២ ធីម៉ូថេ 1:1-7
២ ធីម៉ូថេ 1:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុល ជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ដោយព្រះហឫទ័យរបស់ព្រះ តាមព្រះបន្ទូលសន្យាឲ្យបានជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ មកដល់ធីម៉ូថេ ជាកូនស្ងួនភ្ងា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត ពីព្រះជាព្រះវរបិតា ហើយពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។ ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំបម្រើដោយមនសិការស្អាតបរិសុទ្ធ ដូចបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ច នៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ទាំងយប់ទាំងថ្ងៃ។ ពេលខ្ញុំនឹកចាំពីទឹកភ្នែករបស់អ្នក ខ្ញុំចង់ជួបអ្នកជាខ្លាំង ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ។ ដ្បិតខ្ញុំនឹកចាំពីជំនឿស្មោះត្រង់ដែលនៅក្នុងអ្នក ជំនឿនោះមាននៅក្នុងលោកយាយឡូអ៊ីស ជាជីដូនរបស់អ្នកពីដំបូង រួចក៏អ្នកស្រីអ៊ើនីស ជាម្តាយរបស់អ្នក ហើយខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។ ហេតុនេះហើយបានជាខ្ញុំរំឭកអ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
២ ធីម៉ូថេ 1:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ប៉ូល ជាសាវ័ករបស់ព្រះគ្រិស្តយេស៊ូ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំបានទទួលមុខងារប្រកាសអំពីជីវិត ដែលយើងមានក្នុងអង្គព្រះគ្រិស្តយេស៊ូ ស្របតាមព្រះបន្ទូលសន្យា មកដល់ធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រិស្តយេស៊ូ ជាព្រះអម្ចាស់នៃយើង ប្រទានព្រះគុណ ព្រះហឫទ័យមេត្តាករុណា និងសេចក្ដីសុខសាន្តដល់អ្នក។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលខ្ញុំគោរពបម្រើបន្ដពីបុព្វបុរស* ដោយមនសិការបរិសុទ្ធ* ហើយរាល់ពេលខ្ញុំអធិស្ឋាន* ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។ ខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកជាថ្មីយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំបានពោរពេញដោយអំណរ។ ខ្ញុំក៏នៅនឹកចាំពីជំនឿ ឥតលាក់ពុតរបស់អ្នក គឺជាជំនឿដែលលោកយាយឡូអ៊ីស ជាជីដូន និងអ្នកស្រីអឺនីស ជាម្ដាយរបស់អ្នក ធ្លាប់មានមុនអ្នក ខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។ ហេតុនេះហើយបានជាខ្ញុំសុំរំឭកដាស់តឿនអ្នកថា ចូរធ្វើឲ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃ*លើនោះ មានសកម្មភាពឡើងវិញ ដ្បិតព្រះជាម្ចាស់ពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលនាំឲ្យខ្លាចទេ គឺព្រះអង្គប្រទានឲ្យយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្តធ្ងន់។
២ ធីម៉ូថេ 1:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ដោយព្រះហឫទ័យនៃព្រះ តាមសេចក្ដីសន្យាឲ្យបានជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ខ្ញុំផ្ញើមកធីម៉ូថេ ជាកូនស្ងួនភ្ងា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ ខ្ញុំអរព្រះគុណដល់ព្រះ ដែលខ្ញុំបំរើដោយបញ្ញាចិត្តដ៏បរិសុទ្ធ ដូចជាពួកឰយុកោខ្ញុំដែរ ដោយព្រោះខ្ញុំនឹកចាំពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំទូលអង្វរ ទាំងយប់ទាំងថ្ងៃ គឺនឹកចាំពីទឹកភ្នែករបស់អ្នក បានជាខ្ញុំរឭកចង់ឃើញអ្នក ដើម្បីឲ្យខ្ញុំបានពេញជាសេចក្ដីអំណរឡើង ដ្បិតខ្ញុំនឹកចាំពីសេចក្ដីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្ដីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ ហើយខ្ញុំជឿជាក់ថា ក៏នៅក្នុងអ្នកផង ដោយហេតុនោះបានជាខ្ញុំរំឭកដល់អ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ