេស្តានៃព្រះចុះ ដែលទ្រង់បានជួយសង្គ្រោះយើង ហើយបានហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងធ្វើទេ គឺដោយដំរិះ នឹងព្រះគុណនៃទ្រង់វិញ ដែលបានផ្តល់មកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនអស់ទាំងកល្ប តែឥឡូវនេះ ទើបនឹងសំដែងមក ដោយដំណើរព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ទ្រង់លេចមក ដែលទ្រង់បានបំផ្លាញសេចក្ដីស្លាប់ ហើយបានយកជីវិត នឹងសេចក្ដីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ ហើយទ្រង់បានតាំងខ្ញុំ ឲ្យធ្វើជាអ្នកប្រកាសប្រាប់ដំណឹងល្អនោះ នឹងជាសាវក ហើយជាគ្រូបង្រៀនដល់សាសន៍ដទៃ គឺដោយហេតុនោះបានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង ចូរនឹកចាំពីអស់ទាំងពាក្យត្រឹមត្រូវ ដែលអ្នកបានឮពីខ្ញុំ ទុកជាគំរូពីសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ចូររក្សាបញ្ញើល្អដែលផ្ញើទុកនឹងអ្នក ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលសណ្ឋិតនៅក្នុងយើង។