២ ថេស្សាឡូនិក 3:1-5
២ ថេស្សាឡូនិក 3:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ជាទីបញ្ចប់ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានតម្កើងឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ ហើយឲ្យយើងបានរួចពីមនុស្សពាល និងពីមនុស្សអាក្រក់ ដ្បិតមិនមែនមនុស្សទាំងអស់សុទ្ធតែមានជំនឿទេ។ ប៉ុន្ដែ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីមេកំណាច។ យើងមានចិត្តជឿជាក់ក្នុងព្រះអម្ចាស់អំពីអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងតែប្រព្រឹត្ត ហើយក៏នឹងប្រព្រឹត្តតាមសេចក្ដីដែលយើងបង្គាប់តទៅមុខទៀតដែរ។ សូមព្រះអម្ចាស់តម្រង់ចិត្តអ្នករាល់គ្នា ទៅរកសេចក្ដីស្រឡាញ់របស់ព្រះ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទកុំបីខាន។
២ ថេស្សាឡូនិក 3:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅទីបំផុត បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និងបានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។ សូមអធិស្ឋានឲ្យយើងគេចផុតពីមនុស្សពាល ពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាទេដែលមានជំនឿ។ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងប្រោសប្រទានឲ្យបងប្អូនមានជំហររឹងប៉ឹង និងការពារបងប្អូនកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មេកំណាច។ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ យើងទុកចិត្តបងប្អូនថា បងប្អូនតែងតែប្រព្រឹត្តតាមពាក្យរំឭកដាស់តឿនរបស់យើង ហើយបងប្អូនក៏នឹងប្រព្រឹត្តតាមតទៅមុខទៀតដែរ។ សូមព្រះអម្ចាស់ដឹកនាំចិត្តគំនិតបងប្អូន ឲ្យស្រឡាញ់ព្រះជាម្ចាស់ និងមានចិត្តស៊ូទ្រាំដែលព្រះគ្រិស្តប្រទានឲ្យ។
២ ថេស្សាឡូនិក 3:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មួយសោតទៀត បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានដំកើងឡើង ដូចនៅក្នុងពួកអ្នករាល់គ្នាដែរ ហើយឲ្យយើងខ្ញុំបានរួចពីមនុស្សវៀច នឹងពីមនុស្សអាក្រក់ចេញ ដ្បិតមិនមែនមនុស្សទាំងអស់ ដែលមានសេចក្ដីជំនឿទេ តែព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាឲ្យរួចពីសេចក្ដីអាក្រក់ផង យើងខ្ញុំក៏ទុកចិត្តនឹងព្រះអម្ចាស់ ពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងតែប្រព្រឹត្ត ហើយនឹងប្រព្រឹត្តតទៅទៀត តាមអស់ទាំងសេចក្ដីដែលយើងខ្ញុំបានផ្តាំទុកដែរ សូមឲ្យព្រះអម្ចាស់ដំរង់ចិត្តអ្នករាល់គ្នា ទៅក្នុងសេចក្ដីស្រឡាញ់នៃព្រះ នឹងសេចក្ដីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទចុះ។