២ សាំយូអែល 7:12-16
២ សាំយូអែល 7:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយបុព្វបុរសឯង នោះយើងនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យឡើងសោយរាជ្យជំនួសឯង ហើយយើងនឹងតាំងរាជ្យគេឲ្យខ្ជាប់ខ្ជួនឡើង គឺវាដែលនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង ហើយយើងនឹងតាំងបល្ល័ង្កនៃរាជ្យរបស់គេ ឲ្យនៅស្ថិតស្ថេររហូតតទៅ។ យើងនឹងធ្វើជាឪពុកដល់គេ ហើយគេនឹងបានជាកូនរបស់យើង បើកាលណាគេប្រព្រឹត្តការទុច្ចរិត នោះយើងនឹងផ្ចាញ់ផ្ចាលគេដោយដំបងរបស់មនុស្ស ហើយនិងស្នាមរំពាត់របស់ពួកមនុស្សជាតិ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង មិនដែលឃ្លាតចេញពីគេ ដូចជាយើងបានដកចេញពីស្ដេចសូល ដែលយើងបានចោលពីមុខឯងចេញនោះឡើយ ។ នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ"»
២ សាំយូអែល 7:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។ គឺបុត្រនោះហើយដែលនឹងសង់ដំណាក់មួយសម្រាប់នាមយើង យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឲ្យនៅស្ថិតស្ថេររហូតតទៅ។ យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។ ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរសចេញពីគេ ដូចយើងបានដកពីសូលដែលយើងបោះបង់ចោល ហើយតែងតាំងអ្នកជំនួសនោះទេ។ ពូជពង្ស និងរាជសម្បត្តិរបស់អ្នក នឹងនៅស្ថិតស្ថេររហូតតទៅ ហើយរាជបល្ល័ង្ករបស់អ្នកក៏នឹងរឹងមាំរហូតតទៅដែរ”»។
២ សាំយូអែល 7:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង គឺវាដែលនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ ហើយអញនឹងតាំងបល្ល័ង្កនៃរាជ្យវា ឲ្យនៅស្ថិតស្ថេរជាដរាបទៅ អញនឹងធ្វើជាឪពុកដល់វា ហើយវានឹងបានជាកូនដល់អញ បើកាលណាវាប្រព្រឹត្តការទុច្ចរិត នោះអញនឹងផ្ចាញ់ផ្ចាលវាដោយដំបងរបស់មនុស្ស ហើយនឹងស្នាមរំពាត់នៃពួកមនុស្សជាតិ ប៉ុន្តែសេចក្ដីសប្បុរសរបស់អញ មិនដែលឃ្លាតចេញពីវា ដូចជាអញបានដកចេញពីសូល ដែលអញបានចោលពីមុខឯងចេញនោះឡើយ។ នោះវង្សា នឹងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ