២ សាំយូអែល 7:11-17

២ សាំយូអែល 7:11-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តាំង​ពួក​ចៅ‌ហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​នោះ​ឡើយ យើង​បាន​ប្រោស​ឲ្យ​ឯង​បាន​សម្រាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ។ ម្យ៉ាង​ទៀត ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង។ កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ រួច​បាន​ដេក​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​ឯង នោះ​យើង​នឹង​តាំង​ពូជ‌ពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​ឡើង​សោយ‌រាជ្យ​ជំនួស​ឯង ហើយ​យើង​នឹង​តាំង​រាជ្យ​គេ​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង គឺ​វា​ដែល​នឹង​ស្អាង​វិហារ​មួយ​សម្រាប់​ឈ្មោះ​យើង ហើយ​យើង​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​របស់​គេ ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​តទៅ។ យើង​នឹង​ធ្វើ​ជា​ឪពុក​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​កូន​របស់​យើង បើ​កាល​ណា​គេ​ប្រព្រឹត្ត​ការ​ទុច្ចរិត នោះ​យើង​នឹង​ផ្ចាញ់‌ផ្ចាល​គេ​ដោយ​ដំបង​របស់​មនុស្ស ហើយ​និង​ស្នាម​រំពាត់​របស់​ពួក​មនុស្ស​ជាតិ ប៉ុន្តែ សេចក្ដី​សប្បុ‌រស​របស់​យើង មិន​ដែល​ឃ្លាត​ចេញ​ពី​គេ ដូច​ជា​យើង​បាន​ដក​ចេញ​ពី​ស្ដេចសូល ដែល​យើង​បាន​ចោល​ពី​មុខ​ឯង​ចេញ​នោះ​ឡើយ ។ នោះ​វង្សា និង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់‌ខ្ជួន​នៅ ជា​រៀង‌រាប​ដរាប​ទៅ"» ណាថាន់​ក៏​ទូល​ព្រះបាទ​ដាវីឌ តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល ហើយ​តាម​ការ​ជាក់​ស្តែង​ទាំង​នោះ​គ្រប់​ជំពូក។

ចែក​រំលែក
អាន ២ សាំយូអែល 7

២ សាំយូអែល 7:11-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តែង‌តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ។ យើង​ឲ្យ​អ្នក​បាន​សុខ​ក្សេម‌ក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់ ព្រម​ទាំង​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។ ពេល​ណា​អ្នក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ផ្ទាល់​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ផង។ គឺ​បុត្រ​នោះ​ហើយ​ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ ហើយ​គេ​ក៏​ជា​កូន​របស់​យើង​ដែរ។ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អ្វី​ខុស យើង​នឹង​វាយ​ប្រដៅ​គេ ដូច​មនុស្ស​លោក​វាយ​ប្រដៅ​កូន​របស់​ខ្លួន។ ប៉ុន្តែ យើង​នឹង​មិន​ដក​សេចក្ដី​សប្បុរស​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ពី​សូល​ដែល​យើង​បោះ​បង់​ចោល ហើយ​តែង‌តាំង​អ្នក​ជំនួស​នោះ​ទេ។ ពូជ‌ពង្ស និង​រាជ​សម្បត្តិ​របស់​អ្នក នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ​បល្ល័ង្ក​របស់​អ្នក​ក៏​នឹង​រឹង‌មាំ​រហូត​ត​ទៅ​ដែរ”»។ លោក​ណាថាន​ទូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​នោះ។

ចែក​រំលែក
អាន ២ សាំយូអែល 7

២ សាំយូអែល 7:11-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឬ​ដូច​នៅ​គ្រា​ដែល​អញ​បាន​តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​នោះ​ឡើយ អញ​បាន​ប្រោស​ឲ្យ​ឯង​បាន​សំរាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ (យ៉ាង​នោះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង) កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ រួច​បាន​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ឯង នោះ​អញ​នឹង​តាំង​ពូជ‌ពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​សោយ‌រាជ្យ​ឡើង​ជំនួស​ឯង ហើយ​អញ​នឹង​តាំង​រាជ្យ​វា​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង គឺ​វា​ដែល​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ ហើយ​អញ​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​វា ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​ទៅ អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា ហើយ​វា​នឹង​បាន​ជា​កូន​ដល់​អញ បើ​កាល​ណា​វា​ប្រព្រឹត្ត​ការ​ទុច្ចរិត នោះ​អញ​នឹង​ផ្ចាញ់‌ផ្ចាល​វា​ដោយ​ដំបង​របស់​មនុស្ស ហើយ​នឹង​ស្នាម​រំពាត់​នៃ​ពួក​មនុស្ស​ជាតិ ប៉ុន្តែសេចក្ដី​សប្បុរស​របស់​អញ មិន​ដែល​ឃ្លាត​ចេញ​ពី​វា ដូច​ជា​អញ​បាន​ដក​ចេញ​ពី​សូល ដែល​អញ​បាន​ចោល​ពី​មុខ​ឯង​ចេញ​នោះ​ឡើយ។ នោះ​វង្សា នឹង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់‌ខ្ជួន​នៅ ជា​រៀង‌រាប​ដរាប​ទៅ ណាថាន់​ក៏​ទូល​នឹង​ដាវីឌ តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល ហើយ​តាម​ការ​ជាក់​ស្តែង​ទាំង​នេះ​គ្រប់​ជំពូក។

ចែក​រំលែក
អាន ២ សាំយូអែល 7