២ សាំយូអែល 8:1-17

២ សាំយូអែល 8:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក ព្រះបាទ​ដាវីឌ​បាន​វាយ​បង្ក្រាប​ពួក​ភីលី‌ស្ទីន ទ្រង់​ចាប់​យក​អំណាច​ទី​ក្រុង​ហ្លួង ពី​កណ្ដាប់​ដៃ​ពួក​ភីលី‌ស្ទីន។ ទ្រង់​ក៏​ប្រហារ​សាសន៍​ម៉ូអាប់​ដែរ ទ្រង់​ឲ្យ​គេ​ដេក​ដង្ហែ​គ្នា​នៅ​ដី​ដោយ​ជួរៗ រួច​តម្រូវ​ឲ្យ​ត្រូវ​សម្លាប់​ពីរ​ជួរ ហើយ​ទុក​ពេញ​មួយ​ជួរ​ឲ្យ​រស់​នៅ ដូច្នេះ សាសន៍​ម៉ូអាប់​ក្លាយ​ជា​អ្នក​បម្រើ​របស់​ដាវីឌ ហើយ​ក៏​នាំ​យក​សួយ​អាករ​មក​ថ្វាយ។ មួយ​ទៀត ដាវីឌ​ក៏​ប្រហារ​ស្ដេច​ហាដា‌រេស៊ើរ បុត្រា​រេហុប ស្តេច​ស្រុក​សូបា ខណៈ​ដែល​ស្តេច​នោះ​ទៅ​តាំង​អំណាច​ខ្លួន​នៅ​ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត​ឡើង​វិញ។ ព្រះបាទ​ដាវីឌ​ចាប់​យក​បាន​ពល​សេះ​មួយ​ពាន់​ប្រាំពីរ​រយ​នាក់ និង​ពល​ថ្មើរ​ជើង​ពីរ​ម៉ឺន​នាក់​ពី​ស្តេច​នោះ ហើយ​ក៏​កាប់​សរសៃ​ក​ជើង​សេះ ដែល​ទឹម​រទេះ​ទាំង​អស់ ទុក​ឲ្យ​នៅ​ល្មម​ទឹម​រទេះ​មួយរយ​ប៉ុណ្ណោះ។ ពេល​ពួក​សាសន៍​ស៊ីរី អ្នក​ក្រុង​ដាម៉ាស​បាន​មក ដើម្បី​ជួយ​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា ព្រះបាទ​ដាវីឌ​ក៏​ប្រហារ​សម្លាប់​ពួក​ស៊ីរី អស់​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។ បន្ទាប់​មក ព្រះបាទ​ដាវីឌដាក់​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌មើល​ក្នុង​ស្រុក​ស៊ីរី​ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​សាសន៍​ស៊ីរី​ក៏​ចុះ​ចូល​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះបាទ​ដាវីឌ ព្រម​ទាំង​យក​សួយ​អាករ​មក​ថ្វាយ​ដែរ ព្រះ‌យេហូវ៉ា​តែង​ជួយ​ការពារ​ព្រះបាទ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ។ ព្រះបាទ​ដាវីឌ​បាន​យក​ខែល​មាស​ទាំង​អស់ ដែល​ពួក​បម្រើ​របស់​ហាដា‌រេស៊ើរ​កាន់ មក​ទុក​នៅ​ក្រុង​យេរូ‌សាឡិម ពី​ក្រុង​បេថាស និង​ពី​ក្រុង​បេរ៉ូ‌ថាយ ជា​ទី​ក្រុង​របស់​ហាដា‌រេស៊ើរ នោះ​ស្តេច​យក​បាន​លង្ហិន​យ៉ាង​សន្ធឹក​ដែរ។ ពេល​ថូអ៊ី​ស្តេច​ក្រុង​ហាម៉ាត​បាន​ឮ​ថា ព្រះបាទ​ដាវីឌ​វាយ​ពួក​ពល‌ទ័ព​របស់​ហាដា‌រេស៊ើរ​ទាំង​អស់​ដូច្នោះ នោះ​ក៏​ចាត់​យ៉ូរ៉ាម​ជា​បុត្រា ឲ្យ​ទៅ​ជួប​ព្រះបាទ​ដាវីឌ ដើម្បី​ទូល​សួរ​ពី​សុខ​ទុក្ខ និង​ឲ្យ​ពរ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដា‌រេស៊ើរ ដ្បិត​ហាដា‌រេស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជា‌និច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ និង​លង្ហិន​មក​ថ្វាយ​ដែរ ប្រដាប់​ទាំង​នោះ ព្រះបាទ​ដាវីឌ​ក៏​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​មាស និង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​បាន​ចាប់​យក​ពី​សាសន៍​នានា​ដែល​ទ្រង់​បាន​បង្ក្រាប​នោះ គឺ​ពី​សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលី‌ស្ទីន សាសន៍​អាម៉ា‌ឡេក និងជ័យ‌ភណ្ឌ​ដែល​យក​ពី​ហាដា‌រេស៊ើរ ជា​កូន​រេហុប ស្តេច​ក្រុង​សូបា​ផង។ ពេល​ព្រះបាទ​ដាវីឌ​ត្រឡប់​មក​ពី​ប្រហារ​សាសន៍​ស៊ីរី​វិញ ទ្រង់​បាន​ល្បី​នាម​ឡើង​ទៀត ដោយ​បាន​វាយ​មនុស្ស​អស់​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់ នៅ​ក្នុង​វាល​ច្រក​ភ្នំ​អំបិល។ ទ្រង់​ក៏​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​នៅ​ស្រុក​អេដុម គឺ​ទ្រង់​តាំង​ឲ្យ​គេ​ត្រួត‌ត្រា​មើល​ពេញ​ក្នុង​ស្រុក​អេដុម​នោះ ហើយ​ពួក​ស្រុក​អេដុម​ទាំង​អស់​ក៏​ចុះចូល​នឹង​ដាវីឌ ព្រះ‌យេហូវ៉ា​បាន​ជួយ​ការពារ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ។ ព្រះបាទ​ដាវីឌ​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​ប្រព្រឹត្ត​ទៅ​ចំពោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដោយ​សុចរិត​យុត្តិ‌ធម៌។ មាន​យ៉ូអាប់ កូន​សេរូយ៉ា ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពល​ទ័ព យេហូ‌សាផាត កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ត្រា​ពង្សា‌វតារ សាដុក ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង

ចែក​រំលែក
អាន ២ សាំយូអែល 8

២ សាំយូអែល 8:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ជន‌ជាតិ​ភីលីស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដក​អំណាច​ពី​ពួក​គេ លែង​ឲ្យ​ត្រួត‌ត្រា​លើ​តំបន់​នោះ​ទៀត​ផង។ ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ូអាប់​ដែរ ស្ដេច​បង្ខំ​ឲ្យ​ពួក​គេ​ដេក​នៅ​ដី ហើយ​រាប់​យក​ចំនួន​ពីរ​ភាគ​បី​ទៅ​សម្លាប់ និង​ទុក​មួយ​ភាគ​បី​ឲ្យ​នៅ​រស់។ ជន‌ជាតិ​ម៉ូអាប់​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។ ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​បុត្រ​របស់​ព្រះ‌បាទ​រេ‌ហូប និង​ជា​ស្ដេច​ស្រុក​សូ‌បា ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហាដា‌រេស៊ើរ កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត​ឡើង​វិញ។ ព្រះ‌បាទ​ដាវីឌ​ចាប់​បាន​ទ័ព​សេះ​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ចំនួន​មួយ​ពាន់​ប្រាំ‌ពីរ​រយ​នាក់ និង​កង‌ពល​ថ្មើរ​ជើង​ចំនួន​ពីរ​ម៉ឺន​នាក់។ ស្ដេច​បាន​យក​សេះ​មួយ​រយ​ក្បាល​ទុក ក្រៅ​ពី​នោះ ស្ដេច​កាត់​សរសៃ​កែង​ជើង​ទាំង​អស់។ ពេល​នោះ ជន‌ជាតិ​ស៊ីរី​នៅ​ក្រុង​ដា‌ម៉ាស លើក​គ្នា​មក​ជួយ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។ ព្រះ‌បាទ​ដាវីឌ​បាន​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ជន‌ជាតិ​ស៊ីរី​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។ ព្រះ‌បាទ​ដាវីឌ​រឹប​អូស​ខែល​មាស​ពី​ពួក​បរិវារ​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ ហើយ​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌បាទ​ដាវីឌ​ក៏​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេ‌ថាស និង​ក្រុង​បេរ៉ូ‌ថាយ ដែល​ជា​ក្រុង​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ។ កាល​ព្រះ‌បាទ​ថូអ៊ី ជា​ស្ដេច​ក្រុង​ហា‌ម៉ាត់​ជ្រាប​ថា ព្រះ‌បាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ ទ្រង់​ក៏​ចាត់​សម្ដេច​យ៉ូ‌រ៉ាម ជា​បុត្រ ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ និង​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជម្នះ​លើ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ព្រោះ​ព្រះ‌បាទ​ថូអ៊ី​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ដែរ។ សម្ដេច​យ៉ូ‌រ៉ាម​នាំ​យក​វត្ថុ​ធ្វើ​អំពី​មាស ប្រាក់ និង​លង្ហិន​មក​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​យក​វត្ថុ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​ស្ដេច​ថ្វាយ​មាស ប្រាក់ យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​វាយ​ឈ្នះ​ដែរ គឺ​ជន‌ជាតិ​ស៊ីរី ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អាម៉ា‌ឡេក។ ព្រះ‌បាទ​ដាវីឌ​ក៏​យក​ជយ‌ភណ្ឌ​ដែល​រឹប​អូស​បាន​ពី​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​បុត្រ​របស់​ព្រះ‌បាទ​រេ‌ហូប ស្ដេច​ស្រុក​សូបា ទៅ​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ។ ពេល​ព្រះ‌បាទ​ដាវីឌ​វិល​មក​ពី​ច្បាំង​ឈ្នះ​ជន‌ជាតិ​ស៊ីរី​វិញ ទ្រង់​ប្រហារ​ជន‌ជាតិ​អេដុម​អស់​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល ដែល​ធ្វើ​ឲ្យ​កិត្តិនាម​របស់​ស្ដេច​រឹត​តែ​ល្បី‌ល្បាញ​ថែម​ទៀត។ ព្រះ‌បាទ​ដាវីឌ​បាន​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន‌ជាតិ​អេដុម​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ​នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។ ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ទ្រង់​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដោយ​សុចរិត និង​យុត្តិធម៌។ លោក​យ៉ូអាប់ កូន​របស់​អ្នក​ស្រី​សេរូយ៉ា មាន​មុខងារ​ជា​មេ​បញ្ជា​ការ​កង‌ទ័ព។ លោក​យេហូ‌សាផាត កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។ លោក​សា‌ដុក​ជា​កូន​របស់​លោក​អហ៊ី‌ទូប និង​លោក​អហ៊ី‌មាឡេក​ជា​កូន​របស់​លោក​អបៀ‌ថើរ មាន​មុខងារ​ជា​បូជា‌ចារ្យ*។

ចែក​រំលែក
អាន ២ សាំយូអែល 8

២ សាំយូអែល 8:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន​បាន​ហើយ ទ្រង់​ចាប់​យក​អំណាច​ទី​ក្រុង​ហ្លួង ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ទ្រង់​ក៏​ប្រហារ​សាសន៍​ម៉ូអាប់​ដែរ ទ្រង់​ឲ្យ​គេ​ដេក​ដង្ហែ​គ្នា​នៅ​ដី​ដោយ​ជួរៗ រួច​ដំរូវ​ឲ្យ​ត្រូវ​សំឡាប់​២​ជួរ ហើយ​ទុក​ពេញ​១​ជួរ​ឲ្យ​រស់​នៅ ដូច្នេះ សាសន៍​ម៉ូអាប់​បាន​ត្រឡប់​ជា​បាវ​បំរើ​របស់​ដាវីឌ ហើយ​ក៏​នាំ​យក​សួយ‌អាករ​មក​ថ្វាយ។ ១​ទៀត ដាវីឌ​ក៏​ប្រហារ​ហាដារេ‌ស៊ើរ បុត្រា​រេហុប​ជា​ស្តេច​ស្រុក​សូបា ក្នុង​កាល​ដែល​ស្តេច​នោះ ទៅ​តាំង​អំណាច​ខ្លួន នៅ​ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត​ឡើង​វិញ ដាវីឌ​ទ្រង់​ចាប់​យក​បាន​ពល​សេះ​១​ពាន់​៧​រយ​នាក់ នឹង​ពល​ថ្មើរ​ជើង​២​ម៉ឺន​នាក់​ពី​ស្តេច​នោះ ហើយ​ក៏​កាប់​សរសៃ​ក​ជើង​សេះ ដែល​ទឹម​រទេះ​ទាំង​អស់ បាន​ទុក​ឲ្យ​នៅ​ល្មម​តែ​នឹង​ទឹម​រទេះ​១០០​ប៉ុណ្ណោះ កាល​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​ដាម៉ាស​បាន​មក ដើម្បី​ជួយ​ហាដារេ‌ស៊ើរ ជា​ស្តេច​សូបា នោះ​ដាវីឌ​ក៏​ប្រហារ​សំឡាប់​ពួក​ស៊ីរី​នោះ អស់​២​ម៉ឺន​២​ពាន់​នាក់ រួច​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​ក្នុង​ស្រុក​ស៊ីរី​ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​សាសន៍​ស៊ីរី ក៏​ចំណុះ​ជា​បាវ​បំរើ​របស់​ដាវីឌ ព្រម​ទាំង​យក​សួយ‌អាករ​មក​ថ្វាយ​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​ចេះ​តែ​ជួយ​ការ‌ពារ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ ដាវីឌ​បាន​យក​អស់​ទាំង​ខែល​មាស ដែល​ពួក​បំរើ​របស់​ហាដារេ‌ស៊ើរ​កាន់​នាំ​មក​ទុក​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ពី​ក្រុង​បេថាស នឹង​ពី​ក្រុង​បេរ៉ូ‌ថាយ ជា​ទី​ក្រុង​របស់​ហាដារេ‌ស៊ើរ នោះ​ស្តេច​ទ្រង់​យក​បាន​លង្ហិន​យ៉ាង​សន្ធឹក​ដែរ។ កាល​ថូអ៊ី ជា​ស្តេច​ក្រុង​ហាម៉ាត បាន​ឮ​ថា ដាវីឌ​វាយ​ពួក​ពល‌ទ័ព របស់​ហាដារេ‌ស៊ើរ​ទាំង​អស់​ហើយ​ដូច្នោះ នោះ​ក៏​ចាត់​យ៉ូរ៉ាម ជា​បុត្រា ឲ្យ​ទៅ​ឯ​ស្តេច​ដាវីឌ ដើម្បី​នឹង​ទូល​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ ហើយ​នឹង​ឲ្យ​ពរ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដារេ‌ស៊ើរ ដ្បិត​ហាដារេ‌ស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជានិច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស​ប្រាក់ នឹង​លង្ហិន មក​ថ្វាយ​ដែរ ឯ​ប្រដាប់​ទាំង​នោះ ស្តេច​ដាវីឌ​ក៏​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​មាស នឹង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​បាន​ចាប់​យក​ពី​អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្ក្រាប​នោះ គឺ​ពី​សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលីស្ទីន សាសន៍​អាម៉ា‌លេក ហើយ​នឹង​របឹប​ដែល​បាន​យក​ពី​ហាដារេ‌ស៊ើរ​ជា​កូន​រេហុប ស្តេច​ក្រុង​សូបា​ផង។ កាល​ដាវីឌ​ត្រឡប់​មក ពី​ប្រហារ​សាសន៍​ស៊ីរី​វិញ នោះ​ទ្រង់​បាន​ល្បី​នាម​ឡើង​ទៀត ដោយ​បាន​វាយ​មនុស្ស​អស់​១​ម៉ឺន​៨​ពាន់​នាក់ នៅ​ក្នុង​វាល​ច្រក​ភ្នំ​អំបិល ទ្រង់​ក៏​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​នៅ​ស្រុក​អេដំម គឺ​ទ្រង់​តាំង​ឲ្យ​គេ​ត្រួត‌ត្រា​មើល នៅ​ពេញ​ក្នុង​ស្រុក​អេដំម​នោះ ហើយ​ពួក​ស្រុក​អេដំម​ទាំង​អស់ ក៏​ចំណុះ​ចំពោះ​ដាវីឌ ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ការ‌ពារ​ដាវីឌ​នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ទ្រង់​យាង​ទៅ។ ដាវីឌ​ទ្រង់​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ហើយ​ក៏​ប្រព្រឹត្ត​នឹង​បណ្តា​រាស្ត្រ​របស់​ទ្រង់ ដោយ​សុចរិត​យុត្តិ‌ធម៌ មាន​យ៉ូអាប់ កូន​សេរូយ៉ា ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពល​ទ័ព យេហូ‌សា‌ផាត កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវតារ សាដុក ជា​កូន​អ័ហ៊ី‌ទូប នឹង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ាយ៉ា​ជា​ស្មៀន​ហ្លួង

ចែក​រំលែក
អាន ២ សាំយូអែល 8