២ ថេស្សាឡូនិក 2:4-12
២ ថេស្សាឡូនិក 2:4-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដែលប្រឆាំង ហើយលើកខ្លួនឡើងខ្ពស់ លើសជាងអស់ទាំងអ្វីៗដែលហៅថាព្រះ ឬវត្ថុដែលគេថ្វាយបង្គំ រហូតដល់ទៅហ៊ានអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះទៀតផង។ កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំបានប្រាប់អ្នករាល់គ្នាពីសេចក្ដីទាំងនេះ តើអ្នករាល់គ្នាមិននឹកចាំឬទេ? ឥឡូវនេះ អ្នករាល់គ្នាដឹងថាអ្វីដែលឃាត់ឃាំងវាហើយ ដើម្បីឲ្យវាបានលេចមកតាមពេលកំណត់របស់វា។ ដ្បិតអាថ៌កំបាំងនៃអំពើទទឹងច្បាប់ កំពុងតែមានសកម្មភាពហើយ ប៉ុន្តែ អ្នកដែលឃាត់ឃាំងវានៅពេលនេះ នឹងបន្តឃាត់ឃាំងរហូតត្រឹមតែពេលដែលត្រូវថយចេញទៅប៉ុណ្ណោះ។ ពេលនោះ អាទទឹងច្បាប់នឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញវា ដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយឲ្យវាវិនាសដោយរស្មីដ៏រុងរឿងនៅពេលព្រះអង្គយាងមក។ អាទទឹងច្បាប់នោះនឹងមកដោយអំណាចរបស់អារក្សសាតាំង ដោយប្រើគ្រប់ទាំងអំណាច ទីសម្គាល់ ការអស្ចារ្យក្លែងក្លាយ និងដោយគ្រប់ទាំងការបោកបញ្ឆោតដ៏អាក្រក់គ្រប់បែបយ៉ាង ដល់អស់អ្នកដែលកំពុងតែវិនាស ព្រោះគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យខ្លួនបានសង្គ្រោះទេ។ ហេតុនេះហើយបានជាព្រះចាត់សេចក្ដីភាន់ភាំងដ៏មានអំណាចមកលើគេ បណ្ដាលឲ្យគេជឿតាមសេចក្ដីភូតភរ ដើម្បីឲ្យអស់អ្នកណាដែលមិនជឿតាមសេចក្ដីពិត គឺពេញចិត្តតែនឹងអំពីទុច្ចរិត ត្រូវទទួលទោស។
២ ថេស្សាឡូនិក 2:4-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់ព្រះជាម្ចាស់ ហើយប្រកាសខ្លួនឯងថាជាព្រះជាម្ចាស់ថែមទៀតផង។ កាលខ្ញុំនៅជាមួយបងប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនសព្វគ្រប់ហើយ តើបងប្អូននៅចាំឬទេ? ឥឡូវនេះ បងប្អូនស្គាល់អ្វីដែលឃាត់ឃាំងមេប្រឆាំងនោះហើយ វាចេញមុខមកបាន លុះត្រាតែពេលកំណត់របស់វាមកដល់។ គម្រោងការលាក់កំបាំងរបស់មេប្រឆាំងសាសនានោះ មានសកម្មភាពនៅពេលនេះស្រាប់ហើយ គឺនៅចាំតែអ្វីដែលកំពុងឃាត់ឃាំងវានេះចេញទៅបាត់ប៉ុណ្ណោះ វានឹងចេញមុខមក ហើយព្រះអម្ចាស់យេស៊ូនឹងបំផ្លាញវាដោយ ខ្យល់ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ រួចហើយ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងជាន់កម្ទេចវា ដោយរស្មីរុងរឿងរបស់ព្រះអង្គ។ រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចមារ*សាតាំង គឺវាសម្តែងការអស្ចារ្យ ទីសម្គាល់ និងឫទ្ធិបាដិហារិយ៍បោកប្រាស់សព្វបែបយ៉ាង។ វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្តរាយ ព្រោះគេពុំព្រមទទួល ពុំព្រមស្រឡាញ់សេចក្ដីពិត ដែលអាចសង្គ្រោះគេទេ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ឥទ្ធិពលមួយមកធ្វើឲ្យគេវង្វេង និងឲ្យគេជឿលើពាក្យភូតភរ ដើម្បីឲ្យពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្តអំពើទុច្ចរិត ត្រូវទទួលទោស។
២ ថេស្សាឡូនិក 2:4-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដែលទាស់ទទឹង ហើយលើកខ្លួនឡើង ខ្ពស់លើសជាងអស់ទាំងអ្វី ដែលហៅថាព្រះ ឬរបស់អ្វីដែលគេគោរពប្រតិបត្តិផង ដល់ម៉្លេះបានជាវានឹងអង្គុយនៅ ដូចជាព្រះក្នុងវិហារនៃព្រះ ទាំងសំដែងខ្លួនថាជាព្រះផង តើអ្នករាល់គ្នាមិននឹកចាំទេឬអីថា ក្នុងគ្រាដែលខ្ញុំនៅជាមួយ នោះខ្ញុំបានប្រាប់អ្នករាល់គ្នាពីសេចក្ដីទាំងនេះដែរ ហើយឥឡូវនេះ អ្នករាល់គ្នាស្គាល់សេចក្ដីដែលឃាត់វា ប្រយោជន៍ឲ្យវាបានលេចមកតែក្នុងពេលវេលារបស់វាប៉ុណ្ណោះ ដ្បិតសេចក្ដីអាថ៌កំបាំងរបស់ការទទឹងច្បាប់ កំពុងតែបណ្តាលឡើងហើយ ប៉ុន្តែ មាន១អង្គដែលឃាត់ឃាំងវាសព្វថ្ងៃនេះ ទាល់តែបានដកទ្រង់ចេញទៅ នោះទើបអាទទឹងច្បាប់នោះនឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញ ដោយខ្យល់ពីព្រះឱស្ឋទ្រង់ ហើយធ្វើឲ្យវិនាស ដោយរស្មីពន្លឺពីដំណើរទ្រង់យាងមក អាទទឹងច្បាប់នោះនឹងមកទាំងធ្វើការ ដូចជាអារក្សសាតាំង ដោយនូវគ្រប់ទាំងឫទ្ធិ ទីសំគាល់ នឹងការអស្ចារ្យដ៏កំភូត ហើយដោយគ្រប់ទាំងសេចក្ដីឆបោករបស់សេចក្ដីទុច្ចរិត ក្នុងពួកអ្នកដែលត្រូវវិនាស ដោយព្រោះគេមិនព្រមស្រឡាញ់ដល់សេចក្ដីពិត ដើម្បីឲ្យគេបានសង្គ្រោះនោះទេ ហេតុនោះបានជាព្រះ ទ្រង់នឹងឲ្យសេចក្ដីខុសឆ្គងមក បណ្តាលឲ្យគេជឿតាមសេចក្ដីភូតភរវិញ ដើម្បីឲ្យអស់មនុស្សណាដែលមិនជឿតាមសេចក្ដីពិត គឺពេញចិត្តនឹងសេចក្ដីទុច្ចរិត នោះបានជាប់មានទោសវិញ។