២ សាំយូអែល 7:18-29

២ សាំយូអែល 7:18-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​ដាវីឌ​បាន​យាង​ចូល​ទៅ​គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​ទូល‌បង្គំ​ជា​អ្វី ហើយ​ពូជ‌ពង្ស​ទូល‌បង្គំ​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ដល់​ត្រឹម​នេះ? ប៉ុន្តែ ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ នេះ​ជា​ការ​យ៉ាង​តូច​នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទេ បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ រហូត​ដល់​យូរ​អង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​របៀប​នេះ​មនុស្ស​អាច​យល់​ឬ​ទេ? តើ​ដាវីឌ​ទូល‌បង្គំ​នេះ មាន​អ្វី​ទូល​ព្រះ‌អង្គ​បាន​ទៀត? ដ្បិត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​ធំ​ទាំង​នេះ ឲ្យ​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ដឹង ដោយ​យល់​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ ហើយ​ក៏​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ដែរ។ ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ ព្រះ‌អង្គ​ធំ​ណាស់ គ្មាន​អ្នក​ណា​ស្មើ​នឹង​ព្រះ‌អង្គ​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ត្រចៀក​ទូល‌បង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ឯ​ណា​ក្រៅ​ពី​ព្រះ‌អង្គ​ដែរ។ តើ​មាន​សាសន៍​ណា​មួយ​នៅ​ផែនដី ឲ្យ​ដូច​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ព្រះ​បាន​យាង​ទៅ លោះ​ចេញ ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​ល្បី​ឈ្មោះ និង​ប្រោស​ការ​យ៉ាង​ធំ​ដល់​គេ ហើយ​ការ​គួរ​ស្ញែង​ខ្លាច​សម្រាប់​ស្រុក​គេ នៅ​មុខ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​លោះ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​រួច​ពី​សាសន៍​ដទៃ និង​ព្រះ​របស់​គេ​ផង។ ព្រះ‌អង្គ​ក៏​បាន​តាំង​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ជា​រៀង‌រហូត​ត​ទៅ ហើយ​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ធ្វើ​ជា​ព្រះ​ដល់​គេ​ដែរ។ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​បញ្ជាប់​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​ពី​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ឲ្យ​បាន​ជាប់​ជា‌និច្ច​ត​ទៅ​មុខ សូម​ទ្រង់​ធ្វើ​សម្រេច ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​នោះ​ចុះ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ថ្កុំ‌ថ្កើង​ឡើង​ជា‌និច្ច ដោយ​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​សូម​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌អង្គ។ បពិត្រ ឱ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ដឹង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា "យើង​នឹង​តាំង​វង្សា​ឯង​ឡើង" ហេតុ​ដូច្នេះ​បាន​ជា​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មាន​ចិត្ត​ក្លាហាន​នឹង​ហ៊ាន​អធិស្ឋាន​ពាក្យ​ទាំង​នេះ ទូល​ដល់​ព្រះ‌អង្គ។ ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​ពិត ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ពិត​ត្រង់ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌គុណ​នេះ​មក​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដូច្នេះ សូម​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ និង​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌អង្គ​ជា​រៀង​រហូត ដ្បិត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​សន្យា​ហើយ ដូច្នេះ ដោយ‌សារ​ព្រះ‌ពរ​ព្រះ‌អង្គ នោះ​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នឹង​បាន​ពរ​នៅ​អស់‌កល្ប​ជា‌និច្ច»។

ចែក​រំលែក
អាន ២ សាំយូអែល 7

២ សាំយូអែល 7:18-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​គាល់​ព្រះ‌អម្ចាស់ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ តើ​ទូលបង្គំ និង​អំបូរ​របស់​ទូលបង្គំ​ជា​អ្វី បាន​ជា​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ទទួល​ឋានៈ​ខ្ពង់‌ខ្ពស់​បែប​នេះ? ប៉ុន្តែ ព្រះ‌ជា‌អម្ចាស់​អើយ ព្រះអង្គ​យល់​ឃើញ​ថា នេះ​គឺ​ជា​ការ​តិច‌តួច​ទេ បាន​ជា​ព្រះអង្គ​សន្យា​ដល់​កូន​ចៅ​ទូលបង្គំ ដែល​នៅ​ជំនាន់​ក្រោយៗ​ទៀត​ដែរ។ របៀប​ដែល​ព្រះអង្គ​ប្រព្រឹត្ត មនុស្ស​លោក​គិត​ពុំ​ដល់​ទេ! ឱ​ព្រះ‌ជា‌អម្ចាស់​អើយ តើ​ទូលបង្គំ​មាន​អ្វី​ទូល​ថ្វាយ​ព្រះអង្គ​ទៀត បើ​ទ្រង់​ជ្រាប​អំពី​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ យ៉ាង​ច្បាស់​ហើយ​នោះ? ព្រះអង្គ​បាន​សម្តែង​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​ទាំង​នេះ​ឲ្យ​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ឃើញ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា និង​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ពិត​ជា​ព្រះ​ដ៏​ឧត្ដម​បំផុត! គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​ទេ។ តាម​យើង​ខ្ញុំ​ធ្លាប់​បាន​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ព្រះអង្គ ក៏​គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែរ។ នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជា‌ជាតិ​ណា​មួយ​ដូច​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​ព្រះអង្គ​បាន​ទៅ​រំដោះ​ពួក​គេ​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ព្រម​ទាំង​ប្រទាន​ឲ្យ​ពួក​គេ​មាន​កេរ្តិ៍​ឈ្មោះទៀត​ផង។ ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ​ដ៏​ធំៗ​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​ស្រុក​របស់​ព្រះអង្គ ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ឃើញ គឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ​ពី​កណ្ដាប់​ដៃ​របស់​ប្រជា‌ជាតិ និង​ព្រះ​របស់​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ! ព្រះអង្គ​បាន​ពង្រឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​រហូត​ត​ទៅ ហើយ​ព្រះអង្គ​ក៏​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ​ដែរ។ បពិត្រ​ព្រះ‌ជា‌អម្ចាស់ ឥឡូវ​នេះ សូម​ឲ្យ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​សន្យា​ចំពោះ​ទូលបង្គំ និង​កូន​ចៅ​របស់​ទូលបង្គំ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​សូម​ទ្រង់​សម្រេច​តាម​ព្រះ‌បន្ទូល​នេះ​ផង។ សូម​ឲ្យ​ព្រះ‌នាម​របស់​ព្រះអង្គ​បាន​ឧត្តុង្គ‌ឧត្ដម​ជានិច្ច ហើយ​សូម​ឲ្យ​គេ​នៅ​តែ​ពោល​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល”។ សូម​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ រហូត​ត​ទៅ​ផង។ បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! ព្រះអង្គ​បាន​ប្រោស​ឲ្យ​ទូលបង្គំ​ដឹង​អំពី​គម្រោង‌ការ ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​ទូលបង្គំ ឲ្យ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ទូលបង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​មាន​ចិត្ត​ក្លា‌ហាន ទូល​ពាក្យ​អធិស្ឋាន​នេះ​ថ្វាយ​ព្រះអង្គ។ បពិត្រ​ព្រះ‌ជា‌អម្ចាស់! មាន​តែ​ព្រះអង្គ​ទេ​ជា​ព្រះ‌ជាម្ចាស់ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សុទ្ធ​តែ​ពិត ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សន្យា​ប្រទាន​សុភមង្គល​មក​ទូលបង្គំ។ ឥឡូវ​នេះ សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ត​រៀង​ទៅ។ ព្រះ‌ជា‌អម្ចាស់​អើយ! សូម​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង នោះ​ពួក​គេ​នឹង​ទទួល​ព្រះ‌ពរ​អស់‌កល្ប​ជានិច្ច»។

ចែក​រំលែក
អាន ២ សាំយូអែល 7

២ សាំយូអែល 7:18-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ស្តេច​ដាវីឌ​ទ្រង់​ក៏​យាង​ចូល​ទៅ គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូលបង្គំ​ជា​អ្វី ហើយ​ពូជ‌ពង្ស​ទូលបង្គំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ដល់​ត្រឹម​នេះ ប៉ុន្តែ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ នេះ​ជា​ការ​យ៉ាង​តូច​នៅ​ព្រះ‌នេត្រ​ទ្រង់​ទេ បាន​ជា​ទ្រង់​មាន​បន្ទូល​ពី​ពូជ‌ពង្ស​នៃ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ រហូត​ដល់​យូរ‌អង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ យ៉ាង​នោះតើ​ត្រូវ​តាម​របៀប​របស់​មនុស្ស​ឬ តើ​ដាវីឌ​ទូលបង្គំ​នេះ នឹង​ទូល​ទ្រង់​បាន​ដូច​ម្តេច​ទៅ​ទៀត ដ្បិត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ស្គាល់​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់​ហើយ ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​ធំ​ទាំង​នេះ ឲ្យ​ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់​បាន​ដឹង ដោយ​យល់​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់​ទេ ហើយ​ក៏​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ផង ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ ទ្រង់​ធំ​ណាស់ គ្មាន​ណា​ឲ្យ​ស្មើ​ទ្រង់​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ត្រចៀក​ទូលបង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់​ដែរ តើ​មាន​សាសន៍​ឯ​ណា​មួយ​នៅ​ផែនដី ឲ្យ​ដូច​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ព្រះ​បាន​យាង​ទៅ លោះ​ចេញ ទុក​ជា​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ល្បី​ព្រះ‌នាម ហើយ​នឹង​ប្រោស​ការ​យ៉ាង​ធំ​ដល់​គេ ហើយ​ការ​គួរ​ស្ញែង​ខ្លាច​សំរាប់​ស្រុក​គេ នៅ​មុខ​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​លោះ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​រួច​ពី​សាសន៍​ដទៃ ហើយ​នឹង​ព្រះ​របស់​គេ​ផង ទ្រង់​ក៏​បាន​តាំង​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់ ឲ្យ​បាន​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ជា​រៀង‌រាប​ដរាប​ទៅ ហើយ​ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ត្រឡប់​ជា​ព្រះ​ដល់​គេ​ដែរ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​បញ្ជាប់​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​មាន​បន្ទូល​មក ពី​ដំណើរ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ហើយ​ពី​ពូជ‌ពង្ស​របស់​ទូលបង្គំ ឲ្យ​បាន​ជាប់​ជានិច្ច​ត​ទៅ​មុខ សូម​ទ្រង់​ធ្វើ​សំរេច ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​មក​នោះ​ចុះ សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​ជានិច្ច ដោយ​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​សូម​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​បាវ​បំរើ​ទ្រង់ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់ ពី​ព្រោះ ឱ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ទ្រង់​បាន​សំដែង​ឲ្យ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់​បាន​ដឹង​ហើយ ដោយ​បន្ទូល​ថា អញ​នឹង​តាំង​វង្សា​ឯង​ឡើង ហេតុ​ដូច្នោះ​បាន​ជា​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ក្លាហាន នឹង​ហ៊ាន​អធិស្ឋាន​ពាក្យ​ទាំង​នេះ ទូល​ដល់​ទ្រង់ ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​ពិត ហើយ​ព្រះ‌បន្ទូល​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ទ្រង់​បាន​មាន​បន្ទូល​ពី​ព្រះ‌គុណ​នេះ​មក​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ដូច្នេះ សូម​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នឹង​ប្រទាន​ពរ ដល់​ពូជ‌ពង្ស​របស់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ដើម្បី​ឲ្យ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់​ជា​ដរាប ដ្បិត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​បាន​សន្យា​ហើយ ដូច្នេះ ដោយ‌សារ​ព្រះ‌ពរ​ទ្រង់ នោះ​ពូជ‌ពង្ស​របស់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​បាន​ពរ​នៅ​អស់‌កល្ប‌ជានិច្ច។

ចែក​រំលែក
អាន ២ សាំយូអែល 7