២ ថេស្សាឡូនិក 2:1-8
២ ថេស្សាឡូនិក 2:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ ដោយព្រោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងត្រូវយាងមក ហើយយើងត្រូវជួបជុំនៅចំពោះព្រះអង្គ នោះយើងសូមអង្វរអ្នករាល់គ្នាថា កុំប្រញាប់នឹងជ្រួលច្របល់ ឬស្លន់ស្លោដោយសារវិញ្ញាណណា ពាក្យសម្ដីណា ឬសំបុត្រណា ដែលទំនងជាមកពីយើងក្តី ដែលថាថ្ងៃរបស់ព្រះអម្ចាស់បានមកដល់ហើយនោះឡើយ។ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាតាមវិធីណាឡើយ ដ្បិតថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែមានការបះបោរមកជាមុន ហើយមនុស្សទទឹងច្បាប់លេចមក គឺជាកូននៃសេចក្ដីវិនាស ដែលប្រឆាំង ហើយលើកខ្លួនឡើងខ្ពស់ លើសជាងអស់ទាំងអ្វីៗដែលហៅថាព្រះ ឬវត្ថុដែលគេថ្វាយបង្គំ រហូតដល់ទៅហ៊ានអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះទៀតផង។ កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំបានប្រាប់អ្នករាល់គ្នាពីសេចក្ដីទាំងនេះ តើអ្នករាល់គ្នាមិននឹកចាំឬទេ? ឥឡូវនេះ អ្នករាល់គ្នាដឹងថាអ្វីដែលឃាត់ឃាំងវាហើយ ដើម្បីឲ្យវាបានលេចមកតាមពេលកំណត់របស់វា។ ដ្បិតអាថ៌កំបាំងនៃអំពើទទឹងច្បាប់ កំពុងតែមានសកម្មភាពហើយ ប៉ុន្តែ អ្នកដែលឃាត់ឃាំងវានៅពេលនេះ នឹងបន្តឃាត់ឃាំងរហូតត្រឹមតែពេលដែលត្រូវថយចេញទៅប៉ុណ្ណោះ។ ពេលនោះ អាទទឹងច្បាប់នឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញវា ដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយឲ្យវាវិនាសដោយរស្មីដ៏រុងរឿងនៅពេលព្រះអង្គយាងមក។
២ ថេស្សាឡូនិក 2:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ចំពោះពេលដែលព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង យាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ យើងសូមអង្វរបងប្អូនថា កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ត ឬភ័យស្លន់ស្លោ ដោយគ្រាន់តែឮគេថាដល់ថ្ងៃព្រះអម្ចាស់យាងមកហើយ។ មានអ្នកខ្លះប្រហែលជាថា ព្រះវិញ្ញាណបានបំភ្លឺឲ្យគេដឹង ឬថាមានពាក្យសម្ដី និងមានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។ កុំឲ្យនរណាម្នាក់មកបញ្ឆោតបងប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងព្រះអម្ចាស់យាងមក ត្រូវតែមានអ្នកជឿលះបង់ជំនឿ និងមេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។ មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់ព្រះជាម្ចាស់ ហើយប្រកាសខ្លួនឯងថាជាព្រះជាម្ចាស់ថែមទៀតផង។ កាលខ្ញុំនៅជាមួយបងប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនសព្វគ្រប់ហើយ តើបងប្អូននៅចាំឬទេ? ឥឡូវនេះ បងប្អូនស្គាល់អ្វីដែលឃាត់ឃាំងមេប្រឆាំងនោះហើយ វាចេញមុខមកបាន លុះត្រាតែពេលកំណត់របស់វាមកដល់។ គម្រោងការលាក់កំបាំងរបស់មេប្រឆាំងសាសនានោះ មានសកម្មភាពនៅពេលនេះស្រាប់ហើយ គឺនៅចាំតែអ្វីដែលកំពុងឃាត់ឃាំងវានេះចេញទៅបាត់ប៉ុណ្ណោះ វានឹងចេញមុខមក ហើយព្រះអម្ចាស់យេស៊ូនឹងបំផ្លាញវាដោយ ខ្យល់ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ រួចហើយ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងជាន់កម្ទេចវា ដោយរស្មីរុងរឿងរបស់ព្រះអង្គ។
២ ថេស្សាឡូនិក 2:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ បងប្អូនអើយ ដោយព្រោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់ត្រូវយាងមក ហើយយើងរាល់គ្នាត្រូវប្រជុំគ្នានៅចំពោះទ្រង់ នោះយើងខ្ញុំសូមអង្វរដល់អ្នករាល់គ្នាថា កុំឲ្យអ្នករាល់គ្នាឆាប់មានគំនិតរវើរវាយ ឬថប់ព្រួយអ្វី ទោះបើដោយសារវិញ្ញាណណា ឬពាក្យសំដីណា ឬសំបុត្រណា ដូចជាមកពីយើងខ្ញុំក្តី ដែលថាថ្ងៃនៃព្រះអម្ចាស់ជិតដល់ហើយនោះឡើយ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស ដែលទាស់ទទឹង ហើយលើកខ្លួនឡើង ខ្ពស់លើសជាងអស់ទាំងអ្វី ដែលហៅថាព្រះ ឬរបស់អ្វីដែលគេគោរពប្រតិបត្តិផង ដល់ម៉្លេះបានជាវានឹងអង្គុយនៅ ដូចជាព្រះក្នុងវិហារនៃព្រះ ទាំងសំដែងខ្លួនថាជាព្រះផង តើអ្នករាល់គ្នាមិននឹកចាំទេឬអីថា ក្នុងគ្រាដែលខ្ញុំនៅជាមួយ នោះខ្ញុំបានប្រាប់អ្នករាល់គ្នាពីសេចក្ដីទាំងនេះដែរ ហើយឥឡូវនេះ អ្នករាល់គ្នាស្គាល់សេចក្ដីដែលឃាត់វា ប្រយោជន៍ឲ្យវាបានលេចមកតែក្នុងពេលវេលារបស់វាប៉ុណ្ណោះ ដ្បិតសេចក្ដីអាថ៌កំបាំងរបស់ការទទឹងច្បាប់ កំពុងតែបណ្តាលឡើងហើយ ប៉ុន្តែ មាន១អង្គដែលឃាត់ឃាំងវាសព្វថ្ងៃនេះ ទាល់តែបានដកទ្រង់ចេញទៅ នោះទើបអាទទឹងច្បាប់នោះនឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញ ដោយខ្យល់ពីព្រះឱស្ឋទ្រង់ ហើយធ្វើឲ្យវិនាស ដោយរស្មីពន្លឺពីដំណើរទ្រង់យាងមក