២ សាំយូអែល 6:12-19
២ សាំយូអែល 6:12-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានគេក្រាបទូលដល់ព្រះបាទដាវីឌថា៖ «ព្រះយេហូវ៉ាបានប្រទានពរដល់គ្រួសារអូបិឌ-អេដុម និងអ្វីៗទាំងអស់របស់គាត់ ដោយព្រោះហិបរបស់ព្រះ»។ ដូច្នេះ ព្រះបាទដាវីឌក៏យាងទៅយកហិបរបស់ព្រះពីផ្ទះអូបិឌ-អេដុម ចូលមកក្នុងក្រុងរបស់ព្រះករុណាវិញដោយអំណរ។ កាលពួកអ្នកដែលសែងហិបរបស់ព្រះយេហូវ៉ាដើរទៅបានប្រាំមួយជំហាន ទ្រង់ថ្វាយគោឈ្មោលមួយ និងកូនគោមួយយ៉ាងធាត់។ ព្រះបាទដាវីឌលោតកញ្ឆេងអស់ពីកម្លាំងនៅចំពោះព្រះយេហូវ៉ា ទ្រង់ពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស។ ព្រះបាទដាវីឌ និងជំនួរវង្សនៃសាសន៍អ៊ីស្រាអែលទាំងអស់ បានយកហិបរបស់ព្រះយេហូវ៉ាឡើងមកដោយសំឡេងហ៊ោ និងសូរផ្លុំត្រែផង។ ពេលដែលហិបនៃព្រះយេហូវ៉ាចូលមកក្នុងក្រុងដាវីឌ នោះមីកាលជាបុត្រីរបស់ស្ដេចសូល ក៏ទតតាមបង្អួចទៅឃើញព្រះបាទដាវីឌ កំពុងតែហក់លោកកញ្ឆេងនៅចំពោះព្រះយេហូវ៉ា នាងមានចិត្តប្រមាថមើលងាយដល់ទ្រង់។ គេយកហិបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្ដាលត្រសាល ដែលដាវីឌបានដំឡើងសម្រាប់ហិបនោះ រួចទ្រង់ថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា លុះបានថ្វាយតង្វាយដុត និងតង្វាយមេត្រីរួចហើយ ទ្រង់ក៏ប្រទានពរដល់ប្រជាជន ដោយនូវព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ រួចទ្រង់ចែកនំបុ័ងមួយដុំ សាច់មួយដុំ និងផ្លែទំពាំងបាយជូរមួយផែន ដល់ប្រជាជនទាំងឡាយ គឺដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងប្រុសទាំងស្រីផង ដូច្នេះ ប្រជាជនក៏ត្រឡប់ទៅឯលំនៅរបស់គេរៀងខ្លួនវិញ។
២ សាំយូអែល 6:12-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានគេទូលព្រះបាទដាវីឌថា៖ «ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសារលោកអូបេដអេដុម ព្រមទាំងអ្វីៗដែលគាត់មាន ដោយសារតែហិបរបស់ព្រះជាម្ចាស់»។ ពេលនោះ ព្រះបាទដាវីឌក៏យាងទៅផ្ទះលោកអូបេដអេដុម ដើម្បីនាំយកហិបចូលមកបុរីរបស់ព្រះបាទដាវីឌ ដោយមានក្បួនដង្ហែយ៉ាងសប្បាយរីករាយផង។ នៅពេលពួកអ្នកសែងហិបរបស់ព្រះអម្ចាស់ ដើរបានប្រាំមួយជំហាន ព្រះបាទដាវីឌយកគោឈ្មោលមួយ និងកូនគោធាត់មួយ មកថ្វាយជាយញ្ញបូជា។ ព្រះបាទដាវីឌរាំ លោតកព្ឆោងថ្វាយព្រះអម្ចាស់ យ៉ាងអស់ពីកម្លាំងកាយ ដោយស្លៀកតែអេផូដ* ធ្វើពីក្រណាត់ទេសឯកប៉ុណ្ណោះ។ ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូលដង្ហែហិបរបស់ព្រះអម្ចាស់ឡើងមកក្រុងយេរូសាឡឹម ពួកគេស្រែកជយឃោស និងផ្លុំត្រែយ៉ាងរំពង។ ពេលហិបរបស់ព្រះអម្ចាស់ចូលមកដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល់ ជាបុត្រីព្រះបាទសូល អើតតាមបង្អួច ឃើញព្រះបាទដាវីឌរាំលោតកព្ឆោង នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ព្រះនាងក៏មានចិត្តមើលងាយព្រះបាទដាវីឌ។ កាលដង្ហែហិបរបស់ព្រះអម្ចាស់ទៅដល់ហើយ គេតម្កល់នៅក្នុងព្រះពន្លា ដែលព្រះបាទដាវីឌបានបម្រុងទុក។ ព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ លុះបានថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពរួចហើយ ព្រះបាទដាវីឌក៏ប្រទានពរដល់ប្រជាជនក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះបាទដាវីឌប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ទាំងប្រុសទាំងស្រី គឺម្នាក់ៗទទួលបាននំប៉័ងមួយដុំ នំដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរមួយដុំ។ បន្ទាប់មក ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
២ សាំយូអែល 6:12-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានគេក្រាបទូលដល់ស្តេចដាវីឌថា ព្រះយេហូវ៉ាបានប្រទានពរដល់ពួកគ្រួអូបិឌ-អេដំម នឹងរបស់គាត់ទាំងអស់ ដោយព្រោះហឹបនៃព្រះ ដូច្នេះ ដាវីឌទ្រង់ក៏យាងទៅនាំយកហឹបនៃព្រះ ពីផ្ទះអូបិឌ-អេដំម ចូលមកក្នុងក្រុងរបស់ទ្រង់វិញដោយអំណរ កាលពួកអ្នកដែលសែងហឹបនៃព្រះយេហូវ៉ាដើរទៅបាន៦ជំហាន នោះទ្រង់ថ្វាយគោឈ្មោល១ នឹងកូនគោ១យ៉ាងធាត់ ដាវីឌក៏លោតកញ្ឆេងអស់ពីកំឡាំងទ្រង់ នៅចំពោះព្រះយេហូវ៉ា ទ្រង់ពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស ដូច្នេះ ដាវីឌនឹងជំនួរវង្សនៃសាសន៍អ៊ីស្រាអែលទាំងអស់ បាននាំហឹបនៃព្រះយេហូវ៉ាឡើងមកដោយសំឡេងហ៊ោឡើង នឹងសូរផ្លុំត្រែផង។ ក្នុងវេលាដែលហឹបនៃព្រះយេហូវ៉ា កំពុងតែចូលមកក្នុងក្រុងដាវីឌ នោះមីកាលជាបុត្រីសូល ក៏ទតតាមបង្អួចទៅឃើញស្តេចដាវីឌ កំពុងតែហក់លោតកញ្ឆេងនៅចំពោះព្រះយេហូវ៉ា នាងក៏មានព្រះទ័យប្រមាថមើលងាយដល់ទ្រង់ គេនាំយកហឹបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្តាលត្រសាល ដែលដាវីឌបានដំឡើងសំរាប់ហឹបនោះ រួចទ្រង់ថ្វាយដង្វាយដុត នឹងដង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា លុះបានថ្វាយដង្វាយដុត នឹងដង្វាយមេត្រីរួចហើយ នោះទ្រង់ក៏ប្រទានពរដល់ប្រជាជន ដោយនូវព្រះនាមព្រះយេហូវ៉ា នៃពួកពលបរិវារ រួចទ្រង់ចែកនំបុ័ង១ដុំ សាច់១ដុំ នឹងផ្លែទំពាំងបាយជូរ១ផែន ដល់ប្រជាជនទាំងឡាយ គឺដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងប្រុស ទាំងស្រីផង ដូច្នេះប្រជាជនក៏ត្រឡប់ទៅឯលំនៅរបស់គេរៀងខ្លួនវិញ។