២ ថេស្សាឡូនិក 3:7-10

២ ថេស្សាឡូនិក 3:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​គួរ​យក​តម្រាប់​តាម​យើង​បែប​ណា ព្រោះ​យើង​មិន​បាន​ខ្ជិល​ច្រអូស​ឡើយ កាល​យើង​នៅ​ជាមួយ​អ្នក​រាល់​គ្នា ក៏​មិន​បាន​ទទួល​ទាន​អាហារ​របស់​អ្នក​ណា​ដោយ​មិន​បាន​បង់ថ្លៃ​ដែរ គឺ​យើង​បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​នឹង​យើង។ នេះ​មិន​មែន​ដោយ​ព្រោះ​យើង​គ្មាន​សិទ្ធិ​នោះ​ទេ គឺ​យើង​ចង់​ធ្វើ​គំរូ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​យក​តម្រាប់​តាម។ កាល​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​មិន​ព្រម​ធ្វើ​ការ មិន​ត្រូវ​ឲ្យ​អ្នក​នោះ​បរិ‌ភោគ​ឡើយ។

២ ថេស្សាឡូនិក 3:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ត្រូវ​យក​តម្រាប់​តាម​យើង​បែប​ណា ដ្បិត​យើង​ពុំ​បាន​រស់​នៅ​ក្នុង​ចំណោម​បងប្អូន ដោយ​ឥត​សណ្ដាប់‌ធ្នាប់​នោះ​ឡើយ យើង​ពុំ​បាន​ទទួល​ទាន​ម្ហូប​អាហារ​របស់​នរណា​ម្នាក់ ដោយ​ឥត​បង់​ប្រាក់​ទេ។ យើង​ខំ​ប្រឹង​ធ្វើ​ការ​ហត់​នឿយ ទាំង​យប់ ទាំង​ថ្ងៃ កុំ​ឲ្យ​នរណា​ម្នាក់​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។ ត្រង់​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គ្មាន​សិទ្ធិ​នឹង​ឲ្យ​គេ​ផ្គត់‌ផ្គង់​នោះ​ឡើយ ប៉ុន្តែ យើង​ធ្វើ​ដូច្នេះ​ទុក​ជា​គំរូ​ឲ្យ​បងប្អូន​យក​តម្រាប់​តាម ព្រោះ​កាល​យើង​នៅ​ជា​មួយ​បងប្អូន យើង​បាន​ទូន្មាន​បងប្អូន​ថា អ្នក​ណា​មិន​ព្រម​ធ្វើ​ការ អ្នក​នោះ​ក៏​មិន​ត្រូវ​បរិភោគ​ដែរ។

២ ថេស្សាឡូនិក 3:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ខ្លួន​អ្នក​រាល់​គ្នា​ដឹង​ហើយ ដែល​គួរ​ត្រាប់​តាម​យើង​ខ្ញុំ​ជា​យ៉ាង​ណា ពី​ព្រោះ​យើង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ឥត​របៀប ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ក៏​មិន​បាន​ទទួល​ទាន​បាយ​របស់​អ្នក​ណា​ទទេ​ដែរ យើង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ ហើយ​ធ្ងន់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​នឹង​យើង​ខ្ញុំ​ឡើយ មិន​មែន​ថា យើង​ខ្ញុំ​គ្មាន​អំណាច​នោះ​ទេ គឺ​យើង​ខ្ញុំ​ចង់​ធ្វើ​ជា​គំរូ ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​យើង​ខ្ញុំ​វិញ​ទេ​តើ កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា នោះ​ក៏​បាន​ផ្តាំ​ថា បើ​អ្នក​ណា​មិន​ចង់​ធ្វើ​ការ មិន​ត្រូវ​ទាំង​ឲ្យ​អ្នក​នោះ​បរិភោគ​ផង