២ សាំយូអែល 6:9-12
២ សាំយូអែល 6:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃនោះ ព្រះបាទដាវីឌកោតខ្លាចព្រះយេហូវ៉ា ហើយមានរាជឱង្ការថា៖ «ធ្វើដូចម្តេចឲ្យហិបនៃព្រះយេហូវ៉ាចូលមកវិញបាន?» យ៉ាងនោះ ព្រះបាទដាវីឌបែរជាមិនបាននាំយកហិបនៃព្រះយេហូវ៉ា ចូលទៅក្នុងក្រុងរបស់ដាវីឌទេ គឺទង់យកទៅដាក់នៅក្នុងផ្ទះរបស់អូបិឌ-អេដុម ជាអ្នកមកពីក្រុងកាថវិញ។ ហិបរបស់ព្រះយេហូវ៉ាក៏នៅក្នុងផ្ទះរបស់អូបិឌ-អេដុម ក្រុងកាថានោះរយៈពេលបីខែ ហើយព្រះយេហូវ៉ាក៏ប្រទានពរដល់អូបិឌ-អេដុម ព្រមទាំងគ្រួសារគាត់ទាំងអស់គ្នា។ មានគេក្រាបទូលដល់ព្រះបាទដាវីឌថា៖ «ព្រះយេហូវ៉ាបានប្រទានពរដល់គ្រួសារអូបិឌ-អេដុម និងអ្វីៗទាំងអស់របស់គាត់ ដោយព្រោះហិបរបស់ព្រះ»។ ដូច្នេះ ព្រះបាទដាវីឌក៏យាងទៅយកហិបរបស់ព្រះពីផ្ទះអូបិឌ-អេដុម ចូលមកក្នុងក្រុងរបស់ព្រះករុណាវិញដោយអំណរ។
២ សាំយូអែល 6:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃនោះ ព្រះបាទដាវីឌភ័យខ្លាចព្រះអម្ចាស់ ហើយមានរាជឱង្ការថា៖ «យើងមិនហ៊ានយកហិបនៃព្រះអម្ចាស់ចូលទៅក្នុងដំណាក់របស់យើងទេ!»។ ដូច្នេះ ស្ដេចមិនចង់យកហិបរបស់ព្រះអម្ចាស់ ចូលទៅក្នុងដំណាក់ នៅបុរីរបស់ព្រះបាទដាវីឌ តែទ្រង់បានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេដអេដុម ជាអ្នកស្រុកកាថ។ ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេដអេដុម ជាអ្នកស្រុកកាថចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់លោកអូបេដអេដុម និងក្រុមគ្រួសាររបស់គាត់ទាំងមូល។ មានគេទូលព្រះបាទដាវីឌថា៖ «ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសារលោកអូបេដអេដុម ព្រមទាំងអ្វីៗដែលគាត់មាន ដោយសារតែហិបរបស់ព្រះជាម្ចាស់»។ ពេលនោះ ព្រះបាទដាវីឌក៏យាងទៅផ្ទះលោកអូបេដអេដុម ដើម្បីនាំយកហិបចូលមកបុរីរបស់ព្រះបាទដាវីឌ ដោយមានក្បួនដង្ហែយ៉ាងសប្បាយរីករាយផង។
២ សាំយូអែល 6:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះដាវីឌក៏មានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយមានបន្ទូលថា ធ្វើដូចម្តេចឲ្យហឹបនៃព្រះយេហូវ៉ាចូលមកឯអញបាន យ៉ាងនោះ ដាវីឌបែរជាមិនបាននាំយកហឹបនៃព្រះយេហូវ៉ា ចូលទៅឯទ្រង់ ក្នុងក្រុងរបស់ទ្រង់ទេ គឺទ្រង់នាំយកទៅដាក់ទុកនៅក្នុងផ្ទះរបស់អូបិឌ-អេដំម ជាអ្នកមកពីក្រុងកាថវិញ ដូច្នេះ ហឹបនៃព្រះយេហូវ៉ាក៏នៅក្នុងផ្ទះរបស់អូបិឌ-អេដំម ពីក្រុងកាថនោះអស់៣ខែ ហើយព្រះយេហូវ៉ាក៏ប្រទានពរដល់អូបិឌ-អេដំម ព្រមទាំងពួកគ្រួគាត់ទាំងអស់គ្នា។ មានគេក្រាបទូលដល់ស្តេចដាវីឌថា ព្រះយេហូវ៉ាបានប្រទានពរដល់ពួកគ្រួអូបិឌ-អេដំម នឹងរបស់គាត់ទាំងអស់ ដោយព្រោះហឹបនៃព្រះ ដូច្នេះ ដាវីឌទ្រង់ក៏យាងទៅនាំយកហឹបនៃព្រះ ពីផ្ទះអូបិឌ-អេដំម ចូលមកក្នុងក្រុងរបស់ទ្រង់វិញដោយអំណរ