២ ធីម៉ូថេ 1:1-5

២ ធីម៉ូថេ 1:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដោយ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ តាម​ព្រះ‌បន្ទូល​សន្យា​ឲ្យ​បាន​ជីវិត ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ មក​ដល់​ធីម៉ូថេ ជា​កូន​ស្ងួន‌ភ្ងា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​សុខ​សាន្ត ពី​ព្រះ​ជា​ព្រះ‌វរ‌បិតា ហើយ​ពី​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ខ្ញុំ​បម្រើ​ដោយ​មន‌សិការស្អាត​បរិសុទ្ធ ដូច​បុព្វ‌បុរស​របស់​ខ្ញុំ​ដែរ ខ្ញុំ​តែងតែ​នឹក​ចាំ​ពី​អ្នក​ជានិច្ច នៅ​ក្នុងសេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ទាំង​យប់​ទាំង​ថ្ងៃ។ ពេល​ខ្ញុំ​នឹក​ចាំ​ពី​ទឹក​ភ្នែក​របស់​អ្នក ខ្ញុំ​ចង់​ជួប​អ្នក​ជា​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពេញ​ដោយ​អំណរ។ ដ្បិត​ខ្ញុំ​នឹក​ចាំ​ពី​ជំនឿ​ស្មោះ​ត្រង់​ដែល​នៅ​ក្នុង​អ្នក ជំនឿ​នោះ​មាន​នៅ​ក្នុង​លោក​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ពី​ដំបូង រួច​ក៏​អ្នក​ស្រី​អ៊ើ‌នីស ជា​ម្តាយរបស់​អ្នក ហើយ​ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 1

២ ធីម៉ូថេ 1:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​ព្រះគ្រិស្ត‌យេស៊ូ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​បាន​ទទួល​មុខងារ​ប្រកាស​អំពី​ជីវិត ដែល​យើង​មាន​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រទាន​ព្រះ‌គុណ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​គោរព​បម្រើ​បន្ដ​ពី​បុព្វបុរស* ដោយ​មន‌សិការ​បរិសុទ្ធ* ហើយ​រាល់​ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។ ខ្ញុំ​នឹក​ឃើញ​ទឹក​ភ្នែក​របស់​អ្នក ហើយ​ចង់​ជួប​អ្នក​ជា​ថ្មី​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពោរ‌ពេញ​ដោយ​អំណរ។ ខ្ញុំ​ក៏​នៅ​នឹក​ចាំ​ពី​ជំនឿ ឥត​លាក់​ពុត​របស់​អ្នក គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីស ជា​ជីដូន និង​អ្នក​ស្រី​អឺនីស ជា​ម្ដាយ​របស់​អ្នក ធ្លាប់​មាន​មុន​អ្នក ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 1

២ ធីម៉ូថេ 1:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដោយ​ព្រះ‌ហឫទ័យ​នៃ​ព្រះ តាម​សេចក្ដី​សន្យា​ឲ្យ​បាន​ជីវិត ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ខ្ញុំ​ផ្ញើ​មក​ធីម៉ូថេ ជា​កូន​ស្ងួន‌ភ្ងា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ សេចក្ដី​មេត្តា‌ករុណា នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ហើយ​អំពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ខ្ញុំ​បំរើ​ដោយ​បញ្ញា​ចិត្ត​ដ៏​បរិសុទ្ធ ដូច​ជា​ពួក​ឰយុកោ​ខ្ញុំ​ដែរ ដោយ​ព្រោះ​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​ជានិច្ច ក្នុង​កាល​ដែល​ខ្ញុំ​ទូល​អង្វរ ទាំង​យប់​ទាំង​ថ្ងៃ គឺ​នឹក​ចាំ​ពី​ទឹក​ភ្នែក​របស់​អ្នក បាន​ជា​ខ្ញុំ​រឭក​ចង់​ឃើញ​អ្នក ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពេញ​ជា​សេចក្ដី​អំណរ​ឡើង ដ្បិត​ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ជំនឿ​ស្មោះ‌ត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្ដី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ជា​មុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿ‌ជាក់​ថា ក៏​នៅ​ក្នុង​អ្នក​ផង

ចែក​រំលែក
អាន ២ ធីម៉ូថេ 1