២ ថេស្សាឡូនិក 2:3-17

២ ថេស្សាឡូនិក 2:3-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​តាម​វិធី​ណា​ឡើយ ដ្បិត​ថ្ងៃ​នោះ​នឹង​មិន​មក​ទេ រហូត​ទាល់​តែ​មាន​ការ​បះ​បោរ​មក​ជា​មុន ហើយ​មនុស្ស​ទទឹង​ច្បាប់​លេច​មក គឺ​ជាកូន​នៃ​សេចក្ដី​វិនាស ដែល​ប្រឆាំង ហើយ​លើក​ខ្លួន​ឡើង​ខ្ពស់ លើស​ជាង​អស់​ទាំង​អ្វីៗដែល​ហៅ​ថា​ព្រះ ឬវត្ថុ​ដែល​គេ​ថ្វាយ​បង្គំ រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​ទៀត​ផង។ កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​ទាំង​នេះ តើ​អ្នក​រាល់​គ្នា​មិន​នឹក​ចាំ​ឬទេ? ឥឡូវ​នេះ អ្នក​រាល់​គ្នា​ដឹង​ថា​អ្វី​ដែល​ឃាត់ឃាំង​វា​ហើយ ដើម្បី​ឲ្យ​វា​បាន​លេច​មក​តាម​ពេល​កំណត់​របស់​វា។ ដ្បិត​អាថ៌‌កំបាំង​នៃ​អំពើ​ទទឹង​ច្បាប់ កំពុង​តែ​មាន​សកម្មភាព​ហើយ ប៉ុន្តែ អ្នក​ដែល​ឃាត់​ឃាំង​វានៅ​ពេល​នេះ នឹង​បន្ត​ឃាត់​ឃាំង​រហូត​ត្រឹម​តែ​ពេល​ដែល​ត្រូវ​ថយ​ចេញ​ទៅ​ប៉ុណ្ណោះ។ ពេលនោះ អា​ទទឹង​ច្បាប់​នឹង​លេច​មក ដែល​ព្រះ‌អម្ចាស់‌យេស៊ូវ​នឹង​បំផ្លាញ​វា ដោយ​ខ្យល់​ដែល​ចេញពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​វា​វិនាស​ដោយ​រស្មី​ដ៏រុងរឿងនៅ​ពេល​ព្រះ‌អង្គ​យាង​មក។ អា​ទទឹង​ច្បាប់​នោះ​នឹង​មក​ដោយអំណាច​រប​ស់​អារក្ស​សាតាំង ដោយ​ប្រើ​គ្រប់​ទាំង​អំណាច ទី​សម្គាល់ ការ​អស្ចារ្យ​ក្លែង​ក្លាយ និង​ដោយ​គ្រប់​ទាំង​ការ​បោក​បញ្ឆោត​ដ៏​អាក្រក់​គ្រប់​បែប​យ៉ាង ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស ព្រោះ​គេ​មិន​ព្រម​ស្រឡាញ់​សេចក្ដី​ពិត ដើម្បី​ឲ្យ​ខ្លួន​បាន​សង្គ្រោះ​ទេ។ ហេតុ​នេះ​ហើ​យ​បាន​ជា​ព្រះចាត់​សេចក្ដី​ភាន់​ភាំងដ៏​មាន​អំណាច​មកលើ​គេ បណ្ដាល​ឲ្យ​គេ​ជឿ​តាម​សេចក្ដី​ភូត‌ភរ ដើម្បី​ឲ្យ​អស់អ្នក​ណា​ដែល​មិន​ជឿ​តាម​សេចក្ដី​ពិត គឺ​ពេញ​ចិត្ត​តែ​នឹង​អំពី​ទុច្ចរិត ត្រូវ​ទទួល​ទោស។ រីឯ​យើង​វិញ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ព្រះ‌អម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌ជា‌និច្ច អំពី​អ្នក​រាល់​គ្នា ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ជា​ផល​ដំបូងដើម្បី​ឲ្យ​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ញែក​ជា​បរិសុទ្ធ និង​ដោយ​សារ​ជំនឿ​តាម​សេចក្ដី​ពិត។ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ដោយ​សារ​ដំណឹង​ល្អ​របស់​យើង គឺ​សម្រាប់គោល​បំណង​នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សិរី‌ល្អ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ដូច្នេះ បង‌ប្អូន​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន ហើយ​កាន់​ខ្ជាប់​តាមសេចក្ដី​ដែល​យើង​បាន​បង្រៀន​អ្នក​រាល់​គ្នា​ចុះ ទោះ​ដោយ​ពាក្យ​សម្ដី​ផ្ទាល់ ឬ​សំបុត្រ​ក្តី។ សូម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ​ជា​ព្រះ‌វរ‌បិតាដែល​បាន​ស្រឡាញ់​យើង ហើយ​ប្រទាន​ការ​កម្សាន្ត​ចិត្ត​អស់​កល្ប​ជា‌និច្ច និង​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ ដោយ​សារ​ព្រះ‌គុណ កម្សាន្ត​ចិត្ត​អ្នក​រាល់​គ្នា ព្រម​ទាំងប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ឈរ​មាំ‌មួន ក្នុង​គ្រប់​ទាំង​ការ​ល្អ​ដែល​អ្នករាល់​គ្នា​ធ្វើ និង​ពាក្យ​សម្ដី​ដែល​អ្នក​រាល់គ្នា​និយាយ។

២ ថេស្សាឡូនិក 2:3-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​បងប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​ព្រះ‌អម្ចាស់​យាង​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះ‌បង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។ មេ​ប្រឆាំង​នោះ​លើក​ខ្លួន​ឡើង​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​គោរព​ថ្វាយ‌បង្គំ​ទុក​ជា​ព្រះ គឺ​រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ប្រកាស​ខ្លួន​ឯង​ថា​ជា​ព្រះ‌ជាម្ចាស់​ថែម​ទៀត​ផង។ កាល​ខ្ញុំ​នៅ​ជា​មួយ​បងប្អូន ខ្ញុំ​ធ្លាប់​បាន​និយាយ​ប្រាប់​បងប្អូន​សព្វ​គ្រប់​ហើយ តើ​បងប្អូន​នៅ​ចាំ​ឬ​ទេ? ឥឡូវ​នេះ បងប្អូន​ស្គាល់​អ្វី​ដែល​ឃាត់​ឃាំង​មេ​ប្រឆាំង​នោះ​ហើយ វា​ចេញ​មុខ​មក​បាន លុះ​ត្រា​តែ​ពេល​កំណត់​របស់​វា​មក​ដល់។ គម្រោង‌ការ​លាក់​កំបាំង​របស់​មេ​ប្រឆាំង​សាសនា​នោះ មាន​សកម្ម‌ភាព​នៅ​ពេល​នេះ​ស្រាប់​ហើយ គឺ​នៅ​ចាំ​តែ​អ្វី​ដែល​កំពុង​ឃាត់​ឃាំង​វា​នេះ​ចេញ​ទៅ​បាត់​ប៉ុណ្ណោះ វា​នឹង​ចេញ​មុខ​មក ហើយ​ព្រះ‌អម្ចាស់‌យេស៊ូ​នឹង​បំផ្លាញ​វា​ដោយ​ ខ្យល់ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ រួច​ហើយ នៅ​ពេល​ព្រះអង្គ​យាង​មក ព្រះអង្គ​នឹង​ជាន់​កម្ទេច​វា ដោយ​រស្មី​រុងរឿង​របស់​ព្រះអង្គ។ រីឯ​មេ​ប្រឆាំង​សាសនា​នោះ​វិញ វា​មក​ដល់​ដោយ​អំណាច​មារ*​សាតាំង គឺ​វា​សម្តែង​ការ​អស្ចារ្យ ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​បោក​ប្រាស់​សព្វ​បែប​យ៉ាង។ វា​នឹង​ប្រើ​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង ដើម្បី​បោក​បញ្ឆោត​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ព្រោះ​គេ​ពុំ​ព្រម​ទទួល ពុំ​ព្រម​ស្រឡាញ់​សេចក្ដី​ពិត ដែល​អាច​សង្គ្រោះ​គេ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ចាត់​ឥទ្ធិ‌ពល​មួយ​មក​ធ្វើ​ឲ្យ​គេ​វង្វេង និង​ឲ្យ​គេ​ជឿ​លើ​ពាក្យ​ភូត‌ភរ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​មិន​ព្រម​ជឿ​សេចក្ដី​ពិត ហើយ​ចូល​ចិត្ត​អំពើ​ទុច្ចរិត ត្រូវ​ទទួល​ទោស។ ចំពោះ​យើង​វិញ បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បងប្អូន​ជានិច្ច ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​បងប្អូន ឲ្យ​ទទួល​ការ​សង្គ្រោះ​មុន​គេ ដោយ​ព្រះ‌វិញ្ញាណ​ប្រោស​បងប្អូន​ឲ្យ​បាន​វិសុទ្ធ* និង​ដោយ​បងប្អូន​មាន​ជំនឿ​លើ​សេចក្ដី​ពិត។ ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន​ដោយ‌សារ​ដំណឹង‌ល្អ​របស់​យើង ដើម្បី​ឲ្យ​បងប្អូន​ទទួល​ការ​សង្គ្រោះ​នេះ គឺ​ឲ្យ​មាន​សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង។ ហេតុ​នេះ បងប្អូន​អើយ ចូរ​ស្ថិត​នៅ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បងប្អូន ដោយ​ផ្ទាល់​មាត់​ក្ដី ឬ​តាម​សំបុត្រ​ក្ដី។ ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​នៃ​យើង មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង ព្រះអង្គ​បាន​សម្រាល​ទុក្ខ​យើង​អស់‌កល្ប​ជានិច្ច ដោយ‌សារ​ព្រះ‌គុណ ហើយ​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ប្រសើរ។ សូម​ព្រះ‌យេស៊ូ‌គ្រិស្ត​ផ្ទាល់​ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌បិតា សម្រាល​ទុក្ខ​បងប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​បងប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ក្នុង​គ្រប់​កិច្ចការ​ដែល​បងប្អូន​ធ្វើ និង​ពាក្យ​សម្ដី​ល្អ​ដែល​បងប្អូន​និយាយ។

២ ថេស្សាឡូនិក 2:3-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា​ដែរ ដ្បិត​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្ដី​ក្បត់​សាសនា​មក​ជា​មុន ហើយ​មនុស្ស​ដែល​ជា​តួ​បាប​នោះ​បាន​លេច​មក គឺ​ជា​មនុស្ស​ដែល​ត្រូវ​ហិន‌វិនាស ដែល​ទាស់​ទទឹង ហើយ​លើក​ខ្លួន​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​អ្វី ដែល​ហៅ​ថា​ព្រះ ឬ​របស់​អ្វី​ដែល​គេ​គោរព​ប្រតិ‌បត្តិ​ផង ដល់​ម៉្លេះ​បាន​ជា​វា​នឹង​អង្គុយ​នៅ ដូច​ជា​ព្រះ​ក្នុង​វិហារ​នៃ​ព្រះ ទាំង​សំដែង​ខ្លួន​ថា​ជា​ព្រះ​ផង តើ​អ្នក​រាល់​គ្នា​មិន​នឹក​ចាំ​ទេ​ឬ​អី​ថា ក្នុង​គ្រា​ដែល​ខ្ញុំ​នៅ​ជា​មួយ នោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​ទាំង​នេះ​ដែរ ហើយ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ដែល​ឃាត់​វា ប្រយោជន៍​ឲ្យ​វា​បាន​លេច​មក​តែ​ក្នុង​ពេល​វេលា​របស់​វា​ប៉ុណ្ណោះ ដ្បិត​សេចក្ដី​អាថ៌‌កំបាំង​របស់​ការ​ទទឹង​ច្បាប់ កំពុង​តែ​បណ្តាល​ឡើង​ហើយ ប៉ុន្តែ មាន​១​អង្គ​ដែល​ឃាត់‌ឃាំង​វា​សព្វ​ថ្ងៃ​នេះ ទាល់​តែ​បាន​ដក​ទ្រង់​ចេញ​ទៅ នោះ​ទើប​អា​ទទឹង​ច្បាប់​នោះ​នឹង​លេច​មក ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​នឹង​បំផ្លាញ ដោយ​ខ្យល់​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​ធ្វើ​ឲ្យ​វិនាស ដោយ​រស្មី​ពន្លឺ​ពី​ដំណើរ​ទ្រង់​យាង​មក អា​ទទឹង​ច្បាប់​នោះ​នឹង​មក​ទាំង​ធ្វើ​ការ ដូច​ជា​អារក្ស​សាតាំង ដោយ​នូវ​គ្រប់​ទាំង​ឫទ្ធិ ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ដ៏​កំភូត ហើយ​ដោយ​គ្រប់​ទាំង​សេចក្ដី​ឆ‌បោក​របស់​សេចក្ដី​ទុច្ចរិត ក្នុង​ពួក​អ្នក​ដែល​ត្រូវ​វិនាស ដោយ​ព្រោះ​គេ​មិន​ព្រម​ស្រឡាញ់​ដល់​សេចក្ដី​ពិត ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​នោះ​ទេ ហេតុ​នោះ​បាន​ជា​ព្រះ ទ្រង់​នឹង​ឲ្យ​សេចក្ដី​ខុស‌ឆ្គង​មក បណ្តាល​ឲ្យ​គេ​ជឿ​តាម​សេចក្ដី​ភូត‌ភរ​វិញ ដើម្បី​ឲ្យ​អស់​មនុស្ស​ណា​ដែល​មិន​ជឿ​តាម​សេចក្ដី​ពិត គឺ​ពេញ​ចិត្ត​នឹង​សេចក្ដី​ទុច្ចរិត នោះ​បាន​ជាប់​មាន​ទោស​វិញ។ ឱ​បង​ប្អូន​ដ៏​ជា​ស្ងួន‌ភ្ងា​នៃ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ពី​ព្រោះ​ព្រះ‌ទ្រង់​បាន​រើស​អ្នក​រាល់​គ្នា តាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​បាន​សង្គ្រោះ ដោយ​ព្រះ‌វិញ្ញាណ​ទ្រង់​ញែក​ចេញ​ជា​បរិសុទ្ធ ហើយ​ដោយ​មាន​ចិត្ត​ជឿ តាម​សេចក្ដី​ពិត​ផង ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្ដី​ទាំង​នោះ ដោយ‌សារ​ដំណឹង​ល្អ​នៃ​យើង​ខ្ញុំ ប្រយោជន៍​ឲ្យ​បាន​សិរី‌ល្អ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដូច្នេះ បង​ប្អូន​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​បញ្ញត្ត ដែល​យើង​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ចុះ ទោះ​បើ​ដោយ​ពាក្យ​សំដី ឬ​សំបុត្រ​ក្តី សូម​ឲ្យ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នឹង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដែល​ទ្រង់​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​សេចក្ដី​កំសាន្ត​អស់​‌កល្ប​ជានិច្ច នឹង​សេចក្ដី​សង្ឃឹម​យ៉ាង​ល្អ ដោយ​ព្រះ‌គុណ​ទ្រង់ បាន​កំសាន្ត​ចិត្ត​អ្នក​រាល់​គ្នា​ដែរ ហើយ​តាំង​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាំ‌មួន​ឡើង ក្នុង​គ្រប់​ទាំង​ការ នឹង​ពាក្យ​សំដី​ដ៏​ល្អ​ផង។