២ ថេស្សាឡូនិក 1:5-12
២ ថេស្សាឡូនិក 1:5-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាភស្តុតាងអំពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានរាប់ជាស័ក្ដិសមនឹងព្រះរាជ្យរបស់ព្រះ ដែលអ្នករាល់គ្នាកំពុងរងទុក្ខលំបាកដោយព្រោះព្រះរាជ្យនេះឯង។ ដ្បិតនេះជាសេចក្ដីសុចរិតរបស់ព្រះ ដែលទ្រង់នឹងសងសេចក្ដីវេទនា ដល់អស់អ្នកដែលធ្វើទុក្ខអ្នករាល់គ្នា ហើយប្រោសប្រទានឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខនោះ បានសម្រាកជាមួយយើងវិញ នៅពេលព្រះអម្ចាស់យេស៊ូវលេចមកពីស្ថានសួគ៌ ជាមួយពួកទេវតាដ៏មានឫទ្ធានុភាពរបស់ព្រះអង្គ នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកអស់អ្នកដែលមិនស្គាល់ព្រះ និងអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ គេនឹងទទួលទោសជាសេចក្ដីអន្តរាយអស់កល្បជានិច្ច គឺឃ្លាតពីព្រះភក្ត្រព្រះអម្ចាស់ និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ នៅពេលព្រះអង្គយាងមក ដើម្បីទទួលសិរីល្អក្នុងចំណោមពួកបរិសុទ្ធរបស់ព្រះអង្គ ហើយនៅថ្ងៃនោះ អស់អ្នកដែលជឿនឹងមានចិត្តស្ញប់ស្ញែង ព្រោះអ្នករាល់គ្នាបានជឿទីបន្ទាល់របស់យើង។ ហេតុនេះហើយបានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងបានរាប់អ្នករាល់គ្នាជាស័ក្ដិសមនឹងការត្រាស់ហៅ ហើយឲ្យបានបំពេញគ្រប់ទាំងបំណងសម្រាប់ការល្អ និងកិច្ចការដែលធ្វើដោយជំនឿ ដោយព្រះចេស្តារបស់ព្រះអង្គ ដើម្បីឲ្យព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានតម្កើងឡើងក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏បានតម្កើងឡើងក្នុងព្រះអង្គដែរ តាមព្រះគុណរបស់ព្រះនៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
២ ថេស្សាឡូនិក 1:5-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុការណ៍នេះសឲ្យឃើញថា ព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យត្រឹមត្រូវណាស់ គឺទុក្ខលំបាករបស់បងប្អូន ធ្វើឲ្យបងប្អូនសមនឹងចូលទៅក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់មែន ដ្បិតបងប្អូនរងទុក្ខលំបាក ព្រោះតែព្រះរាជ្យនេះឯង។ ព្រះជាម្ចាស់នឹងសម្រេចការមួយដ៏ត្រឹមត្រូវ គឺព្រះអង្គនាំទុក្ខវេទនាយកមកសងពួកអ្នក ដែលធ្វើឲ្យបងប្អូនវេទនា ហើយព្រះអង្គនឹងប្រទានឲ្យបងប្អូនដែលរងទុក្ខវេទនា បានសម្រាកជាមួយយើង នៅពេលព្រះអម្ចាស់យេស៊ូលេចចេញពីស្ថានបរមសុខ*មក ជាមួយពួកទេវតា*ដ៏មានឫទ្ធានុភាព។ ព្រះអង្គយាងមកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ*របស់ព្រះយេស៊ូជាអម្ចាស់នៃយើង។ ពួកគេនឹងទទួលទោស គឺត្រូវវិនាសអន្តរាយអស់កល្បជានិច្ច។ ពួកគេនៅឆ្ងាយពីព្រះភ័ក្ត្រព្រះអម្ចាស់ និងឆ្ងាយពីឥទ្ធិឫទ្ធិប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ។ នៅថ្ងៃនោះ ពេលព្រះអង្គយាងមក ប្រជាជនដ៏វិសុទ្ធ*នឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ហើយអស់អ្នកដែលជឿក៏នាំគ្នាស្ងើចសរសើរព្រះអង្គដែរ។ ចំពោះបងប្អូនវិញ បងប្អូនបានជឿសក្ខីភាពរបស់យើង។ ហេតុនេះហើយបានជាយើងចេះតែអធិស្ឋានឲ្យបងប្អូនជានិច្ច សូមព្រះជាម្ចាស់នៃយើងប្រទានឲ្យបងប្អូនរស់នៅបានសមនឹងការត្រាស់ហៅរបស់ព្រះអង្គ។ សូមព្រះអង្គប្រទានឲ្យបងប្អូនអាចបំពេញបំណងដ៏ល្អគ្រប់យ៉ាង និងឲ្យជំនឿរបស់បងប្អូនបង្កើតផលបានបរិបូណ៌ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ។ ដូច្នេះ ព្រះនាមរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង មានសិរីរុងរឿងនៅក្នុងបងប្អូន ហើយបងប្អូនក៏មានសិរីរុងរឿងក្នុងព្រះអង្គ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់នៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្តដែរ។
២ ថេស្សាឡូនិក 1:5-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះជាភស្តុតាងពីសេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានរាប់ជាគួរនឹងនគរព្រះ ដែលអ្នករាល់គ្នាកំពុងតែរងទុក្ខ ដោយព្រោះនគរនោះឯង ដ្បិតនេះជាសេចក្ដីសុចរិតនៅចំពោះព្រះ គឺនឹងសងសេចក្ដីទុក្ខលំបាក ដល់ពួកអ្នកដែលធ្វើទុក្ខដល់អ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសំរាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គេនឹងរងទុក្ខទោស ជាសេចក្ដីហិនវិនាសអស់កល្បជានិច្ច ឃ្លាតពីព្រះភក្ត្រនៃព្រះអម្ចាស់ ហើយពីសិរីល្អនៃព្រះចេស្តាទ្រង់ ក្នុងកាលដែលទ្រង់យាងមក ដើម្បីឲ្យបានដំកើងឡើងក្នុងពួកបរិសុទ្ធរបស់ទ្រង់ ហើយនៅថ្ងៃនោះ ឲ្យបានគេមើលទ្រង់ដោយអស្ចារ្យ ក្នុងពួកអ្នកដែលជឿ ដ្បិតអ្នករាល់គ្នាបានជឿពាក្យបន្ទាល់របស់យើងខ្ញុំហើយ ដូច្នេះ យើងខ្ញុំអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងខ្ញុំ បានរាប់អ្នករាល់គ្នាជាគួរនឹងការ ដែលទ្រង់ហៅមកធ្វើ ហើយឲ្យទ្រង់បានបំពេញគ្រប់អស់ទាំងសេចក្ដីបំណងខាងឯការល្អ នឹងការដែលធ្វើដោយជំនឿ ដោយព្រះចេស្តា ដើម្បីឲ្យព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានដំកើងឡើងក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាក្នុងទ្រង់ផង តាមព្រះគុណរបស់ព្រះនៃយើង នឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។