២ ថេស្សាឡូនិក 1:2-5

២ ថេស្សាឡូនិក 1:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ បង‌ប្អូន​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជា‌និច្ច​អំពី​អ្នក​រាល់​គ្នា ដ្បិត​ជា​ការ​ត្រឹម‌ត្រូវ ព្រោះ​ជំនឿ​របស់​អ្នក​រាល់​គ្នា​កំពុង​តែ​ចម្រើន​ឡើងយ៉ាង​ខ្លាំង ហើយ​សេចក្ដីស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ចម្រើន​ឡើង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អួតអំ​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​ក្រុម​ជំនុំទាំងឡាយ​របស់​ព្រះ អំពី​សេចក្ដី​ខ្ជាប់‌ខ្ជួន និង​ជំនឿរបស់​អ្នក​រាល់​គ្នា ទោះ​ជា​អ្នក​រាល់​គ្នា​ត្រូវ​រង​ទ្រាំ​ការ​បៀត‌បៀន និង​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ក៏​ដោយ។ នេះ​ជា​ភស្តុ‌តាងអំ​ពី​ការ​ជំនុំ‌ជម្រះ​ដ៏​សុចរិត​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​ស័ក្ដិ‌សម​នឹង​ព្រះរាជ្យ​របស់​ព្រះ ដែល​អ្នក​រាល់​គ្នា​កំពុង​រង​ទុក្ខ​លំបាកដោយ​ព្រោះ​ព្រះរាជ្យ​នេះ​ឯង។

២ ថេស្សាឡូនិក 1:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។ បងប្អូន​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ស្ដី​អំពី​បងប្អូន​ជានិច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បងប្អូន​កាន់​តែ​ចម្រើន​ឡើង ហើយ​បងប្អូន​ក៏​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។ ដូច្នេះ យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​ក្រុម‌ជំនុំ*​នានា​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​តែ​បងប្អូន ដ្បិត​បងប្អូន​ចេះ​ស៊ូ​ទ្រាំ និង​មាន​ជំនឿ ទោះ​បី​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន និង​ត្រូវ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​ក៏​ដោយ។ ហេតុ‌ការណ៍​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះ‌ជាម្ចាស់​ទ្រង់​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ណាស់ គឺ​ទុក្ខ​លំបាក​របស់​បងប្អូន ធ្វើ​ឲ្យ​បងប្អូន​សម​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​មែន ដ្បិត​បងប្អូន​រង​ទុក្ខ​លំបាក ព្រោះ​តែ​ព្រះ‌រាជ្យ​នេះ​ឯង។

២ ថេស្សាឡូនិក 1:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ បង​ប្អូន​អើយ យើង​ខ្ញុំ​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ដូច​ជា​គួរ​គប្បី​ដែរ ពី​ព្រោះ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា កំពុង​តែ​ចំរើន​កាន់​តែ​ច្រើន​ឡើង ហើយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក រឹត‌តែ​ខ្លាំង​ឡើង​ដែរ ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ពី​ដំណើរ​សេចក្ដី​ខ្ជាប់‌ខ្ជួន នឹង​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ដែល​មាន​ក្នុង​សេចក្ដី​បៀត‌បៀន នឹង​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​រង​ទ្រាំ នោះ​ជា​ភស្តុ‌តាង​ពី​សេចក្ដី​ជំនុំ‌ជំរះ​ដ៏​សុចរិត​របស់​ព្រះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​គួរ​នឹង​នគរ​ព្រះ ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រង​ទុក្ខ ដោយ​ព្រោះ​នគរ​នោះ​ឯង